នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ១៤,៤០០នាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញមកជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ-កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងដើម្បីបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ នេះជាលើកទី១២ហើយដែល សម្តេចតេជោ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកពីដំណើរនៃការតស៊ូរំដោះប្រទេសក្នុងភាពលំបាកលំបិន រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ទាំងអស់នេះគឺបានមកពីការខិតខំរបស់ឪពុកម្តាយ ក្មួយៗ និង គណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយទៅជាស្ថានភាពល្អប្រសើរដូចសព្វថ្ងៃ ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះសន្តិភាព និងការអភិវឌ្ឍត្រូវនៅជាមួយគ្នាជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបរោងចក្រក្នុងឆ្នាំ ១៩៩៧ គឺកម្ពុជាមានរោងចក្រត្រឹមតែ៦៤ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបានប្រាក់ខែត្រឹមតែ៤០ដុល្លារ ក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។
ប៉ុន្តែពេលបច្ចុប្បន្ននេះការកើនឡើងប្រមាណជាង ១,១០០ រោងចក្រ គឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយមិនធ្លាប់មានទេពីមុនមក។ នេះដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងបងប្អូនកូនក្មួយកម្មករ។
នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាសទាំងអស់ដែលបានពិភាក្សាចរចារតម្លើងប្រាក់ខែសម្រាប់កម្មករកម្មការិនី។ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ គឺបងប្អូនកូនក្មួយកម្មករអាចនៅសល់ប្រាក់ខែអាចទទួលបានក្នុងរង្វង់ជាង ២០០ ដុល្លារ សម្រាប់ដោះស្រាយជីវភាពរស់នៅអោយកាន់តែប្រសើរឡើង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារ និងប្រាក់ចំណូលល្អ៖
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែម ក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការិនីអំពីអត្ថប្រយោជន៍មួយទៀត ដែលនឹងទទួលបានពីបេឡាសង្គមគឺ៖-ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន (១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្ត ក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករ-កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីផងដែរថា សម្រាប់ប្រាក់បៀរវត្សន៍មន្ត្រីទាបបំផុត គឺទទួលបានអប្បបរមា១លានរៀល។
ដោយកាលពីមុនប្រាក់ខែមន្ត្រីរាជការយើង លើលពី១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ។ សម្តេចតេជោ ហ៊ុន បានបញ្ជាក់ទៀតថា ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) គឺមិនមានការបង់ថ្លៃទៀតទេ។ រាជរដ្ឋាភិបាលបានទិញយកមកគ្រប់គ្រងអោយប្រជាជនធ្វើដំណើរដោយមិនគិតថ្លៃដើម្បីជួយលើកកំពស់ជីវភាពរស់នៅអោយកាន់តែល្អប្រសើ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអោយក្រសួងការងារធ្វើរបាយការណ៍ អំពីចំនួនការងារដែលបានរកនឹងផ្តល់ជូនពលរដ្ឋ ដែលត្រូវរាយការណ៍ជាប្រចាំទៀងទាត់ក្នុងរយៈពេល៦ខែម្តង។
មុននឹងអញ្ជើញទៅជួបកម្មករនៅរោងចក្រមួយទៀត សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការនីមានផ្ទៃពោះចំនួន ៤៤៧ នាក់ផងដែរ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕