កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី០៦ ខែមេសា នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អោយដឹងថា គម្រោងសាងសង់កំណាត់ផ្លូវនេះ បានប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែមករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧ ដោយចំណាយថវិកាសរុប ៧០លាន២៥ម៉ឺនដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគប្រមាណ៦លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយផលប៉ះពាល់ផ្សេងៗ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថា សមិទ្ធផលដែលកើតចេញពីការផ្តល់ហិរញ្ញប្បទានសាងសង់ដោយរដ្ឋាភិបាលចិន ដូចជាកំណាត់ផ្លូវជាតិលេខ៦នេះ និងពហុកីឡដ្ឋានមរតកតេជោ រួមនិងសមិទ្ធផលនានាទៀត គឺជាសមិទ្ធផលសំខាន់នៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន។ សម្តេចតេជោ បានលើកឡើងថា ការប្រើប្រាស់ថវិកាជំនួយ និងកម្ចីអភិវឌ្ឍន៌ពីដៃគូរបរទេស អោយមានប្រសិទ្ធភាព គឺគ្មានជម្រើសណាល្អជាង ដែលយកថវិកាទាំងនោះ មកប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះទេ។ ជាក់ស្តែង ផ្លូវជាតិលេខ៦នេះ ពិតជាសំខាន់ សម្រាប់ការតភ្ជាប់ពីភ្នំពេញទៅតំបន់ភាគកណ្តាលនៃប្រទេស គឺកាត់ខេត្តកំពង់ធំ ទៅកាន់សៀមរាប និងទៅកាន់ខេត្តផ្សេងៗទៀត។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្មានការអភិវឌ្ឍណា កើតឡើងនៅពេលកើតមានសង្គ្រាមនោះទេ ជាក់ស្តែងក្នុងរបបប៉ុលពត គឺបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសស្ទះទាំងស្រុង និងបានបន្សល់តំបន់ត្រួតត្រាច្រើនក្នុងប្រទេសទៀតផង។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦ប្រវែងជាង៤០គីឡូម៉ែត្រ ដែលសម្ពោធបើកអោយប្រើប្រាស់ពេលនេះជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូបទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង ២៦ម៉ែត្រ ក្នុងនោះ ទទឹងទ្រូងផ្លូវសម្រាប់រថយន្តចរាចរណ៍ប្រវែង ២០,៥ម៉ែត្រ ដោយចែកជា៤គន្លង គឺពីរទៅ ពីរមក គន្លងនីមួយៗ មានទទឹង៣,៥០ម៉ែត្រ។ ផ្លូវម៉ូតូមាន២គន្លង គន្លងនីមួយៗ មានទទឹង ៣ម៉ែត្រ។ ដោយឡែកសម្រាប់ផ្លូវក្នុងក្រុងគឺមានដាំ បង្គោលអគ្គិសនីនៅលើសួនចំកណ្តាលទ្រូងផ្លូវ និងមានលូបង្ហូរទឹកភ្លៀងដែលអាចរំដោះទឹកភ្លៀងបានទាន់ពេល។ កាលពីមុន កំណាត់ផ្លូវជាតិលេខ៦នេះ មានទទឹងក្រាលកៅស៊ូត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែលមានស្ថានភាពតូចចង្អៀតសម្រាប់ការធ្វើចរាចរណ៍ និងបង្កឲ្យមានការកកស្ទះជារឿយៗ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែកំណាត់ផ្លូវជាតិលេខ៦ថ្មីនេះនឹងជួយធ្វើឱ្យចរាចរណ៍មានភាពងាយស្រួល និងសម្រួលកាត់បន្ថយពេលវេលាការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំង ទាក់ទាញការវិនិយោគ និង ទេសចរណ៍ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍន៍ថ្មីៗ របស់ប្រទេសកម្ពុជាបន្ថែមទៀត៕