សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ អានភាព៤០០ មេហ្កាវ៉ាត់ ខេត្តស្ទឹងត្រែង

CNV: 25 ខែ​កញ្ញា, 2017

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ រាជាណាចក្រកម្ពុជា!

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូល​រួមនៅក្នុង​ឱកាសនេះ ជាទីនឹករលឹក!

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់​មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់​ពីឆ្នាំ​ទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បី​យកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។

បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់

មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃ​នេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន​ តាំងពី​ប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការ​អនុវត្តនីមួយៗ​មិន​មែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ ​និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។ ក៏ប៉ុន្តែ យើងមានការសិក្សាច្បាស់លាស់ អំពីបញ្ហានេះ រាប់ទាំងការបង្វែរផ្លូវជាតិ ៧៨ ដែលតភ្ជាប់ពីស្ទឹងត្រែង​ទៅ​រតនគិរី ត្រង់តំបន់ស្រែពក ហើយទៅឆ្ងាយ ព្រោះថា ​នៅពេលដែលយើងបិទទំនប់នៅទីនេះ ធ្វើវារីអគ្គិសនី វានឹងមានផលប៉ះពាល់​ទៅដល់​ផ្លូវ​ជាតិ​លេខ ៧៨ តែម្តង។ ដូច្នេះ បានជាយើងត្រៀមរៀបចំកសាងផ្លូវ ដែលកំពុងតែដំណើរការ ប្រហែលជា​បង​ប្អូន​អាចមើលឃើញថា ផ្លូវជាតិលេខ ៧៨ កាលពីពេលមុន​ឆ្លង​កាត់នៅតំបន់ស្រែពក មានការប្រែប្រួល ហើយ​ការប្រែប្រួលនោះ បណ្តាល​មកពី​ការ​សិក្សានៅតំ​បន់​នេះ​នោះ​ឯង។ ដូច្នេះ ចក្ខុវិស័យនៃការអភិវឌ្ឍនៅក្នុងវារី​អគ្គិសនីសេសានទី ២ នេះ​ មិនមែនគ្រាន់តែជា​បញ្ហា​មួយ​ថ្ងៃ​ពីរថ្ងៃ មួយឆ្នាំពីរឆ្នាំ ឬបីបួនឆ្នាំនោះទេ គឺយើង​បានធ្វើកិច្ចការនេះ​ជាង ១០ ឆ្នាំរួចមកហើយ។

សេសាន ២ អានុភាព ៤០០ មេហ្គាវ៉ាត់ និងវិនិយោគដោយក្រុមហ៊ុនពហុភាគី

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយយើងបានមកចូលរួមជាមួយគ្នា ដើម្បីចាប់ផ្តើម​បិទទ្វារទឹកទំនប់​វារី​អគ្គិ​សនី​សេសាន។ តាមរយៈនោះ ដំណើរការចាប់ផ្តើមពីទីនេះ យើងនឹងផ្តល់នូវវឌ្ឍនភាព​ថ្មីមួយ សម្រាប់​ទូទាំងព្រះ​រាជាណា​ចក្រ​កម្ពុជា និងនៅក្រោមនយោបាយអាទិភាពរបស់យើង អំពីមនុស្ស ទឹក ផ្លូវ ភ្លើង ដែលជាគោល​នយោបាយអាទិភាព សម្រាប់ការវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹង​ការ​ខិតខំនេះ ខ្ញុំសូម​សម្តែងនូវការកោតសរសើរ​ចំ​ពោះក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រុមហ៊ុនដៃគូ។ ខ្ញុំអាច​និយាយថា ជាវារី​អគ្គិ​សនីដែលធំជាងគេនៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ដែលមុននេះ យើងមានតែត្រឹម​ជាង ១០០ ទៅ ២០០​ មេហ្គាវ៉ាត់ ក៏ប៉ុន្តែ នេះជា​វារី​អគ្គិ​​សនីដែលមានកម្លាំងរហូតទៅ​ដល់ ៤០០ មេហ្គា​វ៉ាត់។ បន្ថែមលើនេះ នេះក៏ជាទំនប់វារីអគ្គិសនី​ដែល​មាន​ភាពជាដៃគូរហូតដល់ទៅ ៣ គឺមានកម្ពុជាយើង មានរ៉ូយ៉ាល់គ្រុប​របស់​លោកឧកញ៉ា គិត ម៉េង ក៏ដូចជា ក្រុមហ៊ុន China Huaneng Group ដែលមាន​អគ្គ​នាយក ហ៊ុង យ៉ុងដា បានលើកឡើងអម្បាញ់មិញ​ ហើយ​និង​ក្រុម​ហ៊ុន​វៀតណាម ដែលជាអ្នកសិក្សាចំនួន ១០ ភាគរយ នៅ​ទី​នេះ …។

តម្រូវការអគ្គិសនីកើនឡើង/ផលិតអគ្គិសនីមានអន្តរសកម្មវិស័យដទៃទៀត

ខ្ញុំសូមចាប់ផ្តើមពីស្ថានភាព ដែលយើងត្រូវនិយាយថា ដំណាក់កាលដុតទៀន ដំណាក់កាលដុតចង្កៀង​ប្រេង​កាត ដុតចន្លុះ ដុតជ័រ ដុតខ្លាញ់ត្រី ត្រូវបានរសាត់ឆ្ងាយពីទឹកដីព្រះរាជាណាចក្រកម្ពុជាទៅហើយ។ ឥឡូវនេះ មិនដូចជាដំណាក់កាលដូចសម័យកាលដើម ឬក៏ ៣០ ឆ្នាំមុន ដែលយើងនាំគ្នាពេលនោះ គឺលក់​ប្រេង​កាត​ជូន​ប្រជាជនរបស់យើង។ ឥឡូវនេះ អគ្គិសនីរបស់កម្ពុជា​បានកើន​​ឡើង​ជាបន្តបន្ទាប់ ហើយ ខ្ញុំ អាច​ធ្វើការ​ប្រៀប​ធៀបថា នៅក្នុងទសវត្សរ៍ ៨០ ពេលនោះ យើងប្រើប្រាស់អគ្គិសនីមានត្រឹមប្រមាណតែ ៣០​ ទៅ ៤០ មេ​ហ្គាវ៉ាត់តែប៉ុណ្ណោះ។ ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានឈានដល់ដំណាក់កាលជាង ២ ពាន់មេហ្គាវ៉ាត់ រួចស្រេចទៅហើយ គ្រាន់តែទីក្រុងភ្នំពេញមួយ ត្រូវប្រើប្រាស់ប្រមាណខ្ទង់ ៥០០ មេហ្គា​វ៉ាត់ ដែលមុននេះ ត្រឹមតែ ៣០ មេហ្គាវ៉ាត់។ ឥឡូវនេះ អគ្គិសនីរបស់យើងមានតម្រូវការកាន់តែខ្ពស់ ហើយ​តាមរយៈ​វិស័យអគ្គិសនីនេះ វា​មាន​អន្ត​រសកម្មទៅលើវិស័យឧស្សាហកម្ម វិស័យសេវា វិស័យកសិកម្ម​ និង​វិស័យដទៃទៀត ដែលទាក់ទង​នឹងជីវ​ភាព​របស់ប្រជាពលរដ្ឋរបស់យើង។

អគ្គិសនីបានពីសេសាន ២ នឹងផ្គត់ផ្គង់ចម្បងដល់ខេត្ត ៤ នៃភាគឦសាន ឬអាចដល់ខេត្តព្រះវិហារ និងកំពង់ធំ

សម្រាប់ភូមិភាគឦសានរបស់យើងនេះ ដែលរួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងមណ្ឌលគិរី ការផ្គត់ផ្គង់អគ្គិសនីរបស់យើង ដែលមុននេះ គឺជាការផ្គត់ផ្គង់ដែលមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយ​គ្រា​​ន់​តែជាការផ្គត់ផ្គង់ ដែលយើងទាញភ្លើងពីឡាវមកខ្លះ​ និងទាញភ្លើងតាមរយៈការផលិតរបស់​ក្រុម​ហ៊ុន​តូចៗ​មួយចំនួន។ ប៉ុន្តែ ចាប់ពីពេលនេះទៅ ជាពិសេស នៅពេលដែលតួប៊ីនទី ១ ចាប់ផ្តើមដំណើរការ អ្នកនៅក្នុង​ខេត្ត​ស្ទឹងត្រែងផ្ទាល់ ក៏ដូចជាអ្នកដែលរស់នៅតាមតំបន់នេះ ដែលតាមរយៈអនុស្ថានីយ​នៅខេត្ត​ក្រចេះ វានឹង​អាច​ផ្តល់អោយខេត្តទាំង ២ នេះ នូវស្ថេរភាពនៃការផ្គត់ផ្គង់ បូកជាមួយនឹងការរៀបចំ​បណ្តាញ​សម្រាប់​​ផ្គត់ផ្គង់​ទៅ​ខេត្ត​រតនគិរី និងមណ្ឌលគិរី ដែលធ្វើអោយខេត្តទាំង ៤ នេះ អាចមានស្ថេរ​ភាព សម្រាប់​ការផ្គត់ផ្គង់រយៈពេលវែង ហើយមានតម្លៃថោក។

បន្ថែមលើនោះ យើងក៏បានគិតគូរប្រមើលមើលអំពីការផ្គត់ផ្គង់សម្រាប់ខេត្តព្រះវិហារ ថាត្រូវទាញភ្លើងពីឡាវ​មក​កាន់ខេត្តព្រះវិហារ ឬក៏ត្រូវទាញភ្លើងពីវារីអគ្គិសនីសេសាន? បើយើងគិតអំពីខេត្តស្ទឹងត្រែង ទៅកាន់​ខេត្ត​ព្រះ​វិហារ គឺអាចនិយាយបានថា ចម្ងាយនោះវាមិនឆ្ងាយជាងពីកំពង់ចាម មកកាន់ខេត្ត​ស្ទឹងត្រែង​នោះ​ទេ។ ក៏ប៉ុន្តែ ដោយសារមានតម្រូវការទាប ការវិនិយោគទៅលើបណ្តាញ ដែលតភ្ជាប់ជាមួយនឹងវារីអគ្គិសនី​សេសាន នៅខេត្ត​ស្ទឹង​ត្រែងនេះ វាក៏មានការលំបាក ហើយថ្លឹងថ្លែងអំពីការចំណេញខាត​នៅទីនោះផង​ដែរ​។ ប៉ុន្តែ គេក៏ត្រូវ​គិត​អំពី​លទ្ធភាពផ្សេងទៀត នៃការផ្គត់ផ្គង់អគ្គិសនី សម្រាប់ខេត្តកំពង់ធំ ខេត្តព្រះវិហារ ដែលជាតំបន់ខ្វះ​ខាត​ដែរ។

ធ្វើវារីអគ្គិសនី ផលិត​អគ្គិសនី ប្រតិ​សកម្មនឹង​វិស័យដទៃទៀត

តាមរយៈនៃការដែលយើងបញ្ចេញនូវអគ្គិសនីនៅទីនេះ ចំនួនអគ្គិសនីដែលយើងត្រូវការផ្គត់ផ្គង់ ហើយដែល​បច្ចុប្បន្ន យើងកំពុងនាំចូលពីក្រៅប្រទេសនាំចូលពីវៀតណាម នាំចូលពីថៃ នាំចូលពីឡាវ នឹងមានការ​កាត់​បន្ថយ ព្រោះថា ប្រទេសទាំងនោះសុទ្ធតែមានតម្រូវការផ្ទាល់ខ្លួន អំពីការកើនឡើងនៃអគ្គិសនី។ សម្រាប់​កម្ពុជា​ យើងត្រូវការនូវឯករាជ្យភាពរបស់ខ្លួន ទៅលើការផ្គត់ផ្គង់អគ្គិសនីផងដែរ។ នៅទីណាក៏ដោយ ពេល​ប្រជុំ​អន្តរ​ជាតិ​សំខាន់ បញ្ហាពីរដែលបានលើកមកពិភាក្សា គឺសន្តិសុខស្បៀង និងសន្តិសុខថាមពល​នោះ​ឯង។​ សម្រាប់ព្រះ​រា​ជា​ណាចក្រកម្ពុជាក៏ដូចគ្នា ដើម្បីការរីកលូតលាស់នៃ​វិស័យកសិកម្ម សេវាកម្ម ក៏ដូចជា វិស័យផ្សេងទៀត រាប់ទាំង​កសិ​កម្មផងដែរ ទាមទារអោយអគ្គិសនីត្រូវដើរមុខមួយជំហាន ទើបអាចទៅរួច។

យើងលើកឧទាហរណ៍៖ បើសិនជាចង់អោយឧស្សាហកម្មរបស់យើងមានការប្រកួតប្រជែង ផលិតទំនិញ​កាន់​តែច្រើន ហើយការកែច្នៃផលិតផល ដែលជម្រុញទៅលើបញ្ហា​វិស័យឧស្សាហកម្មនោះ ទាមទារអោយ​មាន​ការផ្គត់ផ្គង់អគ្គិសនីដោយទៀងទាត់ និងដោយតម្លៃថោកគួរសម​ ទើបអាចឈានជម្រុញ ទៅលើ​ការ​អភិវឌ្ឍ​វិស័យឧស្សាហកម្មបាន។ លើកបញ្ហាមួយប៉ុណ្ណោះក្នុងវិស័យសេវាកម្ម គឺទាក់ទងនឹងសណ្ឋាគារ និង​ទេស​ចរណ៍។ សណ្ឋាគារ/ទេសចរណ៍បច្ចុប្បន្ន មិនមែនទេសចរណ៍បក់ផ្លិតដូចកាលពីសម័យដើមទេ។ ជាទេសចរណ៍​ដែល​​ប្រើម៉ាស៊ីនត្រជាក់ ហើយក៏ជាទេសចរណ៍ដែលត្រូវប្រើប្រាស់នូវគ្រឿងយន្ត ជណ្តើរយន្ត ដូចជាឥឡូវ​​យើង​មាន​អគារ រហូតទៅដល់រាប់សិបជាន់។ ប្រសិនបើគ្មានអគ្គិសនីទាញជណ្តើរយន្តទេ គេក៏មិនអាចទៅរួចផងដែរ។ វិស័យកសិកម្មក៏ដូចគ្នា ឥឡូវបូមទឹកដាក់ស្រែនៅកន្លែងខ្លះ ក៏ត្រូវបូមទឹកទៅ​ដោយការប្រើប្រាស់អគ្គិសនី។

តម្រូវការអគ្គិសនីកើន​ឡើងរាល់ថ្ងៃ

ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហាកង្វះអគ្គិសនី ដែលមុននេះមានត្រឹមតែ ៣០ មេហ្គាវ៉ាត់ ជាងតែប៉ុណ្ណោះ។ ក្រោយរំដោះ ១៩៧៩ ហើយមកដល់ឆ្នាំ ២០០៥ ពេលនោះ​កម្ពុជា​មាន​អគ្គិសនី​ត្រឹមតែជាង  ២០០  មេហ្គាវ៉ាត់ ប៉ុន្តែ ដល់ឆ្នាំ ២០១៧ នេះ យើងមានជាង ២.០០០ មេហ្គាវ៉ាត់ បាន​សេចក្តីថា មានកំណើនប្រមាណ ១០ ដង សម្រាប់ប្រជាជនរបស់យើង។ តម្រូវការពិតជាត្រូវការច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃ គ្មានថ្ងៃមួយដែលថាអគ្គិសនីវាមិនកើននោះទេ ដោយសារវាមានតម្រូវ​ការរបស់​វា។ សូម្បីតែឥឡូវនេះ ពេលនេះ ម៉ោងនេះ តើមានក្មេងប៉ុន្មាននាក់ទៅដែលវាកើត? នៅពេលដែលវាកើត វាត្រូវការ​ទាំង​អស់ ក្នុងហ្នឹងរាប់ទាំងបញ្ហាអគ្គិសនី។ បន្តិចទៀតចាប់ចេញវស្សា រួចហើយ គឺដល់​រដូវការ​ហើយ ដែលកូនកម្លោះកូនក្រមុំតែងតែត្រូវការបន្ទប់ថ្មី ឯបន្ទប់ថ្មីរបស់ពួកគេ មិនមែនជាបន្ទប់ដែលដុតប្រេង​កាតទៀតទេ គឺ​ជា​បន្ទប់ដែលមានអគ្គិសនី ហោចណាស់ក៏មានកង្ហារដែរ មិនមែនជាបន្ទប់ ដែលគេហៅថា បក់ផ្លិត​ដូចសម័យដើមទេ។ ត្រង់នេះហើយ បានជាយើងមានតម្រូវការ។

ការផលិតអគ្គិសនី ខុសពីការវិនិយោគផ្នែកដទៃទៀត

យើងមិនអាចនឹងផលិតផ្ទួនៗ ដោយមិនរង់ចាំដំណាក់កាលរបស់វានោះទេ ដូច្នេះ បានជាផែនការក្នុងការ​ផលិត​អគ្គិសនី ផលិតមួយណាមុន មួយណាក្រោយ ព្រោះវាមានតម្រូវការរបស់វា។ ខ្ញុំសូមបញ្ជាក់ជូនបន្តិច ការ​ផលិត​អគ្គិសនីខុសពីការវិនិយោគផ្នែកដទៃទៀត នៅត្រង់ថា ដើម្បីអោយគេធានាដាក់ទុនវិនិយោគនៅ​ក្នុង​ការ​វិនិយោគសេសាន ២ នេះ គឺវិនិយោគទៅដល់ជាង ៧០០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ តម្រូវ​ការ​វិនិ​យោគ​ខាងផ្នែកទាក់ទិនជាមួយនឹងវារីអគ្គិសនី តម្រូវអោយមានការធានាដល់រដ្ឋសភា ដោយ​អង្គការនីតិបញ្ញត្តិ។

ឧស្សាហកម្ម និងសេវាមួយចំនួន មិនមានតម្រូវការអោយរដ្ឋាភិបាលធ្វើការធានា​ទៅដល់កម្រិតថ្នាក់​រដ្ឋ​សភា ថ្នាក់នីតិបញ្ញត្តិនោះទេ។ ក៏ប៉ុន្តែ សម្រាប់អគ្គិសនី គឺតម្រូវការបែបនេះ ព្រោះអញ្ចេះ ក្រែងលោ​រដ្ឋា​ភិ​បាល​ក្រោយ​មិនគោរពនូវការសន្យា។ ដូច្នេះ ហើយដើម្បីធានាយកទុនដ៏ធំ ​សម្រាប់បណ្តាក់​នៅទីកន្លែង​មួយ ហើយរយៈពេល ៤៥ ឆ្នាំ ៣៥ ឆ្នាំ សម្រាប់ការសាងសង់ និង ៤០ ឆ្នាំ សម្រាប់ដំណើរការ ក្រោយរយៈ​ពេល ៤០ ឆ្នាំ ដំណើរការហើយ តំបន់នេះនឹងក្លាយជាតំបន់របស់រដ្ឋតែម្តង ពេលនោះរដ្ឋគ្រប់គ្រង នឹងយក​មក​គ្រប់​គ្រង ១០០ ភាគរយ។ រដ្ឋចង់ជួលអោយក្រុមហ៊ុនតទៅទៀត អាហ្នឹងរឿងរបស់រដ្ឋ ហើយតម្លៃគិត​ផ្សេង។

ដើម្បីធានាទៅដល់ការវិនិយោគបាន ទាមទារអោយរដ្ឋាភិបាលត្រូវឆ្លងកាត់ការធានា ពីអង្គការនីតិបញ្ញត្តិ ព្រោះ​​នៅ​ពេលដែលគេផលិតហើយ វាមានចំណុចរបស់វាត្រង់អញ្ចេះ បើផលិតហើយ គេផលិតបានប៉ុន្មាន ត្រូវ​ទិញ​អស់ប៉ុណ្ណឹង បើទិញមិនអស់ទេ យើងត្រូវសងថ្លៃគេទាំងអស់តែម្តង។ អញ្ចឹងទេ បានជាមាន​តម្រូវ​ការ នៃ​ការដែលរាជរដ្ឋាភិបាលត្រូវការធានាពីអង្គការនីតិបញ្ញត្តិ ដើម្បីធានាថា ទុនរបស់គេមិនបានបាត់​បង់​នៅ​ក្នុង​ការ​វិនិយោគមួយនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែគម្រោងការនេះត្រូវ បានអនុវត្តទាន់​ពេល​វេលា។

ដើម្បីបានអគ្គិសនី និង​បង្កើតការងារ ត្រូវ​លះបង់​ខ្លះ(ចំពោះបរិស្ថាន)

ខ្ញុំក៏សុំកោតសរសើរ ​ជាមួយនឹងក្រសួងរ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន ក៏ដូចជា អភិបាល (នៃ)គណៈ​អភិ​បាល​ខេត្ត​ស្ទឹងត្រែង ដែលបានចូលរួមដោះស្រាយបញ្ហានោះទាន់ពេលវេលា ជាពិសេស ការដោះ​ស្រាយផល​ប៉ះ​ពាល់​នានា ដែលទាក់ទងជាមួយនឹងតំបន់ដែលត្រូវទុក។ គ្មានការអភិវឌ្ឍ​ណាមួយដែលមិន​ប៉ះពាល់ទៅ​ដល់​បរិស្ថាននោះទេ គ្រាន់តែវាមានទំហំច្រើន និងទំហំតិចតែប៉ុណ្ណោះ ដែលទាមទារនូវ​ការ​ថ្លឹង​ថ្លែង ដើម្បីនឹងថា តើយើងគួរធ្វើ ឬមិនគួរតែប៉ុណ្ណោះ? តើមានការអភិវឌ្ឍណាមួយលើលោកនេះ ដែលវាមិន​ប៉ះពាល់ដល់​បរិស្ថាន​នោះ? ចំណុចនេះ ខ្ញុំគិតថា អ្នកបរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបាន​ការ​ត្រិះរិះ​ឡើងវិញ។ ម្ខាងខ្លួន​ទាម​ទារមានអគ្គិសនីប្រើប្រាស់ និងតម្លៃថោក តែម្ខាងទៀត ខ្លួនតែងតែទៅរារាំង និង​បញ្ចៀស ដើម្បីកុំអោយ​មាន​ការ​អភិវឌ្ឍ។ ដូច្នេះ ន័យពិតប្រាកដគឺអ្វី? ដើម្បីចង់សួរថា អ្នកឯងម្ខាង​ចង់​មាន​ភ្លើងប្រើ ហើយចង់អោយភ្លើង​នោះ​វា​ចុះ​​ថោកទៅទៀត។ ម្ខាងទៀត ទៅកន្លែងណាក៏មានមុខអ្នកឯង​ទៅ​ប្រឆាំងដែរ អ្វីក៏ប្រឆាំងៗ ប្រឆាំងគ្រប់ទាំង​អស់។

នៅប្រទេសកម្ពុជាយើង ជាឋានសួគ៌លោកិយរបស់អង្គការប្រឆាំងតែម្តង អោយតែអ្នកណាប្រឆាំង គឺអ្នក​ហ្នឹង​បាន​លុយ​ពីបរទេស យកមកធ្វើសកម្មភាពប្រឆាំងតែម្តង។ ផ្កាប់មុខប៉ុណ្ណាក៏នៅតែប្រឆាំងដែរ។ យើង​មើលពិភព​លោក​​ទៅ​មើល សួរថា មួយថ្ងៃៗយន្តហោះដែលហោះរាប់ម៉ឺន រាប់ពាន់គ្រឿង តើអាហ្នឹង​វាពាក់​ព័ន្ធដល់​បរិ​ស្ថានទេ? សូម្បីតែយន្តហោះ ហោះលើមេឃ សួរថាវាចេញផ្សែងពេញលើអាកាសនោះ តើវាមិន​បំផ្លាញ​បរិ​ស្ថាន​ទេអី? សព្វថ្ងៃ ប្រទេសអ្នកមានៗបូមប្រេងកាតនៅក្រោមទឹក នៅក្រោមសមុទ្រ នៅក្រោម​ទន្លេ ឬក៏​នៅ​ក្រោមដីយកមកប្រើប្រាស់។ តើវាមិនប៉ះពាល់ដល់បរិស្ថានទេអី? វាប៉ះពាល់ដូចតែគ្នាហ្នឹង? ប្រទេសខ្លះ​ទៀត​គេចាប់ផ្តើមអនុវត្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីផលិតអគ្គិសនី​ ហើយនៅពេល​ដែល​វាផ្ទុះម្តងៗ វាងាប់មនុស្សច្រើនណាស់ ហេតុអ្វីបានជាគេត្រូវធ្វើ? ព្រោះវាមានតម្រូវការនៃជីវិតរបស់មនុស្ស។ ឯយើងធ្វើ​ត្រង់​ណាក៏វាមានបញ្ហាដែរ? នៅទីនេះខ្ញុំក៏បានដឹង ហើយខ្ញុំអរគុណ ដោយខ្ញុំបានទៅពិនិត្យ​មើល​ភូមិក្បាល​រមាស, ស្រែស្រណុក …។

ការដោះស្រាយផលប៉ះពាល់

ខ្ញុំសូមសរសើរ ចំពោះការរៀបចំភូមិករ ហើយខ្ញុំគិតថា នៅពេលណាមួយខ្ញុំនឹងទៅសម្រាកនៅផ្ទះ ដែលខ្ញុំ​ធ្លាប់​ទៅនោះ។ កុំអីខ្ញុំទៅយប់មិញហើយ ក៏ប៉ុន្តែ វាភ្លៀងច្រើនពេក មិនទាន់សម្រាកបាន អាចទៅ​សម្រាក​នៅទី​នោះនៅពេលណាមួយ ដើម្បីចង់ដឹងថា តើធាតុអាកាសនៅម្តុំនោះវាយ៉ាងម៉េច? ហើយអាចថា តំបន់​នេះជាតំបន់ដែលដោះស្រាយផលប៉ះពាល់បានល្អប្រសើរ ជាមួយនឹងសំណងដែលផ្តល់ជូនប្រជាពលរដ្ឋ ឯ​ប្រជា​ពល​រដ្ឋមិនទាន់ចាកចេញ តាមខ្ញុំដឹង គាត់មានចំការវិលជុំរបស់គាត់។ គាត់អាងចំការវិលជុំរបស់គាត់ ដល់តែ​យើង​ទប់អាហ្នឹងទៅ គាត់មិនមក(ទី)នេះទេ គាត់ទៅចំការវិលជុំរបស់គាត់នោះ។ ប៉ុន្តែ ផ្ទះក៏យើង​ត្រៀម​​ដែរ។ គាត់មកឯណេះក៏យើងអោយផ្ទះ ទៅអាចំការវិលជុំក៏គាត់នៅ គាត់មកអាផ្ទះនេះក៏គាត់មក ដូច្នេះ យើង​ចេះតែត្រៀមទៅ។ គាត់ចង់យកលុយអោយលុយគាត់ទៅ គាត់ចង់យកផ្ទះ អោយផ្ទះគាត់ទៅ។ ការដោះ​ស្រាយ​​នៅកន្លែងនេះ អស់ប៉ុណ្ណេះ នេះគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស។

ការជម្រុញអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចសង្គម តម្រូវអោយមានអគ្គិសនី

តំបន់ខេត្តទាំងបួននៅឦសាន និងអាចថា ព្រះវិហារមួយទៀត ក៏អាចចាត់បញ្ចូលនៅក្នុងតំបន់ដែលខ្វះ​អគ្គិ​សនី ប៉ុន្តែ សម្រាប់ការជម្រុញអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចសង្គម សម្រាប់ប្រទេសទាំងមូល តម្រូវការ​អោយ​មាន​អគ្គិស​នី ហើយយើងនឹងបន្តកសាងអគ្គិសនីតាមដំណាក់កាលនីមួយៗ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​នោះ។ អម្បាញ់មិញខ្ញុំនិយាយថា យើងត្រូវមានការធានា។ គេផលិតបានប៉ុន្មាន គឺយើងត្រូវទិញគេប៉ុណ្ណឹង បើទិញគេមិនអស់ ត្រូវសងគេ។ អញ្ចឹង បើយើងកសាងភ្លាម ថាបាន ៥ ពាន់ ឬ ១ ម៉ឺនមេហ្គាវ៉ាត់ ពេល​ដែលគេបញ្ឆេះម៉ាស៊ីន ពេលណាក៏ដោយ (គឺ)ទារលុយពីយើងទាំងអស់។ អញ្ចឹង បានជាទាមទារនូវការ​គិតគូរហ្មត់ចត់ អំពីកំណើននៃតម្រូវការសម្រាប់ការផ្គត់ផ្គង់ ហ្នឹងម្ខាង។ ម្ខាងទៀត ដូចជាការផលិតរថយន្ត ប៉ុន្តែ ការផលិត​រថ​យន្តវាមិនទាន់គ្រប់នោះទេ យើងត្រូវការនូវផ្លូវ​ ដើម្បីអោយរថយន្តសម្រាប់បើកបរ។ បើ​គ្រាន់តែមាន​រោង​ចក្រ​ធ្វើឡាន ហើយអត់មានផ្លូវ តើឡាននោះវាបើកទៅណា? វាករណីដូចគ្នានោះដែរ យើងផលិតវារី​អគ្គិសនី​នៅ​​ទីនេះ ក៏ប៉ុន្តែ ដើម្បីអោយអគ្គិសនីនៅទីនេះវាទៅកន្លែងផ្សេងបាន ទាមទារនូវការ​កសាងបណ្តាញ​ចែក​ចាយ​របស់វា ដែលតភ្ជាប់ពីខេត្តស្ទឹងត្រែង ចុះទៅក្រចេះ ពីក្រចេះ ទៅកំពង់ចាម និង​ពី​កំពង់ចាម ចូលទៅ​ទី​ក្រុង​ភ្នំពេញ ដើម្បីនឹងភ្ជាប់ជាមួយបណ្តាញមេទាំងអស់។

ឆ្នាំ ២០២២ នៅគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់

មកដល់បច្ចុប្បន្ននេះ តម្លៃភ្លើងរបស់យើងកាន់តែធ្លាក់ចុះ ដែលមុននេះប្រើប្រាស់ច្រើនតម្លៃខ្ពស់។ ឥឡូវនេះ តម្លៃ​វាបានធ្លាក់ចុះ។ ខាងក្រុមហ៊ុនអគ្គិសនីក៏បានកាត់បន្ថយនូវប្រាក់ចំណេញរបស់ខ្លួនយ៉ាងច្រើន ហើយ​តាម​រយៈ​នោះ ក៏ធ្វើអោយខ្វះខាតជាមួយនឹងថវិកាសម្រាប់ការតភ្ជាប់នូវបណ្តាញចែកចាយផងដែរ។ ឥឡូវ យើង​ពិនិត្យ​ផែនការរបស់យើងនៅទូទាំងប្រទេស។ ឆ្នាំ ២០២២ គ្រប់ភូមិទាំងអស់មាន​អគ្គិសនី​ប្រើ​​ប្រាស់​។ យើងមានភូមិ ១ ម៉ឺន ៤ ពាន់ ១៦៨ ភូមិ។ មកដល់ពេលនេះ អ្នកភូមិនៅទូទាំងប្រទេស ដែល​បាន​ទទួល​ភ្លើង​រួចមកហើយមាន ១ ម៉ឺន ១ ពាន់ ១៩៤ ភូមិ។ ត្រូវជា ៧៩%។ អញ្ចឹង យើងត្រូវខិតខំ ដើម្បីធ្វើ​អោយ​ភូមិ​ទាំង​អស់​របស់​ប្រជាជនមានអគ្គិសនីទៅដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ ឥឡូវនេះមាន ៣ លាន ៨ សែន ២ ម៉ឺន ខ្នងផ្ទះដែលមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែ ប្រជាជនកម្ពុជាយើងមានចំនួន​ច្រើនជាង​នេះ ដែលមាន​តម្រូវ​ការ​ភ្លើង។ កន្លែងខ្លះមានការជេរអគ្គិសនីកម្ពុជា។ ជេរនោះចេះតែត្រូវហើយ ក៏ប៉ុន្តែ ដូចខ្ញុំ​បានបញ្ជាក់អញ្ចឹង នៅ​កន្លែងខ្លះ គឺមិនមែនជាកន្លែងអគ្គិសនីដែលផ្គត់ផ្គង់ដោយមានស្ថេរភាពទេ គឺជាការ​ផ្គត់ផ្គង់អោយខានតែបានសិន ដូចជានៅខាង​តំបន់ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មួយថ្ងៃៗ​ដាច់​ភ្លើងច្រើនដង ប៉ុន្តែ នៅពេលដែលយើងមានអគ្គិសនីគ្រប់គ្រាន់ មានបណ្តាញចែកចាយគ្រប់គ្រាន់ មានអនុ​ស្ថានីយគ្រប់គ្រាន់ វានឹងធ្វើអោយតំបន់ដែលត្រូវចែកចាយអគ្គិសនីនោះ វាមានស្ថេរភាព វាមិនដាច់ តម្លែ​របស់វាក៏វាធូរថ្លៃជាង។

តម្លៃប្រើអគ្គិសនី

កាលពីពេលមុនយើងប្រើភ្លើងមានតម្លៃខ្ពស់ ឥឡូវនេះ យើងបានស្ថិតនៅក្នុងតម្លៃមួយគួរសម ដែលយើង​អាច​ទទួល​យកបាន តាមរយៈនៃការបញ្ចុះថ្លៃ។ ពីមុននោះ(តម្លៃ) ៩៥០ (រៀល) ទៅ ១.០០០ រៀល ក្នុង​មួយគីឡូវ៉ាត់ម៉ោង ឥឡូវបានចុះមកដល់ ៧៧០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតំបន់អគ្គិសនី(​រដ្ឋ) និង ៧៩០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតំបន់ដែលផ្នែកឯកជនភ្ជាប់ជាមួយនឹងបណ្តាញជាតិ។ សម្រាប់​គ្រួសារក្រីក្រដែលប្រើតិច គ្រួសារដែល​ប្រើ​មិន​លើសពី ១០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ អនុគ្រោះអោយបង់តែ​ ៤៨០ ​រៀលប៉ុណ្ណោះ ហើយរដ្ឋជួយចេញទៅដល់ ៣១០​ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយបើប្រើក្នុងរង្វង់ ១១ ដល់ ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ អនុ​គ្រោះ​អោយបង់តែ ៦១០ រៀល តែប៉ុណ្ណោះ ដែលរដ្ឋជួយចេញ ១៨០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ សម្រាប់ខេត្តរតនគិរី គឺ​ថ្លៃ ៦៧០ រៀល ដោយសារតែកន្លែងនោះ គឺជា​កន្លែងដែលមានវារីអគ្គិសនីមុនគេ។ យើងនឹងបន្តគិតគូរ​បញ្ហា​នេះតទៅទៀត។

អគ្គិ​សនី “តម្រូវការរបស់ប្រជា​ជន​ក្នុង​ដំណាក់កាលថ្មី”

ខ្ញុំគិតថា មកដល់ទីនេះ អ្វីដែលខ្ញុំគួរនិយាយខ្ញុំបាននិយាយហើយ បញ្ហាតម្រូវការរបស់ប្រទេសរបស់យើង គឺមានតម្រូវការកាន់តែខ្ពស់ទៅៗ សូម្បីតែប្រជាជននៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ ដែលពីមុននេះ គឺជាអ្នកផលិតចន្លុះ ជាអ្នកដើររកជ័រទឹក ជ័រចុង និងក៏ជាអ្នកដែលធ្លាប់ប្រើប្រាស់នូវចន្លុះ នូវជ័រ នូវខ្លាញ់ត្រី ដើម្បីប្រើប្រាស់។ ឥឡូវនេះ លែងប្រើប្រាស់ បើទោះបីយ៉ាងណាក៏គង់ប្រើប្រាស់អាគុយដែរ។ ប៉ុន្តែ ដើម្បី​អាច​នឹង​បញ្ចូលអាគុយបាន ទាមទារអោយមានអគ្គិសនី។ ដូច្នេះ សង្ឃឹមថា អ្នកស្ទឹងត្រែងរបស់យើង រួមជាមួយ​អ្នកក្រចេះ អ្នករតនគិរី (អ្នក)មណ្ឌលគិរី និងទទួលបាននូវផ្លែផ្កាពីការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ខ្ញុំសុំយក ឱកាសនេះ ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទៅកាន់តំបន់ផ្សេង បើកឱកាស អោយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ ដើម្បីមានលទ្ធភាពវិនិយោគ សម្រាប់អគ្គិសនី ផ្គត់ផ្គង់នៅតំបន់នេះផង និងផ្គត់ផ្គង់នៅក្នុងក្របខណ្ឌទូទាំងប្រទេសរបស់យើងផង ដែលវាជម្រុញទៅដល់ វិស័យឧស្សាហកម្ម វិស័យសេវា​ វិស័យកសិកម្ម និងការផ្គត់ផ្គង់សម្រាប់លំនៅដ្ឋានរបស់ប្រជាជន ដែលជា​តម្រូវការចាំបាច់មិនអាចខ្វះបានរបស់ប្រជាជនក្នុងដំណាក់កាលថ្មី។ ខ្ញុំប្រើពាក្យថា “ជាតម្រូវការរបស់ប្រជា​ជន​ក្នុង​ដំណាក់កាលថ្មី” ព្រោះដំណាក់កាលចាស់ គឺជាដំណាក់កាលដែលប្រជាជនត្រូវការចន្លុះ ត្រូវការ​ប្រេង​​កាតតែប៉ុណ្ណោះ ក៏ប៉ុន្តែ ដំណាក់កាលថ្មី ប្រជាពលរដ្ឋត្រូវការអគ្គិសនី ដើម្បីប្រើប្រាស់។

រឿងជួបអ្នកការទូត

មានរឿងមួយដែលខ្ញុំគួរតែនិយាយ ហើយការនិយាយនេះ មិនមែនបន្តុះបង្អាប់ និងចង់ដាក់ផ្លែផ្កាអោយអ្នក​ណាទេ។ ប្រហែលជា ៥ ឆ្នាំមុន មានអគ្គរដ្ឋទូតមួយបានទៅជួបជាមួយ ជារឿងគួរអោយភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដែលអ្នកការទូតរបៀបនេះ មកនិយាយជាមួយយើងទៅរួច គាត់ថា​ វារីអគ្គិសនីសេសានធ្វើអោយ​ប៉ះពាល់​ដល់ត្រីចំនួន ៧០%។ បានខ្ញុំសួរថា គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ​ព្រោះត្រីនៅប្រទេស​របស់​យើង​ខ្ញុំចេះ​ឡើង​ដើមឈើ ហើយចេះឡើងភ្នំ បើសិនជាត្រីរបស់យើងខ្ញុំឆ្លាតដល់ប៉ុណ្ណឹង គឺថា ប្រទេសរបស់​យើង​ខ្ញុំមិន​ពិបាកទេរឿងត្រីនោះ។ ព្រោះត្រីរបស់យើងខ្ញុំវានៅនឹងទន្លេសាប វានៅនឹងទន្លេមេគង្គ វាមិន​មក​នៅទន្លេសេ​សាន​នេះទេ។ គាត់ថា អាហ្នឹងប៉ះពាល់ត្រីដល់ទៅ ៧០% បានខ្ញុំប្រាប់គាត់ថា បើឯកឧត្តម​មិន​ស្គាល់កម្ពុជាផង​ ហើយមកនិយាយជាមួយខ្ញុំអញ្ចឹង មិនខ្មាសគេទេអី? ខ្ញុំថាអោយត្រង់អញ្ចឹងតែម្តង។ ចេះនិយាយទៅរួច។

អញ្ចឹង ត្រីរបស់យើងវាចេះឡើងដើមឈើ វាចេះឡើងភ្នំ ព្រោះស្ថានភាពនៅទីនេះវានៅលើភ្នំ។ អញ្ចឹង​ រឿងអី​ត្រី​វា​នៅ​ហ្នឹង។ ទាល់តែពេលទំនប់នេះធ្វើរួច នាំគ្នាលែងកូនត្រីអោយច្រើនទៅ ច្បាស់ជាសំបូរត្រីហើយ ហើយត្រីវាអត់​ទៅ​ណាទេ វានៅហ្នឹង វាមានទៅណា អាតួប៊ីនហ្នឹងវាមានកិនត្រីងាប់ឯណា? សូម្បីតែដន​សាហុង​របស់​ខាង​ឡាវ ក៏វាមិនកិនត្រីងាប់ដែរ? វានៅឃ្លាតពីព្រំដែនកម្ពុជា និងឡាវ ត្រឹមតែពីរគីឡូម៉ែត្រ​ជាងតែប៉ុណ្ណោះ។ ខ្ញុំទៅ​មើល​ដោយផ្ទាល់ហើយ។ ក្នុងដៃទន្លេប្រាំមួយហ្នឹង គឺទៅចន្លោះទន្លេតែមួយ ដូច្នេះ វាមិនប៉ះពាល់អីទេ ប៉ុន្តែ យើងរកវិធីយ៉ាងម៉េចបើសិនជាមានប៉ះពាល់ ក៏អោយប៉ះពាល់កម្រិតតិច។

ដើម្បីជម្រុញអោយយើងបញ្ឈប់គម្រោងការទាក់ទងជាមួយនឹងសេសាន មកបន្លាចយើង។ ក្នុងឋានៈយើង​ជា​អ្នកស្គាល់ភូមិសាស្ត្រស្រុកខ្មែរថា តាមអ្នកសិក្សាស្រាវជ្រាវបានបង្ហាញថា សេសាន ២ ប៉ះពាល់ត្រីដល់ ៧០% តើជឿបានទេ? អញ្ចឹង មានតែត្រីស្រុកខ្មែរវាចេះឡើងដើមឈើ? ហើយអគ្គរដ្ឋទូតហ្នឹង មិនមែន​តំណាងអោយ​ប្រ​ទេស​មួយទេ ប្រទេសច្រើនទៅទៀត? ចេះមកនិយាយទៅរួច។ ខ្ញុំខំស្តាប់គាត់ ក្រែង​លោ​គេបកប្រែ​មក​ជា​ខ្មែរ​ វា​ខុស។ ប៉ុន្តែ ដល់ខ្ញុំស្តាប់ជាភាសាអង់គ្លេស គឺគាត់និយាយថា ៧០% អញ្ចឹង។

ខ្ញុំថា សំណាងហើយ​ត្រីខ្ញុំ​ចេះ​ឡើង​ដើមឈើ។ ហើយបង្កើតឡើងនូវអង្គការទន្លេបី ហើយអាអង្គការទន្លេបី អាហ្នឹងដូចជាសាខាមាតាធម្មជាតិ។ មានអ្នកណាបង្កើតមាតាធម្មជាតិទេ? បើបង្កើតនៅស្រុកឯង​បង្កើត​ទៅ? ឥឡូវ ក្រសួងមហាផ្ទៃរំលាយចោលហើយ។ អាហ្នឹងដើររករឿងគ្រប់តែរឿង។ រួចអញ្ចឹងយើងអភិវឌ្ឍ​យ៉ាងម៉េចទៅ? ធ្វើ​នេះ​ក៏មិនបាន ធ្វើនោះក៏មិនបាន ផលិតធ្យូងថ្ម វាថាអាហ្នឹងផ្សែង ផលិតប្រេងកាត វាថាផ្សែង ផលិតវារីអគ្គិសនី វាថា​អា​ហ្នឹងប៉ះពាល់បរិស្ថាន ផលិតបរមាណូ វាថាអាហ្នឹង​ក្រែងផ្ទុះទៅ​ងាប់​ទាំងអស់គ្នា។ យកប្រេងកាតមកក៏នៅ​តែ​ប៉ះ​ពាល់ដល់បរិស្ថានដែរ ព្រោះអាហ្នឹងវាចេញបរិស្ថានទាំងអស់ …។

អរគុណរដ្ឋាភិបាលចិន ដែលជម្រុញក្រុមហ៊ុនចិនអោយមកវិនិយោគនៅកម្ពុជា

ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ (និង)អរគុណជាមួយនឹងការគាំទ្រ​ទាំងឡាយរបស់រដ្ឋាភិ​បាលសាធារ​ណ​រដ្ឋប្រជាមានិតចិន ដែលជម្រុញក្រុមហ៊ុនចិន អោយមកវិនិយោគនៅព្រះរាជាណាចក្រ​កម្ពុជា។ វារីអគ្គិសនីស្ទើរ​តែ​ទាំង​អស់ គឺជាគម្រោងវិនិយោគ ដែលផ្តល់ទុនដោយសារធារណរដ្ឋប្រជាមានិត​ចិន។ ប្រទេសខ្លះបានត្រឹមមកចែចង់ ក៏ប៉ុន្តែមិនដឹងថាឆ្នាំណាទេ? ខ្ញុំសុំស្នើអោយអ្នកដែលបានមកសិក្សា បើគេមិនអនុវត្តទៅតាមគម្រោងទេ គ្មាន​ជម្រើស​ណាក្រៅតែពីយើងដកហូត ដើម្បីប្រគល់អោយក្រុមហ៊ុនថ្មី សម្រាប់ការវិនិយោគនោះទេ។ នៅតាមដង​ស្ទឹង​ពោធិ៍​សាត់ក៏មាន តែវាមិនដឹងថា ដល់ពេលហើយឬនៅ? ព្រោះតម្រូវការរបស់យើង បើសិនជាដល់​ដំណាក់​កាល​ណាមួយដែលផ្គត់ផ្គង់ភ្លើងមិនគ្រប់ វាមាន​ផលប៉ះ​ពាល់ទៅលើការអភិវឌ្ឍ។

អគ្គិសនី នៅតែជាបញ្ហាអាទិភាព ក្នុងចំណោមអាទិភាព ៤

អគ្គិសនី នៅតែជាអាទិភាពក្នុងចំណោមអាទិភាព ៤ ដែលមុននេះយើងហៅ ទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវ​យើង​ហៅ មនុស្ស ទឹក ផ្លូវ ភ្លើង ដែលត្រូវការវិនិយោគបន្ថែមទៀត។ ប្រទេសចិន​អនុវត្តនូវគម្រោងការ​មានការ​គាំ​ទ្រ​យ៉ាងជាក់លាក់ ពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការគាំទ្រនោះ​ហើយ ដែលធនា​គារចិន​បានផ្តល់ទុន សម្រាប់ការវិនិយោគនៅទីនេះ។ ប៉ុន្តែ មានក្រុមហ៊ុនខ្លះក៏មានទុន​វិនិយោគផ្ទាល់របស់​ខ្លួន ឯក្រុមហ៊ុនខ្លះទៀតក៏មានតម្រូវការ នៃការផ្តល់ឥណទានដោយធនាគារចិន​ណា​មួយនោះ។

កោតសរសើរ និងអរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង

ខ្ញុំក៏សូមកោតសរសើរចំពោះ លោកឧកញ៉ា គិត ម៉េង នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានប្រឹងប្រែងក្នុងការ ធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុនចិន ហើយនិងក្រុមហ៊ុនរបស់វៀតណាម តាមរយៈនៃការសម្របសម្រួល ដែលភាគី​ក្នុងស្រុកជាអ្នកទទួលខុសត្រូវទៅលើការសម្របសម្រួលនេះ ជាមួយនឹងក្រសួងរ៉ែ និងថាមពល ក៏​ដូច​ជា​ជាមួយ​នឹងគណៈអភិបាលខេត្ត។ សុំកោតសរសើរ និងអរគុណដល់កងកម្លាំង​ប្រដាប់អាវុធគ្រប់​ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលបានគាំទ្រ ចំពោះដំណើរការអភិវឌ្ឍប្រទេសរបស់​យើងតាមរយៈ​ការកសាងនូវវារីអគ្គិសនីសេសាន ២ នេះ។ ខ្ញុំមកដល់ទីនេះ មិនភ្លេចជាមួយនឹងការអរគុណ ចំពោះ​ប្រជា​ពលរដ្ឋនៅខេត្តស្ទឹងត្រែងរបស់យើង ដែលរយៈពេលកន្លងទៅតែងតែផ្ដល់នូវការគាំទ្រទាំង​ឡាយ​សម្រាប់​គណបក្សប្រជាជនកម្ពុជា ហើយនិងគាំទ្រចំពោះដំណើរការអភិវឌ្ឍប្រទេសរបស់​រាជរដ្ឋា​ភិ​បាល។

ខេត្តស្ទឹងត្រែងទទួលបានសមិទ្ធផលជាច្រើន ក្នុងដំណើរការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា

ទឹកដីនៃខេត្តស្ទឹងត្រែង គឺជាទឹកដីដែលទទួលបានការអភិវឌ្ឍយ៉ាងច្រើន គ្រាន់តែស្ពានស្ទឹងត្រែងទទួល​បានស្ពាន​ ២ ​ម្នាក់ឯងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈនៃហិរញ្ញប្បទាន​ពីសាធារណរដ្ឋប្រជា​មានិត​ចិន​ ស្ពានមិត្តភាព​កម្ពុជា-ចិនសេកុង។ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែងនៅទន្លេមេគង្គ ដែលអនុញ្ញាត​អោយ​យើងតភ្ជាប់ រវាង​ស្ទឹង​ត្រែងទៅខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ ៩ គឺបានសេចក្ដីថា ស្ទឹងត្រែងទទួល​បាន​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាងច្រើន។ ផ្លូវជាតិលេខ ៧។ ផ្លូវជាតិលេខ ៧៨។ ផ្លូវជាតិលេខ ៧ តភ្ជាប់​ទៅ​ព្រំដែនឡាវ។​ ស្ពានសេកុង។  ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង និងផ្លូវជាតិលេខ ៩ តភ្ជាប់ទៅខេត្ត​ព្រះ​វិហារ ធ្វើអោយប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​ស្ទឹងត្រែងនេះ ទទួលបានកាន់តែច្រើនទៅៗនូវសមិទ្ធផល ហើយក៏ទទួលប្រជាពលរដ្ឋអោយមក​ស្នាក់នៅទីនេះ​កាន់​តែច្រើនផងដែរ។ ខែមុន ខ្ញុំបានមកកាន់ខេត្ត​ស្ទឹង​ត្រែងនេះ ដើម្បីបង្កើតនូវកងពលលេខ ១២៨ សម្រាប់​ឈរ​ជើងការពារអធិបតេយ្យភាព និងសន្តិសុខជាតិ សម្រាប់ខេត្តស្ទឹងត្រែង និងខេត្តនៅ​តំបន់ឦសានរបស់យើងនេះ សម្រាប់វិស័យសន្ដិសុខជាតិរបស់យើង។

ឈរបេក្ខភាពនាយករដ្ឋមន្រ្ដីក្នុងអាណត្តិទី ៦ បន្តរួមដំណើរអភិវឌ្ឍន៍ជាតិជាមួយ​ប្រជាពលរដ្ឋកម្ពុជា

អរគុណចំពោះការគាំទ្រទាំងឡាយ ហើយសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជន​តទៅទៀត ដើម្បីការអភិវឌ្ឍប្រទេស។ ការបោះឆ្នោតកន្លងទៅ ខេត្តស្ទឹងត្រែងបានបោះជូន​គណ​បក្ស​ប្រជា​ជន​យ៉ាងច្រើនលើសលប់ ​ក្នុងអត្រាមួយដ៏​ខ្ពស់។ ឆ្នាំ ២០១៨ គឺនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នឹង​មានកា​រ​​បោះឆ្នោត​ថ្នាក់ជាតិ​សាជាថ្មីម្ដងទៀត ហើយពេលនោះ ខ្ញុំនឹងបន្តឈរឈ្មោះជាបេក្ខជន​នាយករដ្ឋ​មន្រ្ដី ដែលខ្ញុំ​ប្រកាសថានឹងឈរពីរអាណត្តិតទៅទៀត។ ពីរអាណត្តិយ៉ាងតិច? អញ្ចឹងសង្ឃឹមថា ប្រជាពល​រដ្ឋរបស់យើងនឹង​បន្ដបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីខ្លួនខ្ញុំមានលទ្ធភាព មាន​ឱកាស ដើម្បីបន្ត​រួម​ដំ​​ណើរ​ជាមួយនឹងប្រជាពលរដ្ឋរបស់យើង តាំងពីការស៊ីអត់ស៊ីឃ្លានជាមួយគ្នានាឆ្នាំ ១៩៧៩ បន្តដំណើររួម​គ្នាត​ទៅ​​ទៀត។ ខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងតិចណាស់ខ្ញុំរស់នៅបាន ៣០ ឆ្នាំទៀត​ដែរ។ អញ្ចឹង ការបន្តធ្វើ​នាយក​រដ្ឋ​មន្ត្រី ១០ ឆ្នាំទៀត មិនមែនជាបញ្ហាលំបាកសម្រាប់ខ្ញុំទេ។ ខ្ញុំសុំអរគុណ ហើយសង្ឃឹម​ជឿជាក់ទៅលើ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ព្រោះគ្មានការធ្វើដំណើរណាមួយ ដោយគ្មាន​ការ​គាំទ្ររបស់​​ប្រជាពលរដ្ឋទេ (ការ)ដែល​ខ្ញុំ​រស់​នៅទី​នេះ។

អ្នកវិភាគមិនមានសិទ្ធិបកស្រាយរដ្ឋធម្មនុញ្ញទេ ព្រោះវាជាសិទ្ធិផ្ដាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ខ្ញុំជឿជាក់ថា ម្សិលមិញ គឺជាថ្ងៃប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា​អ្នកវិភាគ​ទាំង​ឡាយគួរតែសិក្សា អំពីរដ្ឋធម្មនុញ្ញអោយបានច្បាស់បន្តិច។ មានអ្នកខ្លះ សូម្បីតែខ្ញុំប្រតិកម្ម​ជាមួយ​ស្ថានទូត​បរទេសមួយ ដែលមើលងាយកម្ពុជា ក៏គេថា យើងមិនទាន់​ប្រជុំសភាទៅនិយាយ។ ឱអ្នក​វិភាគ​អើយ! ហើយ​បណ្ឌិត​ទៀត។ ខ្លួនឯងធ្វើជាអ្នកវិភាគ ធ្វើជាអ្នកច្បាប់ ប៉ុន្តែ ហ៊ានបកស្រាយរដ្ឋធម្មនុញ្ញ ដែលជាសិទ្ធិផ្ដាច់​មុខរបស់​ក្រុម​ប្រឹក្សាធម្មនុញ្ញទៅវិញ។ អញ្ចឹងខ្លួនឯងហ្នឹងជា​អ្វី​ទៅ? ​កំពុងតែធ្វើខុស ហើយខ្លួនឯងចាត់ទុកថាជាអ្នកត្រឹមត្រូវ។ ការបកស្រាយរដ្ឋធម្មនុញ្ញ គឺជាសិទ្ធិផ្ដាច់មុខ​របស់ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​ មិនមែនសិទ្ធិរបស់អ្នកវិភាគទេ ក៏ប៉ុន្តែ អ្នកវិភាគបែរជាគិតថា នៅពេលដែលខ្ញុំឆ្លើយតប​ជាមួយនឹង​ស្ថានទូត​បរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់​កម្ពុជា ដូចជាសំណួរសួរថា តើអ្នកឯងមានព័ត៌មាន​អំពីការវាយ​ភេរវកម្ម ហើយមិនបានចែករំលែកមកខ្ញុំ ក្នុង​ឋានៈ​ជាដៃគូសហប្រតិបត្តិការប្រឆាំងភេរវកម្ម ឬ​អ្នកឯងត្រៀមវាយ​ប្រហារមកលើប្រទេសរបស់ខ្ញុំ បានអ្នកឯងប្រកាស​អោយ​ប្រជាជនអ្នកឯងប្រុងប្រយ័ត្ន​ក្នុងពេលភ្ជុំកន្លងទៅ? និងសំណួរ​មួយចំនួនទៀត។

បែរជាអ្នកនេះលើកថា​ ងើបពីដេកឡើងមកនិយាយ។ សិទ្ធិនេះជាសិទ្ធិរបស់នាយករដ្ឋមន្រ្ដី សិទ្ធិរបស់រដ្ឋ​មន្រ្ដី​ការ​បរទេសក៏ធ្វើបានដែរ សិទ្ធិអ្នកនាំពាក្យក៏ធ្វើបានដែរ អត់ចាំបាច់ប្រជុំសភា … ប្រជុំសភាដែលត្រូវ​អនុ​ម័ត គឺ​ត្រូវសម្រេចចិត្តធ្វើសង្រ្គាម ឬអត់? អាហ្នឹងដែលត្រូវទាក់ទងនឹង​សមត្ថកិច្ចរបស់សភា ដែលត្រូវដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន … ហើយដែលត្រូវព្រះមហាក្សត្រជាអ្នកឡាយហត្ថលេខាបន្ទាប់ពីសភា​អនុម័ត​។ ខ្ញុំមិន​​ចង់​បក​ស្រាយរដ្ឋធម្មនុញ្ញ តែខ្ញុំចង់ចង្អុលបង្ហាញអ្នកវិភាគ ដែលតាំងខ្លួនមានងារជាបណ្ឌិត គួរតែ​យល់ ខ្លួនមិនដែល​បាន​​ធ្វើជានាយករដ្ឋមន្រ្ដី កុំថាធ្វើនាយករដ្ឋមន្រ្ដី ធ្វើតែលេខានាយករដ្ឋមន្រ្ដីមិនដែល​ធ្វើ​ផង ហើយតាំងខ្លួន​ជាអ្នក​មក​ប្រដៅនាយករដ្ឋមន្រ្ដី ថាគួរតែត្រូវប្រជុំសភាសិន ហើយបានមកនិយាយ។ រវល់តែប្រជុំ​សភាធ្វើម៉េចទៅ?

ក្នុងករណីគេឈ្លានពាន​ កុំថាឡើយដល់ទៅបើគេឈ្លានពាន អត់មានត្រូវការប្រជុំសភា ផ្អាក​ការប្រជុំសភា​ទាំង​អស់។ វាយគ្នាសិន គ្មានត្រូវការទៅប្រជុំសភាទេ។ ស្គាល់មុខងារសភាអោយច្បាស់ ហើយក៏ត្រូវ​ស្គាល់​មុខ​ងារ​របស់​រាជរដ្ឋាភិបាលអោយច្បាស់ដែរ។ នាយករដ្ឋមន្រ្ដីទទួលខុសត្រូវ ចំពោះការអនុវត្តទាំង​នយោ​បាយក្នុងប្រទេស និងក្រៅប្រទេស។ អ្វីខ្លះដែលនាយករដ្ឋមន្រ្ដីត្រូវសុំពីសភា គឺសុំសច្ចាប័ន។ ចុះហត្ថ​លេខា​មុន សុំសច្ចាប័ន​ក្រោយ ទើបកិច្ចព្រមព្រៀងចូលជាធរមាន។ សមត្ថភាពប៉ុនលោក​មិនបានស្មើកូនរបស់ខ្ញុំ​ទេ។ បណ្ឌិតរបស់អស់​លោក​មិនទាន់បានស្មើរបស់កូនរបស់ខ្ញុំទេ។  អស់​លោកពូកែហើយ តែលោកអត់​មានបណ្ឌិតខាងយោធាទេ។ ខុសគ្នាត្រង់កន្លែងហ្នឹង។ បណ្ឌិតខ្វះអីគគោក។ ស្មើៗគ្នា ប៉ុន្តែ លោកខ្វះមួយ​ដែលមិនអាចរកឃើញ គឺលោក​គ្មាន​បណ្ឌិតយោធា​ដូច​កូន​ប្រុស​របស់ខ្ញុំទេ …។​

ម្សិលមិញទិវាប្រកាសអោយ​ប្រើរដ្ឋធម្មនុញ្ញ។  ខ្លួនឯងចេះមកបកស្រាយរដ្ឋធម្មនុញ្ញ ក្នុងពេលដែល​ការបក​ស្រាយ​រដ្ឋធម្មនុញ្ញ គឺជាសមត្ថកិច្ច​ផ្ដាច់មុខ​របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ អញ្ចឹង ខ្លួនឯងកំពុងធ្វើខុស មក​តាំង​ខ្លួន​ប្រ​ដៅគេ​។ ប្រដៅដល់​នាយករដ្ឋមន្ត្រី​ទៅ​ទៀត។ ប៉ុន្តែ ខ្ញុំបានស្តាប់គាត់និយាយតាមច្រកមួយទេ។ ម្សិលមិញ​ មិនដឹង​ថាមាន​ផ្សាយ​តាម​វិទ្យុ ​ឬអត់ អំពីបញ្ហាទាក់ទងនឹងរឿងហ្នឹង។ វាមិនដែលអ្នកណាគ្រាន់​តែទៅប្រតិកម្ម​ជាមួយ​បរ​ទេស​ជ្រៀតជ្រែកចូលកិច្ចការខ្មែរ អោយទៅសុំសភាទេ …​ ធ្វើតែបក្សខ្លួនឯងដែល​ទើបបង្កើត​ថ្មីថ្មោង​អោយ​តែ​ឈ្នះ​ទៅ។ ​ខ្លួនកាន់បក្សនយោបាយ ហើយខ្លួនដើរធ្វើវិភាគ ពេលណា​ក៏វិភាគ​មិន​ដែលត្រូវដែរ វិភាគអវិជ្ជមាន​រហូត។ ខ្ញុំគ្រាន់តែឆ្លៀតថ្លែងតែបន្តិចទេ ព្រោះម្សិលមិញ គឺខួបនៃការប្រកាស​អោយប្រើរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ (ដល់) ២៤ កញ្ញា ២០១៨ ដូចនេះគិតទៅប៉ុន្មានឆ្នាំហើយ? ២៤ ឆ្នាំហើយ។ ខ្ញុំធ្វើ​នាយករដ្ឋមន្ត្រីតាំង​ពី(ពេល)ហ្នឹ​ង … ពិបាកណាស់​​ប្រទេសរបស់យើងអ្នកកាច់ចង្កូត កាច់​ខុសតែបន្តិចរលាយប្រទេសសាជាថ្មី ដូច​នេះ​ប្រយ័ត្ន​ប្រយែង​ទៅលើការជ្រើសរើសមេដឹកនាំប្រទេស។

ថ្ងៃនេះ បានពាំនាំមកកាន់លោកយាយ លោកតា ២០០ នាក់ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ជូន​ក្រុម​​កាយរិទ្ធិ និងកាកបាទក្រហម ២០០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សា​នុសិស្ស ១.០៧៥ នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ៧២ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក កម្មករ ចំនួន ១.៧៨០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូន​វិទ្យា​ល័យ ហ៊ុន សែន ប៊ុន រ៉ានី អូរពងមាន់ក្រុងស្ទឹងត្រែង ថវិកា ២ លានរៀល។ ជូនវិទ្យាល័យសេសាន​សុវត្ថិ​ភាព ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពក្បាលរមាស ថវិកា ២ លានរៀល។ ជូនសាលាស្រុក​សេសានថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ២ លានរៀល។

អរគុណណាស់ ថ្ងៃនេះ​ ពេលលោកយាយ លោកតា ត្រឡប់ទៅវិញ​ភ្លៀង​ក៏មិនដឹង ប៉ុន្មានថ្ងៃនេះភ្លៀងជាប់ ហើយភ្លៀងដល់ថ្ងៃ ២៧។ កាលណាភ្ជុំហើយ ទឹកស្រក។ ឥឡូវទឹកស្រក។ តែប្រហែលមួយអាទិត្យខាងមុខ ទឹកអាចឡើងវិញទៀត។ ឆ្នាំនេះល្អត្រង់ថា ទឹកឡើងលើកទី ១ បានភាគខាងលើ តែខាងក្រោមឡើងមិន​បានដល់ ៩ ម៉ែត្រទេ សំរាប់ក្រុងភ្នំពេញ។ យើងចង់អោយឡើងពីខាងលើ រួចហើយទៅខាងក្រោម ហើយ​បន្ទាប់​ទៅ​ទឹក​ធ្លាក់​មក​ល្ម​មដល់ដំណាក់កាលបុណ្យអុំទូកតែម្តង។ មិនដឹងខេត្តស្ទឹងត្រែងឆ្នាំនេះមានទូក​ទៅ​អុំដែរឬអត់? ធម្មតាដូច​ភូមិភាគ​ទី ១ មានទូកទៅអុំនឹងគេតើ។ ជាមួយនឹងការប្រកាសបិទទ្វារទឹក​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម ២ ដែលមានអនុភាព ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ខ្ញុំសូមជូនពរដល់ សម្តេច ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែ​ពុទ្ធពរ​ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា
beylikdüzü escort escort beylikdüzü beylikdüzü escort