ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តីលើកទី១០ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈ៖ (១).របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចនានារបស់កិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីនាពេលកន្លងមក, (២).របាយការណ៍សកម្មភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រចាំឆមាស ឆ្នាំ២០២៦, (៣).របាយការណ៍វឌ្ឍនភាពនៃការងារដែលត្រូវអនុវត្តក្នុងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ, (៤).របាយការណ៍វឌ្ឍនភាពនៃការងារជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, និង (៥).បញ្ហាផ្សេងៗមួយចំនួន ដើម្បីផ្តល់ការទម្រង់ទិស សម្រួចអាទិភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់មូលវិចារខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារតាមមុខងារភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីវិជ្ជាជីវៈ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានធំៗជាច្រើន ក្នុងរយៈពេល៣ ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែក៏នៅមានសល់ចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបន្តកែលម្អ និងពង្រឹងបន្ថែម ដោយមានការទទួលខុសត្រូវ និងភាពបុរេសកម្មខ្ពស់ តាមមុខងារភារកិច្ចរបស់ខ្លួន ជាពិសេសចំពោះកិច្ចការដែលមានវឌ្ឍនភាពយឺត និងនៅសេសសល់ ឬជាប់គាំង ដើម្បីជំរុញឱ្យការងារទៅមុខ កុំឱ្យស្ទះ និងឱ្យចេញជាលទ្ធផលបានឆាប់រហ័ស។ ទន្ទឹមនេះ ក៏ត្រូវបន្តខិតខំបង្កើនគុណភាព និងល្បឿនក្នុងការរៀបចំឯកសារជំនួយស្មារតី របាយការណ៍ និងការពិនិត្យផ្ដល់មតិយោបល់លើឯកសារផ្សេងៗដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យកាន់តែមានគុណភាព ទាំងទម្រង់និងខ្លឹមសារ ដោយមានការវិភាគស៊ីជម្រៅ ផ្អែកលើមូលដ្ឋានទិន្នន័យ និងភស្តុតាងវិទ្យាសាស្រ្ត ហើយមានក្របខណ្ឌនិងគោលការណ៍ច្បាស់លាស់។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងផងដែរថា ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបន្តចូលរួមអនុវត្តក្នុងការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានសស្រាក់សស្រាំ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកសាង ពង្រឹង និងអភិវឌ្ឍស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំដល់ក្រុមការងារទទួលបន្ទុកការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈលើការដ្ឋានកែទម្រង់ដ៏សំខាន់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសត្រូវជំរុញការងារវិភាគមុខងារ និងការពិព័ណ៌នាមុខតំណែងវិជ្ជាជីវៈ ព្រមទាំងកិច្ចការមួយចំនួនទៀត ឱ្យបានចប់សព្វគ្រប់តាមផែនការកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តីខិតខំរៀនសូត្រអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពិសេស AI ឱ្យបានស្ទាត់ជំនាញ ដើម្បីទាញយកប្រយោជន៍ក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ក៏ដូចជាដើម្បីកែលម្អប្រព័ន្ធការងារ និងលំហូរការងារ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអភិវឌ្ឍដោយក្រុមការងារបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងហានិភ័យ និងសន្តិសុខព័ត៌មាន ពាក់ព័ន្ធទិន្នន័យនិងឯកសាររបស់ស្ថាប័ន មិនឱ្យបែកធ្លាយ និងការពារកុំឱ្យមានការលួចចូលប្រព័ន្ធ (Hack) ឬវាយប្រហារ (Attack) និងដើម្បីសន្សំសំចៃថវិកាផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែស្រួចជាងមុន និងឱ្យលើសពីពេលធម្មតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រទេសជាតិទាំងមូល ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព វិន័យការងារ គុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីពង្រឹងគុណភាពការងារនៅក្នុងគ្រប់កម្រិត សំដៅបន្តបង្កើនទំនុកចិត្តពីប្រមុខនៃរាជរដ្ឋាភិបាល និងពីក្រសួងស្ថាប័ននានា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច...

លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
beylikdüzü escort escort beylikdüzü beylikdüzü escort