នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ NGUYEN THI THANH អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះផងដែរ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវអនុប្រធានសភាវៀតណាម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃពិធីបើកសន្និសីទកាលពីម្សិលមិញ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជុំវិញពិភពលោក។ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម លោកជំទាវបានលើកឡើងថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៧០ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជាខួប៥០ឆ្នាំ ដែលសម្ដេចតេជោបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីគៀងគរការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។
សម្ដេចតេជោ ក៏បានអរគុណចំពោះលោកជំទាវដែលបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៦នេះ៕





