ក្នុងសម័យប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះចំនួន ៣ ត្រូវដាក់ចេញដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលក្នុងរយៈពេល ៣ឆ្នាំកន្លងមក បានបញ្ជាក់នូវភាពចាំបាច់ក្នុងការជំរុញចំណុចដៅទាំង៣ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០៣៥។ ផែនទីបង្ហាញផ្លូវនេះ បានកំណត់ចំណុចដៅចំនួន ៣ ត្រូវសម្រេចនៅឆ្នាំ២០៣៥ រួមមាន ១. ការគ្របដណ្តប់ប្រជាជនយ៉ាងតិច ៨០% អត្រាគ្របដណ្តប់ប្រជាជន ដោយមូលនិធិសមធម៌ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានកើនពី ៤០,១% នៃប្រជាជនសរុបឆ្នាំ២០២៣ ទៅ ៤៧,៦៥% នៅដំណាច់ឆ្នាំ២០២៦ សមាមាត្រគិតជាចំនួនប្រជាជនគឺកើនពី ៦ ៨៣៦ ៦១៣នាក់ ដល់ ៨ ៤៩១ ០៩៦នាក់ ២. សន្ទស្សន៍គ្របដណ្តប់សេវាសុខភាពយ៉ាងតិច ៨០ (រង្វាស់ពី ០០-១០០) បានកើនឡើងពី ៥៨ នៅឆ្នាំ២០២៣ ដល់ ៦៣,៦ នៅឆ្នាំ២០២៥ និង ៦៤,៣ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ និង ៣. ទំហំចំណាយប្រាក់ហោប៉ៅលើការថែទាំសុខភាពនៅក្រោម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព មានការប្រែប្រួលសន្សឹម គឺនៅប្រមាណក្រោម ៦០% នៃចំណាយសរុបលើការថែទាំសុខភាព។
គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នឹងបន្តបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមស្មារតីគាំទ្រជាមធ្យោបាយ ធនធានមនុស្ស ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមានតម្រូវការ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ក្នុងអាណត្តិបន្តទៅមុខ។




