សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា បង្កើតឡើងដើម្បីអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាង របស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (ហៅកាត់ថា ស៊ីកា) ដែលធ្វើនៅក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ នាថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១០។ ដោយមើលឃើញអំពីសារៈសំខាន់របស់ស៊ីកា និងភាពស៊ីសង្វាក់គ្នានៃគោលបំណងនិងគោលការណ៍ ដែលស្របគ្នាជាមួយនឹងគោលនយោបាយអន្តរជាតិរបស់កម្ពុជា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាបានស្នើសុំចូលជាសមាជិកពេញសិទ្ធិរបស់ស៊ីកា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ និងបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ ប៉ុន្តែពុំទាន់បានផ្តល់សច្ចាប័ននៅឡើយទេ។
ការផ្តល់សច្ចាប័នលើអនុសញ្ញាស៊ីកា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ រួមមាន ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងស្ថាប័នអន្តរជាតិ ជាពិសេសយន្តការស៊ីកា ដែលកំពុងរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីប្រែក្លាយទៅជាអង្គការអន្តរជាតិតំបន់ ចូលរួមកាន់តែសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខស្មើមាត់ ក្នុងដំណើរការជំរុញយន្តការស៊ីកា ជាពិសេសការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន-ស៊ីកា និងរវាងអាស៊ានជាមួយតំបន់អាស៊ីកណ្តាល ឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសដ៏សកម្មរបស់កម្ពុជាប្រកបដោយស្ថាបនា សំដៅរួមចំណែកដល់ការលើកស្ទួយពហុភាគីនិយម និងវេទិកាកិច្ចសន្ទនា ទទួលបាននូវការផ្តល់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិដូចគ្នាពីប្រទេសសមាជិក សម្រាប់អ្នកការទូតនិងតំណាងកម្ពុជា ក្នុងការបំពេញតួនាទីផ្លូវការនៅក្នុងប្រទេសសមាជិកស៊ីកា។






