ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១. គ្រួសារវីរយុទ្ធជនពលីនិងគ្រួសារកងកម្លាំងជួរមុខទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត «កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនតាមរយៈគំរូផលិតកម្មកសិកម្មទំនើប» នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារបណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជាការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែកចាយកសិផលទៅកាន់ទីផ្សារ។
កម្មវិធីនេះកើតចេញពីការគិតគូររបស់លោកជំទាវបណ្ឌិតដែលយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅចំពោះគ្រួសារវីរយុទ្ធជនពលី ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ ដែលបាននិងកំពុងលះបង់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។ នេះគឺជាកម្មវិធីមួយផ្សេងទៀត បន្ថែមពីលើកម្មវិធីជាច្រើនដែលរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់បានធ្វើរួចមកហើយ។ ជាក់ស្តែង គ្រាន់តែក្នុងសប្តាហ៍មុន លោកជំទាវបណ្ឌិត បានអញ្ជើញមកប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលីជាបន្តបន្ទាប់ ក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងសៀមរាប។ ក្រៅពីទទួលបានផ្ទះថ្មី ក្រុមគ្រួសាររបស់វីរយុទ្ធជនពលីទាំងនោះក៏ទទួលបានអំណោយជាច្រើនទៀតមានដូចជា ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
លើសពីនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល និងបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី។
ថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រកាសតំឡើងឋានន្តរស័ក្តិ និងផ្តល់មេដាយពិសេសជូនវីរយុទ្ធជនដែលទើបតែចូលបម្រើកងទ័ព និងដែលបានឆ្លងកាត់សមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី និងប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជរអាវុធហត្ថដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។ ទាំងអស់នេះសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំចំពោះក្រុមគ្រួសារវីរយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ ដើម្បីតបស្នងចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់ពួកគេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។
ទី២. បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តធ្វើឥតដាច់៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃដើម្បីកាន់កាប់ដោយខុសច្បាប់ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុបចំនួន៤៤ទូរ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សកម្មភាពរបស់យោធាថៃបានរារាំងប្រជាពលរដ្ឋស៊ីវិលជិត ៨ពាន់នាក់ ឬជាង ១ ៨០០គ្រួសារ ក្នុងនោះមានកុមារជិត ២ពាន់នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ នេះគឺជាបេសកកម្មថ្មីទៀតនិងជាបន្តបន្ទាប់ឥតដាច់របស់ក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជា ក្រោយពីបានចុះសង្កេតការណ៍នៅទីតាំងជាច្រើននៅតាមបណ្តោយព្រំដែនដែលកងកម្លាំងថៃបានបំពានកាន់កាប់ដោយខុសច្បាប់។
ទី៣. អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងសូមបញ្ជាក់ជូនថា បន្លាលួសនិងទូរកុងតឺន័រដែលកងកម្លាំងថៃបានដាក់ពង្រាយមិនមែនជាការកំណត់ខ្សែព្រំដែននោះឡើយ៕
សូមអរគុណ!



