យោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាអនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ការជ្រើសរើសប្រជាពលរដ្ឋដើម្បីចូលបំពេញកាតព្វកិច្ចយោធាត្រូវធ្វើឡើងដោយស្ម័គ្រចិត្តនិងតាមការចាប់ឆ្នោត ហើយលក្ខណៈសម្បត្តិប្រជាពលរដ្ឋដែលត្រូវជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខខណ្ឌដូច ការជ្រើសរើសយោធិនអាជីពដែរ។
នៅក្នុងអនុក្រឹត្យ ក៏បានចែងអំពីលក្ខខណ្ឌនិងបែបបទនៃការពន្យារពេល សម្រាប់ប្រជាពលរដ្ឋជាសិស្ស និស្សិត ដែលកំពុងសិក្សាឬជនទេសន្តប្រវេសន៍ការងារឬមន្រ្តីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាច ទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗចំនួន៤ដង ហើយរយៈពេលនៃការពន្យារពេលត្រូវបូកបន្ថែមទៅ លើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធា។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវបញ្ចូលទៅបម្រើការងារវិញក្នុងក្របខណ្ឌ ដើមរបស់ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជននានានិងអង្គការសង្គមស៊ីវិលដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា។ សហគ្រាសសាធារណៈឬឯកជននានានិងអង្គការសង្គមស៊ីវិលដែលមិន ព្រមទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារវិញនិងរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា ត្រូវផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងសោហ៊ុយជំងឺចិត្តស្របតាមច្បាប់ស្តីពីការងារ។ ដោយឡែកគ្រឹះស្ថានសិក្សាឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវទទួលឱ្យសិស្ស និស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធាបន្តការសិក្សាវិញដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សាមីជន។
សម្រាប់ប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងៗ ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤០ម៉ឺនរៀល និងគោលរបប ផ្សេងៗត្រូវទទួលបានរួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភ គ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន ហើយយោធិនមានជំងឺ ឬ រងរបួសឬគ្រោះថ្នាក់ផ្សេងៗត្រូវទទួលបានការសង្រ្គោះ ការព្យាបាលនិងការថែទាំពីក្រសួងការពារជាតិ។
លើសពីនេះ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវទទួលបានការលើកទឹកចិត្តដូចជា៖ មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងមានអាទិភាពក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ៕

