ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីសភាប្រើភាសាបារាំងបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីកម្ពុជា៖

តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF)ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។

សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំង ចំពោះគោលការណ៍នៃសេចក្តីប្រកាសទីក្រុងបាម៉ាកូ និងទីក្រុងសាំង-បូនីហ្វាស ច្បាប់អន្តរជាតិ ព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះ សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ។

ប្រឈមមុខនឹងភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។

សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។

សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង ថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុបករណ៍គតិយុត្តអន្តរជាតិ។ នៅរសៀលថ្ងៃដដែល អង្គប្រជុំបានអនុម័តជ្រើសរើស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ឋសភាកម្ពុជា ជាប្រតិភូប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ពីឆ្នាំ២០២៦ ដល់ ២០២៨)។

ជាកិច្ចឆ្លើយតប តាងនាមឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃអង្គប្រជុំសភាប្រើភាសាបារាំង ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលត្រូវបានអនុម័តពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្តនេះ គឺជាសារផ្ញើជូនសហគមន៍អន្តរជាតិ អំពីសាមគ្គីភាព ការទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍ។ ឯកឧត្តម អ៊ុច បូរិទ្ធ បានសម្តែងសារជាថ្មីនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រតិភូទាំងអស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort