ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពនិងផ្លូវការរយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ សម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឯព្រះរាជដំណាក់ក្រុងប៉េកាំង។

ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការនិងយ៉ាងដាច់អហង្ហារចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពខាងលើថា បានរំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងផ្ទុយពីបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។

សកម្មភាពទាំងនេះក៏ជាការបំពានលើវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ។ កម្ពុជាសូមបញ្ជាក់ថា សកម្មភាពទាំងនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងជាឯកតោភាគី ហើយត្រូវបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការ JBC ភាគីកម្ពុជាក៏បានផ្ញើកំណត់ទូតជាថ្មីម្តងទៀតដោយស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ នេះជាកំណទ់ទូតថ្មីមួយក្នុងចំណោមកំណត់ទូតជាច្រើនដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បន្តចុះអនុវត្តការងារលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃបានឆ្លើយតបដោយការស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។

ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort