យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជារួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេសទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់នានាជាធរមាន។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទានទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស ច្បាប់បានអនុញ្ញាតឱ្យ ក្រសួងមហាផ្ទៃផាកពិន័យជាប្រាក់និងអាចប្តឹងរំលាយគណបក្សនយោបាយនោះទៅតុលាការកំពូល។ ច្បាប់ក៏បានចែងទៀតថាមិនឱ្យគណបក្សនយោបាយស្ថិតនៅ ក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេសឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយឬអាចរំលាយគណបក្សនយោបាយនោះតែម្តងក្នុងករណីល្មើសធ្ងន់ធ្ងរ។
ក្រសួងមហាផ្ទៃវាយតម្លៃខ្ពស់និងលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងអស់ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ កសាងនិងអភិវឌ្ឍជាតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕






