ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាប​នូវព័ត៌មានសំខាន់ៗដែលបញ្ជាក់ពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាលដែលមានដូចតទៅ៖

ទី១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ​ដែលបានប្រារព្ធធ្វើ​នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិនិងអន្ដរជាតិយ៉ាងច្រើនកុះករ។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូលនិងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះប្រមូល​ផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាលោកជំទាវ​បណ្ឌិត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាដែរ បាន​រំលេចអំពីគុណតម្លៃសន្តិភាព​​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាចអភិវឌ្ឍប្រទេស​ឱ្យរីកចម្រើន​ដូចសព្វថ្ងៃ និងអាចឱ្យកម្ពុជា​អាចរៀប​ចំធ្វើជាម្ចាស់ផ្ទះសម្រាប់​ព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិយ៉ាងកក់ក្តៅ ដូចជា​មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅពេលនេះជាដើម។ ជាសក្ខីភាព សម្តេចធិបតី បញ្ជាក់ថា ចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ​សរុបជាង ១ម៉ឺន៤ពាន់នាក់ ក្នុងនោះមានស្ត្រីជិត ១ពាន់នាក់។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រចំពោះ​សមាគមកាយឫទ្ធិនារីកម្ពុជាដែលបានខិតខំជំរុញ​កុមារី និងក្មេងស្រីកម្ពុជាឱ្យមានឱកាសបានសិក្សា និងចូលរួមចំណែក​ក្នុងសកម្មភាពសង្គមក៏ដូចជាការអភិវឌ្ឍប្រទេស ស្របតាមគោលនយោបាយលើកកម្ពស់​ស្ត្រី និងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី សង្ឃឹមថា ភ្ញៀវអន្តរជាតិ​ទាំងអស់ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នឹងបានឃើញកម្ពុជាពិតក្នុងសម័យទំនើប​ខុសពីកម្ពុជាដែលពួកគេធ្លាប់បានស្តាប់និងបានអាន និងបានស្គាល់ពីវប្បធម៌ ម្ហូបអាហារ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយ រាក់ទាក់ របស់ប្រជាពលរដ្ឋខ្មែរ។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ ប្រធានាធិបតី វ្លាឌីមៀ ពូទីន នៃសហព័ន្ធរុស្ស៊ី។ កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។

ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងក្រៅតំបន់។ សម្តេចនាយករដ្ឋមន្ត្រីក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងអត្ថ​ប្រយោជន៍ទៅវិញទៅមក​។

នេះគឺជាបេសកកម្មការទូតនៅក្រៅប្រទេស​ថ្មីមួយទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការអញ្ជើញចូលរួម​វេទិកាអនាគតអាស៊ានលើកទី៣​ នៅទីក្រុងហាណូយ កាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែមិថុនា ថ្មីៗនេះ ដែលបង្ហាញពីការងារការទូតសកម្មរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ​​ដើម្បីពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តផង និងដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅលើឆាកអន្តរជាតិផង។

ទី៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរព​ច្បាប់អន្តរជាតិ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ពាក់ព័ន្ធព្រំដែនសមុទ្រ រាជរដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយតំបន់​ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort