ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីស្ថានការណ៍វិវត្តន៍ថ្មីៗដែលមានដូចតទៅ៖

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសមិទ្ធផលដ៏ស្កឹមស្កៃនិងថ្មីសន្លាងនេះថាបានស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សមិទ្ធផលដ៏ធំធេងនេះ កើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ក្នុងស្រុក ដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងសោភ័ណ្ឌភាព ទាំងបច្ចេកវិទ្យាទំនើប និងទាំងសេវាកម្មជាច្រើនបម្រើជូនអតិថិជន។ សមិទ្ធផលនេះក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ច ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួមជូនជាតិមាតុភូមិ ក៏ដូចជាសម្រេចបាននូវបំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងន័យនេះ ការកៀរគរប្រមូលចំណូលពន្ធទាំងពន្ធផ្ទៃក្នុងនិងពន្ធគយ គឺជារឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងចំណូលពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យ ព្រមទាំងកៀរគរទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ក្នុងការជម្នះរាល់បញ្ហាប្រឈម សម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់និងសកលលោក សំដៅការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

សម្តេចធិបតីបន្តថា ស្របតាមមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណគឺ «ការអភិវឌ្ឍវិស័យឯកជននិងការងារ» រាជរដ្ឋាភិបាល កាលពីឆ្នាំ២០២៣ បានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលត្រូវបានចាត់ទុកជា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ» ហើយបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដើម្បីសម្រួលដល់ធុរកិច្ច ដែលក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារបានប្រឹងប្រែងអនុវត្ត និងសម្រេចបានរួចរាល់ទាំងស្រុងនូវវិធានការចំនួន ៥៦ ដែលជាវិធានការក្រោមសមត្ថកិច្ចរបស់ខ្លួន ពោលគឺបានសម្រេច ១០០% តាំងពីដំណាច់ឆ្នាំ២០២៤ មកម្ល៉េះ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម រហូតធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស និងត្រូវបានជឿជាក់ ទទួលស្គាល់លើគុណភាពនិងជំនាញ ស្របតាមទិសស្លោកថា “ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច”។

ពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរម្លឹកនូវពាក្យស្លោករបស់សម្ដេចតេជោថា “កែទម្រង់រស់ មិនកែទម្រង់ស្លាប់” ដែលមានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។ សម្តេចបន្ថែមថា ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែ គឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាពនៃការប្រែប្រួលរបស់ពិភពលោក និងបច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។ ជាក់ស្តែង ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ គិតមកដល់ពេលបច្ចុប្បន្នមាន ១៦ ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា បើទោះបីជាទទួលរងព្យុះភ្លៀងដែលកើតឡើងដោយសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ និងឥទ្ធិពលអវិជ្ជមានដែលកើតចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តឈរជ្រែងជើងយ៉ាងរឹងមាំដើម្បីជម្នះឧបសគ្គទាំងនោះ ដោយដៃម្ខាងខិតខំការពារបូរណភាពទឹកដីតាមរយៈនយោបាយការទូតយ៉ាងសកម្ម និងម៉ឺងម៉ាត់ ប្រកបដោយភាពចាស់ទុំ រីឯដៃម្ខាងទៀតខិតខំដាក់ចេញវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបន្តអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ដោយបោះជំហានទៅមុខឥតឈប់ឈរ ស្របតាមគោលនយោបាយដែលបានដាក់ចេញ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

តំណាងកម្ពុជា ប្រាប់ក្រុមប្រឹក្សា អ.ស.ប ថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាចំនួន...

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី
beylikdüzü escort escort beylikdüzü beylikdüzü escort