ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការទូតសកម្ម និងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកិច្ចការពារបូរណភាពទឹកដី៖

ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ភាគីទាំងពីរបានពិភាក្សាគ្នាត្រង់ទៅត្រង់មកអំពីស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងអំពីទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើងទាំងពីរ។

ក្រៅពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសជាច្រើនទៀត ដោយក្នុងជំនួបទាំងនោះ ក្រៅពីពិភាក្សាអំពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រមុខការទូតកម្ពុជាក៏មិនភ្លេចលើកឡើងអំពីកិច្ចការពារបូរណភាពទឹកដីនិងប្រជាជន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនោះឡើយ។ ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក ក៏ដូចជាជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធតែត្រូវបានលើកឡើងប្រាប់ដៃគូសន្ទនាមិនដែលខានឡើយ។

សូមបញ្ជាក់ជូនថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។

នៅក្នុងប្រទេសឯណេះវិញ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ ក៏បានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដោយកម្ពុជាប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង។

សូមរម្លឹកជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានបញ្ចេញសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចដោយរម្លឹកថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជានិងភាគីថៃ តែងតែប្រកាសជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់ នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ»។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័សតាមស្មារតី ដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខណ្ឌសីមា និងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីជំហរដ៏ច្បាស់លាស់របស់កម្ពុជា៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort