ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ៗជំរាបជូនជនរួមជាតិដូចតទៅ៖

ទី១៖ ក្រសួងព្រះបរមរាជវាំងបានជម្រាបជូនដំណឹងដល់សាធារណជនថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរជាងមុនបន្តិច ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ ពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។

ក្រុមវេជ្ជបណ្ឌិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេកូព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ និងព្រះឱសថផ្សះមុខរបួសវះកាត់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងតាមពេលវេលាកំណត់។ ទន្ទឹមនេះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលការថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសូមថ្លែងអំណរព្រះគុណនិងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។

ទី២៖ ក្នុងសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសរំលេចចំណុចសំខាន់ៗជាច្រើនដូចជា៖ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

សម្តេចគូសបញ្ជាក់ថា សុខសន្តិភាពពេញលេញដែលយើងបានខិតខំរួមគ្នាថែរក្សាតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ បន្ថែមពីនេះ គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថា នឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ចនិងនយោបាយទាំងក្នុងតំបន់ និងសកលលោក។

ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន ១០៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦ លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួនជាង ៤៧ ០០០ សហគ្រាស ហើយចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣ លាននាក់។

រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល ពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ។ ក្នុងស្មារតីនេះ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ ដុល្លារអាម៉េរិកក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួលដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។

លើសពីនេះ តាមរយៈការពិភាក្សានិងឯកភាពជាមួយភាគីនិយោជក យើងបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ។ ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ននេះកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ ដុល្លារអាម៉េរិកក្នុងមួយខែ។
រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ ម៉ឺននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ។

ទី៣៖ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារុយសាឡាម។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

ដោយឡែក កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort