សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ ឯកឧត្តមប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមប្រធានសមាគមក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ជូនឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូធុរជន ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រេីនប្រទេសកម្ពុជា និយាយជារួម, សម្ដេចបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។

មុននឹងបញ្ចប់, សម្តេចបវរធិបតី បានរំលឹកឡេីងវិញផងដែរថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេចបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ, កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការបង្កេីតគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់បន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort