បន្ទាប់ពីបានចំណាយពេលជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនអាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តដំណើរជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យសមិទ្ធផលជាតិក្នុងខេត្តស្ទឹងត្រែង នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អគារសិក្សាជូនដល់សាលាបឋមសិក្សាអនុវត្ត នូវអគារសិក្សាថ្មី១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង ៣បន្ទប់។ ដោយឡែកសម្រាប់មជ្ឈមណ្ឌលគរុកោសល្យ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជួយកសាងអគារសិក្សាថ្មី ១ខ្នង២ជាន់ ១២បន្ទប់ ជួសជុលអគារចាស់ៗឡើងវិញ ពិសេសបានផ្តល់ជូនគរុសិស្សបានទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។ ជាមួយគ្នានេះក្នុងដំណើរនៃការអញ្ជើញចុះពិនិត្យសមិទ្ធផលជាតិ និងជួបប្រាស្រ័យទាក់ទងដ៏ជិតស្និតជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមទីកន្លែងដែលសម្តេចជួបប្រាស្រ័យការងារ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានឧបត្ថម្ភ នូវថវិកាមួយចំនួនចែកជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដោយក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ពិសេសការថតរូបសែលហ្វីបង្ហោះក្នុងភាពស្និតស្នាលរ៉ាក់ទាក់។ នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានប្រកាសនៅចំពោះមុខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ពីការប្រកាសផ្តល់និងពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់អគារ១ខ្នង៣ជាន់៣០បន្ទប់ អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់ ពិសេសបានជួយសាងសង់ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែងបណ្តះបណ្តាលវិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជាមួយ និងបណ្តារាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ដែរថា ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៤-២០១៥ និងទិសដៅការងារឆ្នាំ២០១៥-២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជាមូលដ្ឋានអនុវត្តក្នុងនោះរួមមាន
ទី១- ត្រូវបន្តអនុវត្តឲ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយពិតប្រាកដ នៃគោលនយោបាយដែលធានាលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយសមធម៌
ទី២- អនុវត្តឲ្យសកម្មខ្លាំងក្លាលើគោលនយោបាយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំនៅកម្រិតឧត្តមសិក្សា ដោយត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការសិក្សាមុខជំនាញវិស្វកម្ម ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាពិសេសត្រូវជំរុញកិច្ចការស្រាវជ្រាវរបស់និស្សិត ឲ្យមានលក្ខណៈវិទ្យាសាស្រ្តកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍នៃការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបែបថ្មី។
ទី៣- អនុវត្តឲ្យសកម្មលើគោលនយោបាយអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍ សមត្ថភាពរបស់មន្រ្តីអប់រំសម្រាប់ធ្វើវិមជ្ឈការ ដោយក្នុងនោះត្រូវ ១-បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាប្រសិទ្ធភាពនៃកម្មវិធីកែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំ ២-ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំ ការកសាងផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានភាពច្បាស់លាស់ និងឆ្លើយតបតម្រូវការប្រើប្រាស់ ៣-ពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន គឺជាការងារអាទិភាពដែលត្រូវធ្វើដើម្បីធានាសេវាអប់រំ ឲ្យកាន់តែគ្រប់ដណ្តប់បានដល់មូលដ្ឋានដាច់ស្រយាល ពិសេសតំបន់ដែលខ្វះគ្រូ ៤-បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា គ្រឹៈស្ថានបណ្តុះបណ្តាលគ្រូ មន្រ្តីគ្រប់គ្រងនៅគ្រប់លំដាប់ថ្នាក់ និងការងារអធិការកិច្ច។
ទី៤- អនុវត្តឲ្យសកម្មលើការងារយុវជន
ទី៥- អនុវត្តឲ្យសកម្មលើការងារកីឡា
ទី៦- បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដោយក្នុងនោះត្រូវ ១ផ្សារភ្ជាប់នឹងការអប់រំវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការងារគោរពសិទ្ធសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោលរពគោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ២ផ្សារភ្ជាប់ការប្រយុទ្ធប្រឆាំងអំពើហឹង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៏និងជំងឺអេដស៏ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្រ្តីនិងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងគ្រប់ប្រភេទក្នុងសង្គម និង៣បន្តពង្រឹងការអនុវត្តគោលការណ៍ប្រសិទ្ធភាពហិរញ្ញប្បទាន សហប្រតិបត្តិការប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងការអនុវត្តអភិក្រមគ្រប់គ្រងទូទាំងកម្មវិធី៕