បាឋកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ​ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក​”


CNV:

  • ឯកឧត្តម​បណ្ឌិត កៅ គីមហួន អគ្គលេខាធិការអាស៊ាន​,
  • ឯកឧត្តមលោកជំទាវ តំណាងអចិន្ត្រៃយ៍ប្រចាំ​អាស៊ាន និង​ ឯកអគ្គរដ្ឋទូតទីម័រខាងកើត,
  • ឯកឧត្តមលោកជំទាវ ឯកអគ្គរដ្ឋទូត, តំណាងអង្គទូតនៃបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀត,
  • ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំ​ពិតជាក្តីសោមនស្សរីករាយក្រៃលែង​ ដែលបាន​មក​ទស្សនកិច្ច​នៅលេខាធិការដ្ឋានអាស៊ាន​ និងធ្វើបាឋកថាទាក់ទងនឹង​អាស៊ាន ក្នុង​នាម​​ជាអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេស​សមាជិក​អាស៊ានមួយរូប ដែល​បាន​ធ្វើ​ជា​ប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើក​នៅក្នុងអាជីពនយោបាយ​របស់ខ្ញុំ។ ខ្ញុំ​ពិតជាមាន​អនុស្សាវរីយ៍ច្រើនរាប់មិន​អស់ជាមួយ​អាស៊ាន ហើយ​ខ្ញុំ​សូម​ឆ្លៀតយក​ឱកាសនេះ នៅទីកន្លែងនេះ ដើម្បី​សម្តែង​ការ​គោរព​ដល់​បណ្តា​ស្ថាបនិក​ដ៏ឧត្តុង្គ​ឧត្តម​របស់អាស៊ាន ព្រម​ទាំង​អតីតមេដឹកនាំ​អាស៊ាន​ទាំងឡាយ ដែល​បាន​បូជា​កម្លាំងកាយ និងស្មារតី, និងចូលរួម​ចំណែក​ជាបញ្ញាញាណ​ ប្រកបដោយ​គតិបណ្ឌិត នៅក្នុង​ការ​កសាង, រៀបចំរចនាសម្ព័ន្ធស្ថាប័ន, និងនិម្មាបនកម្ម​តំបន់ ដែល​យកសន្តិភាព និងប្រជាជន ជាស្នូល។​

ជាមួយ​នឹង​ភាពចម្រុះដ៏សម្បូរបែប​របស់អាស៊ាន ទាំង​លើទិដ្ឋភាពនយោបាយ, សេដ្ឋកិច្ច, និងវប្បធម៌, ខ្ញុំ​ពិតជា​មិន​អាច​និយាយជំនួ​ស​ឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់នោះឡើយ​ តែខ្ញុំ​អាច​ចែក​រំលែកបាន​ពីជ្រុងមួយ​ នៃទស្សនៈរបស់​ប្រទេសសមាជិក​ ដែល​ចូល​ក្រោយគេ​ ប៉ុន្តែ មិនមែន​សមាជិកកូនពៅ ដោយសារថា យើងនឹង​មាន​បន្ថែម​ប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេល​ដ៏ឆាប់ខាងមុខ។ ដោយ​ហេតុថា អាស៊ាន តែងតែបាន​ទាក់ទាញ​ការចាប់អារម្មណ៍ច្រើន​ ពីសំណាក់​អ្នក​ស្រាវជ្រាវ និងអ្នកតាមដាន នយោបាយ​អន្តរជាតិ, ដូច្នេះ ខ្ញុំ​នឹងមិន​រ៉ាយរ៉ាប់​ច្រើន​អំពី​បញ្ហា​ប្រឈម​ជាទូទៅ​ដែល​អាស៊ាន បាននិងកំពុងជួបប្រទះនោះទេ។ ខ្ញុំ​ចង់យក​ឱកាស​នេះ ផ្តោត​លើ​រឿងរ៉ាវល្អៗកាលពីអតីតកាល និងទស្សនៈវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​របស់អាស៊ាន នាពេលអនាគត។ ខ្ញុំ​នឹង​បែងចែកបទបង្ហាញរបស់ខ្ញុំ​ ជា ២ ផ្នែកធំៗ។ សម្រាប់រឿងរ៉ាវពីអតីតកាល ខ្ញុំ​ចង់ផ្តោត​លើ​ទំនាក់ទំនង “កម្ពុជា និងអាស៊ាន”, ហើយ​សម្រាប់​រឿងរ៉ាវអនាគត ខ្ញុំ​ចង់ផ្តោត​លើ​ទំនាក់ទំនង​ “អាស៊ាន និងពិភពលោក” ហើយតាមរយៈនេះ ខ្ញុំ​សូមស្នើឱ្យ​ទស្សនិកជនទាំងឡាយ ទាញ​សេចក្តីសន្និដ្ឋានដោយ​ខ្លួនឯងពីចំណុចខ្លាំង និងចំណុចខ្សោយ​របស់អាស៊ាន ដែលខ្ញុំ​គិតថា មិនមាន​ចម្លើយ​ដាច់ណាត់នោះឡើយ។​

ផ្នែកទី១ “កម្ពុជា និងអាស៊ាន”​

នៅក្នុងមួយជីវិតរបស់ខ្ញុំ​ ការលំបាកទាំងឡាយដែលខ្ញុំ​បានជួបប្រទះ ហើយ​ត្រូវខិតខំជំនះ គឺជា​បទពិសោធដ៏មានតម្លៃ មិនមែន​សម្រាប់តែខ្លួនខ្ញុំ​នោះទេ ប៉ុន្តែ ក៏មាន​អត្ថន័យ​ជា​​ប្រវត្តិសាស្ត្រ​ និងមានលក្ខណៈជា​ទស្សនវិជ្ជា​ដឹកនាំ​ របស់​ប្រទេសកម្ពុជា ដែល​យើងតែង​តែទទួលអារម្មណ៍ថា ជាប្រទេសអាភ័ព្វ​ ជួបទុក្ខវេទនា និងសោកនាដកម្ម​ រាប់មិន​អស់។ ប៉ុន្តែ នៅក្នុងជំនាន់របស់ខ្ញុំ​ នៅក្រោមការ​ដឹកនាំ​របស់​ខ្ញុំ​ និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំ​មាន​មោទនភាពនឹង​និយាយថា កម្ពុជា មិនមែន​ជាប្រទេសកំសត់ទៀតឡើយ ហើយ​ក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើម​ មើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនា​គោរព និងផ្តល់តម្លៃ ក្នុងនាម​ជាប្រទេស​ ដែលមានសមត្ថភាពចូលរួមរៀបចំ​របៀបវារៈ​ និងនិម្មាបនកម្ម​តំបន់ ប្រកបដោយ​ការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន។

ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជា នៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវ ពីចំណុចសូន្យដែរ។ ដើម្បីយល់បានពីទស្សនៈ​កម្ពុជា, មានភាពចាំបាច់​ដែលយើង​ត្រូវយល់​ពីស្ថាន​ភាព​ និងបទពិសោធ ដែលកម្ពុជា បានឆ្លង​កាត់ ដើម្បីស្វែងយល់ថា ថ្នាក់ដឹកនាំ​របស់កម្ពុជា ជាទូទៅ​, មិនមែនតែខ្ញុំ​ម្នាក់ឯងទេ, ចង់បាន​អ្វី ចង់ទាមទារ​អ្វី​​សម្រាប់កម្ពុជា? ចំណុចចាប់ផ្តើមរបស់យើង កើត​ចេញ​ពីភាពឯកោ ខាងនយោបាយ ការទូត​ និងសេដ្ឋកិច្ច ហើយ​ភាពតភ្ជាប់របស់កម្ពុជា ជាមួយនឹង​អាស៊ាន មានឫសគល់​ចេញ​ពីភាពឯកានេះឯង ពោល​គឺសេចក្តីស្រេកឃ្លាន ចង់បាន​ការទទួលស្គាល់​ស្មើមុខ ស្មើសិទ្ធិ, និងការចង់បានការ​គោរពពេញលេញ លើ​​ឯករាជ្យអធិបតេយ្យ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិមួយ​ នៅក្នុងតំបន់។

ចំណុចចាប់ផ្តើម​របស់កម្ពុជា ជាមួយ​អាស៊ាន មិនមែនជារឿងរ៉ាវល្អប៉ុន្មាននោះ​ទេ ព្រោះថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍​ឆ្នាំ​៩០​ អាស៊ាន​ គឺជាស្ថាប័នឈានមុខ ដឹកនាំ​ការបដិសេធ​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដែល​នៅពេលនោះត្រូវបាន​ចាត់ទុកថា ជារដ្ឋាភិបាល​នៅក្រោម​ការគ្រប់គ្រងរបស់វៀតណាម ហើយ​ការរំដោះប្រជាជនកម្ពុជា ចេញ​ពី​របបប្រល័យពូជសាសន័ ប៉ុល ពត ដោយ​កងទ័ពវៀតណាម ត្រូវបាន​អាស៊ានចាត់ទុកថា ជាការកាន់កាប់ប្រទេសកម្ពុជា ដោយ​ប្រទេសវៀតណាម។ យើង​ត្រូវដឹងច្បាស់ថា កាលៈទេសៈពេលនោះ ឥទ្ធិពលនៃសង្គ្រាម​ត្រជាក់ បាន​ក្លាយជាផ្សែងបាំងមុខ​មេដឹកនាំ​មួយចំនួន ទាំងក្នុងតំបន់ និងក្រៅតំបន់ ឱ្យ​មើល​ឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម្ម ដែលធ្ងន់ធ្ងរជាង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទៅទៀត ហើយ​ជាលទ្ធផល​ រដ្ឋាភិបាល​ដែល​រំដោះប្រជាជន និងប្រជាជនកម្ពុជា ដែលនៅរស់រាន​មានជីវិត ត្រូវទទួលរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ អស់រយៈកាល ១២ ឆ្នាំ បន្ថែមទៀត ហើយ​រដ្ឋាភិបាល​ដែល​មានសមាសភាព​ឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ បែរជាទទួលបាន​អាសនៈស្របច្បាប់​នៅ​អង្គការសហប្រជាជាតិទៅវិញ។ នេះគឺជាតថភាពប្រវត្តិសាស្ត្រ និងជា​ជម្រៅនៃ​ភាពឯការបស់កម្ពុជា​។

ប៉ុន្តែ ការចងចាំរបស់យើងក៏មិនមែនមាន​​តែមួយទិស ដោយ​គ្មាន​ភាពប្រទាញប្រទង់​នោះដែរ ព្រោះថា នយោបាយអន្តរជាតិ នៅពេលនោះ ពិតជាស្មុគស្មាញខ្លាំងណាស់។ ខ្ញុំ​ចង់គូសរំលេច​ពីភាពផ្ទុយគ្នាមួយ​ នោះគឺអន្តរាគមន៍របស់អាស៊ាន នៅក្នុង​ដំណើរការកសាងសន្តិភាព របស់​កម្ពុជា។ ម្ខាង, អាស៊ាន​ប្រឆាំងនឹងភាពស្របច្បាប់របស់​រដ្ឋាភិបាល​ដែលកាន់កាប់ក្រុង​ភ្នំពេញ, តែម្ខាងទៀត, អាស៊ាន​គឺជាអន្តការី​ដ៏សំខាន់បំផុត​មួយ ដែលជួយ​ជំរុញឱ្យ​មាន​សន្តិភាពនៅកម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល​ដែល​អាស៊ាន​ មិនរាប់អាន​ និងដាក់ឱ្យ​ឯកាទៅវិញ។​

ត្រង់ចំណុចនេះ, ខ្ញុំ​ត្រូវនិយាយ​ឱ្យ​ច្បាស់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន។ យើងចងចាំមិនភ្លេចទេថា​ ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះ​បីជាពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ។ សូមស្រមៃមើលចុះ តើថៃបានដើរតួនាទីប៉ុណ្ណា នៅក្នុងការទទួលថែទាំជនភៀសខ្លួនរបស់កម្ពុជា និងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនជិត ៤ សែននាក់[1]? ហេតុអ្វីបានជាឯកឧត្តម ឆាវាលីត យុងឆៃយុទ្ធ សុខចិត្ត​សម្របសម្រួល​ឱ្យមាន​ការ​ចរចារវាង​ភាគីរបស់កម្ពុជា ទាំងនៅលើ​ទឹកដីថៃ ហើយថែមទាំងនៅទឹកដីជប៉ុនទៀត? ហេតុអ្វីបានជាឥណ្ឌូនេស៊ី សុខចិត្ត​ផ្តល់ទីតាំងចរចាដល់កម្ពុជា ហើយ​ឯកឧត្តម អាលី អាឡាតះ សុខចិត្តចូលខ្លួន មកធ្វើជាមជ្ឈត្តករ នៅក្នុងជម្លោះដែលនៅឆ្ងាយពីប្រទេសខ្លួន ហើយប្រហែលជាមិនមានផលជះផ្ទាល់ដល់សន្តិសុខរបស់ខ្លួននោះ? នេះគឺជាស្មារតីទទួលខុសត្រូវលើផលប្រយោជន៍នៃសន្តិសុខតំបន់ ដែលជាស្មារតីស្ថាប័នរបស់អាស៊ាន ដែលមើលឆ្ងាយលើសពីវិសាលភាពនៃផលប្រយោជន៍ និងព្រំដែននៃប្រទេស។ អំណាចទន់ អំណាចចរចា ដោយគ្មានគ្រាប់កាំភ្លើង យន្តការពហុភាគីនិយមដែលត្រូវការការចូលរួមពីតួអង្គច្រើន។ បើយើង​ប្រៀបធៀបនឹង​បច្ចុប្បន្ន, នៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងភាពច្របូកច្របល់, យើងលែងឮទៀតហើយនូវវេទិកាចរចាអន្តរភាគីកម្រិតអន្តរជាតិ, យើងលែងឮទៀតហើយនូវភាពស៊ីវិល័យផ្នែកការទូត ដែលយកការចរចាជាធំ ទោះបីជាភាគីណាមួយ មិនមានការទទួលស្គាល់ក៏ដោយ។ ខ្ញុំ​សូមរំលឹកថា ជាក់ស្តែង ប្រទេសអាស៊ាន មិនបានទទួលស្គាល់រដ្ឋាភិបាលក្រុង​ភ្នំពេញនោះ​ទេ ហើយរដ្ឋាភិបាលក្រុង​ភ្នំពេញ ក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរ។ ដូច្នេះ ការប្រមូលគ្រប់ភាគីពាក់ព័ន្ធឱ្យមកចូលតុចរចាដោយសន្តិវិធី ភាពថ្លៃថ្នូរ និងស៊ីវិល័យ គឺជាកត្តាសំខាន់ណាស់។

មេរៀនប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ចំណុចថា បើទោះបី​ជា​អាស៊ាន​ ចាត់ទុករដ្ឋាភិបាល​ណាមួយ​មិន​ស្របច្បាប់ក៏ដោយ,​ ដើម្បីសន្តិសុខ សន្តិភាព​ និងស្ថិរភាពរួម​,​ អាស៊ាន នៅតែបន្តជំរុញ​ការចរចា ទាំងផ្លូវការ និងមិនផ្លូវការ, ទាំងបើកចំហ និងសំងាត់ ដើម្បីផលប្រយោជន៍ធំដែល​មិនអាចតថ្លៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល។ អាស៊ាន​គ្មាន​ការអល់អែក ឬ ខ្លាចបាត់បង់កិត្តិយស​ ដោយសារថា បានទាក់ទងជាមួយ​ប្រទេស​កុម្មុយនីស្ត ឬ ប្រទេស​មិនមាន​ឯករាជ្យពេញលេញ​​នោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ ជាង​ភាពត្រឹមត្រូវផ្នែក​មនោគមវិជ្ជា ដែលអរូបីទៅទៀត។ ប្រជាជនគឺរស់នឹងសន្តិភាព ហើយ​ប្រជាជន​អាច​ស្លាប់ដោយ​មនោគមវិជ្ជា ដូច្នេះ​ យើង​អាចវាយតម្លៃបានថា អាស៊ាននៅពេលនោះ ​បានប្រកាន់ខ្ជាប់លទ្ធិប្រាកដនិយមមួយ​កម្រិត នៅពេល​ដែល​អាស៊ាន​ បានចរចាជាមួយ​នឹងរដ្ឋាភិបាលក្រុង​ភ្នំពេញ​​ដែលពួក​​គេគិតថា មិនស្របច្បាប់។ អាស៊ានបាន​គោរពភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដោយ​មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែអាស៊ានបានចូលរួមសម្របសម្រួលកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់​របស់កម្ពុជា ដោយមានការស្នើសុំ និងការ​ទទួលស្គាល់តួនាទីរបស់អាស៊ាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ខ្ញុំ​សូមគូសបញ្ជាក់សាជាថ្មីថា មុន​នឹង​មាន​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស នៅឆ្នាំ​១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវ​ឱ្យ​មាន​ការចរចារវាង​ភាគីទាំង ៤ របស់កម្ពុជា។ ក្រោយ​​ពេលដែលយើងបាន​រៀបចំរាជរដ្ឋាភិបាល នៅក្រោយ​ការបោះឆ្នោតឆ្នាំ១៩៩៣ យើង​ក៏ចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត ពេញមុខ ពេញមាត់ ជាមួយនឹង​បណ្តាប្រទេសអាស៊ានឡើងវិញ ហើយខ្ញុំ​ក៏បាន​សម្លឹង​ឃើញឱកាស​ជាច្រើន និងភាពចាំបាច់​ជាយុទ្ធសាស្ត្រ​ ដែល​កម្ពុជាត្រូវខិតខំ​ចូលជាសមាជិកអាស៊ាន​ឱ្យបាន ហើយ​ក្រោម​ការដឹកនាំរបស់ខ្ញុំ​, ខ្ញុំ​បាន​នាំកម្ពុជាចូលជាសមាជិក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសា ខាងមុខនេះ គឺជាខួបទី​ ២៦ ឆ្នាំ​នៃកា​រ​ចូល​ជាសមាជិកអាស៊ាន​របស់កម្ពុជា។​ ការចូលជាសមាជិកអាស៊ាន​ គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព​ និងវិសាលភាពការទូតរបស់កម្ពុជា។ នេះ​គឺជា​ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រ​ដ៏ត្រឹមត្រូវ​បំផុតមួយ​របស់កម្ពុជា ដែល​មានវិសាលភាពធំទូលាយ​ មិនត្រឹមតែ​ទៅលើ​ ទិដ្ឋភាព​នយោបាយ​ការទូត សេដ្ឋកិច្ច និងវប្បធម៌នោះទេ តែថែមទាំងលើ​ទិដ្ឋភាពអភិបាលកិច្ច​រដ្ឋ​ផងដែរ។ ដូច្នេះ អាស៊ានពិត​ជា​មានទីតាំងពិសេសនៅក្នុងបេះដូង និងការចងចាំ​របស់ខ្ញុំ។ មានមូលហេតុ​សំខាន់ ៤ ដែល​ខ្ញុំ​គិតថា កម្ពុជាត្រូវតែចូលអាស៊ាន​ឱ្យ​បាន ហើយ​កត្តាទំាងនេះ នៅតែមាន​សារសំខាន់ដដែល ទោះបីជានៅ​ក្រោយពេលជិត ៣០ ឆ្នាំនៃការសម្រេចចិត្ត​ក៏ដោយ។ ឥឡូវខ្ញុំ​សូមលើកពីមូលហេតុទាំង ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាន[2] នោះគឺ៖

ទី​១. គោលការណ៍​មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន។ ជាទស្សនៈរួម​នៃអ្នកដឹកនាំខ្មែរ, យើង​មាន​ការចងចាំ​ថា សោក​នាដកម្ម​របស់​កម្ពុជា មាន​ឫសគល់​ចេញ​ពី​អន្តរាគមន៍របស់បរទេស ទៅលើ​នយោបាយ​ផ្ទៃក្នុងរបស់​កម្ពុជា។ នៅពេល​ដែល​ឥទ្ធិពល​នៃការប្រកួតប្រជែងរវាងមហាអំណាច​ បាន​រាលដាល​ដល់កម្ពុជា, ហើយ​មាន​ការលូកដៃចូលជ្រៅទៅក្នុងនយោបាយ​ផ្ទៃក្នុង ដែលឈាន​ដល់​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេល​នោះហើយ​ដែល​ជាចំណុចចាប់ផ្តើម​នៃ​ការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅ​នៃ​ការបែក​បាក់​ផ្ទៃក្នុង, ហើយកម្ពុជាបាត់បង់​ការ​កាន់កាប់​លើ​ជោគវាសនា​ប្រទេសជាតិខ្លួន, កម្ពុជា​បាន​ក្លាយ​ជា​វេទិកា​នៃ​សង្គ្រាម​ដោយ​តួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង។ ចេញពីមេរៀន​ប្រវត្តិសាស្ត្រនេះ, គោលការណ៍​មិនជ្រៀតជ្រែកផ្ទៃក្នុង​ របស់អាស៊ាន ពិតជាមាន​ភាព​ទាក់ទាញ​ជាពិសេស​ សម្រាប់កម្ពុជា។​

ទី​២.​ ស្មារតីសហគមន៍៖ ស្មារតីសហគមន៍ គឺការធ្វើការដោយ​គោរព​គោលការណ៍​កុងសង់ស៊ី​ស។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានា​ថា ប្រទេសសមាជិកទាំងអស់​មាន​សិទ្ធិស្មើគ្នា​ គ្មានប្រទេសតូច គ្មានប្រទេសធំ, គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ, គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ អាស៊ានមិនបាន​ធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះ​ទេ ព្រោះ​ការណ៍នេះ នឹង​អាចនាំឱ្យ​មានការបែកបាក់ផ្ទៃក្នុង​អាស៊ាន។ ថ្វីត្បិត​តែពេលខ្លះ គោលការណ៍នេះអាចបង្កើត​ឱ្យ​មាន​ភាពតានតឹងខ្លះ, ប៉ុន្តែ បើ​វាយតម្លៃជារួម លើប្រវត្តិសាស្ត្រ យើងឃើញថា គោលការណ៍នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការ​ធានា​ឯកភាព និងសាមគ្គីភាពយូរអង្វែង​របស់​អាស៊ាន បើទោះបីត្រូវឆ្លងកាត់វិញ្ញាសាលំបាកបែបណាក៏ដោយ។

យើងពិតជាបានស្តាប់ឮនូវការអត្ថាធិប្បាយ ដែល​ចង់សើរើ​គោលការណ៍កុងសង់ស៊ីស និងការចោទប្រកាន់​ដោយប្រយោលថា ប្រទេសចូលថ្មី​ បំពាន​សិទ្ធិវ៉េតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់នេះ ខ្ញុំ​ចង់សួរត្រឡប់ទៅវិញថា តើ​ជាការពិតដែរឬទេ ដែល​ប្រទេសសមាជិក​ដើម មាន​ជំហរ​ឯកភាពគ្នា​ លើ​គ្រប់បញ្ហានៅក្នុងតំបន់នោះ ? ពិតជាមិនអាចទៅរួចទេ ដូច្នេះ ហើយ​បិតាស្ថាបនិក​អាស៊ាន​ក៏បាន​ប្រមើល​ឃើញ​ទិដ្ឋភាពបែបនេះដែរ​ នៅពេលដែល​ពួកគាត់​រៀបចំ​ឱ្យ​មាន​គោលការណ៍​កុងសង់ស៊ីស។ អាស៊ាន​មាន​ភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗ សុទ្ធតែមាន​​ការ​ពិចារណា​លើ​ផលប្រយោជន៍តំបន់​ ទន្ទឹមគ្នា​នឹងផលប្រយោជន៍ប្រទេស ដែល​ការថ្លឹងថ្លែង​ទាំងនេះ​ ពិតជា​មិន​អាច​ដូចគ្នាឥតខ្ចោះ នៅគ្រប់កាលៈទេសៈនោះទេ។ ការធានាឯកភាពក្នុងតំបន់, “សាមគ្គីភាពក្នុង​ភាពចម្រុះ” និងភាពស្អិតរមួតស្ថាប័ន, ត្រូវការ “កាវបិត​” ដែល​មាន​ប្រសិទ្ធភាព និងប្រកបដោយ​បញ្ញាញាណ (sophisticated) នោះគឺ​គោលការណ៍កុងសង់ស៊ីសនោះឯង។​ តាមពិត, ក្នុងការ​អនុវត្ត​ជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងត្អឹង” នោះទេ។​ ឧបមាថា ថ្ងៃនេះ យើង​មិន​អាចមាន​កុងសង់ស៊ីស លើ​គោលជំហរណាមួយ យើង​អាចស្ទាបស្ទង់ដឹង​ថា តើ​បន្ទាត់ក្រហម​នៃគោលជំហររបស់​ប្រទេសពាក់ព័ន្ធផ្សេងទៀត​នោះ គឺជាអ្វី។ ដូច្នេះ នេះគឺជាសិល្បៈដែល​មាន​លក្ខណៈជា​ស្ថាប័ន ​របស់អាស៊ាន នៅក្នុង​ការ​កែសម្រួល, សម្របសម្រួល​អត្ថន័យ, ខ្លឹមសារ ឬ មធ្យោបាយ​ណាមួយ នៃគោលជំហរ ដែល​សមាជិក​ទាំងអស់​អាចទទួលយក​បាន។ ច្បាស់ណាស់ថា ការសម្របសម្រួលបែបនេះ ត្រូវការ​ពេលវេលា​ច្រើន ប៉ុន្តែ គោលការណ៍នេះ​ បាន​ធានានូវភាព​សុខដុមផ្ទៃក្នុងអាស៊ាន អស់រយៈកាល ៥៨ ឆ្នាំមកហើយ។ យើង​អាចមាន​ចិត្ត​​អន្ទះសារ នៅពេលដែលយើងឃើញ​​មាន​ការរាំងស្ទះ​លើបញ្ហា​ណាមួយ ដែល​អាស៊ាន​ពុំ​មាន​គោលជំហរ​រួម ប៉ុន្តែ បើ​មើល​លើ​មាគ៌ា ៥៨ ឆ្នាំដែលយើងបាន​ដើរ​រួមគ្នា យើ​ង​គួរតែមាន​មោទនភាពទៅវិញ​ទេ ដែល​យើង​អាច​នៅធ្វើការជាមួយ​គ្នាបាន, រីកចម្រើនជាមួយ​គ្នាបាន នៅពេល​ដែល​ស្ថាប័ន​ពហុ​ភាគី ឬ ស្ថាប័នតំបន់ និងអនុតំបន់ ជាច្រើនផ្សេងទៀត​ បាន​ថមថយឥទ្ធិពល ឬ ក៏បាត់មុខ​ពីវេទិកាការទូត​តែម្តង។ ត្រង់នេះ យើង​ត្រូវតែ​គោរព​ និងផ្តល់តម្លៃ ដល់បញ្ញាញាណប្រកប​ដោយ​ទស្សនវិស័យ​វែងឆ្ងាយ​របស់បិតាស្ថាបនិក​របស់​អាស៊ាន ហើយ​ប្រទេសសមាជិកទាំងអស់ សុទ្ធតែមាន​ចំណែក​​ នៅក្នុង​ការ​ថែរក្សាប្រពៃណីដ៏ឧត្តុង្គឧត្តម​របស់​អាស៊ាន ដែល​យើងបានខិតខំ​កសាង​រួម​គ្នា​អស់​រយៈពេល​ជាយូរមក​ហើយ។​

ទី​៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការជំរុញ​សមាហរណកម្ម៖ មានទិដ្ឋភាព​ច្រើន​នៃសមាហរណកម្ម​ ដែលប្រទេសសមាជិកទាំងអស់​សុទ្ធតែទទួលបាន​ផល​ប្រយោជន៍ តាមរយៈ​ការពង្រឹងភាពតភ្ជាប់ទាំងរូបវន្ត​ និងផ្នែកទន់​, ការគិតគូររួម​គ្នា​ ដើម្បី​ជំរុញវិ​ស័យ​ដែល​មានប្រយោជន៍រួម, ​និងការបង្រួម​គម្លាតនៃការ​អភិវឌ្ឍ​។ យើងបាន​ជំរុញ​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពង្រឹងភាពតភ្ជាប់ក្នុងតំបន់ ដើម្បីបង្កើន​ការ​ផ្លាស់ប្តូរទំនិញ និងប្រជាជន, ហើយ​ឧទាហរណ៍ជាក់ស្តែងបំផុត​នោះ គឺ​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ការបម្លាស់ទីរបស់​ប្រជាជន​ នៅក្នុងតំបន់​ទាំងមូលតែម្តង។ ការ​កាត់បន្ថយគម្លាត រវាងប្រទេស​អាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈ​គំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន ដែលបាន​ចាប់ផ្តើម​ពីឆ្នាំ២០០០ មកជាពិសេស លើការពង្រឹង​សមត្ថភាព​ស្ថាប័ន​ បានផ្តល់​អត្ថប្រយោជន៍ជាច្រើន​ដល់កម្ពុជា។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។

ខ្ញុំ​ចង់គូសបញ្ជាក់ថា មាន​ការយល់ខុស​មួយចំនួនថា កម្ពុជា ឬ ប្រទេសចូលថ្មី ដែល​មាន​សេដ្ឋកិច្ច​តូច នឹង​​អូសជើងអាស៊ានឱ្យ​ដើរយឺត។ តាមពិត ប្រទេសចូលថ្មី មិនបាន​អូសដំណើរ​ ពឹង​ពាក់ ឬ ដណ្តើម​ផល​ប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំ​សូមបង្ហាញតួលេខជាក់ស្តែង។ នៅពេលដែល​អាស៊ានបង្កើតឡើង​នៅឆ្នាំ ១៩៦៧ អាស៊ាន​មាន​ទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលាន​ដុល្លារប៉ុណ្ណោះ[3] ប៉ុន្តែ នៅឆ្នាំ ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូត​​ដល់ ៣,៨ ទ្រីលានដុល្លារ ដែល​ជាសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក ហើយ​អាច​នឹងហក់​ឡើងទៅលេខ​ ៤ នៅឆ្នាំ ២០៣០[4] ហើយទំហំពាណិជ្ជកម្ម​ទំនិញ​បានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹងទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្ម​ផ្ទៃក្នុងអាស៊ាន​។ ទំហំវិនិយោគ​បរទេស​សរុប​ មានដល់ទៅ ២២៩,៨ ប៊ីលាន ហើយ​ក្នុងនោះ ៩,៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។ តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ច​អាស៊ាន​ពុំ​បាន​ដើរថយ​ក្រោយ​ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និងវិនិយោគ គឺមាន​តែការ​កើនឡើងជាលំដាប់ ហើយ​អាស៊ាន​ក៏​បង្កើន​ពាណិជ្ជកម្ម​ និងវិនិយោគផ្ទៃក្នុង​កាន់តែច្រើន​ឡើងដែរ។ ប្រទេសនីមួយៗ សុទ្ធតែមាន​ភាពម្ចាស់ការ​លើ​សេដ្ឋកិច្ច​រៀងៗខ្លួន។ បានន័យថា “នំសេដ្ឋកិច្ចអាស៊ាន” (economic pie) មិនបាន​បាត់បង់ដោយសារការ​ដណ្តើម​ពី​សមាជិកថ្មី​ណាមួយនោះទេ គឺទំហំនៃ “នំសេដ្ឋកិច្ច​អាស៊ាន​” គឺកាន់តែធំឡើង ហើយ​គ្រប់សមាជិកទាំងអស់​ សុទ្ធតែអាច​ទទួលផល​ប្រយោជន៍​ពីកំណើន​នៃទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ វិនិយោគ។

សមាហរណកម្មអាស៊ាន គឺជា​គន្លឹះជោគជ័យ​ដ៏ធំបំផុត​មួយ​របស់អាស៊ាន ដែល​ធ្វើ​ឱ្យ​អាស៊ាន​កាន់តែ​មាន​ភាពទាក់ទាញសម្រាប់ពិភពលោក។ នៅ​ពេលដែល​សេដ្ឋកិច្ចពិភពលោកដើរយឺត ជាមួយនឹងភាពមិនប្រាកដប្រជា អាស៊ាន​នៅតែអាច​មានសម្ទុះសេដ្ឋកិច្ច ៤,៥% នៅឆ្នាំ ២០២៤ និង៤,៧% នៅឆ្នាំ ២០២៥ ហើយ​ស្ថាប័នពហុភាគីជាច្រើន​តែងតែ​លើកឡើងថា អាស៊ាន​គឺជា​ក្បាល​ម៉ាស៊ីនដឹកនាំ​សេដ្ឋកិច្ចមួយ យ៉ាងសំខាន់ផងដែរ។

នៅពេលដែលនិយាយពីសមាហរណកម្ម​ យើងតែងតែ​គិតគូរដល់ទិដ្ឋភាពសេដ្ឋកិច្ច ប៉ុន្តែ យើងច្រើនតែ​មើល​រំលងពីទិដ្ឋភាព​នៃសមាហរណកម្ម​ផ្នែក​យន្តការ​ស្ថាប័ន ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ នៅក្នុង​ការរៀបចំ​គោល​នយោបាយ​ តាមរយៈ​​រចនាសម្ព័ន្ធ​នៃយន្តការស្ថាប័នផ្ទៃក្នុង អាស៊ាន ដែល​ប្រទាក់ក្រឡាចាក់ស្រេះ លើគ្រប់វិស័យ។ ជាក់ស្តែង គ្រប់​ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេសសមាជិក ​ស្ទើរតែ​គ្មានវិស័យ​ណាមួយ ដែល​គ្មាន​កិច្ចសហប្រតិបត្តិការអាស៊ាន​ នោះទេ។ យន្តការសម្របសម្រួលស្ថាប័ន​ បានផ្តល់​ឱកាស​ឱ្យ​ប្រទេស​សមាជិក​រៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែក​បទពិសោធ ខិតខំ​ពង្រឹងសមត្ថភាព​ស្ថាប័ន ដើម្បី​ឱ្យ​មាន​ភាពត្រដំត្រសង​ទៅនឹង​កម្រិត​តំបន់។ អ្វីដែល​សំខាន់បំផុត​នោះគឺថា យន្តការ​ទាំងនេះ បាន​ផ្តល់​លទ្ធភាពឱ្យ​អាស៊ាន​ អាច​រៀបចំ​គោលនយោបាយ​រួម និងកំណត់ទិសដៅ​អនាគត​រួមលើ​គ្រប់វិស័យ សំដៅ​ធានា​បាន​នូវ​ការ​គិតគូរ​កម្រិតតំបន់ ទៅលើ​សុខុមាល​ភាព​របស់​ប្រជាជន នៅក្នុងតំបន់ទាំងមូល។ ឧទាហរណ៍ ការ​គិតគូរ​លើ​ការត្រៀមទប់ទល់​នឹងកូវីដ, ​ការ​ត្រៀមទប់ទល់​នឹង​ការសើរើ​ខ្សែច្រវាក់ផ្គត់ផ្គង់សកល,​ ការ​គិតគូរពីបច្ចេកវិទ្យាសិប្បនិម្មិត, ទេសចរណ៍​ក្នុងតំបន់, ​ពលករ​ទេសន្តប្រវេសន៍, និងឧក្រិដ្ឋកម្មឆ្លងដែន​ ជាដើម។ ការបំពេញបន្ថែម​ឱ្យ​គ្នាទៅវិញទៅមក ដោយ​ច្របាច់បញ្ចូល​នូវ​ឧត្តម​ភាពប្រៀបធៀប​នៃប្រទេសនីមួយៗ គឺជាមធ្យោបាយ​ដ៏មានសារសំខាន់ នៅក្នុងការជំរុញសមាហរណកម្ម ដែល​ផ្តល់​នូវអត្ថប្រយោជន៍ រាប់មិនអស់ និងមិនចេះរីងស្ងួត​ ដល់​ប្រជាជន​​ នៅក្នុងតំបន់ទាំងមូល។

ទី​៤. ច្រកទ្វារនៃកាលានុវត្តភាព​ការទូតរបស់កម្ពុជា៖ អាស៊ានមានដៃគូច្រើន ដូច្នេះ នៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹង​ក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ាន​គឺជាច្រកទ្វារនៃកាលានុវត្ត​ភាព​ការទូតរបស់កម្ពុជា។ និម្មាបនកម្ម​ដែលដឹកនាំ​ដោយ​អាស៊ាន​ មាន​ការរីកចម្រើនជាលំដាប់ ហើយ​តាមរយៈនេះ កិច្ច​សហប្រតិបត្តិការរបស់​អាស៊ាន​ ជាមួយ​ដៃគូខាងក្រៅ​ ក៏កាន់តែ​វិវឌ្ឍជឿនលឿន ទាំង​លើវិសាលភាព និងជម្រៅ​នៃកិច្ចសហប្រតិបត្តិការ។ ត្រឹមខែតុលា ឆ្នាំ២០២៤ ប្រទេស​ហត្ថលេខី​នៃសន្ធិសញ្ញាមិត្តភាព​ និងកិច្ចសហប្រតិបត្តិការ​នៅអាស៊ីអាគ្នេយ៍ (TAC) បាន​កើនឡើងដល់​ ៥៥ ប្រទេស ហើយ​ប្រទេស ឬ ស្ថាប័ន​ក្រៅពីអាស៊ាន ចំនួន​ ៩៥ មាន​អង្គទូតរបស់ខ្លួនប្រចាំអាស៊ាន ហើយ​អាស៊ានវិញ ក៏បានបង្កើត​គណៈកម្មាធិការ​អាស៊ាននៅប្រទេសទីបី ឬ នៅអង្គការអន្តរជាតិ បានដល់​ចំនួន ៥៥។ អាស៊ាន​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹង​ដៃគូសន្ទនាសំខាន់​ៗ ដូចជា ចិន, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, អូស្ត្រាលី-ញូវហ្សេលែន, ហើយ​ក៏មាន​ FTA ជាមួយនឹង​ហុងកុងផងដែរ។​ បន្ថែមលើនេះ, អាស៊ាន​ក៏មាន​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP) ដែលបាន​ចាប់ផ្តើមចរចា នៅឆ្នាំ២០១២ ហើយ​ចូលជាធរមាន​នៅឆ្នាំ​២០២២ ដែល​ជាឆ្នាំដែលកម្ពុជា ធ្វើ​ជាប្រធាន​ប្តូរវេនអាស៊ាន។ នៅឆ្នាំ​២០២៣ RCEP មានទំហំពាណិជ្ជកម្មដល់ទៅ ២ ទ្រីលានដុល្លារ ហើយ​វិនិយោគបរទេស​ពីប្រទេសសមាជិក​ RCEP ក្រៅពីអាស៊ាន ក៏មានទំហំរហូតដល់ ៦៦,៣ ប៊ីលានដុល្លារ។​ កាលានុវត្តភាពការទូត​ដែល​គោរព​យន្តការ​ពហុភាគីនិយម​ដែលផ្អែកលើច្បាប់​, និងការ​អនុវត្ត​ពាណិជ្ជកម្មពហុភាគី ដែល​សេរី, បើកចំហ​, មានបរិយាប័ន្ន និងផ្អែក​លើវិធានច្បាប់ ដែល​អាស៊ាន​ បានប្រកាន់យកជាយូរមកហើយ បាន​ផ្តល់ផលប្រយោជន៍​យ៉ាងច្រើន​អនេក ដល់ប្រទេសសមាជិក និងប្រទេសដៃគូ ដូច្នេះហើយ​ ការចូលជាសមាជិកអាស៊ាន គឺមាន​អត្ថប្រយោជន៍​យ៉ាងធំធេង ហើយ​ចាប់តាំងពីចូលជាសមាជិក​រួចមក កម្ពុជា ក៏បាន​បំពេញតួនាទី នៅក្នុងការ​ពង្រីកឱ្យ​កាន់តែធំថែមទៀតនូវកាលានុវត្ត​ភាព​ការទូត​ដែលអាស៊ានមាន។

ផ្នែកទី ២ “អាស៊ាន និងពិភពលោក”​

ឥឡូវ, ខ្ញុំ​សូម​ចូលដល់​ផ្នែកទី ២។ លើប្រធានបទនេះ ខ្ញុំ​ចង់គូសរំលេច​ថា អាស៊ាន លែង​ជាតួអង្គស្ថាប័ន (regional actor) តំបន់ទៀតហើយ, អាស៊ាន បាន​និងកំពុង​ក្លាយជា​តួអង្គសកល (global actor) ដែល​មាន​​ភាព​សកម្ម​ រស់រវើក ព្រមទាំងមាន​ការទទួលស្គាល់ពីតួអង្គសកល​ផ្សេងៗទៀតផងដែរ។ ខ្ញុំ​សូមបញ្ជាក់ម្តងទៀតថា ខ្ញុំ​នឹង​មិន​លើក​ពីបញ្ហាប្រឈម ឬ ឧបសគ្គ​ ដែល​អាស៊ាន និង​ ពិភពលោក​ កំពុង​ជួបប្រទះនោះទេ ព្រោះ​ប្រធានបទនេះ មាន​ការវែកញែក​ទូលំទូលាយរួចទៅហើយ។ នៅក្នុងវេទិកានេះ ខ្ញុំ​ចង់​គូសរំលេច​ពី​អនាគតនៃតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មអភិបាល​កិច្ច​​ កម្រិតពិភពលោក ព្រោះថា ខ្ញុំ​មើលឃើញ​អនាគត​អាស៊ាន ដែល​នឹង​អាច​ក្លាយ​ជា​ “ប៉ូលនយោបាយសេដ្ឋកិច្ច” មួយ​នៅក្នុងពិភពលោក។ ជាមួយនឹង​ប្រជាជន​ជាង ៦៧០ លាននាក់ ដែលជាទំហំ​ធំបំផុតទី ៣ នៅលើពិភពលោក, និងទំហំសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើ​ពិភពលោក, តួនាទីរបស់អាស៊ាននៅក្នុង​ការ​កំណត់របៀបវារៈ​អភិបាលកិច្ច​សកល ពិតជា​មិន​អាច​មើលរំលង​បាន​ឡើយ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវត្ត​ឈាន​ទៅ​រក​ “ពហុប៉ូល” ដែលមាន​តួអង្គ​កាន់តែច្រើនឡើង ដែល​បានបង្កើន​ទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និងយោធា ដែ​ល​ធ្វើ​ឱ្យតួអង្គទាំងនោះ ខិតខំ​ទាមទារ​ប្រព័ន្ធអភិបាល​កិច្ច​ ដែល​មាន​​អនុលោម​ភាព​ ទៅនឹង​តថភាពថ្មី​នៃ​ស្ថានភាពតុល្យភាពអំណាច​នៅលើ​ពិភពលោក។ តួអង្គ​ដែល​លេចឡើងថ្មី​ ចង់​មា​ន​តួនាទី​កាន់តែធំឡើង នៅក្នុង​ការសម្រេច​របៀបវារៈ​នៃអភិបាល​កិច្ចពិភពលោក ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាងមុន យុត្តិធម៌ជាងមុន ដូច្នេះ ការប្រទាញប្រទង់អំណាច​ បានរុញ​ច្រាន​ឱ្យ​​មហាអំណាច​មួយចំនួន ដើរប្រាស់ចាក​ពី​វិធាននៃ​អភិបាលកិច្ចសកល​​ ដែលខ្លួន​បាន​ខិតខំ​បង្កើត​ឡើង​​ ក្រោយសង្គ្រាម​លោកលើកទី ២ ដែលបាន​និង​កំពុង​ធ្វើឱ្យ​សណ្តាប់ធ្នាប់​អន្តរជាតិ មាន​ភាពរង្គោះរង្គើ ជាពិសេស យន្តការពហុភាគីនិយមដែល​ផ្អែកលើវិធានច្បាប់។

ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមាន​តួនាទីសំខាន់របស់ខ្លួន​ នៅក្នុង​ការ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ពិភពលោក​ដែល​ផ្អែកលើវិធានច្បាប់ផង និងកាន់តែ​មាន​ភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង។ ទៅថ្ងៃអនាគត អាស៊ាន នឹង​អាច​ផ្លាស់ប្តូរតួនាទីពី “ការធ្វើ​ប្រតិកម្ម​ចំពោះ​ពិភពលោក” (reacting to the world ) ទៅជាអ្នក​ដែល​អាចមានលទ្ធភាពជួយ​ “រៀបចំ​ពិភពលោក” (creating the world) វិញ។​

នៅក្នុងទិសដៅនេះ, អាស៊ាន​អាចមាន​អភិក្រម ២ យ៉ាង​។ ទី១ គឺយើង​អាច​ពង្រឹងសមត្ថភាពខ្លួនឯង និងទី២ គឺការពង្រឹងអន្តរកម្ម​របស់អាស៊ាន​ ជាមួយ​នឹង​ស្ថាប័ន​ពហុភាគី​ដែល​មាន​ឥទ្ធិពល​។​ យើង​ពង្រឹងខ្លួនឯងតាមរយៈ​ការ​ពង្រឹង​ប្រសិទ្ធភាពស្ថាប័ន និងការជំរុញ​សមាហរណកម្ម​កាន់តែស៊ីជម្រៅ។ ការរៀបចំ​ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥”​ ដែល​នឹង​ត្រូវអនុម័ត នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នាខែ ឧសភា ខាងមុខនេះ គឺជាជំហាន​មួយ​ នៅក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​។ “ចក្ខុវិស័យសហគមន៍អាស៊ាន​” មាន​ផែនការយុទ្ធសាស្ត្រ​ (strategic plans) លើ​សសរស្តម្ភ​ទាំង ៣ និង​ ការពង្រឹងភាពតភ្ជាប់ ដែលបានប្រមើល​មើល​ “អាស៊ាន​ដែល​មាន​ការអភិវឌ្ឍជឿនលឿន ក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើន នៅក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក” (We envision a developed ASEAN as the epicentre of growth in the Indo-Pacific region)។ ដើម្បីឱ្យ​ពិភពខាងក្រៅ អាចទទួលយក​អាស៊ាន និងមាន​ទំនុកចិត្ត​កាន់តែខ្លាំងក្លាទៅលើ​អាស៊ាន​​បាន, ​លុះត្រាតែអាស៊ាន មាន​សមត្ថភាពរឹង​មាំ, អាច​ជួយពិភពខាងក្រៅ​បាន​ តាមសមត្ថភាពរបស់ខ្លួន​, និងអាច​ផ្តល់ផល​ប្រយោជន៍ដល់​​ពិភពលោក និងដៃគូដែល​មានសុឆន្ទៈជាមួយ​អាស៊ាន។

វិធីសាស្ត្រទី២ គឺ​ការពង្រឹង​អន្តរកម្ម​។ យើងអាចពង្រឹងអន្តរកម្ម​ ដោយ​ប្រើប្រាស់​យន្តការ​ដែល​ដឹកនាំដោយ​អាស៊ាន ឬ ក៏ប្រើប្រាស់​យន្តការ​ពហុភាគីផ្សេងៗទៀត ដែល​ឆ្លើយតបទៅតាម​សម័យកាល ឬ កាលៈទេសៈ។ ពេលខ្លះ យើង​ក៏អាចមើល​ឃើញ​ “និន្នាការងាក​ចេញពីអាស៊ាន” របស់ប្រទេសសមាជិក​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​ស្ថាប័ន​សម័យទំនើបផ្សេងទៀត ដើម្បី​បង្កើន​ឧត្តម​ភាព​នៃប្រទេស​របស់ខ្លួន។ នេះគឺជាជម្រើសយុទ្ធសាស្ត្រ​ដែល​យើង​មិន​អាចបដិសេធ​បានឡើយ។ ប៉ុន្តែ នៅពេលដែល​អាស៊ាន ឬ ប្រទេសសមាជិកចូលរួមនៅក្នុង​ស្ថាប័ន​ពហុភាគី​ ណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយ​អាស៊ាន យើង​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ភាព​លម្អៀង​ទៅលើ​មហាអំណាចណាមួយ ដែលកំពុង​ប្រកួតប្រជែងគ្នា ដែល​ធ្វើ​ឱ្យស្ថាប័ន​ពហុភាគី​ទាំងនោះ លិចចុះ ឬ លេចឡើង ទៅតាម​គោលនយោបាយ​របស់​មហាអំណាច ឬ ថ្នាក់ដឹកនាំ​នៃប្រទេសមហាអំណាច។​ ដូច្នេះ ខ្ញុំ​នៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើ​ការខិតខំ​អភិវឌ្ឍនិម្មាបនកម្ម​តំបន់​ ដែលដឹកនាំ​ដោយ​អាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើង មាន​លក្ខណៈ​ជាអព្យាក្រឹត្យ​ជាង ហើយ​យើង​អាច​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​ដៃគូ​ច្រើនប្រភេទ និងច្រើន​តំបន់​ ដោយ​មិន​ប្រកាន់​មនោគមវិជ្ជា។ អ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ាន មាន​ភាពអចិន្ត្រៃយ៍ និង​ មានស្ថិរភាពជាង ទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន ប្រែប្រួល​ក៏ដោយ​​។​ ក្នុងន័យនេះ, ខ្ញុំ​សូមសម្តែងនូវការកោតសរសើរចំពោះ លេខាធិការដ្ឋាន​ អាស៊ានដែល​បាន​និង​កំពុង​បំពេញតួនាទីយ៉ាងល្អ នៅក្នុងការ​ធានា​ភាពអចិន្ត្រៃយ៍ ឬ ចីរភាព នៃយន្តការកិច្ចសហប្រតិបត្តិការ, ការងារសម្របសម្រួលដ៏ច្រើនលើសលុប, ​ការ​រៀបចំចងក្រង​កំណត់ត្រាជាលក្ខណៈស្ថាប័ន, និងការជំរុញ​ការគិតគូរស្រាវជ្រាវ ពីទិសដៅ​អនាគត​សម្រាប់អាស៊ាន។ ការពង្រឹង​សមត្ថភាព​នៃ​លេខាធិការដ្ឋាន​អាស៊ាន នៅពេលដែល​អាស៊ាន​ ក្លាយជា “ប៉ូលមួយនៃ​ពិភពលោក” គឺជាកត្តាពុំ​អាច​ខ្វះបាន ប៉ុន្តែ អ្វីដែលសំខាន់គឺយើងត្រូវធានាថា លេខាធិការដ្ឋាន​អាស៊ាន នឹង​មិនដើរតួជំនួស​ឱ្យ​ប្រទេសសមាជិក ឬ ដើរលើស​បន្ទាត់អធិបតេយ្យ​នៃប្រទេសសមាជិកនោះឡើយ។

ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” អាស៊ាន​ មានតួនាទីសំខាន់​ ក្នុ្ងងការ​លើកស្ទួយសន្តិភាព។ ពិតណាស់ថា ការប្រកួតប្រជែងដណ្តើមអនុត្តរភាពរបស់ប្រទេសមហាអំណាច មិនស្ថិតនៅក្រោម​ឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាន នោះឡើយ។ ប៉ុន្តែ អាស៊ាន អាចគ្រប់គ្រងស្ថានការ​ណ៍ នៅក្នុងតំបន់របស់ខ្លួនបាន, អាច​ជំនះ​ការខិតខំ​ចូលជ្រៀតជ្រែកក្នុងកិច្ចការ​ផ្ទៃក្នុងតំបន់អាស៊ានបាន,​ អាច​បង្ការ​កុំ​ឱ្យ​មាន​សង្គ្រាម​ដោយតួអង្គតំណាង​ (proxy wars) របស់ប្រទេសមហាអំណាចនៅក្នុងតំបន់របស់យើងបាន​។ អាស៊ានក៏​អាច​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន លើសន្តិភាព​លើស​ពីកម្រិត​តំបន់​ផង​ដែរ។

ការពង្រឹង​សមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើ​ការសម្របសម្រួល និងទំនាក់ទំនង​ដ៏ជិតស្និទ្ធរបស់បណ្តាមេដឹកនាំ​នៃសមាជិកអាស៊ានដែរ។ អាស៊ាន​ មិន​អាច​ក្លាយជា “ប៉ូលមួយ​នៃពិភពលោក” បានទេ ប្រសិន​បើថ្នាក់ដឹកនាំ​នៃប្រទេសអាស៊ាន ពុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក, មាន​ស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន, និងពុំ​មាន​ទំនាក់ទំនង​លើស​ពីកម្រិតការងារ​ផ្លូវការ។ ពេលខ្លះ​យើង​មាន​ការងារ​ច្រើនពេក, យើង​យកចិត្ត​ទុកដាក់​ បារម្ភ​ទៅលើ​របៀបវារៈរបស់​ប្រទេស​មហាអំណាច​ខ្លាំងពេក, យើង​ភ្លេច​គិត​ពីប្រទេសជិតខាង, ភ្លេច​បារម្ភ​ពី​សមាជិក​គ្រួសារក្នុងតំបន់អាស៊ាន​របស់យើង។​ ខ្ញុំ​ពិតជាចង់​លើកទឹកចិត្តឱ្យ​ថ្នាក់ដឹកនាំ​អាស៊ាន​ជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើន​ភាពសុខដុម​នៅក្នុងតំបន់។​

សម្រាប់អនាគតខាងមុខ, យើងនៅតែអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយ​ប្រវត្តិសាស្ត្រ​បាន​បង្រៀនយើង​យ៉ាងច្បាស់ថា គោលការណ៍របស់អាស៊ាន ពិតជា​រូបមន្ត​ដ៏មាន​ប្រសិទ្ធភាពបំផុត​ នៅក្នុងការ​គ្រប់គ្រង​ស្ថាប័នតំបន់ ដែល​មាន​ភាពចម្រុះ។ អាស៊ាន​ត្រូវតែឈរឱ្យ​បាន​រឹងមាំនៅក្នុងការ​ការពារ និង​រក្សា​គោលការណ៍ របស់ខ្លួន ទោះបីជាពេលខ្លះយើងទទួលការរិះគន់​ក៏ដោយ។ ប៉ុន្តែ ចុងក្រោយ ប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើង ហើយ​យើង​មិន​ត្រូវវិនិច្ឆ័យអាស៊ាន ត្រឹមតែមួយឆ្នាំ ឬ ពីរឆ្នាំនោះទេ, យើងត្រូវមើលសមិទ្ធផល​មួយទសវត្សរ៍ ពីរទសវត្សរ៍ ឬ ច្រើនជាងនេះ ដើម្បីឱ្យ​ដឹងថា តើអាស៊ាន​ដើរលើ​ផ្លូវត្រូវ ឬ យ៉ាងណា? ទោះបីជាមាន​ការរិះគន់ច្រើនក្តី, ស្ថិរភាព និងចីរភាពរបស់អាស៊ាន និងកំណើននៃកម្លាំងសេដ្ឋកិច្ច​ដ៏អស្ចារ្យ​របស់អាស៊ាន គឺជាសក្ខីភាពជាក់ស្តែងបំផុតថា រូបមន្តរបស់អាស៊ាន គឺមានប្រសិទ្ធភាព ហើយ​រូបមន្ត​នេះ គួរត្រូវបាន​ពង្រីកផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍នៃពិភពលោក ដែលគោរព​ភាពចម្រុះ។​

សម្រាប់អនាគតខាងមុខ, អាស៊ាន ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” នឹង​ក្លាយជានិមិត្តរូប​នៃនយោបាយនិយមកណ្តាល, គ្មាន​សាសនាជ្រុលនិយម​, គ្មាន​វប្បធម៌នយោបាយ​ជ្រុល​និយម ដែល​ផ្តោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយ ឬ ប្លុកណាមួយ។ អាស៊ាន នឹង​ក្លាយ​ជា​ “ប៉ូលមួយ​នៃពិភពលោក” ដែល​មាន​ភាពបត់បែនខ្ពស់ និងមាន​ភាពជាក់ស្តែងនិយម, ដែល​មិន​យក​ប្រទេស ឬ តំបន់ណាមួយ​ជាសត្រូវ, ហើយ​ក៏មិន​ក្លាយជាវេទិកា​នៃ​សង្គ្រាមដោយ​តួអង្គតំណាង​នោះដែរ។​ តើ​យើង​អាចបង្កើតក្តីសង្ឃឹមដល់​អ្នកជំនាន់ក្រោយរបស់យើងបានប៉ុណ្ណា? បើ​យើង​មិន​អាចបង្កើត​ក្តីសង្ឃឹម ឬ សុបិន សម្រាប់ប្រជាជនអាស៊ាន, ពិភពលោក​ខាងក្រៅ​ក៏​មិន​អាច​សង្ឃឹម​លើ​អាស៊ាន​បានដែរ។ យើងស្រមៃថា អាស៊ាននឹង​មាន​មហាវិទ្យាល័យ​លំដាប់ពិភពលោក​នៅទូទាំងតំបន់; អាស៊ាននឹង​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោក; ជារោងចក្រ និងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោក; អាស៊ានជាទីតាំង​រៀបចំ​វេទិកា​ការទូតលំដាប់ពិភពលោក, រៀបចំ​កីឡាពិភពលោក​ World Cup; អាស៊ានជាទីប្រមូលផ្តុំ​ដ៏ទាក់ទាញ​សម្រាប់​ប្រជាជន​ នៅលើ​ពិភពលោក ដែល​ចង់មក​ធ្វើ​ការ ឬ មករស់នៅ ក្នុងសង្គមស៊ីវីល័យ មាន​ភាពសុខដុម ចម្រុះជាតិសាសន៍ និងប្រព័ន្ធសង្គមកិច្ច​ល្អប្រសើរ។ ទាំងនេះគឺជាក្តីសុបិន ហើយ​ខ្ញុំ​ជឿជាក់ថា អនាគតពិភពលោក គឺនៅអាស៊ី, អនាគតពិភពលោក គឺនៅអាស៊ាន។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី,

ខ្ញុំសង្ឃឹមថា បទបង្ហាញខាងលើរបស់ខ្ញុំ​ នឹង​ចូលរួម​ចំណែកផ្តល់​​ជាពុទ្ធិសម្រាប់សាធារណជន​នៅលើវេទិកាអន្តរជាតិ​ ដើម្បីឱ្យ​ពួកគេបាន​ស្គាល់​ និងយល់កាន់តែច្បាស់ពីអាស៊ាន, និងពី​សមិទ្ធផល​ ក៏ដូចជា​យន្តការការងារ​របស់អាស៊ាន ដែលយកសន្តិភាព និងស្ថិរភាពតំបន់​ ធ្វើ​ជា
មូលដ្ឋានស្នូល ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី សូមទទួលបាននូវសិរីសួស្តី, ជ័យមង្គល, វិបុលសុខមហាប្រសើរ និងជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort