សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

CMF:

សូមក្រាបថ្វាយបង្គំព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការដាក់ចេញនូវកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

កម្មវិធីនេះមានគោលបំណង ៣ ដែលអាទិភាពធំ គឺ (១)ដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះកម្មវិធីនឹង(២)ចូលរួមទប់ទល់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ

ខ្ញុំសូមយកឱកាសនេះ រំលឹកជូនបងប្អូនជនរួមជាតិទាំងអស់ដោយសង្ខេបពីសាវតានៃការដោះស្រាយកម្មសិទ្ធឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ។ សង្គ្រាមរាប់ទស្សវត្សរ៍នាអតីតកាល បានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់នោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងសង្គម ដូចជាថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធឯកជន​ ជាពិសេសកម្មសិទ្ធឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅក្រោយថ្ងៃ ៧មករា ១៩៧៩  ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង(បន្ទាប់មក)ទទួលស្គាល់កម្មសិទ្ធឯកជនលើដីលំនៅស្ថាននៅឆ្នាំ ១៩៨៩។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងបានផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗ ដែលរួមមាន៖

ទី១ កម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ ធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជា-ថៃ នៅឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣
ទី ២ កម្មវិធីផ្តល់ដីជូនអតីតកម្លាំងខ្មែរក្រហម ដែលធ្វើសមាហរណកម្មនៅឆ្នាំ ១៩៩៨
ទី៣ កម្មវិធីប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ តាមការអនុវត្តបទបញ្ជា ០១ ឬយើងហៅថា ប.ប. ០១ នៅឆ្នាំ ២០១២ ប្រមាណជា ៦៤ ម៉ឺនក្បាលដី ស្មើនឹង ១ លាន ២ សែនហិកតា និង
ទី៤ គឺកម្មវិធីប្រទានកម្មដីរដ្ឋ តាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ ចាប់ពីឆ្នាំ ២០១៣ ដែលបានបែងចែកដីសរុបប្រមាណ ១ លាន ៤ សែនហិកតា សម្រាប់ប្រជាពលរដ្ឋសរុបជិត ៤៩ ម៉ឺនគ្រួសារ និងបានសង់ផ្ទះប្រមាណ ៨ ១០០ ខ្នង។

ដើម្បីបន្តកិច្ចការដ៏ចាំបាច់ប្រកបដោយប្រវតិ្តសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់លើកកំពស់សិទ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រ​ដាប់អាវុធ និងគ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។

ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្រ្ទានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និងការបំផ្លាញធនធានធម្មជាតិក៏នៅចោទជាបញ្ហា ដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់។ ក្នុងន័យនេះ ការដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មិនត្រឹមតែបង្កើនថាមពលនៅក្នុងការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការការពារ និងអភិរក្សព្រៃឈើ។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការជួយរៀបចំជាភូមិករជូន ហើយប្រជាពលរដ្ឋខ្មែរដែលនឹងទៅរស់នៅទីនោះ អាចនឹងចងក្រងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ។ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួយមួយបាញ់បានសត្វពីរ ទី១ គឺការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរនឹងមានលទ្ធភាពចូលរួមផ្ទាល់នៅក្នុងការការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ។

ដើម្បីអនុវត្តកម្មវិធីនេះឲ្យបានជោគជ័យ​ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធី “ផ្តល់ដីការ​ពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលហៅកាត់ថា ផ.ក.អ ដែលមានលេខាធិការដ្ឋានមួយធ្វើជាសេនាធិការ។ ចំពោះនីតិវិធីបែបបទ ទីកន្លែងដាក់ពាក្យស្នើសុំ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដីលេខាធិការដ្ឋាននឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយអាចចាប់ផ្តើមទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។

ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាបងប្អូនជនរួមជាតិទាំងអស់គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការអនុវត្តកម្មវិធីនេះឲ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ តាងនាមឲ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងការប្តេជ្ញាចិត្តសាជាថ្មីម្តងទៀតបំរើជាតិមាតុភូមិ និងប្រជាជនឲ្យអស់ពីសមត្ថភាព។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយប្រគេនពរចំពោះព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់បងប្អូនជនរួមជាតិគ្រប់រូប ឲ្យទទួលបាននូវសេចក្តីសុខ និងសូមសមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort