(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបុណ្យសមុទ្រលើកទី១១ ខេត្តកំពត


CMF:

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិអន្តរជាតិទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត​(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ​ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។

(១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត

ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេស ក្នុង១ឆ្នាំជាងនេះ។ ថ្មីៗនេះ យើងបានសម្ពោធសមិទ្ធផលធំៗពីរ ទាក់ទងនឹងវិស័យទេសចរណ៍។ ទី១ គឺកំពង់ផែពហុបំណងកំពត កាលពីថ្ងៃ៦ ខែ៦ ដែលជាកំពង់ផែទឹកជ្រៅ អាចជួយជំរុញ​វិស័យឧស្សហកម្ម និងវិស័យទេសចរណ៍។ ម្សិលមិញនេះ គឺសម្ពោធបើកដាក់បណ្ដោះអាសន្ន Soft Opening សម្រាប់ផែទេសចរណ៍អន្តរជាតិ ដែលកើតឡើងពីការធ្វើការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍នា និងលោកស្រីនាយិកាធនាគារ ADB។

(២) ផែថ្មីជំរុញការតភ្ជាប់ខេត្តកំពត ជាមួយខេត្តបណ្តាខេត្តឯទៀតតាមផ្លូវទឹក និងប្រទេសនានា

ខ្ញុំចាំថា មួយឆ្នាំមុន ពេលមុនសម្ពោធកំពង់ផែទឹកជ្រៅខេត្តកំពតនេះ គឺមានបងប្អូនមួយចំនួនចេញតាម Social Media បង្ហាញចម្ងល់និងគិតថា ផែដែលយើងធ្វើជាមួយ ADB ជាផែដែលធ្វើបោះលុយចោល មិនអាចដំណើរការ។ តាមពិត គឺមិនមែនអញ្ចឹងទេ។ យើងបានធ្វើការសិក្សាច្បាស់លាស់។ ការបង្កើតផែថ្មីនេះ នឹងជំរុញបន្ថែមនូវការតភ្ជាប់ខេត្តកំពត ជាមួយខេត្តផ្សេងៗទៀតតាមផ្លូវទឹក និងជាមួយប្រទេសនានាមានវៀតណាម ថៃ និងប្រទេសផ្សេងៗ ទៀត ដែលអាចចូល(តាម)ច្រក(នេះ)។ ម្សិលមិញ យើងមានទេសចរដំបូងមកពីថៃ ដែលចូលត្រង់មកខេត្តកំពត តាមផែរបស់យើង។ ខ្ញុំសូមអរគុណ និងសូមអបអរសាទរចំពោះខេត្តកំពតលើសក្ដានុពលនេះ។

(៣) យកចិត្តទុកដាក់ក្នុងការតភ្ជាប់ និងជំរុញវប្បធម៌ សិល្បៈ និងទេសចរណ៍

ទី២ ក៏សូមអបអរនិងអរគុណវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការរៀបចំបុណ្យសមុទ្រនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពតដែលបានចូលរួមសហការក្នុងការរៀបចំបានល្អ ។ អរគុណចំ​ពោះការចូលរួមរបស់មិត្តអន្តរជាតិ បណ្តាស្ថានទូត បណ្តាប្រទេសនានាដែលមានស្តង់ និងមានបញ្ជូនក្រុមរបាំដើម្បីចូលរួមផង។ នេះបង្ហាញពីស្មារតី “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”។ យើងធ្វើការតភ្ជាប់តាមរយៈទេសចរណ៍ រវាងប្រជាជននិងប្រជាជន ដែលជាផ្នែកមួយសំខាន់នៃការតភ្ជាប់រវាងប្រជាជននៅក្នុងខេត្តផ្សេង និងការតភ្ជាប់រវាងប្រជាជន និងប្រទេសផ្សេងៗ។ វប្បធម៌ សិល្បៈ និងទេសចរណ៍ ជាកិច្ចការសំខាន់ ដែលកម្ពុជាយកចិត្តទុកដាក់ក្នុងការតភ្ជាប់ … អញ្ចឹងការរៀបចំល្ងាចនេះមានការចូលរួមទាំងក្នុងនិងក្រៅប្រទេសគឺជាកិច្ចការសំខាន់។

(៤) ព្រឹត្តិការណ៍បុណ្យសមុទ្របង្កការសប្បាយ បញ្ជាក់ថាគ្រប់ទីកន្លែងមានសុវត្ថិភាពនិងសន្តិភាព

ខ្ញុំសូមអរគុណជាថ្មីម្តងទៀតចំពោះការរៀបចំដែលបានដំណើរការល្អ។ សូមអរគុណចំពោះប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកខេត្តកំពត ដែលបានចូលរួមក្នុងការរៀបចំបង្កលក្ខណៈឲ្យបានច្រើន។ ស្តាប់ឯកឧត្តម ហួត ហាក់ បាននិយាយ គឺមិនមែនតែកម្មវិធីបង្ហាញរបាំនេះទេ ប៉ុន្តែយើងមានរៀបចំកម្មវិធីអមជាច្រើន។ នេះជាព្រឹត្តិការណ៍ដែលបង្កការសប្បាយរីករាយក៏ដូចជាការទាក់ទាញ តែសំខាន់បំផុតបានបញ្ជាក់ថាកម្ពុជាគ្រប់ទីកន្លែងមានសុវត្ថិភាព មានសន្តិភាព។ ប្រជាជនខ្មែរនិងជនបរទេសអាចមកលេងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថាខែប្រាំង ខែវស្សា មិនថាអត់ភ្លៀង ឬភ្លៀងដូចថ្ងៃនេះទេ យើងសប្បាយដូចគ្នា។ នេះជាអ្វីដែលយើងចង់បង្ហាញទៅពិភពលោកថា ផលនៃសន្តិភាពដែលកម្ពុជារកបាន ៥០០ឆ្នាំ ពីការបញ្ចប់(សង្គ្រាម)គឺប្រជាជនបានទទួលបែបនេះ ហើយទាញយកនូវផលនេះរៀបចំជាផ្លែផ្កាជូនប្រជាជននៅក្នុងនិងក្រៅប្រទេសគ្រប់វិស័យទាំងអស់។

សូមអរគុណដល់បងប្អូនក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជា និងបរទេសដែលបានចូលរួមសម្រាប់កម្មវិធីល្ងាចនេះ។ អញ្ចឹង ខ្ញុំនិយាយតែប៉ុណ្ណេះទេ។ ទុកឲ្យរាំលេង។ អរគុណ ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ហួត ហាក់ ដែលបានរាយការណ៍យ៉ាងលម្អិត ដែលជួយអោយខ្ញុំមិនបាច់និយាយច្រើន។ ប៉ុន្តែ សកម្មភាពមានឥទ្ធិពល មានអត្ថន័យជាងភាសានិយាយ។ ខ្ញុំនិយាយតិច ឯកឧត្តម ហួត ហាក់ ឯកឧត្តម ម៉ៅ ធនិន បាននិយាយមួយចំនួន ប៉ុន្តែអ្វីដែលសំខាន់ គឺកម្មវិធីថ្ងៃនេះ ស្អែក ខានស្អែក (ដែលស្តែងឡើង)។ សង្ឃឹមថាមានប្រជាពលរដ្ឋយើងច្រើនកុះករ នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះមកលេងខេត្តកំពត ដើម្បីអបអរសាទរបុណ្យសមុទ្រ។ ចុងបញ្ចប់នេះខ្ញុំសូមអរគុណ និងជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ