ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ដែលជាជំនួយដ៏ថ្លៃថ្លារបស់មិត្តចិន សម្រាប់ចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) សមិទ្ធផលក្នុង ៣ខេត្ត ជាផលប្រយោជន៍ជូនសាលា ជូនក្មួយៗ លោកគ្រូ អ្នកគ្រូ កូនចៅរបស់ប្រជាពលរដ្ឋ
ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានមកកាន់ស្រុកកងមាស (ខេត្តកំពង់ចាម)។ នេះជាលើកទី២០ (ដែលខ្ញុំបានមក) ក្នុងចំណោមស្រុក(ទាំង) ១០នៅខេត្តកំពង់ចាម។ កាលពីមុនមាន ១៧(ស្រុក) គិតទាំងស្រុកខាងកើត តែបានកាត់៧ (ស្រុកនោះ)ទៅ(ចូលខេត្តត្បូងឃ្មុំ) តាំងពីឆ្នាំ ២០១១មក។ ខ្ញុំបានមកស្រុកកងមាសច្រើនជាងគេ ក្នុងចំណោមស្រុកទាំង១០ គិតទៅ ២០លើកហើយ។ មកពាមជីកងនេះ លើកទី២។ ចុងក្រោយនៅក្នុងកងមាសនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅអង្គរបាន មកវត្តថ្មី។ ចាំថាពេលចេញទៅវិញ ចេញមិនរួច។ ក្មួយៗព័ទ្ធច្រើនខ្សឺតណាស់ថ្ងៃនោះ។ ថ្ងៃនេះ បងស្រីម្នាក់ថាសុំថើបមួយបានអត់។ ខ្ញុំថាបើសុំ ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ។ បើចង់ អនុវត្តយកតែម្ដងទៅ អត់ប្រកាន់។
ទោះជាយ៉ាងណា ក្នុងការដែលមកច្រើនដងនេះ គឺម្ដងៗ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលថ្មីភាគច្រើន។ ពេលខ្លះមកប្រជុំជាមួយបងប្អូនយុវជន។ តែភាគច្រើនគឺសម្ពោធសមិទ្ធផលខាងសាសនា សាលារៀន វត្តអារាម។ ថ្ងៃនេះយើងមកក្នុងន័យអបអរសាទរការសម្ពោធសមិទ្ធផលជាច្រើន ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានធ្វើរបាយការណ៍ថានៅក្នុង ៣ខេត្តដែលយើងបានអនុវត្តមកដល់ម៉ោងនេះ ជាផលប្រយោជន៍រួមជូនសាលានៅទីនេះផង ផលប្រយោជន៍ជូនដល់ក្មួយៗ ជូនដល់លោកគ្រូ អ្នកគ្រូ កូនចៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផង។ ថ្ងៃនេះ ខ្ញុំសូមអបអរចំពោះសមិទ្ធផលថ្មីនៅទីនេះ (ដែលបានធ្វើឡើង)ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយើង បានផលនៅហ្នឹងកន្លែងតែម្ដង។ សមិទ្ធផលក្នុងវិស័យអប់រំជាគោលដៅធំសម្រាប់យើង។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា រាប់បញ្ចូលទាំង ការផ្តល់អាហារូបករណ៍ដល់និស្សិត ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំភាសាចិន និងការអភិវឌ្ឍបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ និងកសាងធនធានមនុស្សនៅកម្ពុជា។
តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គម្រោងជំនួយរបស់សាធារណរដ្ឋ-ប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា “China-Aid Project of Improving School Environment and Educational Facilities in Cambodia (CPISEEF)” ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនមានថវិកាសរុប ២២.៥៩៥.៣៥០,១៤ ដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០.៥លានដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាប្រមាណ ២លានដុល្លារអាមេរិក ដែលមានរយៈពេលអនុវត្តគម្រោង៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ បានបង្កើតនូវសមិទ្ធផលដ៏មាន តម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម រួមមាន សំណង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាង-បាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក)។ ខ្ញុំជឿជាក់ថា សមិទ្ធផល ទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ពង្រឹងគុណភាពអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងការពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជន និងប្រទេសទាំងពីរ។
កម្ពុជា-ចិនមានទំនាក់ទំនងជាមួយគ្នាប្រមាណជាង ២០០០ ឆ្នាំ មកហើយ, ដែលចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និង ប្រទេសយើងទាំងពីរដូចនៅក្នុងសុន្ទរកថារបស់ឯកឧត្តមអគ្គរដ្ឋទូត។ កម្ពុជាចិន ជាមិត្តជិតខាង ជាដៃគូ និងជាបងប្អូនដ៏ល្អជាមួយគ្នា ជាពិសេស ឆ្នាំនេះ ជាខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ យើងនឹងប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២) ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន២០២៤ កម្ពុជានិងចិនបង្កើនទំនាក់ទំនង និងទំនុកចិត្តរវាងគ្នា
ការរៀបចំពិធីនៅថ្ងៃនេះ ចំឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ដោយផ្ដោតលើទំនាក់ទំនងជាពិសេសក្នុងផ្នែកទេសចរណ៍ វប្បធម៌ អប់រំ។ យើងបានប្រារព្ធព្រឹត្តិការណ៍រួមគ្នាជាច្រើន ទាំងនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសចិន។ យើងបានបញ្ជូនក្រុម(ការងារទៅចូលរួមព្រឹត្តិការណ៍រួមគ្នានេះនៅប្រទេសចិន)។ ប៉ុន្មានថ្ងៃមុននេះ យើងបានបញ្ជូនក្រុមកីឡាករល្បុក្កតោចូលរួមសម្ដែងក្នុងទិវាកីឡាអន្តរជាតិនៅទីនោះ ដើម្បីបង្ហាញពីវប្បធម៌របស់កម្ពុជា។ ក្រៅពីនោះ និស្សិតរបស់យើងក៏បានទទួលឱកាសទៅរៀនសូត្របន្ថែមទៀត កសាងសមត្ថភាព ដើម្បីត្រឡប់មកជួយប្រទេសជាតិយើងវិញ។ ការប្រទាក់ក្រឡាគ្នាតាមផ្នែកវិនិយោគ ក៏ដូចជាការប្រទាក់ក្រឡាគ្នាខាងផ្នែកអប់រំ បណ្ដុះបណ្ដាលផ្សេងៗ ក៏យើងធ្វើជាបន្តបន្ទាប់ រាប់ទាំងវិស័យទេសចរណ៍។ នេះគឺជាការបង្កើននូវទំនាក់ទំនង និងទំនុកចិត្តរបស់គ្នា។
(៣) លោក/អ្នកគ្រូ គ្រូពេទ្យ មន្រ្តីរាជការ ភាគច្រើនទទួលការបណ្ដុះបណ្ដាលពីទសវត្សរ៍៨០ និង៩០
ក្នុងន័យនេះ យើងសម្ពោធគម្រោងដែលផ្ដោតទៅលើផ្នែកអប់រំក្នុងថ្ងៃនេះ ក៏ជាផ្នែកមួយសំខាន់នៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន។ គម្រោងដែលយើងសម្ពោធថ្ងៃនេះ ស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេស ដោយផ្តល់អាទិភាពធំក្នុងរយៈពេលប៉ុន្មានអាណត្តិនេះទៅលើមនុស្ស។ ពាក្យថាមនុស្ស គឺប្រជាជនខ្មែរយើង។ ខ្ញុំគិតថា ទាំងលោក/អ្នកគ្រូ ទាំងគ្រូពេទ្យ ទាំងសិស្សរៀននៅទីនេះ មន្រ្តីរាជការរបស់យើងនៅទីនេះ … ភាគច្រើនសុទ្ធតែជាអ្នកទទួលការបណ្ដុះបណ្ដាលពីទសវត្សរ៍៨០ និង៩០។ យើងមានសមត្ថភាពបំពេញភារកិច្ចក្នុងស្រុកកងមាស ធានាម្ចាស់ការគ្រប់វិស័យនៅស្រុកកងមាស ទាំងរដ្ឋបាលស្រុក/ឃុំ គ្រប់វិស័យទាំងអស់ ដែលសុទ្ធតែជាផលនៃការបណ្ដុះបណ្ដាលក្រោយឆ្នាំ ១៩៧៩។ បើសិនជាយើងមិនធ្វើការបណ្ដុះបណ្ដាលអប់រំធនធានមនុស្សខ្មែរបានទេ ម៉ោងនេះប្រហែលជាគ្មានអ្នកកងមាសអង្គុយនៅទីនេះ ក្នុងនាមជាគ្រូបង្រៀន ចែករំលែកឲ្យអ្នកកងមាសបន្តទៀតឡើយ។ ពិតណាស់ មានគ្រូពេទ្យខ្លះមកពីស្រុកផ្សេង ខេត្តផ្សេង តែភាគច្រើនសុទ្ធតែអ្នកកងមាស បណ្ដុះបណ្ដាលនៅកម្ពុជា …។
(៤) មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកម្ពុជាដើរទាន់ប្រទេសនានា
មនុស្ស ផ្លូវ ទឹក ភ្លើង គឺជាគោលដៅធំបំផុតរបស់យើង។ ចូលមកអាណត្តិទី ៧នេះ យើងថែមបច្ចេកវិទ្យាមួយទៀត ដើម្បីដើរឲ្យទាន់គេ។ ការបំពាក់បច្ចេកវិទ្យាឌីជីថល ការបង្កើតថ្នាក់រៀន ថ្នាលថ្មី ក្នុងសាលានៅទីនេះជាកិច្ចការសំខាន់។ នេះហើយជាលទ្ធផលជាក់ស្ដែង។ បើសិនជាមិនបានបណ្ដុះបណ្ដាលទេ ម៉ោងថ្មើរនេះប្រហែលជាយើងមិនមានខ្មែរធ្វើជាវិស្វករ អ្នករៀបចំផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនោះទេ។ ដូចជាស្ពានកោះប៉ែន។ ឯកឧត្ដម គង់ អ៊ាង ជាវិស្វករកម្ពុជា ជាទាហាន។ គាត់ធ្វើ។ គាត់ជាកូនចៅអ្នកកងមាសដែរ។ ធ្វើស្ពានឆ្លងពីកំពង់សៀមទៅកោះប៉ែន ដោយមិនចាំបាច់ពឹងជំនាញពីក្រៅប្រទេស។ ចេញពី ១៩៧៩-១៩៨០ យើងធ្វើមិនបានទេ។ យើងពឹង(គេ)។ ឥឡូវយើងធ្វើបាន។ គឺយើងធ្វើអគារច្រើនជាន់នៅភ្នំពេញបាន។ សមិទ្ធផលនៅទីនេះ បង្ហាញថា កូនចៅកម្ពុជា កូនចៅអ្នកភ្នំពេញ កូនចៅអ្នកកងមាស កូនចៅអ្នកកំពង់ចាម កូនចៅអ្នកគ្រប់កន្លែងទាំងអស់ មានឱកាស។
(៥) បង្កើតឱកាស/បរិស្ថាន ពង្រឹងសាលារៀន និងពង្រីកឱកាសឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀន
អ្វីដែលសំខាន់គឺការបង្កើត ពង្រឹងនិងពង្រីកឱកាស។ ការបង្កើតឱកាស និងបរិស្ថានដែលអាចធានាបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កសាងពង្រឹងសាលារៀន បង្កើតនូវលទ្ធភាពដើម្បីកូនចៅប្រជាពលរដ្ឋអាចចូលរៀនបាន។ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធរុញទៅតាមមូលដ្ឋាន។ ពីមុនសង្រ្គាម យើងមានវិទ្យាល័យតិចណាស់នៅខេត្តកំពង់ចាម។ ពូៗ ដែលនៅពីមុនថា ខេត្តខ្លះស្រុកខ្លះមានតែមួយ ជួនកាលស្រុកខ្លះអត់ទាំងមានផង។ ត្រូវទៅរៀននៅខេត្ត។ ឥឡូវ យើងមាននៅគ្រប់កន្លែងទាំងអស់។ ដើម្បីអី? ដើម្បីកូនអ្នកកងមាសអាចរៀនសូត្រនៅកងមាស ជាពិសេស ក្មួយៗស្រីៗ។ កាលពីជំនាន់សម្ដេចតេជោ ជំនាន់មីងខ្ញុំ ទៅមិនរួចទេ។ អ្នកស្ទឹងត្រង់ បានត្រឹមតែសម្ដេចតេជោទេ ជាប្រុសបានទៅស្នាក់នៅវត្ត។ ស្រីៗ ដូចជាមីងខ្ញុំអីទៅអត់បានទេ (ហើយក៏មិនបានរៀនសូត្រ)ដោយសារអត់សាលានៅស្រុក។ ឥឡូវ ក្មួយៗនៅទីនេះ រៀននៅទីនេះ។ ខេត្តកំពង់ចាមមានសកលវិទ្យាល័យក្នុងខេត្តច្រើន។ ឥឡូវចង់ពង្រីកនៅតាមស្រុកមួយចំនួន ដូចជានៅបាធាយ កំពុងសិក្សារៀបចំគ្រោងបើកនៅកន្លែងណាមួយ។
(៦) ជំរុញការពង្រាយសាលាទៅមូលដ្ឋាន ពង្រីកនិងដំឡើងកម្រិតសិក្សានៅហ្នឹងកន្លែង
ទៅថ្ងៃក្រោយ បើសិនជាប្រជាជនកាន់តែកើនឡើង ជីវភាពរស់នៅកាន់តែកើនឡើង ការជំរុញការសិក្សាបណ្ដុះបណ្ដាលថ្នាក់កាន់តែខ្ពស់ ក៏មាននៅតាមបណ្ដាស្រុកមួយចំនួនដែលធំ។ ជួនកាល ៣-៤ស្រុកអី មានសកលវិទ្យាល័យមួយ ជាជាងទៅដល់កំពង់ចាម។ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាផ្លូវយើងមានហើយ ដើម្បីបង្កើតឱកាស។ ការជំរុញឱ្យបង្កើតសាលាកាន់តែច្រើន។ (ទី១) ពង្រីកសាលា ដោយកុំប្រមូលផ្ដុំនៅទីរួមខេត្ត ឬទីក្រុងភ្នំពេញ។ យើងរុញទៅដល់មូលដ្ឋាន។ ទី២ យើងពង្រីកនៅហ្នឹងកន្លែង។ សាលាខ្លះគឺយើងដំឡើងកម្រិតពីបឋមទៅអនុវិទ្យាល័យនៅហ្នឹងកន្លែងតែម្ដង ព្រោះនៅខេត្តខ្លះឆ្ងាយ។ ជាជាងកូនសិស្សត្រូវធ្វើដំណើរ ៥ ទៅ ១០គីឡូ ទៅកន្លែងថ្មី គឺយើងដំឡើងនៅហ្នឹងកន្លែង ដោយគ្រាន់តែពង្រីកទីតាំង កសាងអគារបន្ថែម បញ្ជូនគ្រូបន្ថែម ដំឡើងពីបឋមទៅអនុវិទ្យាល័យ កន្លែងខ្លះអនុវិទ្យាល័យទៅជាវិទ្យាល័យ ដើម្បីធ្វើការបណ្តុះបណ្តាលនៅនឹងកន្លែងនេះជាគោលនយោបាយរបស់យើង នៅក្នុងការពង្រីក។
(៧) អគារថ្មី បច្ចេកវិទ្យាថ្មី និងកម្មវិធីអប់រំថ្មី ផ្តល់ឱកាសឱ្យកូនអ្នកកងមាសអាចទទួលបានការបណ្តុះបណ្តាលដូចកូនអ្នកភ្នំពេញនិងទីរួមខេត្ត
(យើងត្រូវអនុវត្តវិធីសាស្ត្រនេះ ពិសេស)នៅថ្ងៃអនាគត ពេលដែលកាន់តែពិបាករកដី។ ពីឆ្នាំ ១៩៩០ ឆ្នាំ ១៩៨០ ដីមានច្រើន។ ចង់រៀបទីតាំងថ្មីមិនសូវលំបាក។ ឥឡូវ ដោយសារប្រជាពលរដ្ឋរីកផង ដីភាគច្រើនពិបាកដោះស្រាយ អញ្ចឹងមានតែពង្រីកនៅហ្នឹងកន្លែង ហើយពង្រឹងគុណភាព។ វត្តមាននៃអគារថ្មី នៃបច្ចេកវិទ្យាថ្មី និងកម្មវិធីអប់រំថ្មីរបស់សាលានៅទីនេះ ជានិមត្តិរូបមួយនៃការពង្រឹងគុណភាព ដើម្បីឱ្យកូនអ្នកកងមាសអាចរៀនសូត្រនូវកម្មវិធីទំនើប ទទួលបានការបណ្តុះបណ្តាលបច្ចេកវិទ្យា ទទួលបានការរៀនកុំព្យូទ័រនៅទីនេះ មិនចាញ់កូនអ្នកភ្នំពេញ មិនចាញ់កូនអ្នកទីរួមខេត្ត។ នេះហើយជាគោលនយោបាយក្នុងការអប់រំរបស់យើង។ កម្មវិធីដែលមិត្តចិនបានជួយក្នុងកម្មវិធីនេះស្របជាមួយចក្ខុវិស័យ និងគោលនយោបាយរបស់យើងដែលបន្តធ្វើនេះឯង។ នេះជាផលជាក់ស្តែង ដែលកូនអ្នកកងមាសចង់រៀនឌីជីថល រៀនកុំព្យូទ័រ រៀនអី មិនចាំបាច់ទៅឆ្ងាយ។ យើងបន្តពង្រឹងគោលនយោបាយនេះថែមទៀត។
(៨) អាណត្តិទី៧ អនុវត្តវិធានគន្លឹះពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក
យើងបានធ្វើ(កម្មវិធីនេះនៅ) ៣ខេត្ត។ នេះជាកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយចិន ប៉ុន្តែក្រសួងអប់រំក៏បានអនុវត្តច្រើន នៅតាមបណ្តាខេត្តទូទាំងប្រទេសរួចទៅហើយ។ យើងនឹងបន្តជំរុញការងារនេះ។ អាណត្តិទី៧ នេះយើងបានដាក់ទិសដៅ(អនុវត្ត)វិធានគន្លឹះមួយគឺពង្រឹងមូលដ្ឋាន។ នៅក្នុងវិស័យសុខាភិបាលពង្រឹងមណ្ឌលសុខភាព ពង្រឹងពេទ្យបង្អែកស្រុក។ ឯកឧត្តម រដ្ឋមន្ត្រីថ្មីមានលួចឆ្មក់មក ឬនៅមណ្ឌលសុខភាព? អត់ទាន់ទេ។ មិនស្រួលរួចឆ្មក់មក។ គាត់លួចឆ្មក់គ្រប់កន្លែង។ ថ្ងៃមុនសួរទៅម៉ោង ១០យប់នៅឯណា? នៅមណ្ឌលសុខភាព រតនគិរីអត់សេវា … តាមពិត ឆ្មក់នៅរតនគិរី។ ស្អែកឡើងទៅក្រចេះ។ អញ្ចឹងមិនស្រួលបន្តិចទៀតគាត់លួចឆ្មក់មកដែរហើយ។ មណ្ឌលសុខភាព ឬពេទ្យបង្អែកស្រុកនៅឯណា? នៅនេះ មណ្ឌលសុខភាព។ អញ្ចឹង ពង្រឹងមូលដ្ឋាន គឺធ្វើយ៉ាងណាឱ្យគុណភាព និងសេវា ថ្នាំសង្កូវអីផ្សេងៗ ចំនួនពេទ្យអាចបំពេញបន្ថែម បម្រើឱ្យប្រជាជន។ (មិនដូចជា)នៅទីរួមខេត្ត នៅទីក្រុងភ្នំពេញទេ ដែលមានគ្លីនិកឯកជនច្រើន។ នៅខេត្ត នៅតាមបណ្តាស្រុកឆ្ងាយៗមណ្ឌលសុខភាពដើរតួនាទីសំខាន់។ អញ្ចឹងហើយយើងពង្រឹងមូលដ្ឋាន។ មូលដ្ឋានគឺជាអ្នកដែលដើរតួនាទីមុនគេបំផុតពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។ ទោះជាកម្រិតខ្លះយើងមិនអាចព្យាបាលភ្លាម តែក៏អាចជួយបឋមមុននឹងបញ្ជូនទៅដល់ពេទ្យខេត្ត ឬពេទ្យនៅភ្នំពេញ។
(៩) អាណត្តិទី៧ នៃរាជរដ្ឋាភិបាល អនុវត្តវិធានគន្លឹះពង្រឹងថ្នាក់បឋមសិក្សានិងមធ្យមសិក្សា
វិស័យអប់រំក៏ដូចគ្នា។ យើងមានវិធានគន្លឹះមួយគឺពង្រឹងថ្នាក់បឋម និងថ្នាក់មធ្យម គឺ ១២ឆ្នាំដំបូង(នៃការសិក្សា)។ តែអាណត្តិទី១ នេះ យើងផ្តោតទៅលើការពង្រឹងកំរិតបឋមសិន។ ពិតណាស់ មិនមែនជាគម្រោងដាច់ដោយឡែកទេ។ ក្រសួងអប់រំបន្តធ្វើផែនការប្រចាំរបស់ក្រសួង គឺមានរាប់សិប រាបរយគម្រោងដែលត្រូវជំរុញបន្ត។ អ្វីដែលខ្ញុំនិយាយគឺគ្រាន់តែជាគម្រោងតូចមួយក្នុងការពង្រឹងបន្ថែម ជំរុញបន្ថែមការបណ្តុះបណ្តាលបឋម។ មិនមែនក្រសួងអប់រំឈប់ធ្វើអីទាំងអស់ ហើយមកធ្វើតែរឿងហ្នឹងទេ។ ក៏មិនមែនជាយន្តការដែលត្រូវស្រូបយកថវិកាក្រសួងអប់រំយកមកដែរ។ ប៉ុន្តែជាអ្វីដែលយើងបន្ថែម។ ការអប់រំក៏ដូចជាការបណ្តុះបណ្តាល ការកសាងនៅទីនេះក៏ស្ថិតនៅក្នុងការជួយពង្រឹង។ សូមអរគុណក្រសួងអប់រំយុវជន និងកីឡា ដែលប៉ុន្មានអាណត្តិមកនេះបានខិតខំពង្រឹងការរៀបចំកម្មវិធីសិក្សា ត្រៀមលក្ខណៈគ្រប់គ្រាន់។ ការរៀនសូត្រមិនអាចរៀនតែមួយថ្ងៃទេ។ បើយើងត្រៀមប្រកួតប្រជែង ១០ឆ្នាំទៀត យើងត្រូវពង្រឹងរៀបចំកម្មវិធីត្រឹមត្រូវពីឥឡូវទៅ។ អញ្ចឹងហើយបានជាក្រសួងអប់រំដាក់ចេញការកែទម្រង់កម្មវិធីអប់រំជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏យើងបានកែសម្រួលដាក់ផែនការជំរុញការពង្រឹងមុខវិជ្ជា និងត្រៀមលក្ខណៈបម្រើទៅឱ្យបច្ចេកវិទ្យា។
(១០) ការអប់រំត្រូវមានការវាយតម្លៃជាប្រចាំ មិនអាចនៅនឹងថ្កល់ទេ
ត្រូវធ្វើការវាយតម្លៃជាប់ជាប្រចាំលើការអប់រំ។ យើងមិនអាចធ្វើនៅនឹងថ្កល់ទេ។ ការកែសម្រួលដែលក្រសួងអប់រំបានធ្វើ មានការពង្រឹងគ្រូ ការដាក់ចេញនូវកញ្ចប់ពង្រឹងដើម្បីជួយបំប៉នគ្រូអំពីវិធីសាស្រ្តថ្មីក្នុងការបង្រៀន ជាកិច្ចការសំខាន់ដែលយើងធ្វើជាប្រចាំ។ មិនមានប្រទេសណានៅនឹងថ្កល់ទេ។ ខ្ញុំបានទៅប្រទេសនានា រាប់ទាំងប្រទេសមហាអំណាចផង បានជួបនិយាយជាមួយថ្នាក់ដឹកនាំ សុទ្ធតែបញ្ជាក់ពីកំណែទម្រង់ក្នុងវិស័យអប់រំជាបន្តបន្ទាប់ ព្រោះ ជួនកាលប្រព័ន្ធ និងរបៀបបង្រៀនកាលពី ១០ ឆ្នាំឬ ២០ឆ្នាំមុន លែងឆ្លើយតបទៅនឹងកម្មវិធីដែលបង្រៀនឥឡូវ។ ជួនកាលកម្មវិធីដែលបានកែសម្រួល ក្រោយពេលអនុវត្តមួយរយៈ ក៏ត្រូវកែត្រឡប់មកវិញ។ ថ្ងៃមុនខ្ញុំនិយាយពីនៅអឺរ៉ុប។ កាលពី ១០ឆ្នាំ ២០ឆ្នាំមុន ពេលដែលទំនើបកម្មបច្ចេកវិទ្យា អឺរ៉ុបបានបញ្ចូល tablet នៅក្នុងការរៀនរបស់សិស្ស។ ឥឡូវគាត់វាយតម្លៃថា សិស្សដែលប្រើ Tablet ហ្នឹង អារម្មណ៍អត់សូវផ្តោតដូចរៀនតាមរបៀបមុន។ គេដូរត្រឡប់ទៅវិញ។
(១១) កែសម្រួលកម្មវិធីសិក្សាឲ្យសមស្របជាប្រចាំ ដើម្បីសិស្សានុសិស្សកាន់តែមានសមត្ថភាព
ល្ងាចមិញ ឯកសារនៅទស្សនាវត្តីសេដ្ឋកិច្ចមួយ លើកឡើងថា នៅអាមេរិក កាលពីជំនាន់កូវីដ-១៩ គេរកឃើញថា ធ្វើការពីផ្ទះ ធ្វើឱ្យបច្ចេកវិទ្យាកាន់តែល្អ។ ឥឡូវក្រុមហ៊ុនធំៗ ជាច្រើន ហៅមនុស្សចូលធ្វើការវិញ។ គេថាដោយសារទំនើបកម្ម គេកាត់ការងារមនុស្សច្រើន។ អញ្ចឹងកាត់បន្ថយចំណាយ។ គេអាចបិទកន្លែងខ្លះ។ មនុស្សធ្វើការពីផ្ទះទៅ។ មកធ្វើការ ២ថ្ងៃ ក្នុងមួយអាទិត្យក៏បាន ៣ថ្ងៃក្នុងមួយអាទិត្យក៏បាន។ ដល់ពេលធ្វើទៅ គេឃើញថាអ្នកដែលធ្វើការពីផ្ទះ និងអ្នកមកធ្វើនៅក្នុងកន្លែង ខុសគ្នា។ ផលិតភាពខុសគ្នាចង់ ៣០ ភាគរយ។ អញ្ចឹងគេហៅចូលមកវិញ។ ទាំងការងារ ទាំងការរៀនសូត្រ ការបណ្តុះបណ្តាល សុទ្ធតែស្ថិតនៅក្នុងការកែសម្រួលជាប្រចាំ ដោយប្រើប្រាស់បច្ចេកវិទ្យា។ នៅទីនេះដូចគ្នា។ តាំងពីអត់សម្ភារៈ ឥឡូវយើងមានសម្ភារៈ ត្រូវកែសម្រួលកម្មវិធីសិក្សាឲ្យសមស្រប តែត្រូវការធ្វើការវាយតម្លៃជាប្រចាំដើម្បីឲ្យក្មួយសិស្សានុសិស្សកាន់តែមានសមត្ថភាព កាន់តែមានភាពរឹងមាំច្បាស់លាស់។
(១២) ថវិកាជាតិប្រចាំឆ្នាំ តែងបង្កើនលើវិស័យអាទិភាពពីរ គឺសុខាភិបាល និងអប់រំ
វិធីសាស្រ្តក្នុងការបង្រៀន ក៏ដូចជាការបន្តវិនិយោគទៅលើគ្រូ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធគឺជាទិសដៅសំខាន់។ នៅក្នុងថវិកាជាតិប្រចាំឆ្នាំ យើងតែងតែបង្កើនទៅលើវិស័យអាទិភាពធំៗ ជាច្រើនក្នុងនោះ គឺសុខាភិបាលនិងអប់រំ។ យើងមិនអាចចោលបាន។ ចំណាយទៅលើវិស័យសុខាភិបាល ចំណាយទៅលើកម្មវិធីគាំពារសង្គម ដើម្បីធ្វើឲ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អ។ ការចំណាយលើកម្មវិធីឧបត្ថម្ភ រួមទាំងឧបត្ថម្ភអាហារមួយចំនួនជូនដល់តាមសាលាដែលយើងបានបង្កើត ដោយមានការសហការជាមួយដៃគូ ប៉ុន្តែអ្វីដែលសំខាន់ ចំណីទាំងផ្លូវកាយ ចំណីទាំងអារម្មណ៍ និងចំណេះដឹងឲ្យកាន់តែរឹងមាំ។ យើងនឹងបន្តធ្វើឲ្យកូនខ្មែរនៅគ្រប់កន្លែង មិនថានៅទីនេះ (ឬទីណាទេ មានឱកាសអង្គុយរៀននៅសាលាល្អ មានឱកាសរៀននូវមេរៀនទំនើប)។
(១៣) ចំនួនប្រជាជនកើនលឿន អ្នកចុះឈ្មោះចូលរៀនកើន ត្រូវដោះស្រាយកង្វះគ្រូ កង្វះហេដ្ឋារចនាសម្ព័ន្ធ
ម្សិលម្ង៉ៃខ្ញុំទៅមណ្ឌលគីរី ក៏ឃើញក្មួយៗថ្នាក់ទី ១១ ថ្នាក់ទី ១២ នៅទីនោះមានឱកាសអង្គុយរៀននៅសាលាល្អ មានឱកាសរៀននូវមេរៀនទំនើប។ យើងនឹងបន្តរុញតទៅទៀត។ យើងបានរីកចំរើនច្រើន ប៉ុន្តែនៅមិនទាន់គ្រប់នៅឡើយទេ។ ពិសេសនៅតំបន់ខ្លះដែលយើងឃើញថាជាកន្លែងថ្មី កន្លែងដែលធ្លាប់តែជាទីលានប្រយុទ្ធគ្នាពីមុន យើងដោះមីន បង្កើតភូមិ។ ចំនួនប្រជាជនកើនលឿនជាង។ យើងបន្តជំរុញ។ កន្លែងខ្លះ កាលពី ៥ ឆ្នាំមុន អ្នកចុះឈ្មោះចូលរៀនមានតែ ៥០០នាក់ទេ។ ឥឡូវ ៥ឆ្នាំក្រោយ អ្នកចុះឈ្មោះចូលរៀនឡើងដល់ ១ពាន់នាក់។ មួយគុណជាពីរ។ យើងបន្តដោះស្រាយកង្វះគ្រូ កង្វះហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែយើងមិនបិទភ្នែក ធ្មេចភ្នែកទេ យើងនឹងបន្តកសាងបណ្តើរៗទៀត។
(១៤) ឪពុកម្តាយផ្តល់ជីវិត និងចិញ្ចឹមបីបាច់ គ្រូបង្រៀនផ្តល់នូវបញ្ញាញាណ សមត្ថភាពខាងក្នុង
ក្នុងឱកាសនេះ សូមអរគុណដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស រួមទាំងលោកគ្រូ អ្នកគ្រូខ្លះដែលនៅតំបន់ដាច់ស្រយាលផង ទាំងអត់ក្របខណ្ឌផង ដែលបានស្ម័គ្រចិត្តចូលទៅធ្វើការបណ្តុះបណ្តាលនេះ ជាពិសេសនៅខេត្តកំពង់ចាម នៅស្រុកកងមាសនេះ។ (លោកអ្នកគ្រូ)ខិតខំយកចិត្តទុកដាក់ជួយចែករំលែកចំណេះដឹងពង្រឹងសមត្ថភាពអ្នកកងមាស ដើម្បីចូលរួមចំណែកកសាងភូមិឃុំ ស្រុក និងប្រទេសជាតិយើងទៅថ្ងៃមុខ។ សូមអរគុណចំពោះការដើរតួជាឪពុកម្តាយទី២ របស់យើងគ្រប់គ្នា។ ឪពុកម្តាយទី១ បង្កើត ផ្តល់ជីវិត ចិញ្ចឹមឲ្យធំ ឯឪពុកម្តាយទី២ ផ្តល់នូវបញ្ញាញាណ សមត្ថភាពខាងក្នុងដើម្បីយើងចូលរួមកសាង(ប្រទេសជាតិ)។ ការអប់រំ និងការចូលរួមនៅក្នុងការកសាងនៅក្នុងវិស័យអប់រំនេះគឺជាកិច្ចការសំខាន់។ សូមឆ្លៀតឱកាសនេះ អរគុណសារជាថ្មីទៅដល់រដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិន ដែលបានចូលរួមជានិច្ចជាកាល ជាដៃគូរល្អ ជាមិត្តល្អរបស់កម្ពុជានៅក្នុងការជួយគ្រប់វិស័យ ហើយជាពិសេសនៅក្នុងវិស័យអប់រំនេះផង …។
(១៥) គ្រាមានគ្រោះមហន្តរាយ ការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជារឿងធំ
ថ្ងៃនេះ ខ្ញុំមានប៉ុណ្ណេះជាការអបអរ ពិសេសជួបក្មួយៗសាជាថ្មី ជួបបងប្អូនសាជាថ្មីនៅកងមាស ដើម្បីប្តេជ្ញារួមគ្នាតទៅមុខទៀតក្នុងការកសាងប្រទេសរបស់យើង។ បន្តិចទៀតដល់បុណ្យអុំទូក។ អ្នកកំពង់ចាមដូចជាអុំហើយ។ មានត្រៀមទូកទៅភ្នំពេញទេ? ៤២ ទូក។ បំរុងយកលេខប៉ុន្មាន? យកលេខ ១ទៀត។ កងមាសមានទេ? កងមាសបញ្ជូនទូកទៅទេ? ៣។ ឯកឧត្តម ហង់ជួន ណារ៉ុន ជាប្រធានក្រុមការងារចុះនៅហ្នឹងតែម្តង។ អម្បាញ់មិញឯកឧត្តម ហ៊ុន ស៊ីថា មកខ្សឹបថា សុំថែមទូក ៣ជូនសម្តេចតេជោ។ ខ្ញុំថារើសទូកលឿនៗ។ ខ្ញុំមានទូកប៉ុន្មានដែរទេ។ ចាំចូលរួមអបអរសាទរទាំងអស់គ្នា។ ខែវស្សាឆ្នាំនេះ យើងបារម្ភដែលទឹកធំ។ ជាទូទៅឆ្នាំរោងទឹកធំ ប៉ុន្តែឆ្នាំនេះយើងមានសំណាង។ ប្រទេស ៥នៅជុំវិញយើងទទួលផលប៉ះពាល់ធ្ងន់ពីព្យុះ តែកម្ពុជាយើងតិចបំផុត។ ហ្វីលីពីន វៀតណាម ថៃ ឡាវ ភូមា រងឥទ្ធិពលព្យុះច្រើន។ ខ្ញុំជួបជាមួយនាយករដ្ឋមន្ត្រីថៃទើបឡើងថ្មីនៅឡាវ។
ខ្ញុំសួរពីស្ថានភាពទឹកជំនន់។ គាត់ថាមិនដែលឃើញផ្ទះកំពស់ហ្នឹងហើយនៅកប់ភក់។ គាត់ថាបើទឹកឡើងហើយស្រក វាស្រួលលាង។ តែដល់ភក់មកគ្របលើផ្ទះ វាពិបាកលាង។ ចំណាយរាប់ពាន់លាន។ ខូចហេដ្ឋារចនាសម្ព័ន្ធច្រើន។ នៅកម្ពុជាយើង ទឹកធំដែរ បានលិចកន្លែងខ្លះ ប៉ុន្តែមិនធំដូច ១២ឆ្នាំមុន។ នេះគឺជាសំណាងល្អរបស់យើង។ ទោះជាយ៉ាងណា យើងបានត្រៀមលក្ខណៈ។ ខ្ញុំក៏សូមអរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គឹម ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់រដ្ឋបាលរាជធានី/ខេត្ត កងកម្លាំងប្រដាប់អាវុធដែលសហការគ្នាយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាធំ។ យើងធ្វើបាន ធានាបាន ទ្រព្យសម្បត្តិ ហើយក្រៅពីនេះ យើងស្តារឡើងវិញ។
(១៦) សូមប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនិងសន្ដិសុខសង្គម និងកសាងជីវភាពរស់នៅ
នេះគឺជាការរួមគ្នារបស់យើងដើម្បីជួយគ្រប់វិស័យ។ ការដឹកនាំ កសាងប្រទេសមួយមិនមែនធ្វើតែមួយវិស័យទេ។ យើងធ្វើទាំងវប្បធម៌ សាសនា អប់រំ សុខាភិបាល គមនាគមន៍ អគ្គិសនី ថាមពល កសិកម្ម ពាណិជ្ជកម្ម។ យើងស្រុះដៃគ្នាធ្វើ។ តិចឬច្រើន យើងបន្តជំរុញ។ អ្វីដែលសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់។ កត្តាចូលរួម មានទី១ ការចូលរួមថែរក្សាលំនឹងស្ថេរភាព សន្តិភាពរបស់យើង។ នេះគឺជាកត្តាធំណាស់។ ខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាសផងដែរ ដែលបានចូលរួមនៅក្នុងការថែរក្សានេះ។ មានការអំពាវនាវ អោយដុតប្រទេស ផ្តួលរដ្ឋាភិបាល យកគំរូបង់ក្លាដេសចុះឡើង តែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃនៃសន្តិភាព។
ទី២ យល់ពីតម្លៃនៃសេ្ថរភាព សន្តិសុខ ព្រោះថាបើមានសន្តិភាព ប៉ុន្តែយើងអត់មានស្ថេរភាព រវល់តែច្របូកច្របល់ ភូមិ ឃុំ អត់សុវត្ថិភាព យើងនៅតែមានបញ្ហា។ ចេញ(ដើរ)មិនស្រួល ជិះតាមផ្លូវ ក្មេងៗដាវសាម៉ូរ៉ៃមកកាប់ពីក្រោយ … អញ្ចឹងថែរក្សាស្ថិរភាព សន្ដិសុខសង្គម។ អរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចដែលខិតខំការពារ។ មិនល្អឥតខ្ចោះទេ ប៉ុន្ដែរឿងនេះវាឡើងចុះ។ យើងត្រូវបន្ដជាន់រហូត។ អ្នកខិលពេលខ្លះសុរាចូលខ្លួនចេញយក្ស អ្នកខ្លះកាច អ្នកខ្លះអត់មានសុរាមានអីទេ តែនឹកឃើញគេជិះម៉ូតូកង់មួយនៅតាម YouTube ក៏ចង់សាកកង់មួយនៅក្រៅដែរ។ យើងត្រូវរួមគ្នា(ទប់ស្កាត់) …។
ទី៣ ចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់ក្នុងការកសាងជីវភាពរបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាល បានដាក់ចេញជាគោលនយោបាយផ្សេងៗ ដើម្បីជួយសំរួលនិងលើកកម្កើងជីវភាពរស់នៅដោយទាញវិនិយោគផ្សេងៗ … ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការតំឡើងបៀវត្សជូនកម្មករ នយោជិក មន្ដ្រីរាជការ អតីតយុទ្ធជន ជាផ្នែកមួយនៃការជួយសំរួលជីវភាពរស់នៅ ប៉ុន្ដែគឺអាស្រ័យលើប្រជាពលរដ្ឋដែលខិតខំចាប់យកឱកាសនៃសុខសន្ដិភាព ស្ថិរភាព ថែរក្សាលំនឹងសន្ដិសុខ រួមគ្នាខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីយើងកសាងប្រទេសបន្ដទៅទៀត។
ខ្ញុំសូមអរគុណទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងបងប្អូននៅកងមាសតែម្ដង សូមបន្ដចូលរួមបែបនេះ។ យើងមិនអាចថែរក្សា និងជំរុញប្រទេសរបស់យើងទេ បើប្រជាជនមិនចូលរួម។ ជាថ្មីម្ដងទៀត សូមអរគុណដល់ឯកឧត្តមលោកជំទាវ គណៈអធិបតីទាំងអស់ លោកគ្រូអ្នកគ្រូ លោកតា លោកយាយ អ៊ំពូមីង បងប្អូន ក្មួយ ដែលអញ្ជើញមកដល់ទីនេះ ចូលរួមអបអរសាទរសមិទ្ធផល។ យើងសម្ពោធរួម ២៧ កន្លែង នៅ ៣ខេត្ត។ យើងសម្ពោធរួមនៅទីនេះ។ ប្រហែលជាកន្លែងរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ព្រោះគាត់ចុះនៅហ្នឹង។ អរគុណដែលផ្ដល់ឱកាសឲ្យខ្ញុំបានចុះមកសួរសុខទុក្ខនិងជួប(ប្រជាពលរដ្ឋរបស់យើង)។ ប៊ិះបានមួយខ្សឺតពីអ្នកកងមាសបន្ថែមទៀត។ ខ្ញុំថា កុំសួរ។ តែសួរខ្ញុំមិនហ៊ានឆ្លើយ។ តែ(ខ្ញុំ)មិនហ៊ានឆ្លើយ គាត់មិនហ៊ានថើបដែរ។ បើចាប់ថើបយកតែម្ដងអត់បញ្ហា។ ចេញទៅវិញសង្ស័យបានច្រើនហើយ។ មកលើកមុនបានច្រើន។ នៅអង្គបាន ស្ទាក់(ថើប) ចេញចង់កន្លះម៉ោង។ អរគុណណាស់ដែលជួយឲ្យខ្ញុំនៅក្មេងរហូត។
អម្បាញ់មិញ ឯកឧត្តម អគ្គរដ្ឋទូតថា ចូលសាលាមានអារម្មណ៍ថាក្មេង។ ខ្ញុំត្រូវច្រើនខ្សឺតក៏មានអារម្មណ៍ថាក្មេងដែរ។ ឯកឧត្តម ចាញ់ខ្ញុំទេ ខ្ញុំអស់ប្រហែល ១៥នាទី។ សក់ខ្មៅ។ ឯកឧត្តម នៅសក់សៗជាងខ្ញុំ។ សូមជូនពរសារជាថ្មីដល់គណៈអបតីទាំងអស់សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខ ពលំ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។
អំណោយ
ថ្ងៃនេះក៏មានសំរាប់យុវជនកាយរិទ្ធកម្ពុជា កាកបាតក្រហម សភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្រឡាញ់សន្ដិភាព យុវជនក្មេងវត្ដ សមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍ សមាគមនិស្សិត អ.វ.ត សមាគមអ៊ីស្លាម សមាគមរាជសី សរុប ៤៣០ នាក់ ម្នាក់ៗថវិកា ២០ ០០០ រៀល, លោកគ្រូ អ្នកគ្រូ ៩៦២ នាក់ ម្នាក់ៗ ៥០ ០០០ រៀល, សិស្សានុសិស្ស ១៤២៤ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច១ ដើម ថវិកា ១០ ០០០រៀល, វិទ្យាល័យពាមជីកង បឋមសិក្សាពាមជីកង មណ្ឌលសុខភាពពាមជីកង សាលាស្រុកពាមជីកង មួយអង្គភាព ២ លាន រៀល, ក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣ លានរៀល,ក្រុមតន្ដ្រីសម័យថវិកា ៥ លានរៀល ផងដែរ។ ថ្ងៃនេះមានតារាចំរៀងណាខ្លះ? ខាត់ សុឃីម? លោកឃុន រដ្ឋា សយ រតនា ប៉ាច គីមមួយ ម៉ង់ កញ្ញា លោក នួន សុធារៈ, លោក ភឿង សុភាព, កញ្ញា សំ លីដា, កញ្ញា អោម វិច្ឆិកា, លោក ផាត់ ទុភូ, ទុំ សុវត្ថិ និង អ៊ុន ជំនោរ និង លោក ខាត់ ជេម និងមានក្រុមតន្ដ្រីពីអង្គភាពប្រឆាំងភេរវកម្មផងដែរ បានចូលរួមបានជាប់ជាមួយគ្នារហូត។ ថ្ងៃមុននៅមណ្ឌលគិរី ឥលូវមកដល់នេះ។ ក្មួយៗមានidols មកទៅវិញចាំសុំថត៕