សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញក្នុងពិធីបួងសួង​រំលឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរ “តំបន់ប្រាសាទ​សំបូរព្រៃគុក” ជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក ដែលប្រារព្ធធ្វើនៅ​ខាងមុខប្រាសាទនាគព័ន្ធ

នៅព្រឹកថ្ងៃទី​ ៧​ ខែសីហា​ ឆ្នាំ២០១៧​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ រួមជាមួយគណៈប្រតិភូអមដំណើរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ និងប្រជាពលរដ្ឋជាច្រើននាក់​ បានអញ្ជើញក្នុងពិធីបួងសួងរំលឹកគុណដល់បុព្វបុរសខ្មែរ និង​អបអរសាទរ ​”តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​”​ ជា​សម្បត្តិបេ​តិកភណ្ឌ​ពិភពលោក​​ ដែលប្រារព្ធធ្វើនៅខាងមុខប្រាសាទនាគព័ន្ធ​ (ប្រាសាទយាយព័ន្ធ)។

ក្នុង​ពិធី​នេះ​ ក៏មាន​ការ​សម្តែង​ផ្ទាំងទស្សនីយភាពសិល្បៈ ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ​ តាមលក្ខណៈបែបបុណ្យភូមិទៀតផង។

ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានប្រទេស​ ១៩៣ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

គួរ​បញ្ជាក់​ថា ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក​ ​ត្រូវ​បាន​សាង​សង់អំ​ពីឥដ្ឋតាន់ ​ថ្មបាយ​ក្រៀម ​និង​ថ្ម​ភក់​ ព្រម​ទាំង​មាន​លម្អលើ​ជញ្ជាំង​ប្រាសាទ ​ហើយ​ត្រូវ​បាន​កសាង​ឡើង​នៅរជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ​ក្នុង​សតវត្ស​ទី៧ ​ដែល​មាន​ប្រាសាទ​ចំនួន​ ២៩៣ប្រាសាទ​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ