សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីប្រារព្ធខួបទី ២០ ថ្ងៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)


CMF:

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមជាធិបតីនៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមានសារសំខាន់ជាប្រវត្តិសាស្រ្ត ដើម្បីឆ្លុះបញ្ជាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

នៅឆ្នាំ ២០០៤ ជាឆ្នាំដែលកូនខ្មែរគ្រប់រូបតែងចងចាំ ដែលពេលកម្ពុជា ជាប្រទេសតូច និងជាប្រទេសមានការអភិវឌ្ឍតិចតួច ហៅថា LDC អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការ​ណ៍នៃក្របខណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយទៅជាសមាជិក WTO ពេញសិទ្ធ។ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យត្រចះត្រចង់នេះ កិត្តិនាមរបស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយ បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់កម្ពុជាយើង។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ផលពីការចូលជាសមាជិក WTO គឺកម្ពុជាមានចំណូលមធ្យមកម្រិតទាប មានសក្ដានុពលនៅក្នុងតំបន់អាស៊ី

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានឃើញនៅក្នុងវីដេអូ clip ក៏ដូចជាសុន្ទរកថារបស់លោកជំទាវ ចម និម្មល និងសុន្ទរកថារបស់លោកជំទាវ Ngozi Okonjolweala ប្រធាន WTO គឺបានសបញ្ជាក់ដោយសង្ខេបនូវការវិវឌ្ឍ និងផលដែលយើង(ទទួល)បាន។ ថ្ងៃនេះ កម្ពុជាបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាប្រទេសដែលមានសក្ដានុពលមួយនៅក្នុងតំបន់អាស៊ី។ តើ(ស្ថានភាព)នេះវាកើតចេញពីអ្វី? វា(មិនមែន)កើតចេញដោយចៃដន្យ ឬដោយសារទេវតាចិត្តល្អចំពោះយើងនោះទេ។ វាកើតពីការដាក់ចេញនូវគោលនយោ​បាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។

(២) ដំណើរការសុំចូលជាសមាជិក WTO ចាប់ផ្ដើមនៅឆ្នាំ ១៩៩៤ និងបានចូលនៅឆ្នាំ ២០០៤

នៅក្នុងសុន្ទរកថារបស់លោកជំទាវ ចម និម្មល បានបញ្ជាក់ថា ដែលយើងចូល WTO នៅឆ្នាំ ២០០៤ នោះ មិនមែនយើងដាក់(ការស្នើសុំ)ថ្ងៃនេះ (ហើយ)ស្អែក(ឡើង)គេឱ្យចូលទេ។ (ដំណើរការនេះ)ត្រូវការ(ពេល)មួយទសវត្សរ៍ (គិត)ពីចាប់ផ្ដើមការចរចានៅឆ្នាំ ១៩៩៤។ ពេលយើងសុំចូលជាសមាជិក (ដែលពី)ដំបូង (នៅ)មុន WTO​ បង្កើត នាថ្ងៃទី១ ឆ្នាំ ១៩៩៥ គឺ GATT ឬ General Agreement on Tariffs and Trade។ តែដោយសារនីតិវិធីផ្ទៃក្នុង ក៏មានការពន្យារពេល។ យើងក៏មិនបានចូលនៅឆ្នាំ ១៩៩៥។ ក្រោយមក ដោយមានបញ្ហាខ្លះនៅក្នុងនយោបាយផ្ទៃក្នុងរបស់យើង ក៏(មានការបន្ត)ពន្យារពេល។

(៣) យុទ្ធសាស្ត្រត្រីកោណ៖ សន្តិភាវូបនីយ៍កម្ម សមាហរណកម្ម និងជំរុញការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ

ប៉ុន្តែ ក្រោយយើងចប់សង្រ្គាមឆ្នាំ១៩៩៨ នេះគឺជាដំណាក់កាលដំបូង ដែលកំណត់ទិសដៅយុទ្ធសាស្រ្ត … អភិវឌ្ឍប្រទេស គឺយុទ្ធសាស្រ្តត្រីកោណ … យុទ្ធសាស្រ្តត្រីកោណ ដែលដាក់ចេញពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣ មានមុំ៣៖ មុំ១ គឺសន្ដិភាវូបនីយកម្ម គឺធ្វើម៉េចពង្រឹងសន្ដិភាពដែលទើបទទួលបានឱ្យរឹងមាំ ឱ្យមាននិរន្តរភាព។ បើយើងនៅ(បន្ត)វាយគ្នា (យើង)មិនអាចនិយាយរឿងពាណិជ្ជកម្មជាមួយប្រទេសក្រៅបាននោះទេ។ បើយើង(នៅមានភាគីបន្ត)វាយគ្នា (ក៏)មិនអាច(នឹងកំណត់)ថា អ្នកណាជាតំណាងប្រទេសកម្ពុជាមួយទេ។ សូម្បីតែកៅអីនៅអង្គការសហប្រជាជាតិ ក៏យើងដណ្ដើមគ្នាអង្គុយដែរ។ អញ្ចឹងសន្ដិភាវូបនីយកម្មពេលនោះ ជាកត្តាសំខាន់ដែលធ្វើឱ្យ កម្ពុជាថ្ងៃនេះ ជាតំណាងពេញលេញនៅអង្គការសហប្រជាជាតិ និងចេញទៅក្រៅប្រទេសជាមួយនឹងអង្គការផ្សេងៗ គឺចរចាជាប្រទេសកម្ពុជាតែមួយ។ មុំទី២ គឺសមាហរណកម្មនេះឯង។ មុំទី៣ គឺការជំរុញការអភិវឌ្ឍប្រ​ទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

(៤) ក្នុងមុំសមាហរណកម្ម គឺលុបបំបាត់ភាពឯកោរបស់កម្ពុជា ទាំងសេដ្ឋកិច្ចទាំងការទូត

(ចំពោះ)មុំទី២ គឺសមាហរណកម្ម សម្ដេចតេជោ លោកមានប្រសាសន៍ថា ជំហានដំបូងបំផុត (ទី១) គឺទៅយកកៅអីនៅអង្គការសហប្រជាជាតិមកតំណាងកម្ពុជាឱ្យបាន និងទី២ ចាប់ផ្ដើមសម្របសម្រួលខ្លួនយើងចូលជាមួយយន្តការអន្តរជាតិដើម្បីលុបបំបាត់ភាពឯកោរបស់កម្ពុជា ទាំងសេដ្ឋកិច្ច ទាំងការទូត។ នេះគឺជាចក្ខុវិស័យនិងនយោបាយច្បាស់លាស់តាំងពីដើមទី។ ហេតុនេះហើយ យើងបានក្លាយជាសមា​ជិក​អាស៊ាននៅឆ្នាំ១៩៩៩ ហើយបានចូលសមាជិក WTO ឆ្នាំ ២០០៤។ យើងបានចូល(ជាសមាជិកទាំង)នៅក្នុងយន្តការតំបន់ និងយន្តការពិភពលោកនេះ ហើយបានផ្ដល់ផលជាច្រើនដល់ប្រទេស។

(៥) សមាជិកជាង ១០០នាក់​ ពីគ្រប់ស្ថាប័នដែលបានទៅចរចា(ការចូលជា)សមាជិក WTO ទាញប្រយោជន៍ជូនប្រជាពលរដ្ឋ

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងពា​ណិជ្ជកម្ម ជាប្រធានក្រុមចរចាចូលជាសមាជិក WTO ដែលថ្ងៃនេះ លោកក៏បានអញ្ជើញចូលរួមផងដែរ។ ការចរចានេះ​មិនស្រួលទេ។ ចរចាវែងឆ្ងាយ និងលំបាក។ ប៉ុន្តែ យើងសំរេចបានជោគជ័យ។ សម្រេចភារកិច្ច។ ក៏ដូចជាឯកឧត្តម លោកជំទាវ ជាច្រើនរូប ដែលមានឯកឧត្តម សុខ ស៊ីផាណា (ជាដើម) ហើយអម្បាញ់មិញ លោកជំទាវ ចម និម្មល បានអាន list ឈ្មោះមួយចំនួន។ ខ្ញុំមិនអានតទេ ប៉ុន្តែដែលខ្ញុំដឹងថាមានជាង ១០០នាក់​ មកពីគ្រប់ស្ថាប័នដែលបានទៅចរចា(ការចូលជា)សមាជិក WTO ដើម្បីទាញផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ សំរាប់អង្គការនេះ មិនមែនឱ្យតែថាដាក់ពាក្យ ចេះតែចូលបានទេ។ យើងត្រូវបំពេញលក្ខខណ្ឌ ហើយជាពិសេសប្រទេសក្រីក្រ។ ប្រ​ទេសកម្ពុជា នៅពេលនោះ មានការពិបាកក្នុងការបំពេញលក្ខខណ្ឌ។ តែការប្ដេជ្ញាចិត្ត (តាម)យុទ្ធសាស្រ្តនយោ​បាយ(ដែលបាន)ដាក់ចេញ ជំហរនយោបាយ ឆន្ទៈនយោបាយ (ថា)ត្រូវ(តែ)ធ្វើ។ ជាបច្ចេកទេស យើងបានធ្វើ។

(៦) មិនមែនចូលWTO គ្រាន់តែបង្គ្រប់កិច្ចទេ តែគឺហ្មត់ចត់ទាញផលពិតប្រាកដ

សូមកោតសរសើរថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំដឹកនាំ ចូលរួមយ៉ាងសកម្មអនុវត្តយ៉ាងហ្មត់ចត់លើគោលការណ៍ ដើម្បីបំពេញលក្ខខណ្ឌជាសមាជិក WTO ពេញលេញ ហើយទាញ(យក)ផល។ មិនមែនយើងចូលWTO ត្រឹមតែបង្គ្រប់កិច្ច ហើយមិន(អើពើ)ទាញផលនោះទេ។ (បើប្រកាន់យកស្ថានភាព)ហ្នឹង គឺខាត។ មានន័យថា យកតែរូបភាព ប៉ុន្តែមិនបានទាញផលពិតប្រាកដ។ យើងបានទាញផលប្រយោជន៍ពីការចូលរួមនេះ ធ្វើឱ្យកម្ពុជារីកចម្រើន។ (ការរីកចំរើន)មិនមែនកើតដោយចៃដន្យទេ​ គឺ(អាស្រ័យដោយ)ការធ្វើការរួមគ្នា ការដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ របស់ស​ម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ មន្ត្រីយើងគ្រប់ថ្នាក់ដើម្បីផលប្រយោជន៍ជាតិរបស់យើង។ ក្នុងរយៈពេល ២០ឆ្នាំនេះ លទ្ធផលដែលទាញបាន (អាចបង្ហាញ)តាមរយៈការកែប្រែពីភាពឯកោ ទាំងការទូតនិងសេដ្ឋកិច្ច ទៅជាការសមាហរណកម្មជាមួយយន្តការពហុភាគី យន្តការតំបន់ ដែលបានធ្វើឱ្យកម្ពុជារីកចម្រើន។

(៧) លំហូរបច្ចេកវិទ្យានិងទំនិញ ជួយបង្កើតសមត្ថភាពធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​ និងបរិយាកាសវិនិយោគ

នៅក្នុងរបាយការណ៍ អម្បាញ់មិញនេះ​មានទិន្នន័យបង្ហាញឱ្យឃើញពីការនាំចេញ(បានរីកធំ)ពី ៤ពាន់លាន(ដុល្លារ) ទៅដល់ ៤៨ពាន់លាន(ដុល្លារ) ក៏ដូចជា(ការមាន)ពិពិធកម្មការនាំចេញ។ យើងបំពេញតម្រូវការក្នុងស្រុកបានច្រើន។ ការនាំចេញផលិតនៅកម្ពុជាជាច្រើន។ ខ្ញុំតែងនិយាយពីមុនថា នៅខាងក្រៅ(ប្រទេស) មិនឃើញមាន(ទំនិញមានវាយផ្លាកសំគាល់ថា) Made in Cambodia។ ឥឡូវយើងមាន(ទំនិញមានផ្លាកសំគាល់) Made in Cambodia (ជាច្រើនមុខ) មិនមែនមានត្រឹមតែខោអាវទេ។ ពី(ទសវត្ស)ឆ្នាំ ៩០ជាង យើងមានខោអាវ វាយនភ័ណ្ឌ។​ ឥឡូវយើងបានធ្វើពិពិធកម្មផលិតផល(នាំចេញទៅ)ក្រៅប្រទេស មានផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងអេឡិចត្រូនិច។ ក្រៅពីនោះ យើងទាញបាននូវការវិនិយោគ(មកផ្ទៃក្នុងប្រទេសផង)។ ការបើកពាណិជ្ជកម្មមានទាំងទៅទាំងមក។ អញ្ចឹង លំហូរនៃផលិតផលយើងចេញ(ទៅក្រៅ ក៏មាន)លំហូរផលិតផល(ពីក្រៅ)ចូល​មកបូកជាមួយបច្ចេកវិទ្យានិងទុនវិនិយោគ។ ក្នុង​ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ឥឡូវយើងឃើញមានរថយន្តជា​ច្រើន (ត្រូវបាន)តម្លើងក្នុងស្រុកខ្មែរ … មានក្រុម​ហ៊ុនមួយចំនួនផលិតនៅទីនេះ រួមទាំងគ្រឿងបង្គុំអគ្គសនីផ្សេងៗផង។ បច្ចេកវិទ្យានិងលំហូរ(ទំនិញ)នេះហើយ ដែលធ្វើឱ្យយើងអាចបង្កើតសមត្ថភាពធនធានមនុស្ស សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ​ សមត្ថភាពបរិយាកាសវិនិយោគរបស់យើង។

(៨) ទីផ្សារតូច ធ្វើអោយមូលដ្ឋានផលិតកម្មមិនរីកចំរើន

​ធ្លាប់មានអ្នកសួរថា បើខ្មែរយើងក្រ តើយើងទៅចូលWTO ធ្វើអី? ប្រកួតម៉េចឈ្នះគេ​។ បិទទ្វារការពារខ្លួនសិនទៅ។ ឱ្យខ្លាំងសិនចាំយើងបើកទ្វារ។ ហេតុអីយើងមិនពង្រឹងខ្លួនឯងសិនចាំទៅលេងជាមួយគេអ្នកខ្លាំង? ខ្ញុំថា ការហ្នឹងដូចហាត់ក្បាច់គុណក្នុងផ្ទះអញ្ចឹង។ យើងហាត់ស្អាត ឡូយណាស់។ ថតវីដេអូមកសម្ដែងស្អាតណាស់ ប៉ុន្តែអត់ធ្លាប់ចេញទៅប្រកួតជាមួយគេ តើបានបទពិសោធន៍ឯណា។ តើយើងពង្រឹងខ្លួនឯងទៀតប៉ុណ្ណា បើយើងនៅតែខ្លាចទៅប្រកួត ខ្លាចគេវាយត្រូវ។ នេះគឺជាចក្ខុវិស័យដើម្បីសមាហរណកម្ម។ គឺយើងពង្រឹងខ្លួនយើង។ បើយើងបិទទ្វារ (ជាការងាយ)ស្រួល ប៉ុន្តែមិនប្រាកដថាស្រួលពេកទេ។ ទីមួយ៖ ទីផ្សារយើងតូច​។ លោកឧកញ៉ា ម៉ុង រិទ្ធី នៅទីនេះ។ ខាងកសិ​កម្ម បើសិនជាយើងមិនបើកពាណិជ្ជខាងក្រៅ តើយើងប្រើផលិតផលអង្ករ ស្រូវមួយឆ្នាំ ១០​(លាន)តោនទៅ ១២លានតោនអស់ទេ នៅក្នុង(ស្រុក)? សល់យកទៅណា? បើសិនជាអត់ទីផ្សារ ប្រហែលជាយើងមិនអភិវឌ្ឍការដាំដុះរហូតដល់ប៉ុណ្ណឹងទេ។ ប្រហែលជាយើងនៅដាំដុះតែមួយរស់ៗ។ (ដែលយើងដាំដុះបានច្រើន ក៏)ដោយសារមានទីផ្សារនេះឯង។ បើយើងមិនបើក ម៉ោងថ្មើរនេះ (មិនទាន់មាន)បច្ចេកវិជ្ជា(ជឿនលឿនទេ)។ ប្រហែលជាយើងនៅប្រើគោនៅឡើយទេ។ បើយើងធ្វើគ្រឿងយន្តខ្លួនឯងមិនបាន យើងមិនអាចនាំចូលមកកើត។ អញ្ចឹង ពាណិជ្ជកម្មនេះ គឺជួយឱ្យមានឱកាស។

(៩) មិនអាចបើកទ្វារសំរាប់តែអ្វីដែលខ្លួនខ្លាំង និងបិទទ្វារសំរាប់អ្វីដែលខ្លួនខ្សោយបានទេ

ទី២៖ ទ្វារគឺសម្រាប់ចេញនិងចូល។ យើងមិនអាចបិទទ្វារ(ក្នុងការគិតថា)មុខណា ដែលខ្ញុំខ្លាំង ខ្ញុំបើកទ្វារចេញទៅធ្វើការជាមួយគេ តែមុខណាខ្ញុំខ្សោយ ខ្ញុំបិទទ្វារមិនឱ្យគេចូលបានទេ។ ប្រ​ទេសគេក៏ដូចគ្នាដែរ … មានតែហ៊ានលេងនៅក្នុងទីលានមួយដែលស្មើភាពគ្នា ដោយបើកចំហរ។ ពេលដែលយើងចូល WTO ​នេះ … (គឺ)ពាណិជ្ជកម្មសេរី (ដែល)យើងនាំទៅគេ គេមិនដាក់ពន្ធ … គេនាំចូលមក ក៏មិនដាក់(ពន្ធដូចគ្នា)។ ស្មើគ្នាទៅវិញទៅមក លើកិច្ចការមួយចំនួន។ ពិតណាស់ យើងមានផលិតផល។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ច យើងមាន MFN … ប៉ុន្តែលក្ខខណ្ឌនេះ វាសឹងតែនៅក្នុងក្រប​ខណ្ឌមួយដែលថាមិនអាច​លេងទេ។ បើយើងបិទច្រកបែបនេះ យើងមិនទទួលលក្ខខណ្ឌបែបនេះ គេក៏មិនទទួលរបស់យើងដែរ។ ការធ្វើពាណិជ្ជកម្មគឺទ្វារ ដែល(បើកឬបិទ)ទាំងសង​ខាងនេះហើយ។ ចាំបាច់ យើងត្រូវបើកទ្វារ និងសម្របសម្រួលខ្លួន។ យើងកុំគិតថាខ្លាចការប្រកួត ដើម្បី(ចាំអោយ)រឹងមាំ។ ពិតណាស់ ការប៉ះទង្គិចរយៈពេលខ្លីប្រាកដជាមាន ប៉ុន្តែបើយើងមិនហ៊ាន យើងមិនអាចពង្រឹងខ្លួនឯងទេ។ ​ដូចខ្ញុំបាននិយាយបើហាត់ក្បាច់គុណ នៅក្នុងផ្ទះសម្ដែងបាន (តែចេញទៅក្រៅ)អត់ដឹងថាយ៉ាងម៉េចទេ។

(១០) មិនគ្រាន់តែបើកទីផ្សារឱ្យធំទេ ប៉ុន្តែត្រូវបង្កើនស្តង់ដារផលិតផលនាំចេញទៅប្រទេសមានស្តង់ដារខ្ពស់

កាលពីនៅកងទ័ព កម្លាំងដែលហ្វឹកហ្វឺន ពេលដែលហាត់ខ្លួនឯងគាត់ធ្វើបានស្អាត។ ដល់ថ្ងៃទៅសមយុទ្ធ កម្លាំងដែលធ្វើជាខ្មាំងបាញ់គ្រាប់ជ័រមក គាត់បាត់អារម្មណ៍អស់រលីង។ រត់បែកអស់រលីង គ្រាន់តែគ្រាប់ជ័រមួយប៉ះ។ ខ្លាចត្រូវមុខឈាមខ្លាចអី។ ប៉ុន្តែដល់សមយូរៗ ទៅ គាត់លែងខ្លាច។ បានន័យថា ប្រកួតទាល់តែសមអញ្ចឹង។ ធ្វើជាក់ស្ដែង។ ការប្រកួតប្រជែងពង្រឹងខ្លួនឯងនៅក្នុងសមរភូមិពាណិជ្ជកម្មក៏ដូចគ្នា គឺត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង …ការដាក់ទិសដៅរបស់យើងបើកទីផ្សារនេះ មិនមែនគ្រាន់តែបើកទីផ្សារធំទេ ប៉ុន្តែត្រូវបង្កើនស្តង់ដារ ព្រោះយើងនាំផលិតផលយើងចេញទៅតាមប្រទេសដែលមានស្តង់ដារខ្ពស់ ទាមទារឱ្យយើងមានសមត្ថភាព អ្នកផលិតក្នុងស្រុកត្រូវមានស្តង់ដារ។ អញ្ចឹង យើងខំពង្រឹងការប្រើប្រាស់ទាំងបច្ចេកវិទ្យា ទាំងស្តង់ដារផ្សេងៗ … នេះហើយដែលខ្លួនយើងកាន់តែរឹងមាំ ធ្វើឱ្យសមត្ថភាពប្រជាជន វិស័យឯកជន និងរដ្ឋ កាន់តែរឹងមាំ។ ក្នុងរដ្ឋក៏ត្រូវពង្រឹង។ កាលមុនយើង(ធ្វើ)សេដ្ឋកិច្ចបែបផែនការ រហូតទៅដល់ឆ្នាំ ៩០ជាង ទើបយើងចាប់ផ្តើមបើក(ចំហរ)។ ពេលដែលយើងចូលទៅដល់ WTO ការងារមួយចំនួនត្រូវពង្រឹងផ្នែកនិយ័តកម្ម/ច្បាប់ ដើម្បីឱ្យស្របជាមួយអន្តរជាតិ។ អញ្ចឹងការពង្រឹងខ្លួនឯងនេះ បានផលទាំងរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋ ដើម្បីយើងធ្វើសមាហរណកម្មខ្លួនពេញលេញ។ ការរីកចម្រើននេះជាលទ្ធផលដែលយើងទទួលបាន។

(១១) បន្តនិងពង្រឹងគោលនយោបាយអព្យាក្រឹត្យ ផ្អែកលើច្បាប់ ឯករាជ្យភាព ផលប្រយោជន៍ជាតិ សហការជាមួយគ្រប់បណ្តាប្រទេស និងធ្វើសមាហរណកម្មក្នុងអង្គការពិភពលោកបន្តទៀត

ខ្ញុំឃើញរបាយការណ៍មួយពី​ Lowy Institute របស់អូស្ត្រាលី ដែលវាយតម្លៃពីអំណាច/Power របស់បណ្តាប្រ​ទេសនៅក្នុងអាស៊ាន។ កម្ពុជាដូចជាបានលេខ ១៩។ Lowy Institute ធ្វើការវាយតម្លៃផ្អែកទៅលើសូចនាករប៉ុន្មានឯណោះ។ បើសិនជាយើងបិទទ្វារ យើងអត់មានលទ្ធភាពក្នុងការប្រៀបធៀប ឬមួយប្រទាក់ក្រឡាគ្នាបែបនេះទេ ទាំងវិស័យអប់រំ ឬគ្រប់វិស័យទាំងអស់។ នេះហើយជាលទ្ធផលនៃចក្ខុវិស័យ(ដែលបានដាក់ចេញ)។ ពិតណាស់ យើងមិនអាចធ្វើក្នុងមួយថ្ងៃ។ យើងធ្វើក្នុងរយៈពេល ២០ឆ្នាំ បានលទ្ធផលប៉ុណ្ណេះ។ យើងបន្តទៅមុខទៀត។ ដូចលោកជំទាវ ចម និមល បានដាក់។ មានអ្នកសួរខ្ញុំថា តើរដ្ឋាភិបាលអាណត្តិថ្មីនេះ មានគោលនយោបាយខុស​ពីមុនយ៉ាងម៉េច? មានអីដែលធ្វើទៅ ដូចកាំជ្រួចផ្ទុះប៉ឹង។ ខ្ញុំថា ការផ្ទុះប៉ឹងហ្នឹងហើយដែលពិបាកនោះ។ យើងប្តូររដ្ឋាភិបាលច្រើនហើយ។ ផ្ទុះប៉ឹងហ្នឹងហើយដែលថាប្តូរពីមួយជំនាន់ទៅមួយជំនាន់ ប្តូរពីរបបមួយទៅរបបមួយ។ អ្វីដែលយើងផ្ទុះគឺលទ្ធផលត្រូវធ្វើអីបន្ថែម។ អ្វីដែលត្រូវធានាភាពរឹងមាំគឺនិរន្តរភាព ស្ថិរភាព និងចីរភាព នៃគោលនយោបាយដែលត្រឹមត្រូវ។ មិនអាចថារដ្ឋាភិបាលថ្មីឡើងមកប្តូរគោលនយោបាយសមាហរណកម្មទេ។ យើងមិនអាចផ្តាច់ខ្លួនចេញពីប្លុកនេះទៅចូលប្លុកនោះទេ។ យើងត្រូវបន្តនិងពង្រឹងគោលនយោបាយអព្យាក្រឹត្យផ្អែកលើច្បាប់ឯករាជ្យភាព ផលប្រយោជន៍ជាតិ សហការជាមួយគ្រប់បណ្តាប្រទេស និងធ្វើសមាហរណកម្មនៅក្នុងអង្គការពិភពលោកបន្តទៅទៀត។

(១២) កម្ពុជាសំរេចលើសពីលក្ខខណ្ឌ៣ ត្រូវបំពេញ ដើម្បីចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍតិចតួចឆ្នាំ ២០២៩

វាត្រូវការពេលវេលា និងថែសមិទ្ធផលវិជ្ជមានដែលមានពីមុនមក។ យើងបន្តទៅទៀត។ វិធីសាស្ត្រធ្វើ អាចខុសគ្នាបន្តិច ប៉ុន្តែទិសដៅតែមួយ។ វិធីសាស្ត្រធ្វើក្នុងការពង្រីកសមាហរណកម្ម (អាចនឹងខុសគ្នា) ព្រោះស្ថានភាពពិភពលោកក៏ប្រែប្រួល ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក៏កាន់តែស្រួច​ស្រាល រាលទៅដល់ការប្រកួតប្រជែងខាងពាណិជ្ជកម្មអីផ្សេងៗ។ អញ្ចឹង ទាមទារឱ្យយើងពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់ថាតើយើងចូលទៅកន្លែងណា ទាញកន្លែងណា។ តែទិសដៅគោលនយោបាយគឺនៅតែពង្រីកសមាហរណកម្មយើងបន្ថែមទៀត។ការ​ងារនេះសំខាន់ … ដោយសារកម្ពុជាបានដាក់ទិសដៅ ហើយ … គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិបានវាយតម្លៃឱ្យកម្ពុជាឆ្លងការត្រួតពិនិត្យ … ដើម្បីឱ្យអាចចាកចេញពីប្រទេសអភិវឌ្ឍតិចតួច LDC នៅឆ្នាំ ២០២៩ ដោយសារយើងបានបំពេញលក្ខខណ្ឌ ហើយមិនមែនត្រូវតែបំពេញលក្ខខណ្ឌ ៣ដែលគេឱ្យនោះទេ។ យើង(សំរេច)បានខ្ពស់លើសហ្នឹងទៅទៀត។

(១៣) បន្តពឹងគេ បាត់ភាពព្យាយាម, មិនប្រឈមការលំបាក មិនរីកចំរើន

បានន័យថាយើងមានត្រៀមលក្ខណៈហើយ។ ប៉ុន្តែពេលចេញពីប្រទេសអភិវឌ្ឍតិចតួច យើងនឹងត្រូវប្រឈមអី? យើងនឹងត្រូវបាត់បង់គោលការណ៍អនុគ្រោះមួយចំនួន។ យើងត្រូវការអនុគ្រោះដូចជាខាងពាណិជ្ជកម្មមួយចំនួន ខាងហិរញ្ញវត្ថុ ខាងអីហ្នឹង។ គេថាឥឡូវអ្នកឯងមានហើយ លុយខ្ចី(ត្រូវយកការប្រាក់)រាងខ្ពស់បន្តិច។ អញ្ចឹង សំណួរសួរទៀតថា បើលំបាកអញ្ចឹងចេញធ្វើអី? យើងត្រូវសម្ងំធ្វើប្រទេសក្រីក្រទៅ គេឱ្យធូរ។ សួរថា តើយើងនៅក្រមួយជីវិត ឬយ៉ាងម៉េច? តើយើងនៅរំពឹងគេបន្តក់ឱ្យរហូតតាមការអនុគ្រោះ ឬត្រូវពឹងខ្លួនឯង? ចម្លើយគឺចៀសមិនផុតពីជម្រើសទី២ ទេ។ យើងគ្មានជ​ម្រើសអីក្រៅពីពង្រឹងឯករាជ្យភាព ភាពម្ចាស់ការ តាមរយៈការចាកចេញពីស្ថានភាពជា LDC ដើម្បីពង្រឹងខ្លួនឯងបន្ថែមទៀតទេ។ អ្នកខ្លះថា យើងឆ្លាតបន្តិចទៅ មិនបាច់ខំ។ ការពឹង(គេ)នេះ មិនប្រាកដទេ។ វាធ្វើឱ្យយើងបាត់ភាពព្យាយាម។ យើងមិនប្រឈមការលំបាក យើងនៅតែប៉ុណ្ណឹង។ ទីផ្សាររបស់យើង កម្រិតជីវភាពរបស់យើងគឺកំណត់នៅតែប៉ុណ្ណឹង។

(១៤) ធ្វើឱ្យប្រទេសមានជីវភាពខ្ពស់ មិនសំដៅលើរដ្ឋ​មានទេ តែគឺចំណូលប្រជាជនម្នាក់ៗ ខ្ពស់

ការជំរុញប្រទេសរបស់យើងឱ្យ(មានជីវភាព)កាន់តែខ្ពស់ ដូចដែលយើងដាក់ទិសដៅកន្លងទៅ ហើយយើងនៅបន្តដាក់ទិសដៅឱ្យប្រទេសយើងក្លាយទៅជាប្រទេសអ្នកមានឆ្នាំ ២០៥០ មានអ្នកខ្លះថា យើងអួត ហើយនឹងធ្វើមិនបាន។ ឥឡូវ បងប្អូនមានទស្សនៈយ៉ាងម៉េចក៏ថាទៅ ប៉ុន្តែវាគ្មានអីក្រៅពីការទិសដៅខ្ពស់ មានសេចក្តីសង្ឃឹមខ្ពស់ ដើម្បីយើងលើកកំពស់ការព្យាយាម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រឿងធ្វើឱ្យប្រទេសមានជីវភាពមធ្យម ជីវភាពអ្នកមាន មិនមែនសំដៅទៅលើរដ្ឋ​មានទេ សំដៅទៅលើ GDP per capita បានន័យថាចំណូលរបស់ប្រជាជនម្នាក់ៗខ្ពស់។ តើមានអីខុស ដែលរាជរដ្ឋាភិបាលត្រូវដាក់ទិសដៅដើម្បីជំរុញជីវភាពប្រជាជនម្នាក់ៗឱ្យខ្ពស់។ នេះជាគោលដៅដែលយើងត្រូវធ្វើ។ ដឹងថាហត់ ដឹងថាលំបាក ប៉ុន្តែបើយើងមិនដាក់ទិសដៅ មិនដាក់គោលដៅ មិនដាក់ផែនការ រៀបចំផែនទីបង្ហាញផ្លូវ ផែនការសកម្មភាព ដឹងតែអត់ហើយ។ ដាក់ទិសដៅកាន់តែខ្ពស់ ដើម្បីប្រជាពលរដ្ឋមានចំណូលកាន់តែខ្ពស់។ នេះជាគឺជាមូលហេតុនៃការរៀបចំផែនទីបង្ហាញផ្លូវ ផែនការសកម្មភាព។ ដឹងថាមិនទាន់មានហើយ ប៉ុន្តែដាក់ទិសដៅកាន់តែខ្ពស់ ដើម្បីយើងលោតខ្ពស់។ យើងលោតកាន់តែខ្ពស់ ដើម្បីប្រជាពលរដ្ឋរបស់យើង។ នេះគឺជាមូលហេតុនៃការដាក់ទិសដៅខ្ពស់ គឺការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

[ចប់សេចក្តីអធិប្បាយ១]

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ទោះជាយ៉ាងណាខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះផលវិបាកនិងការប្រឈម។ ហើយរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះក៏បានដាក់ចេញនូវបន្ទាត់យុទ្ធសាស្ត្រ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីជំរុញការអភិវឌ្ឍនេះឲ្យបានជោគជ័យ។ នៅក្នុងនោះ ខ្ញុំសូមគូសរំលេចនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖ ទី១ ការជំរុញការវិវត្តន៍វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និងអង្ករ តួយ៉ាងជាផលិតផលធ្វើដំណើរគ្រឿងអេឡិចត្រូនិច បន្ទះសូឡា កង់ និងផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ គ្រាប់ស្វាយចន្ទី ចេក និងស្វាយ។ បន្ថែមលើនេះរាជរដ្ឋាភិបាលក៏ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងផងដែរ។ ដើមម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុងស្រុក និងជំរុញការចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ផល​ប្រយោជន៍និងកសិករ និងវិនិយោគ ដែលឥឡូវយើងកំពុងតែធ្វើកិច្ចការមួយចំនួន ដើម្បីរៀបចំបើកច្រកដូចជានៅខាងហាឡា នៅខាងប្រទេសឥស្លាម ប្រទេសមូស្លីម ដើម្បីយើងមើលពិពិធកម្មផលិតផលយើងបន្ថែមទៀត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

(១៥) ចរចា និងតាមដានការអនុវត្ត ជាគន្លឹះសំខាន់សំរេចបានជោគជ័យ

ក្នុងមួយឆ្នាំនេះ លោកជំទាវរដ្ឋមន្ត្រី ជាមួយនឹងមន្ត្រីក្រសួងយើង ធ្វើការបានច្រើនក្នុងការភ្ជាប់ទំនាក់ទំនង និងចរ​ចា សូម្បីតែទៅប្រជុំអាស៊ាននេះគឺឆ្លៀតចរចានាំអង្ករ នាំស្រូវ ជាមួយហ្វីលីពីន … ការងារលឿន។ ឯកឧត្តម ចម ប្រសិទ្ធិ! លោកជំទាវគាត់ធ្វើការងារលឿន មិនថាតែនិយាយគាត់លឿនទេ។ ក្នុងគណៈរដ្ឋមន្ត្រីគឺមានលោកជំទាវដែលជារដ្ឋមន្ត្រីដែលរាយការណ៍លឿនជាងគេ ទាំងល្បឿន ទាំងការនិយាយ ប៉ុន្តែការងារដែលធ្វើក៏ច្រើន … ការចរចាម្តងៗ មិនមែនស្រួលទេ។ ចរចាហើយ មិនមែនត្រឹមតែបានចរចាឯកភាពគ្នា គឺទៅ follow up ទៅតាមដានដើម្បីអនុវត្ត។ មិនមែនស៊ីញ៉េថា ៥០ ម៉ឺនតោន ហើយថា ៥០ ម៉ឺនតោន(ទេ) ត្រូវតែតាមដានការអនុវត្ត។ នេះគឺជាគន្លឹះនៃជោគជ័យ។ មិនមែនយក(តែតួលេខ)លើក្រដាសទេ គឺតាមដានចរចារហូត។ ជួនកាលប្រទេសមួយគាត់បើកឲ្យយើងនាំផលិតផលប៉ុណ្ណេះ នេះជាគោលការណ៍គោលនយោបាយ ប៉ុន្តែចង់នាំចេញត្រូវតែធ្វើការផ្ទាល់ រក​ម៉ូយទាក់ទងអីដើម្បីរុញផ្ទាល់។ បំពេញលក្ខខណ្ឌយ៉ាងណាដោះស្រាយទាល់តែបាន។ នេះគឺជាគន្លឹះសំខាន់ដែលយើងសំរេចបានជោគជ័យប៉ុណ្ណេះ។ បានន័យថា (នេះ)មិនមែនត្រឹមតែ(ជាការប្រឹងប្រែងក្នុង)ក្របខណ្ឌនយោ​បាយ ចរចាគ្នានោះទេ ប៉ុន្តែ(ជាការខិតខំ)ទាំងថ្នាក់ប្រតិបត្តិ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធទាំងអស់ ព្រោះស្តង់ដារវាត្រូវការពាក់ព័ន្ធ។ មិនមែនពាណិជ្ជកម្មគ្រាន់តែអ្នកលក់/ទីផ្សារ ប៉ុន្តែអ្នកផលិតផ្សេង ប្រាប់គេថាផលិតផលខ្ញុំ grad A ដល់ទៅផលិត grad B មានអ្នកណាទុកចិត្ត។ ខូចមុខបាត់។

(១៦) ការបើកច្រកទីផ្សារជាការលំបាក ឯការរក្សាច្រកគឺកាន់តែលំបាកជាងទៀត

អញ្ចឹង ការដែលយើងអាចនាំចេញច្រើនជាពិសេសផលិតផលកសិកម្ម ដែលធានាស្តង់ដារអាចនាំចូល(ទៅប្រទេសក្រៅបាន) ជាការទទួលខុសត្រូវ ព្រោះនេះរសើបណាស់។ ប្រទេសជាច្រើន ជាពិសេសប្រទេសអឺរ៉ុប មានលក្ខខណ្ឌខ្ពស់ អញ្ចឹងទាមទារឲ្យយើងតាមដានត្រួតពិនិត្យជាប្រចាំ និងគុណភាពផលិតផល។ ការបើកច្រកជាការលំបាកហើយ ប៉ុន្តែរក្សាច្រកនេះគឺលំបាកខ្លាំងណាស់ ហើយពាណិជ្ជកម្មមិនខុសពីការលក់ដូរផលិតផលត្រូវតែឲ្យអតិថិជនជឿទុកចិត្តរហូត បើមិនចឹងតែខូច credit ហើយពិបាកហើយ … ខ្ញុំសូមអរគុណវិស័យឯកជនរបស់កម្ពុជា ដែលបានខិតខំធ្វើកន្លងទៅនេះ។ រដ្ឋអត់ផលិតទេ គឺមានតែវិស័យឯកជនទេ(ដែលផលិត)។ រដ្ឋបានត្រឹមតែបើកច្រកថ្នាក់នយោបាយ ថ្នាក់ក្រ​សួង បានត្រឹមតែទៅចរចារកទីផ្សារ ភ្ជាប់ទំនាក់ទំនងទេ ឯអ្នកផលិតជាក់ស្តែងគឺវិស័យឯកជន និងប្រជាកសិករ។ ឧទាហរណ៍ ក្នុងវិស័យឧស្សាហកម្មគឺរោងចក្រសហគ្រាសជាអ្នកផលិត។

(១៧) ពិភពលោកកាន់តែប្រកួតប្រជែង ទាមទារការសម្របសម្រួល ធ្វើទំនើបកម្មលក្ខខណ្ឌវិនិយោគខាងក្នុង បង្កើនការប្រើប្រាស់បច្ចេកវិទ្យា កាត់បន្ថយតម្លៃនិងភាពស្មុគស្មាញ

នេះគឺជាការលំបាក បើថាវាយដណ្តើមខ្សែក្រវ៉ាត់ គឺល្អ តែថែរក្សាខ្សែក្រវ៉ាត់គឺលំបាក។ ការប្រកួតប្រជែងលើពិភពលោកកាន់តែស្រួចស្រាល អញ្ចឹងទាមទារឲ្យយើងសម្របសម្រួលខ្លួន ហើយទំនើបកម្មខ្លួនជានិច្ច ទាំងលក្ខខណ្ឌវិនិយោគនៅខាងក្នុង ដែលក្នុងមួយឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព​ន្ធដារ គយ ស្ថាប័នយើងច្រើនខិតខំនៅក្នុងការពង្រឹងសម្រួចខ្លួនកំណែទម្រង់បទដ្ឋានការងារផ្ទៃក្នុងឲ្យកាន់តែងាយស្រួល។ បង្កើននូវការប្រើប្រាស់បច្ចេកវិទ្យាច្រើន ដើម្បីកាត់បន្ថយតម្លៃនិងភាពស្មុគស្មាញ ព្រោះទាំងអស់ប្រទាក់ក្រឡាគ្នា។ បើយើងបើកតែទីផ្សារ ហើយអ្នកផលិតអត់ដើរក៏ពិ​បាក។ បើអ្នកផលិតអត់ដើរ មើលវិស័យឯកជនលំបាកយ៉ាងម៉េច? កសិករយ៉ាងម៉េច? អ្នកផលិតនៅតាមរោងចក្រយ៉ាងម៉េច។ ដែលយើងខិតខំដោះស្រាយជាបន្តបន្ទាប់ មិនអាចដោះមួយថ្ងៃចប់ ហើយជួនកាលមានរឿងថ្មីៗ ដោយ​សារការវិវត្តន៍ប្រែប្រួល។ សូម្បីតែការនាំចេញ ពេលខ្លះនាំទៅប្រទេសមួយស្រាប់តែឆ្នាំហ្នឹង រដ្ឋាភិបាលថ្មីចូល(កាន់តំណែង) ដាក់លក្ខខណ្ឌថ្មី។ សភាថាឥឡូវលែងយកអញ្ចឹងហើយ។ ដាក់លក្ខខណ្ឌតឹងជាងហ្នឹងទៀត។ ដូចរឿង​នាំផលិតផលទៅអឺរ៉ុប កន្លងទៅដូចមាន safeguard measure ដែលពាក់ព័ន្ធនឹងការនាំចេញ។ ថ្ងៃមុនដូចជាអ៊ីតាលីគាត់សុំឲ្យអនុវត្ត automatic តែម្ដង។ អញ្ចឹង យើងត្រូវប្រឈមនឹងការងារបន្ថែមទៀត។ ប៉ុន្ដែវាជាអ្វីដែលយើងមិនអាចគេច(ផុត)ទេ។ យើងត្រូវតែពង្រឹងខ្លួនយើង។ មិនអាចសុំគេអនុគ្រោះទេ។ មានតែពង្រឹងខ្លួន … ដើម្បី(ខ្លួនយើង)កាន់តែខ្លាំង …។

[ចប់សេចក្ដីអធិប្បាយ ២]

ទី២ គឺការអនុវត្ដអភិក្រម ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។រាជរដ្ឋាភិបាលបានបន្ដលើកកម្ពស់ការអនុវត្ដ និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដែលមានស្រាប់ ដូចជាកិច្ច​ព្រមព្រៀងសេរីកម្ពុជា ចិន កម្ពុជា សាធារណៈរដ្ឋកូរ៉េ កម្ពុជា អេមីរ៉ាត អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ រាជរដ្ឋាភិបាលបានកំណត់នូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញ ឬដៃគូ​ពាណិជ្ជកម្មសក្ដានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារ​ឲ្យមានលក្ខណៈរឹតតែទូលំទូលាយ។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ៣]

(១៨) មិនចូលរួមយន្ដការដែលមានចរិកនយោបាយ បង្កើតដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្លុកណាមួយ

សូមបញ្ជាក់ឡើងវិញ រាជរដ្ឋាភិបាលនៅបន្ដគោលនយោបាយធ្វើសមាហរណកម្ម។ ពេលដែល​យើងរីក យើងត្រៀមលក្ខណៈចាកចេញពី(ស្ថានភាពជា)ប្រទេសក្រីក្រ។ ចាំបាច់យើងត្រូវពង្រឹងខ្លួនទាំងផ្ទៃក្នុង​ បូកជាមួយការធ្វើពិពិធកម្មផ្សារនៅខាងក្រៅឲ្យកាន់តែច្រើន ក្នុងនោះក៏មានការចូលរួមតាមយន្ដការតំបន់និង​សកលផ្សេងៗ។កិច្ចការងារនេះ ខ្ញុំបានណែនាំជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្នុងក្របខណ្ឌគណកម្មាធិការគោលនយោបាយ។ ឯកឧត្តម សុក ស៊ីផាណា ថ្ងៃមុនក៏បានលើកយោបល់ពីយន្ដការមួយចំនួន ដើម្បីយើងពិនិត្យលទ្ធភាពចូលរួម។ ខ្ញុំសូមបញ្ជាក់ថា ឥលូវនេះមានយន្ដការច្រើន ដែលបង្កើតនៅក្នុងតំបន់​ ជាពិសេសយន្ដការខ្លះមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្ដែ​មានចរិកលក្ខណៈជានយោបាយ សន្ដិសុខ ដែលអាចប៉ះពាល់ទៅដល់នយោបាយអព្យាក្រឹតរបស់យើង។

សូមបញ្ជាក់ឲ្យបានច្បាស់ថា កម្ពុជាមិនចូលរួមជាមួយយន្ដការណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្លុកណាមួយនោះទេ។ នេះជាគោលនយោបាយកម្ពុជាកាលពីមុន ហើយយើងនៅបន្ដ។ យើងចូលជាមួយប្លុក (ឬ)យន្ដការ ដែលមានទិសដៅរួមក្នុងការថែរក្សាសុខដុមនីយកម្ម សុខសន្ដិភាព វិបុលភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្ដការដែលថែរក្សាសន្ដិភាពនៅក្នុងតំបន់។ កម្ពុជាត្រូវការសន្ដិភាព។ សន្ដិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឲ្យបាន ប៉ុន្ដែសន្ដិភាពក្នុងតំបន់ក៏ចាំបាច់ដែរ ព្រោះវាពាក់ព័ន្ធនឹងយើង។ គ្រាន់តែគេវាយគ្នានៅអ៊ុយក្រែន ថ្លៃអង្ករ ថ្លៃស្រូវ ថ្លៃប្រេងឡើង។ គ្រាន់តែគេ​វាយ​គ្នានៅមជ្ឈឹមបូព៌ា កប៉ាល់ដឹកទំនិញកាត់សមុទ្រក្រហមមិនបាន (ការដឹក)ត្រូវបន្ថែមប៉ុន្មាន(ជាង)១០ថ្ងៃ ហើយតំលៃផលិតផលរបស់យើងត្រូវតំឡើងថ្លៃដឹកទៅអឺរ៉ុបទៅអី ត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេង។ យើងមានការលំបាក។

ប្រសិនបើក្នុងតំបន់មានបញ្ហា តើទៅជាយ៉ាងណា? ហើយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋយើងតែម្ដង។ អញ្ចឹង សំរាប់កម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិមួយ ហើយក៏ជាសមាជិករបស់អាស៊ាន យើងចូលរួមយន្ដការណាដែលបានផ្ដល់ផលប្រយោជន៍ក្នុងការថែរក្សា(សន្ដិភាព) មិនបង្កើតឡើងដើម្បីប្រឆាំងប្រទេសណាឬ ប្លុកណា មិនប្រកួតប្រជែង ប៉ុន្ដែជាសមាហរណកម្មដើម្បីបំពេញឲ្យគ្នា ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ថែរក្សាសន្ដិភាព ស្ថិរភាព។ យើងនៅបន្ដស្វែងរកយន្ដការនេះ ដើម្បីយើងពង្រីកខ្លួន ពង្រីកលទ្ធភាពនៅគ្រប់វិស័យ ដើម្បីប្រទាក់ក្រឡាជាមួយគ្នា។ យើងបន្ដធ្វើជាប្រចាំ។ ក្រសួងស្ថាប័នពាក់ព័ន្ធដូចគ្នានៅបន្ដធ្វើ ក្នុងកិច្ចការនេះ។ នេះមិនមែនតែយន្ដការពាណិជ្ជកម្មទេ។ ទោះបីយន្ដការសន្ដិសុខ ការពារជាតិក៏ដោយអីក៏ដោយ ដែលមានលក្ខណៈការ​ពារសន្ដិភាព ស្ថិរភាពតំបន់ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនអី យើងយល់ព្រម។ បើបង្កើតឡើងដើម្បីប្រ​ឆាំងជាមួយអ្នកនេះអ្នកនោះ យើងមិនចូលរួមដាច់ខាត។ នេះជាគោលនយោបាយរបស់កម្ពុជា។ យើងនៅបន្ដជាសមាជិកមួយនៃ​អង្គការសហប្រជាជាតិ ក៏ដូចជាអាស៊ានដែលជាក្រុមសកម្មមួយថែរក្សាសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ដែលមានផលប្រយោជន៍រួម។

[ចប់សេចក្ដីអធិប្បាយ ៣]

ទី៣ គឺការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងឧស្សាហកម្ម ដែលមានតំលៃបន្ថែមខ្ពស់ និងបៃតង។ទន្ទឹម​នឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសមីក្រូធុនតូច និងមធ្យមក្នុងស្រុកតាមរយៈការពង្រឹងឧស្សាហកម្មប្រតិគមន៍ និងការលើកកម្ពស់លទ្ធភាពដែលទទួលបានការផ្ទេរបច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍ។រាជរដ្ឋាភិបាលក៏នឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ជាក់ស្ដែងរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែពហុបំណងកំពត និងចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ ដែលនឹងកាត់បន្ថយនូវរយៈពេល ចំងាយ តំលៃ នៃការដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម និងមណ្ឌល​ភស្ដុភារកម្ម និងអភិវឌ្ឍផែរណបថ្មី ជាច្រើន។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ៤]

(១៩) ចរចាបញ្ចប់ MOU ផ្លូវដែកជើងត្បូងត្រឹមដាច់ឆ្នាំ​២០២៤ និងពិនិត្យលទ្ធភាពភ្ជាប់ផ្លូវដែកទៅទិសខាងកើត

យើងរៀបចំផែនការ និងកំពុងចរចាបន្ថែមលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធ highway ហើយក្រៅពីនោះគឺប្រព័ន្ធផ្លូវដែក។ ឥលូវយើងមានផ្លូវដែកមួយចំហៀង ពីជើងទៅត្បូងដែលត្រូវចរចា។ ខ្ញុំបានឲ្យគោលការណ៍ទៅក្រ​សួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ឱ្យចរចាគ្នាដើម្បីសំរេចឲ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ​ ព្រោះយើងគាំងរាប់សិបឆ្នាំមកហើយ។ យើងមិនអាចទុកតទៅទៀតទេ។ ទៅថ្ងៃមុខ យើងអាចពិនិត្យលទ្ធភាពភ្ជាប់ផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ។ អំពីផ្លូវទឹក បន្តិចទៀត ព្រែកជីកនឹងបន្តភ្ជាប់ពីសមុទ្រមកផ្លូវទន្លេ។ ឥឡូវកំពុងរកអ្នកស្តារទន្លេ ជាពិសេសនៅខាងលើ។ វិស័យឯកជន អ្នកណាចាប់អារម្មណ៍? នៅខាងលើច្រើន។ ឥឡូវយើងមាននៅខាងក្រោមនៅខាងកំពង់ចាម ខាងក្រចេះអីនៅខ្សាច់ច្រើននៅទីនោះ ដែលយើងត្រូវស្តារ។ បន្តិចទៀត ដើម្បីឲ្យផ្លូវទឹកយើងតភ្ជាប់ យើងធ្វើផ្លូវ ៥០សេ ពីកំ​ពង់ធំ ទៅកំពង់ឆ្នាំង ដោយមានផែពហុបំណងមួយ។ យើងគ្រោងរៀបចំធ្វើម៉េចអភិវឌ្ឍវិស័យស្វាយចន្ទីនៅទិសខាងនោះ។ ដើម្បីធានាការដឹកជញ្ជូន ត្រូវការការស្តារបន្ថែមទៀត … អញ្ចឹងបង្កើនការយកចិត្តទុកដាក់ ចេញគោលការណ៍ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើបែបនេះ ដើម្បីកាត់បន្ថយថ្លៃសរុប។ បើថ្លៃសរុបខ្ពស់ គិតចូលទាំងថ្លៃអគ្គិសនី ថ្លៃជី ថ្លៃទឹក ថ្លៃដឹកជញ្ជូន នឹងធ្វើអោយលំបាកប្រកួតជាមួយគេ។ ដើម្បីឲ្យថ្លៃផលិតកាន់តែទាប យើងត្រូវវិនិយោគលើ(ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ)។

(២០) ប្រទេសចិនផ្តល់ជំនួយឥតសំណង ៣០០លានយ័ន សំរាប់ upgrade ផ្លូវដែកជើងត្បូង

ពិតណាស់ ត្រូវការរយៈពេលមួយរយៈ ដើម្បីធ្វើផ្លូវ highway ធ្វើទំនើបកម្មផ្លូវដែក ដែលមិនអាចធ្វើមួយថ្ងៃស្រេច ប៉ុន្តែយើងដាក់ទិសដៅថាត្រូវធ្វើ។ អញ្ចឹង សូមអ្នកឧកញ៉ា គិត ម៉េង និងឯកឧត្តម ប៉េង ពោធិ៍នា (មកទេ?) ធ្វើម៉េចចរចាឲ្យចប់ MOU រឿងផ្លូវដែក ត្រឹមដាច់ឆ្នាំនេះ ដើម្បីយើងធ្វើការពង្រឹងផ្លូវហ្នឹង។ តែអត់ចរចាចប់ ខ្ញុំដក។ បើចប់ តែវាមិនល្អឥតខ្ចោះ តែឲ្យតែដើរ។ ចាប់ផ្តើមធ្វើដំណើរទៅ។ ចាំយើងពង្រឹងទៀត … អញ្ចឹងទាំងក្រុមហ៊ុនទាំងក្រសួង ខ្ញុំឃើញបានជជែកហើយ មានឆន្ទៈក្នុងការធ្វើ។ មិនទាន់ថាល្អឥតខ្ចោះទេ តែយកស្អីដែលអាចដើរបាន។ MOU ចាំជជែកគ្នាពេលក្រោយលំអិត។ ទៅណា ធ្វើម៉េច ឯកភាពគ្នាជាគោលការណ៍ អាចដំណើរការចាប់ផ្តើម upgrade ជួយជុលយ៉ាងម៉េចបាន។ យើងមានថវិកាមួយចំនួនសម្រាប់សិក្សាផ្លូវដែក ប៉ុន្តែយើងចរចាឲ្យហើយចាំដាក់ទៅ។ បើមិនអញ្ចឹងយើងចាយលុយអត់ប្រយោជន៍។ ថ្ងៃមុន យើងមាន ៣០០ លានយ័នសម្រាប់ត្រៀម ដែលខាងចិនគាត់បានផ្តល់ឲ្យជាជំនួយឥតសំណងសម្រាប់ផ្លូវដែកនេះ។ ដោយសារយើងចរចាមិនទាន់បាន អញ្ចឹងរៀបចំកិច្ចការហ្នឹង ដើម្បី upgrade ធ្វើម៉េច(អោយផ្លូវដែក)ជើងត្បូងរបស់យើងហ្នឹងឲ្យកាន់តែប្រសើរ។

(២១) បន្តទាក់ទាញវិនិយោគ ពង្រឹងផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ដើម្បីការលូតលាស់ពាណិជ្ជកម្ម

ថ្ងៃមុនខ្ញុំប្រាប់ឧកញ៉ា គិត ម៉េង ថាបន្តិចទៀតខ្ញុំលួចទៅជិះហើយ។ គាត់ថាទៅថ្ងៃណាឲ្យប្រាប់គាត់ផង។ ខ្ញុំថាបើប្រាប់ ខ្ញុំចាំបាច់លួចធ្វើអី។ ខ្ញុំគិតថា ផ្លូវដែកនេះសំខាន់។ ការដឹកជញ្ជូនមនុស្សជារឿងមួយ ប៉ុន្តែរឿងទំនិញកាត់បន្ថយពេលវេលា ជាកិច្ចការសំខាន់។ អញ្ចឹងការពង្រឹង ហើយធ្វើមជ្ឈមណ្ឌលភស្តុភាកម្ម។ ​ឥឡូវយើងរៀបចំមួយចំនួនជា logistic hub។ យើងបានសាកល្បងឲ្យអនុវត្ត transshipment។ យើងសាកល្បងរូបភាពថ្មី។ អ្នកឧកញ៉ា សៀ ឬទ្ធី ដូចមកដែរ។ ដូចមានគម្រោងមួយរៀបចំប្រព័ន្ធ logistic … ព្រោះប្រទេសយើងមានសក្តានុពលតភ្ជាប់ជាមួយនឹងព្រលានយន្តហោះថ្មី ដែលអាចធ្វើបាន ទាំងសៀមរាប ឬមួយក៏នៅភ្នំពេញ។ គិតគូរពីការរៀបចំគោលការណ៍មួយចំនួនដើម្បីឲ្យប្រព័ន្ធ logistic នេះដំណើរការល្អ និងទាក់ទាញ។ ធ្វើយ៉ាងណាកាត់បន្ថយតម្លៃឆ្លងកាត់។ នេះនឹងជួយច្រើនក្នុងការជំរុញពាណិជ្ជកម្ម។ បើយើងនិយាយពីពាណិជ្ជកម្ម យើងត្រូវនិយាយទាំងរឿងដឹកជញ្ជូន រឿង logistic។ បើហេដ្ឋារចនាសម្ព័ន្ធអត់ប្រកួតប្រជែង គឺវាធ្វើឲ្យការដឹកជញ្ជូនមានការលំបាកហើយថ្លៃ។ អញ្ចឹង ការបន្តជំរុញទាក់ទាញវិនិយោគផ្ទាល់ ការវិនិយោគនៅខាងក្នុង និងការពង្រឹងនូវអ្វីដែលយើងមាន ទាំងផ្លូវអាកាស ទាំងផ្លូវទឹក ទាំងផ្លូវគោក ទាំងផ្លូវដែក … ជាអ្វីដែលយើងត្រូវធ្វើ។

[ចប់សេចក្ដីអធិប្បាយ ៤]

ទី៤ ការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ​ធុរកិច្ច Digital ការធ្វើពាណិជ្ជកម្ម និងតាមប្រព័ន្ធ electronic តាមរយៈការលើកទឹកចិត្តឲ្យវិស័យធុរកិច្ចបង្កើតថ្នាលបច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និងឆ្លងកាត់ព្រំដែន​។ លើសពីនេះរាជរដ្ឋាភិបាលក៏បានខិតខំជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មនិងថ្នាលបច្ចេកវិទ្យា និងការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាចំណាយពាក់ព័ន្ធផ្សេងៗដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកែលំអរបរិយាកាសធុរៈកិច្ច និងជួយសកម្មភាពពាណិជ្ជកម្មកម្ពុជាសំដៅគុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរកិច្ចជាពិសេសការបង្ខិតសេវាទៅដល់ជិតការប្រើប្រាស់។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ៥]

(២២) កាត់បន្ថយពន្ធគយនៅច្រក តែសួយសារពីការនាំចេញថ្មអារកើន

ការសម្រួលច្រកនេះសំខាន់។ ជាបទពិសោធន៍ខ្ញុំមួយ គឺវិស័យថ្មអារ។ ក្នុងមួយឆ្នាំនេះ ខ្ញុំអាចនិយាយថាជាសមិទ្ធផលប្រកបដោយមោទនភាពដែលខ្ញុំបានចូលរួមបន្តិចនៅក្នុងការងារនេះ។ ពេលដែលខ្ញុំទៅ ណាននីង ឆ្នាំទៅ ឃើញពិព័រណ៍ថ្មអារនៅទីនោះ។ មានប្អូនម្នាក់មកខ្សឹបថា សម្តេចជួយផង រោងចក្រថ្មអាររបស់យើងកំពុងតែមានការប្រកួតប្រជែង មានហានិភ័យប្រឈមនឹងបិទទ្វារ។ ខ្ញុំសួរថាដោយសារការដឹកជញ្ជូន ឬដោយសារអី? គាត់ថាហ្នឹងហើយ ប៉ុន្តែមួយទៀតដោយសារតម្លៃនៅច្រករបស់យើងថ្លៃ។ អញ្ចឹង ខ្ញុំបង្កើតក្រុមការងារមួយ បោះទៅឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យភ្លាម ឲ្យកោះប្រជុំ បង្កើតគណៈកម្មការ ដែលឯកឧត្ដមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាម​ពលដឹកនាំចរចាជាមួយគយ ពង្រឹងនូវការអនុវត្តច្រកនោះឲ្យបានត្រឹមត្រូវ កាត់បន្ថយតម្លៃនាំចេញ។ សួយសារមិនបាត់ទេ គ្រាន់តែបាត់គយនេះ។ តែសួយសារយើងកើនខ្ពស់។ វិស័យថ្មអារនោះក៏កំពុងតែរីក។ រឿងនេះអត់ច្រើនទេ គ្រាន់តែធ្វើម៉េចឲ្យការអនុវត្តនៅច្រកឲ្យបានស្រួលបួល កាត់បន្ថយពន្ធមួយចំនួន។ ខ្ញុំជួបជាមួយគាត់ ទទួលទានបាយជាមួយពួកគាត់ ប្រហែលជាប៉ុន្មានអាទិត្យមុននេះក្រៅផ្លូវការ។ ខ្ញុំបានសួរគាត់ … គាត់សប្បាយចិត្ត ហើយគាំទ្រកិច្ចការនេះ។ គាត់ស្ម័គ្រចិត្តបង់ពន្ធជូនរដ្ឋពេញ។ យើងជួយគាត់វិញ ដើម្បីឲ្យរីកទាំងអស់គ្នា។

(២៣) សភាពាណិជ្ជកម្ម ត្រូវដើរតួជាសម្លេងវិស័យឯកជន ធ្វើការជាមួយរដ្ឋ

ថ្ងៃមុន ខ្ញុំបានឲ្យឯកឧត្ដម អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានសភាពាណិជ្ជកម្ម ដើរតួនាទីពង្រឹងជាសម្លេងរបស់វិស័យឯកជន ធ្វើការជាមួយរដ្ឋផង។ បើវិស័យ​ឯកជនមានបញ្ហាអី តាមសភាពាណិជ្ជកម្មហ្នឹងហើយ សភាពាណិជ្ជកម្ម មិនមែនគ្រាន់តែទៅខាងក្រៅផ្សព្វផ្សាយទេ។ ខ្ញុំប្រាប់ ឯកឧត្ដម គិត ម៉េង ថា “បង! យើងទាំងអស់គ្នាទៅក្រៅហត់ណាស់។ ទៅធ្វើពិធីម្ដងៗ ឡើងនិយាយ ឲ្យគេជឿ។ ប៉ុន្តែប្រយ័ត្នមកដល់ក្នុងស្រុកមានបញ្ហា គេលែងជឿ។ ខ្ញុំលែងហ៊ាននិយាយហើយ ២-៣ឆ្នាំទៀត”។ និយាយត្រង់អញ្ចឹងហ្មង។ អញ្ចឹងបានថា ទាល់តែធ្វើហ្នឹងឲ្យជោគជ័យ។ អញ្ចឹង សភាពាណិជ្ជកម្មទាំងនៅកណ្ដាល និងតាមបណ្ដាខេត្ត ខ្ញុំគិតថា គួរដើរតួនាទីជាតំណាងវិស័យឯកជនធ្វើការជាមួយរដ្ឋ។ ឥឡូវយើងក៏មានសមាគមឧកញ៉ា សមាគមអីផ្សេងៗ សហគ្រិន SMEs អីផ្សេងៗ ភាពជាតំណាងធ្វើការជាមួយរដ្ឋ ជាតំណាង មានសម្លេងអីមកធ្វើការផ្ទាល់។ បើថាម៉េច ជួបជាមួយខ្ញុំផ្ទាល់ក៏បាន ព្រោះជួនកាល យើងប្រជុំតាមក្រសួង-ស្ថាប័ន ពាក់ព័ន្ធក្រសួង-ស្ថាប័នច្រើន ឆន្ទៈមានហើយ ប៉ុន្តែពាក់ព័ន្ធច្រើនពិបាកដោះពីមួយទៅមួយ។ ជួនកាលជួបខ្ញុំទៅ ខ្ញុំរុញឲ្យមើលដោះយ៉ាងម៉េច …។

ដូចរឿង ថ្មអារ ហ្នឹងអញ្ចឹង។ ប្រជុំគឺថាធម្មតា។ ខាងអ្នកប្រមូលចំណូលព្រួយបារម្ភខ្លាចបាត់ចំណូល ព្រោះចំណូលហ្នឹងត្រូវយកមកឲ្យរដ្ឋាភិបាលដើម្បីចំណាយទៅលើវិស័យសង្គមកិច្ចអីផ្សេងៗ។ គាត់ខ្លាចថាបើបាត់ចំ​ណូល​ពី(អា​ជីវកម្ម)ហ្នឹង ធ្វើឲ្យរដ្ឋលំបាក។ គាត់ខ្លាចត្រូវមាត់ មិនគ្រប់ផែនការ។ អញ្ចឹងទាល់តែយើងពីលើវះកាត់ថា អត់អីទេ ខ្ញុំហ៊ានឲ្យដាច់(ចំណូល)ហ្នឹងចុះ។ យើងប្រថុយចាំយកសួយសារ ដើម្បីឲ្យធ្វើម៉េច sauvé ក្រុមហ៊ុនប៉ុន្មាន​នេះសិនកុំឲ្យរលំ។ ប្រជុំតឹងណាស់។ ទៅវិញទៅមក ចុងក្រោយមកដល់ខ្ញុំៗ ប្រាប់ថា ខ្ញុំសម្រេចឲ្យកាត់ប៉ុណ្ណេះ ដោយទម្លាក់ថ្លៃនេះទៅសូន្យ។ ពេលខ្លះ ពេលវេលាដូចឈាមអញ្ចឹង។ បើមកដល់សិរីរាង្គយើងទាន់ពេលវាជួយ (មុខរបួស) តែបើមកដល់យឺត វាធ្វើឲ្យដៃរបួសវារលួយដាច់ទៅហើយ។ អញ្ចឹង ពេលខ្លះត្រូវការពេលវេលា។ ហេតុនេះហើយបានជាខ្ញុំនិយាយថា បើមានការ អាចយើងជួបគ្នាបាន។ ខ្ញុំមានទីប្រឹក្សា ជំនួយការខាងវិស័យឯកជន ដែលដើរជួបតាមវិស័យផ្សេងៗ។ យើងដោះបាន។ ថ្ងៃមុន រឿងធនាគារអីអញ្ចឹងទៅ។ យើងជួបគ្នា។ ស្វាយចន្ទី យើងធ្វើមួយតង់ ឥឡូវយើងគិតគូរបន្តទៀត។

(២៤) រដ្ឋាភិបាល ធ្វើការជាក្រុម បើរដ្ឋាភិបាលមិនជោគជ័យ ប្រជាពលរដ្ឋ និងវិស័យឯកជននឹងលំបាក

អ្នកខ្លះថា នាយករដ្ឋមន្រ្តីធ្វើការតែរឿងតូចៗ ហ្នឹង? បាត់ទិសដៅ? នាយករដ្ឋមន្រ្តីគួរតែដាក់គោលនយោបាយធំៗ ទុកឲ្យគេធ្វើ។ ខ្ញុំថា ខ្ញុំមិនមែនទៅដណ្ដើមការងារទេ។ ឧទាហរណ៍ វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល ឯកឧត្ដម កែវ រតនៈ ខ្ញុំមិនបានទៅដណ្ដើមការងារគាត់ទេ។​ ខ្ញុំដោះរឿងនាំចេញថ្មអារហ្នឹង គឹខ្ញុំជួយគាត់វិញទេ។ គាត់មានការងារច្រើនក្នុងវិស័យនេះ … យើងដាក់គោលការណ៍ថា ភារកិច្ចមួយ(របស់នាយករដ្ឋមន្ត្រី)គឺតាមដាន ត្រួតពិនិត្យ និងជួយដោះស្រាយ។ កុំចាំ ៦ខែបានរបាយការណ៍ ហើយដាក់ទិសដៅរយៈមធ្យម យកទៅ ៦ខែទៀត បានមក ហើយថាដោះមិនចេញ ហើយមិនហ៊ានរំខានសម្ដេច ព្រោះសម្ដេចត្រូវគិតការងារធំ តូចៗទុកឲ្យខ្ញុំ។ ខ្ញុំមិនដណ្ដើមទេ ព្រោះបើសិនជាយើងមិនជោគជ័យ រដ្ឋាភិបាលទាំងមូល(មិនជោគជ័យ)។ យើងជាក្រុម។ អញ្ចឹងត្រូវរួមគ្នាដោះ។ បើរដ្ឋាភិបាលដោះស្រាយមិនជោគជ័យ តើនរណាជាអ្នកលំបាក? ប្រជាពលរដ្ឋ វិស័យឯកជនហ្នឹងឯង។ អញ្ចឹង យើងត្រូវមានភាពបត់បែន។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនទៅដណ្ដើមការងាររបស់ឯកឧត្ដម លោកជំទាវទេ។ ខ្ញុំមានតែលើកទឹកចិត្តឲ្យធ្វើ។ ពេលខ្លះខ្ញុំជួយដើម្បីជួយខ្ញុំវិញ។ តែយើងទាំងអស់គ្នាជួយអ្នកណា? ជួយប្រទេសជាតិ ជួយប្រជាជន ជួយវិស័យឯកជនរបស់យើង ដើម្បីគាត់ទៅជួយកសិករ ជួយប្រជាពលរដ្ឋយើង តាមការបង្កើតការងារ និង business បន្តទៅទៀត។

(២៥) នាយករដ្ឋមន្ត្រីនិងបណ្តារដ្ឋមន្ត្រូ ចុះពិនិត្យស្ថានភាពតាមគោលដៅរៀងខ្លួន

មានគេថា តែថាហ្នឹងក៏ល្អដែរ។ ឆ្នាំទៅ ខ្ញុំដាក់ផែនការនៅខាងលើ ប្រជុំរហូត គេថានាយករដ្ឋមន្រ្តីឃើញតែពាក់ក្រវាត់កក្នុងម៉ាស៊ីនត្រជាក់​។ ដល់ពេលខ្ញុំចុះ គេថាខ្ញុំចុះទៅសម្ដែង។ ដល់ពេលខ្ញុំជួបជាមួយបងប្អូនមួយចំនួននៅអង្គរដោះរឿងលុយដុល្លារអីៗ គេថា នា​យករដ្ឋមន្រ្តីដោះរឿងតូចៗ។ ខ្ញុំសុខចិត្តឲ្យគេជេរខ្ញុំថាខ្ញុំដោះរឿងតូចៗទៅចុះ តែដោះកុំឲ្យថាខ្ញុំអត់ជើងជាប់នឹងដី អង្គុយពាក់ក្រវាត់ក ហើយអត់ដឹងអីទាំងអស់។ ដើរអញ្ចឹងក៏សប្បាយដែរ បានលេសចុះទៅថ្នល់ ព្រោះបើមិនអញ្ចឹង ម៉េចខ្ញុំទៅ Pub Street បាន។ ទាល់តែថាទៅស៊ើបព័ត៌មាន។ ប៉ុន្តែនេះជាកិច្ចការល្អ។ រដ្ឋមន្រ្តីរបស់ខ្ញុំជាច្រើន ក៏ធ្វើដូចគ្នា។ ខ្ញុំឃើញ លោកជំទាវ ចម និម្មល ចុះទៅតាមក្រសួង-ស្ថាប័នមន្ទីរ។ យើងធ្វើការ។ ឯកឧត្ដម ឌិត ទីណា ចុះទៅពិនិត្យមើលវាលស្រែ អ្នកខ្លះថាចុះទៅសម្ដែង។ អ្នកណាថាអីថាទៅ យើងចុះទៅជាប់ផ្ទាល់ លើកទឹកចិត្ត តាមដានមើលសហគមន៍កសិកម្មទំនើប។ ខ្ញុំត្រូវទៅថ្ងៃមុន តែលើកវិញ … ធនធានទឹក ឃើញទៅមើលប្រឡាយទៅ។ អភិវឌ្ឍន៍ជនបទឃើញដើរមើលស្រះទៅ។ (សុខ សុ)កេន កាលពីនៅទេសចរណ៍ ឃើញនៅគ្រប់កន្លែងទាំងអស់។ ឥឡូវអធិការកិច្ចរាងឃើញនៅលើ។ ឲ្យបង (ហួត) ហាក់ ដើរម្ដង។

(២៦) បញ្ចេញអង្ករ ១១៧តោន នាឱកាសបុណ្យភ្ជុំ ចែកជាង ៣០០វត្តនៅទូទាំងប្រទេស

ឯកឧត្ដម ចាយ បូរិន ទៅមើលតាំងពីវត្តគ្រប់កន្លែង ហើយមួយបុណ្យ(ភ្ជុំ)នេះ ដូចចុះតាម ២៥រាជធានី/ខេត្ត។ យើងបញ្ចេញអង្ករ ១១៧តោន ដើម្បីចែក(តាមវត្តអារាមនាឱកាសភ្ជុំ) ព្រោះវត្តខ្លះនៅឆ្ងាយ មិនសូវទៅដល់។ អញ្ចឹងបញ្ជូនទៅជាង ៣០០វត្តជាង នៅទូទាំងប្រទេស។ ស្មុគស្មាញជាងគេ ព្រោះពីដំបូងទីមក គឺសម្បូរគ្រូចេញតាមហ្វេសប៊ុក។ បានឲ្យទៅចាត់ចែង។ យើងមិនហាមទេ សិទ្ធិទទួលនូវការគោរពរបស់គាត់ ជំនឿខុសគ្នា តែកុំបង្ហោះ ព្រោះកន្លែងខ្លះវាប៉ះពាល់ដល់ផលរួម។ អ្នកខ្លះទៅតែងតាំងខ្លូនជាព្រះជាអី ពាក់ឥសីផង ទៅអង្គុយក្នុងផ្កាឈូកអីណា។ វាពាក់ព័ន្ធទៅនឹងការអប់រំ វាជះឥទ្ធិពលទៅដល់ប្រជាពលរដ្ឋយើង យុវជនរបស់យើង … វាធ្វើឲ្យប៉ះពាល់វប្បធម៌ សីលធម៌ សាសនា។ អញ្ចឹងក៏សុំអរគុណណាស់ ហើយក៏សុំបន្តការសហការរវាងក្រសួង-ស្ថាប័នបន្តទៅទៀត …។

[ចប់សេចក្ដីអធិប្បាយ ៥]

ទី៥. រាជរដ្ឋាភិបាលក៏បាន និងកំពុងរៀបចំយុទ្ធសាស្រ្តដើម្បីចាកចេញដោយរលូនពីចំណាត់ប្រទេសមានការអភិវឌ្ឍតិចតួច ដោយមានគោលដៅកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការជំនួយអន្តរជាតិនានា ក៏ដូចជាការធានាបាននូវចីរភាពនៃការអភិវឌ្ឍក្រោយការចាកចេញនៅឆ្នាំ២០២៩។

ជាថ្មីម្ដងទៀត ក្នុងរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាព​ចំពោះការចូលជាសមាជិក WTO របស់កម្ពុជា និងសមិទ្ធផលយ៉ាងធំធេង ដែលកើតចេញពីសមាជិកភាពនេះ។

មុននឹងបញ្ចប់ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម និងបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យបន្តខិតខំអនុវត្តការងារ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលខ្ញុំបានលើកឡើងខាងលើ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំសូមប្រសិទ្ធពរជ័យជូនឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមប្រកបដោយសុខភាពបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាពរបស់កម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ