បាឋកថាពិសេស សម្ដេចតេជោ ហ៊ុន សែន ស្ដីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ»

CNV:

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍
គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី!

ជាបឋម ខ្ញុំ​សូមអរគុណសាជាថ្មីដល់ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ ដែល​បានផ្តល់​ សញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និងការកសាងសន្តិភាព» ដល់រូបខ្ញុំ។ ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្លានេះ ខ្ញុំ​ក៏សូមចែករំលែកនូវបទបាឋកថារបស់ខ្ញុំ​ ស្តីពី​​ «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិ​ឡើងវិញ» ដែលខ្ញុំ​អាចនិយាយបានថា ប្រធានបទនេះពិតជាទាក់ទងនឹង​បេសកកម្ម​ស្ទើរតែពេញ​មួយជីវិតរបស់ខ្ញុំ​ ដែល​បាន​ដឹកនាំ​ប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ។ នេះក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំ​ដែរ នៅក្នុងការចែករំលែក​បទពិសោធគ្រប់គ្រងប្រទេសកម្ពុជា ដល់សាធារណមតិ​ជាតិ និងអន្តរជាតិ បន្ទាប់ពីខ្ញុំ​បានសម្រេចចិត្ត​ដាក់អម្រែកនៃភារកិច្ច​ជា​ប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យ​អ្នក​បន្តវេនជំនាន់ក្រោយទទួលបន្ត។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ការសម្រេចចិត្តក្នុងការផ្ទេរការគ្រប់គ្រងអំណាចទៅកាន់អ្នកជំនាន់ក្រោយអាចចាត់ទុកថាជាបទពិសោធថ្មីមួយទៀតរបស់កម្ពុជា ដែលនោះឆ្លើយតបទៅនឹងសំណួរថា តើក្រោយ ហ៊ុន សែន ជានរណា? ត្រូវបានដោះស្រាយរួចរាល់ជាងមួយឆ្នាំរួចមកហើយ។ បទពិសោធ សុខចិត្តលះបង់អំណាច ដើម្បីដូរយកសន្តិភាពរយៈពេលវែង គឺជារឿងដ៏ត្រឹមត្រូវ។

ខ្ញុំចង់បើករង្វង់ក្រចកដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាលើកឡើងថ្មីៗ … ថាតើលោក ហ៊ុន សែន សមស្របទទួលយកនូវសញ្ញាបត្រនៃសាកលវិទ្យាល័យនៅកូរ៉េនេះឬអត់? ខ្ញុំបានចូលទៅ comment នៅក្នុងផេច TikTok មួយ ដែលបាននិយាយពីទីក្រុងបាងកក ហើយដែលបានលើកឡើងថា … ជនជាតិខ្មែរនៅសហរដ្ឋអាមេរិកបានបង្ហោះថា តើលោក ហ៊ុន សែន មានលក្ខណៈសម្បត្តិសមស្របនឹងទទួលយកនូវសញ្ញាបត្រកិត្តិយសពីកូរ៉េឬអត់? ខ្ញុំគ្រាន់តែឆ្លើយ អម្បាញ់មិញ លោកសាស្រ្តាចារ្យក៏បានអាននូវសុន្ទរកថា ខ្ញុំមកដល់ពេលនេះ មានសញ្ញាបត្រកិត្តិយសជាង១០ ដោយចាប់ផ្ដើមពីសាកលវិទ្យាល័យ២នៅសហរដ្ឋអាមេរិក គឺ Southern California University ខាងវិទ្យាសាស្រ្តនយោបាយ និងនៅ Iowa គឺខាងច្បាប់​។ ឯនៅសាធារណរដ្ឋកូរ៉េនេះ គឺជាសញ្ញាបត្រកិត្តិយសទី៣ ដែលខ្ញុំទទួល ដូច្នេះ វា ៥ សញ្ញាបត្រ។ នៅថៃ ផ្ដល់ឲ្យ២ នៅម៉ាឡេស៊ីផ្ដល់ឲ្យ១ នៅចិនផ្ដល់ឲ្យ២ នៅឥណ្ឌូនេស៊ី១ដែលមិនទាន់បានទទួល ហើយ​នៅមានផ្សេងទៀត ដែលរាប់ទាំងពីសហគមន៍អឺរ៉ុប។ ដូច្នេះ ខ្ញុំមានសញ្ញាបត្រច្រើនណាស់ ប៉ុន្តែ សូមអ្នកដែលលើកជាសំណួរនេះ កុំសួរមកកូរ៉េអី សួរអាមេរិក ហេតុអីបានអាមេរិកឲ្យសញ្ញាបត្រកិត្តិយសមកដល់ ហ៊ុន សែន? អញ្ចឹង ខ្ញុំមិនបកស្រាយអ្វីទេ គ្រាន់តែរឿងរ៉ាវទាក់ទងនេះ គេថាខ្ញុំមិនគ្រប់លក្ខខណ្ឌក្នុងការទទួលសញ្ញាបត្រនៅទីនេះ។ ប៉ុន្តែ នេះគ្រាន់តែជាការបកស្រាយ ដើម្បីនឹងឆ្លើយតបភ្លាមៗនឹងអ្វី កុំឲ្យខូចកិត្តិយសទៅដល់សាកលវិទ្យាល័យដុងហ្គុក។

[ចប់សេចក្ដីអធិប្បាយ១]

ដូចជាអ្នកតស៊ូដទៃទៀតដែរ ចំណុច​ចាប់ផ្តើមរបស់ខ្ញុំ​ គឺមិនដូចជារឿងព្រេង​និទាននោះឡើយ។ ដោយចាប់កំណើតក្នុងពេលវេលាដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ខ្ញុំបានស្គាល់រសជាតិនៃសង្គ្រាម រវាងទាហានបារាំងជាមួយក្រុមតស៊ូដែលមានចរិតឧទ្ទាមតាំងពីខ្ញុំនៅជា ទារក ដែលម្តាយឪពុកខ្ញុំត្រូវនាំពួកកូនៗចូលលេណដ្ឋាន ពេលមានការប្រយុទ្ធគ្នា ដើម្បីចៀសវាងគ្រោះថ្នាក់។

ជាភ័ព្វសំណាងរបស់កម្ពុជា ដែលមាន ព្រះបិតាជាតិ នរោត្តម សីហនុ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ។ ប្រជាជនកម្ពុជា បានទទួលផលពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខានដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រហម ទាំងខៀវ ទាំងសក្តី។ សន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម ការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង មានត្រឹមរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសាជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។

តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា ការសប្បាយក្នុងភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ យើងបែរជាក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមដែលគ្មានផ្លូវផ្សេងសម្រាប់ជ្រើសរើសនោះឡើយ។

ចំណុចចាប់ផ្តើមរបស់យើង គឺ​​កើតចេញ​ពីរដ្ឋប្រហារ​ទម្លាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឆ្នាំ ១៩៧០ ហើយពេលនោះ ខ្ញុំ​ និង​យុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវ​នាវរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ ប៉ុន្តែ សុបិននៃការរំដោះជាតិ​ចេញ​ពី​ការលូកដៃគ្រប់គ្រង​​ពី​បរទេស នៅក្រោមរបប លន់ នល់ នៅថ្ងៃទី ​១៧ ខែ មេសា ឆ្នាំ ​១៩៧៥ បានប្តូរជំនួសដោយ​សោកនាដកម្មបង្ហូរឈាម​ ក្រោម​ការគ្រប់គ្រង​ដោយ​មនោគមវិជ្ជាជ្រុលនិយម​របស់​ខ្មែរក្រហម ដែលចង់​ប្រែក្លាយ​ប្រទេសកម្ពុជា ជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវ​វណ្ណៈ​ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញ​រាល់​ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យ​រាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង ៣ លាននាក់។

ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត​ និងមិនអាចនៅស្ងៀមមើលប្រទេសជាតិខ្មែរ ត្រូវ​រលំរលាយ​ ខ្លួនខ្ញុំ​ដែលគ្រានោះជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រងបញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេច​ចិត្តចាកចេញទៅប្រទេស ផ្សងព្រេង ប្រថុយជីវិត​ជាមួយនឹងជម្រើសចុងក្រោយ​ ដើម្បីរំដោះ​ជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំ និងយុទ្ធជន​ ៤ នាក់ បានចាកចេញពីបន្ទាយយោធា ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បី​ឆ្លង​ដែនទៅប្រទេសវៀតណាម។ ពេលនោះខ្ញុំ​មានជម្រើសមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម ប៉ុន្តែ ខ្ញុំ​បានសម្រេចចិត្តរកផ្លូវឆ្លងព្រំដែនទៅវៀតណាម ដើម្បីស្នើឱ្យវៀតណាមជួយរំដោះប្រទេស ហើយនេះគឺ​ពិតជាជម្រើសល្អបំផុត ជាប្រវត្តិសាស្ត្រ​​សម្រាប់ភាពរស់រានមានជីវិតនៃប្រជាជាតិខ្មែរ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ខ្ញុំអាចគូសបញ្ជាក់ថា ពេលនោះ បើសិនជាខ្ញុំសម្រេចចិត្តខុសតែបន្តិច ដោយបញ្ជាទាហានក្រោមបញ្ជារបស់ខ្ញុំវាយកាន់កាប់តំបន់មួយចំនួន យើងអាចគ្រប់គ្រងបានត្រឹមរយៈពេល ១អាទិត្យ ឬច្រើនបំផុត ៣អាទិត្យ យើងនឹងស្លាប់នៅក្នុងថ្លុកឈាមដ៏សែនលំបាក។ វាមិនមែនជាជម្រើសដែលល្អមួយទេ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ។

[ចប់សេចក្ដីអធិប្បាយ២]

នៅគ្រាដ៏គ្រោះថ្នាក់បែបនេះ ខ្ញុំ​បាន​កំណត់ហើយ​ថា ផ្លូវដែលត្រូវ​ដើរ គឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែ​ខ្លួនឯងនោះ​ទេ ប៉ុន្តែ គឺ​ដើម្បីជួយសង្គ្រោះជីវិតរបស់ប្រជាជាតិទាំងមូល។ ប្រសិន​បើ​ខ្ញុំ​ពុំ​មាន​ឆន្ទៈមុតមាំ និងមិន​មានផែនការច្បាស់លាស់ ដើម្បីរំដោះប្រទេសជាតិ​​នោះទេ ការពឹងពាក់ទៅលើវៀតណាមនៅពេលនោះ ពិតជាវៀតណាមមិនឆ្លើយតបតាមខ្ញុំនោះទេ ហើយក៏មិនជួយដល់ខ្ញុំដើម្បីកសាងកម្លាំងប្រដាប់អាវុធ ដែលមានកងទ័ពកម្ពុជាប្រមាណជាង ១ ម៉ឺន នាក់ និងចូលរួមជួយដល់កម្ពុជាដើម្បីកសាងអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីកាន់ទង់ខាងនយោបាយដឹកនាំការតស៊ូ ហើយចុងក្រោយវៀតណាមសុខចិត្តជួយអន្តរាគមន៍ដើម្បីរំដោះប្រទេសកម្ពុជា ដោយមានការងើបឈរឡើងពីសំណាក់ប្រជាជនកម្ពុជា និងកងទ័ពកម្ពុជា។

ត្រង់ចំណុចនេះ ខ្ញុំ​សូមរំលឹកគុណ​សាជាថ្មី​ និងជានិច្ចនិរន្តរ៍ ចំពោះប្រទេសវៀតណាម និងជាពិសេស​ ចំពោះ​កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន​ពលីជីវិត ដើម្បី​រំដោះ​កម្ពុជា ចេញពីក្រញាំ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើង​ត្រូវរែកពន់ការកសាងប្រទេសឡើងវិញ​ ពីបាតដៃទទេ។ ម្ខាង យើង​ត្រូវ​ការពារ​ការវិលត្រឡប់មកវិញ​នៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយ​ម្ខាងទៀត យើង​ត្រូវ​ខិតខំ​រកស្បៀងអាហារ ផ្គត់ផ្គង់​ដល់​ប្រជាជនដែលកំពុងស្រេក​ឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ​ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ នៅពេល​ដែល​ធនធាន​មនុស្សរបស់យើង ត្រូវបាន​កាប់​សម្លាប់ដល់ឫសគល់។ មិនថា ស្ថានភាពក្នុងស្រុក សូម្បីតែស្ថានភាព​អន្តរជាតិ​ ក៏មិន​អំណោយផលដល់​យើងដែរ​។ សហគមន៍អន្តរជាតិមិនទទួលស្គាល់​រដ្ឋា​ភិបាល​ដែល​បាន​រំដោះជាតិនោះទេ​ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបាន​កាន់​កាប់​ដោយ​ពួក​ខ្មែរក្រហម អស់រយៈកាល ១២ ឆ្នាំ ដែលក្នុងអំឡុងពេលនោះ​ យើងត្រូវទទួលរង​ទណ្ឌកម្ម​ទាំងផ្នែក​ការទូត និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ជាទីបំផុត។ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសវ័យ ២៧ ឆ្នាំ ខ្ញុំពិតជាមានការឈឺចាប់មិនទាន់ភ្លេចនៅឡើយទេ។

នៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៥ ខ្ញុំមានអាយុទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងពិភពលោកនៅពេលនោះ។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម ខ្ញុំបានប្រកាសថា៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គឺក្នុងស្មារតីនេះហើយ ដែលខ្ញុំបានដាក់ចេញនាខែ តុលា ឆ្នាំ ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖  ១). រៀបចំជំនួប សីហនុ-ហ៊ុន សែន ២). ការដកទាំង​ស្រុង​នូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ ៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន ៥). រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបាន ជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលនៅក្នុងព្រៃនិងក្រៅប្រទេស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋាភិបាលរដ្ឋកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។

ជាមួយនឹងស្មារតីនេះ ខ្ញុំ គឺជាអ្នកជំរុញឱ្យមានជំនួបលើកដំបូងដែលយើងហៅថា «ជំនួប សីហនុ-ហ៊ុន សែន» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

មិនមានការសង្ស័យណាមួយទេដែលថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ UNTAC ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញផងដែរ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យ​កម្ពុជា អនុម័តបាន​រដ្ឋធម្មនុញ្ញ​ថ្មី​ នៅឆ្នាំ១៩៩៣ ដែល​គោរព​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធ​នយោ​បាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ កម្ពុជាទទួលស្គាល់ និងដឹងគុណជានិច្ច ចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា។ យើងក៏ត្រូវផ្តល់យុត្តិធម៌ និងការដឹងគុណដល់ប្រទេសវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចាដែលពេលនោះត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្ត​មាន​កងទ័ពបរទេស។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

ខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិច ជម្លោះនៅកម្ពុជាមានទិដ្ឋភាព២យ៉ាង។ មួយគឺទិដ្ឋភាពផ្ទៃក្នុង ឯមួយទៀតទិដ្ឋភាពអន្តរជាតិ។ ទិដ្ឋភាពអន្តរជាតិសំដៅទៅលើវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងការផ្ដល់ជំនួយដល់កងទ័ពត្រីភាគី ដែលស្ថិតនៅឯ និយាយឲ្យចំ ក្នុងប្រទេសថៃនាពេលនោះ។ ដូច្នេះ ការដកកងទ័ពវៀតណាមចេញពីកម្ពុជា បានបញ្ចប់នូវទិដ្ឋភាពអន្តរជាតិ។ ដូច្នេះ វានៅសល់តែបញ្ហាទិដ្ឋភាពផ្ទៃក្នុងដែលត្រូវខិតខំដោះស្រាយ នោះគឺទាក់ទងទៅនឹងអនាគតរបស់ខ្មែរក្រហម។

[ចប់សេចក្ដីអធិប្បាយ៣]

យ៉ាងណាក្តី ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។ បានសេចក្តីថា សន្តិភាពពេញលេញ ដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ។ ទោះបីនៅក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ ហើយក្តី សង្គ្រាមស៊ីវិលនៅកម្ពុជា នៅតែបន្ត ក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

មានន័យថា ប្រទេសមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាល២នៅពេលនោះ។

[ចប់សេចក្ដីអធិប្បាយ៤]

ត្រង់ចំណុចនេះហើយដែលខ្ញុំបានផ្ចុងផ្តើមឱ្យមាន នយោបាយឈ្នះ-ឈ្នះ និងការចរចារវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយ ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

នយោបាយនេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំង​នយោបាយរបស់ខ្មែរក្រហម តាមរយៈ​យុទ្ធសាស្ត្រ DIFID ខ្ញុំចង់បញ្ជាក់ ៥ តួអក្សរនេះ គឺ Divide, Isolate, Finish, Integrate and Development។ ខ្ញុំបានដាក់ចេញនូវ «ការធានាបីយ៉ាង» ដើម្បីឱ្យក្រុមខ្មែរក្រហម ដែលលែងចង់ឃើញការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំង​មូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំបានដាក់អាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុន នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ។ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពក្នុងជួរកងទ័ព និងការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន ដែលជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយ ដែលយើងពុំធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់យើង ដែលពេលមុនៗ យើងតែងតែជាប្រទេសមួយមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ក្នុងពេលតែមួយ។

ខ្ញុំក៏បានគិតគូរដោយយកចិត្តទុកដាក់​ នៅក្នុងការស្វែងរក​យុត្តិធម៌ជូនចំពោះប្រជាជន ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត» ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម (មេដឹកនាំ ៥រូប​) ចំពោះអំពើឃោរឃៅរបស់ពួកគេដែលបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក។ សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និងប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ​ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ។

ក្រៅពីទិដ្ឋភាពនៃការខិតខំ​កសាងសន្តិភាព ខ្ញុំ​ក៏សូមរំលឹកផងដែរថា ថ្វីត្បិតតែមាន​ការ​ចោទប្រកាន់ថា កម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ គ្រប់គ្រងដោយរបបកុម្មុយនីស្ត និងទោះមានកងទ័ពវៀតណាមនៅកម្ពុជាដើម្បីជួយទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ក៏ដោយ ក៏វៀតណាមបានគោរពដល់ការសម្រេចចិត្តរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងការគ្រប់គ្រងប្រទេស។ ជាក់ស្តែង នៅ​ឆ្នាំ១៩៨៥ ខ្ញុំ​គឺ​ជា​អ្នកដឹកនាំ​កំណែទម្រង់​ដីធ្លី និងអនុវត្ត​នយោបាយចែក​ដី​ ផ្តល់​កម្មសិទ្ធិឯកជន​​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​នៅចុងទសវត្សរ៍​ឆ្នាំ ១៩៨០ ខ្ញុំក៏ជាអ្នកដឹកនាំ​កំណែទម្រង់សេដ្ឋកិច្ច​ ជំរុញកម្ពុជា ប្តូរពីសេដ្ឋកិច្ចផែនការ ទៅចាប់យកសេដ្ឋកិច្ចទីផ្សារផងដែរ ខណៈពេលដែលសូវៀត និងវៀតណាម ពុំ​ទាន់បាន​អនុវត្ត​នយោបាយកំណែទម្រង់បែបនេះនៅឡើយទេ។​

ទាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជា មានភាពទន់ខ្សោយ​ខ្លាំង ហើយ​ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បាន​ពឹងផ្អែកស្ទើរតែទាំងស្រុង​ ទៅលើ​ជំនួយរបស់បរទេស​។ យើងបានខិតខំ​កែទម្រង់ផ្ទៃក្នុងផង ខិតខំជំរុញសមាហរណកម្ម​សេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងសកលលោកផង។ នៅក្រោម​ការគ្រប់គ្រងរបស់ខ្ញុំ រាជរដ្ឋាភិបាលបាន​ដាក់ចេញ និងអនុវត្ត​ដោយ​ជោគជ័យ​នូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ​ ១៩៩៨-២០០៣ និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣។

យុទ្ធសាស្ត្រត្រីកោណ ដែលសង្កត់ធ្ងន់លើអាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស ទី២. សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត ដើម្បី​ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ និងទី​៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់អភិបាលកិច្ចស្ថាប័ន ប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។

ចាប់ពីអាណត្តិទី៣ (២០០៤-២០០៨) ដល់អាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញ​តួនាទីជា​ «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា​ «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។

ទន្ទឹមនឹងការជំរុញ​ការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញ​ការធ្វើសមាហរណកម្ម​ទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បី​បង្កើតជាកាលានុវត្តភាពថ្មីៗ សម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំ​បានដឹកនាំកម្ពុជា ចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបាន​ធ្វើ​ជាប្រធានប្តូរវេនអាស៊ាន ៣ ដង ពោលគឺនៅឆ្នាំ ២០០២​ ២០១២ និង២០២២។ តាមរយៈអាស៊ាន​ កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន​ ជាមួយ​នឹងដៃគូអន្តរជាតិនានា ហើយ​យើងបាន​បង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ ទន្ទឹមនេះ កម្ពុជាក៏បានខិតខំដោយជោគជ័យ ក្នុងការ​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ផងដែរ។

តាមរយៈការរៀបចំ និងអនុវត្ត​​​គោលនយោបាយអភិវឌ្ឍជាតិ ប្រកបដោយ​ប្រសិទ្ធភាព​ កម្ពុជា​បានផ្លាស់ប្តូរមុខមាត់របស់ខ្លួន យ៉ាងសម្បើម​អស្ចារ្យ បើយើងពិចារណា​ដោយប្រៀបធៀប​ជាមួយ​ប្រទេសដែល​ងើបពីសង្គ្រាម ដំណាលគ្នាជាមួយកម្ពុជា។ យើងបាន​ផ្លាស់ប្តូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយ​ប្រជាជន​យើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១0% នៅ​មុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏​កំពុងឈានទៅការបញ្ចប់​ឋានៈ​ជា​ប្រទេសមានការអភិវឌ្ឍន៍តិចតួច ដោយ​ពេញលេញ​នៅឆ្នាំ ២០២៩ ខាងមុខ។

ពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបាន​ហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ​ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រង​ថវិកាជាតិបាន ដោយ​ភាពម្ចាស់ការ​ ហើយថែមទាំង​​មានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹង​ជីវភាពរបស់ប្រជាពលរដ្ឋ​ ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេង​ៗ។ ផ្អែកលើសមិទ្ធផលកន្លងមកនេះ​ រាជរដ្ឋាភិបាល​អាណត្តិថ្មី ក៏បាន​រៀបចំផែន​ការយុទ្ធសាស្ត្រ​ប្រកបដោយ​ទំនុកចិត្ត ដែលប្រាថ្នាចង់ប្រែ​ក្លាយប្រទេសកម្ពុជា ជាប្រទេស​ដែលមានចំ​ណូលខ្ពស់នៅឆ្នាំ ២០៥០។ យើងបាន​ប្រែក្លាយ​ពីប្រទេសដែលនៅ​ឯកោ និងទទួលរង​ទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយ​ជា​ប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅ​ក្នុងរបៀបវារៈ​សន្តិភាព ទាំងក្នុងតំបន់ និង​ ក្រៅតំបន់ថែមទៀត។​

ជាការពិតណាស់ ខ្ញុំ​ពិតជា​នៅមានចំណុចជាច្រើនទៀត ដែលចង់​ចែករំលែក ប៉ុន្តែដោយយោងលើកត្តាពេលវេលា ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះ ហើយ​សូមផ្ដល់នូវ​សេចក្តីសង្ខេបខ្លីៗ ទាក់ទងនឹង​មេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការ​កសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា ដូចតទៅ៖

ទី១. ភាពជាម្ចាស់​លើជោគវាសនាប្រទេសជាតិ​​។ ប្រទេសជាតិ​មួយត្រូវតែមានភាពជាម្ចាស់​ លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែល​ប្រជាជាតិមួយ​បាត់បង់​ម្ចាស់​ការ​លើ​ជោគវាសនា​របស់ប្រទេសខ្លួន ពេលនោះ​ហើយ ដែល​ប្រទេសជាតិត្រូវ​ទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាព ក៏​ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស​ ហើយដំណោះស្រាយដែលយូរអង្វែង ក៏ទាមទារ​ឱ្យ​មាន​ការចូលរួម​ពីប្រជាជន និងកងកម្លាំងប្រដាប់​អាវុធ​គ្រប់និន្នាការនយោបាយ​ផងដែរ​ មុន​នឹង​ឈានទៅសម្រេចបាន​នូវ​ឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។ ទោះ​បីជាកម្ពុជាទទួលបាន​ការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្តី សន្តិភាពយូរអង្វែងមិន​អាច​កើតឡើងបានទេ ប្រសិន​បើ​ម្ចាស់ប្រទេស មិនខិតខំ​ផ្តួចផ្តើម និងកសាងដោយ​ខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដ​នៃ នយោបាយឈ្នះ-ឈ្នះ ដែល​ផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផល​ដោយ​ជនជាតិខ្មែរ។

ទី២. សហគមន៍អន្តរជាតិ​ត្រូវតែរួមគ្នា​​ការពារសន្តិភាពដែលមានស្រាប់ ជាជាង​ស្វែងរក​ ឬ កសាង​សន្តិភាព ដែលបាត់បង់។ សង្គ្រាម គឺពិតជាងាយបញ្ឆេះ ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម កម្ពុជា​ត្រូវការរយៈពេលជិត ៣០ ឆ្នាំ។ យើងទើបតែមានសន្តិភាពពេញលេញបាន ២៦ ឆ្នាំ ប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំរបស់ខ្លួន ប៉ុន្តែ ជាការគួរឱ្យសោក​ស្តាយ​ដែល​យើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជន​យើង​មួយចំនួន​ បាន​ភ្លេចនូវ​គុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀតថែមទាំងគិតចង់​ទាមទារការ​ផ្លាស់ប្តូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់ ដែលសហគមន៍អន្តរជាតិ ត្រូវចូលរួម​បង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំ​អប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថានៅពេលដែលគ្មានសន្តិភាព យើងមិន​អាច​និយាយ ដោយពិរោះនូវ​ពាក្យ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការ​អភិវឌ្ឍនោះឡើយ​។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនបន្តិច មានអ្នកខ្លះលើកឡើងថា មានសន្តិភាពហើយ ចាំបាច់ប្រឹងនិយាយពីសន្តិភាពធ្វើអី? ខ្ញុំក៏ចង់លើកជាសំណួរត្រឡប់ទៅវិញថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក​ និងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយ ប្រឹងប្រែងរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗទៅដើម្បីអ្វីទៅ? តើដើម្បីការពារសន្តិភាពរបស់គេមែនទេ? វាច្បាស់ណាស់ ការធ្វើទំនើបកម្មនៃកម្លាំងកងទ័ពឬកម្លាំងប្រដាប់អាវុធ ឬឧបករណ៍ការពារសន្តិសុខជាតិរបស់គេ គឺដោយសារតែមានអ្នកចង់បំផ្លាញសន្តិភាពនោះឯង។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលកម្ពុជាត្រូវនិយាយពីរឿងសន្តិភាព ត្រូវ​និយាយពីការការពារសន្តិភាព បើសិនជាប្រទេសនានាមិននិយាយ មិនគិតគូរអំពីសន្តិភាព តើប្រទេសនោះចាំបាច់កសាងកម្លាំងយោធា ធ្វើទំនើបកម្មនៃកម្លាំងយោធាធ្វើអ្វី? ពិភពលោកកំពុងតែបង្កើននូវការរត់ប្រណាំងសព្វាវុធ បង្កើនការចំណាយយោធាកាន់តែធំ។ ដូច្នេះ ពួកគេមិនគួរមកបំភ្លេចពីរឿងសន្តិភាពរបស់កម្ពុជានោះទេ។

ក្រុមជ្រុលនិយមលើកឡើងពីរឿងនេះ ហើយខ្ញុំគួរតែនិយាយនៅទីនេះថា ប្រហែលជាកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្តិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះ ដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឲ្យបានហ្មត់ចត់។ ជាង ២០ឆ្នាំ យើងមានសន្តិភាព វាខ្លីណាស់ ប៉ុន្តែ វាក៏វែងណាស់បើប្រៀបធៀបទៅនឹងសន្តិភាពដែលយើងធ្លាប់មានក្នុងអតីតកាល គឺត្រឹមតែ ១៦-១៧ឆ្នាំ នៃសង្គមរាស្រ្តនិយមរបស់សម្ដេចព្រះនរោត្ដម សីហនុ។ ឯយើងមាន ២៦ឆ្នាំ។ យើងមិនត្រូវការត្រឹម២៦ឆ្នាំទេ យើងត្រូវការសន្តិភាពជារៀងរហូត។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៣. បើទោះជា​សម្រេចបានសន្តិភាពក៏ដោយ​ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ​ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយ​ចីរភាព និងមាន​បរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើង​ត្រូវខិតខំរិះរកវិធីសាស្ត្រនានា នៅ​ក្នុងការធានាសន្តិភាព ឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយ​សារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រង ដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព នៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង និងអំពើហិង្សា ឬការបះបោរ។

បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែ កម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់ផងដែរនោះ គឺអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យតែម្តង ពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចជោគជ័យនៃ នយោ​បាយ​​ឈ្នះ-ឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ ការ​អភិវឌ្ឍគ្រប់ជ្រុងជ្រោយ មាន​បរិយាប័ន្ន គឺនៅតែជា​គោលនយោបាយ​ដ៏ចាំបាច់​សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស។ នៅពេលដែលមានប្រទេស​មាន​ប្រជាជន​ក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ​ គ្មានចំណេះដឹង ពលរដ្ឋ​នឹងងាយជឿលង់ទៅនឹង​មនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរក​​ការទម្លាក់កំហុសទៅលើស្ថាប័ន ឬក្រុម​សង្គម​ណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ដូច្នេះហើយ នេះគឺពិតជា​អម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេស​កំពុងអភិវឌ្ឍ ព្រោះថា ពួកគេពិតជា​គ្មាន​វេទមន្ត ដើម្បីជប់ឱ្យ​មាន​ការ​អភិវឌ្ឍជឿនលឿនភ្លាមៗ លើគ្រប់វិស័យ នៅទូទាំងប្រទេស តាមចិត្ត​ដែល​មជ្ឈដ្ឋានប្រជាពលរដ្ឋ​​មួយចំនួនចង់បាននោះឡើយ។ រដ្ឋាភិបាល​ពិតជាត្រូវការការចូលរួម និងយោគយល់​ពីប្រជាពលរដ្ឋទូទៅ អំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេល​ដែល​ប្រទេសជាតិមួយ​ ពុំ​មាន​មធ្យោបាយ និងធនធាន​ គ្រប់គ្រាន់ដូចប្រទេសជឿនលឿន​ដទៃទៀត។

ត្រង់ចំណុចនេះ ខ្ញុំ​ក៏ចង់ឱ្យ​ប្រទេសជឿនលឿន យល់ពីការលំបាករបស់ប្រទេស​កំពុងអភិវឌ្ឍផងដែរ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង យើងមិនចង់​ឃើញ​ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយ​កេងចំណេញពី​កង្វះខាតសមត្ថភាព​ស្ថាប័ន និងធនធាន​របស់យើង ហើយ​ឆ្លៀតទៅ​បញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ​មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាល​តាមបែបមិនប្រជាធិបតេយ្យនោះឡើយ។​ យើង​ចង់បាន​ការ​គាំទ្រ ជាជាងការបណ្តុះបង្អាប់ បន្ទុចបង្អាក់ និងរារាំងជម្រើស​នៃ​មាគ៌ាអភិវឌ្ឍរបស់យើង ដោយ​មិន​បាន​គិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដកម្ម​រាប់មិនអស់របស់ប្រជាជាតិខ្មែរ​នោះឡើយ​។

ខ្ញុំសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាច​ចូលរួម​ផ្តល់​ជាពុទ្ធិដល់​ការ​យល់ដឹង​កាន់តែជ្រាលជ្រៅឡើង​ពីគុណតម្លៃនៃសន្តិភាព និងការពិបាក​នៅក្នុងការ​កសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា​ ការពិបាក​នៅក្នុងការរក្សាសន្តិភាពឱ្យបាន​គង់វង្សយូរអង្វែង ជាពិសេស សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍ​។

ជាបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​ស្តាប់នូវបាឋកថារបស់ខ្ញុំ​ដោយយកចិត្តទុកដាក់​ និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ