សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធី បើក​ការដ្ឋាន​សាងសង់​ “ព្រែក​ជីក​ហ្វូណន​តេជោ”

CMF: 

ឯកឧត្តម លោកជំទាវ អនុប្រធានទី១ អនុប្រធានទី២
សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិក រាជរដ្ឋាភិបាល
ឯកឧត្ដម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីរំភើប ប្រកបដោយមហាកិត្តិយស និងមោទនភាពក្រៃលែង ដែលបានចូលរួមធ្វើជាសាក្សីក្នុង «ពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ជាប្រវត្តិសាស្រ្ត នាថ្ងៃនេះ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចំពោះរបាយការណ៍សង្ខេប ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏ដូចជាការចូលរួមខិតខំប្រឹងប្រែងនៅក្នុងការរៀបចំដំណើរការបើកការដ្ឋាននៅថ្ងៃទី៥ សីហា នេះ បានប្រព្រឹត្តទៅរលូន។ អរគុណចំពោះឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំក្រសួងសាធារណការ ក្រុមការងារពាក់ព័ន្ធ គណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសហការគ្នានៅថ្ងៃនេះ។ ថ្ងៃនេះ សូម្បីតែមេឃក៏មិនអីដែរ។ ពេលដែលឯកឧត្តម ស៊ុន ចាន់ថុល ឆ្លងយោបល់ មានព្រួយបារម្ភមួយគត់គឺភ្លៀង ព្រោះនេះជាខែវស្សា។ (អ្នកចូលរួមរបស់)យើង ១ម៉ឺននាក់ ធ្វើរោងពិបាក។ អញ្ចឹងមានតែបន់ស្រន់។ ប្រហែលជាមានដាំស្លឹកគ្រៃបញ្ច្រាសគល់ច្រើន។ យើងរើសតែ ២ទេ ភ្លៀង​ ឬថ្ងៃ។ អញ្ចឹងថ្ងៃនេះ សុំក្ដៅបន្ដិចចុះ។ សូមអភ័យទោស តែល្អជាងភ្លៀង។ សូម្បីតែទេវតាក៏អបអរសាទរនូវការបើកការដ្ឋាននូវសមិទ្ធផលប្រវត្តិសាស្រ្តការសាងសង់(ព្រែកជីកហ្វូណនតេជោ)។

ការរៀបចំបានដោយរហ័សនេះ គឺបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់របស់យើង។ ពីដើមទី យើងគិតថាប្រហែលជា(ការបើកការដ្ឋាននេះធ្វើ)នៅចុងឆ្នាំ ឬមួយដើមឆ្នាំ២០២៥។ ប៉ុន្តែការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយនឹងភាពច្បាស់លាស់ និងសមត្ថភាពនៅក្នុងការចាត់ចែង បានធ្វើឱ្យយើងអាចរៀបចំបាន។ យើងរំកិល ៤ខែមកវិញ។ មិនមែនរំកិលដើម្បីគ្រាន់តែជារូបភាពនោះទេ គឺរំកិលពេលវេលាដោយសារយើងមានសមត្ថភាពគ្រប់គ្រាន់ និងភាពម្ចាស់ការនៅក្នុងការកសាង។ នេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានលើកអម្បាញ់មិញនេះថា គម្រោងប្រវត្តិសាស្រ្តមួយនេះមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ។ យើងត្រូវតែធ្វើឱ្យបាន ឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ជាតិរបស់យើង។

[ចប់សេចក្ដីអធិប្បាយ១]

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម និងវិសេសវិសាលនេះ អនុញ្ញាតឱ្យខ្ញុំបួងសួងដល់ទេវតាថែរក្សាកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមបន្តជួយថែរក្សាកម្ពុជា និងសូមសម្តែងនូវកត្តញ្ញុតាធម៌ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុត៖

(១.) ឧទ្ទិសជូន បុព្វបុរសខ្មែរគ្រប់ជំនាន់ទាំងអស់ ដែលបានកសាងអាណាចក្រខ្មែរដ៏ល្បីល្បាញ និងបន្សល់កេរមត៌កតជំនាន់រហូតមកដល់សព្វថ្ងៃ

(២.) ថ្វាយព្រះបរមរតនកោដ្ឋ «ព្រះបិតាឯករាជ្យជាតិ»ដែលបានទាមទារឯករាជ្យ និងរំដោះប្រជាពលរដ្ឋខ្មែរ ពីនឹមអាណានិគមបរទេស

(៣.) ថ្វាយ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្ត,

(៤.) ជូនឥស្សរជន និងវីរជនសេ្នហាជាតិទាំងអស់ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាព» ដែលជាស្ថាបនិកផ្តួចផ្តើម គម្រោងព្រែកជីកហ្វូណនតេជោ និង

(៥.) ជូនប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួបរួមគ្នាជាចលនាជាតិ ដើម្បីគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្តនេះ។

បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

ខ្ញុំជឿជាក់ថា គឺដោយសារឆន្ទៈមោះមុត ប្រកបដោយស្មារតីជាតិនិយម និងឯកភាពជាតិ ព្រមទាំងការតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងការហ៊ានលះបង់ខ្ពស់ ទើបបុព្វបុរស និងវីរជនស្នេហាជាតិខ្មែរ បានកសាងនូវមហានគរមួយ ដ៏រុងរឿង និងល្បីល្បាញ។ បងប្អូនជនរួមជាតិទាំងអស់ ក៏ដូចជារូបខ្ញុំដែរ ប្រាកដជាមានមោទនភាព និងចងចាំជាប់ក្នុងចិត្តជានិច្ចនូវភាពរុងរឿងរបស់ខ្មែរនាអតីតកាល ជាពិសេស ភាពជាអារ្យប្រទេសនាសម័យអាណាចក្រភ្នំ សម័យអាណាចក្រចេនឡា និងសម័យមហានគរ ដែលបុព្វបុរសយើងបានកសាងនៅលើដែនសុវណ្ណភូមិនូវអាណាចក្រដ៏អស្ចារ្យមួយ ដែលមានទឹកដីលាតសន្ធឹងទូលំទូលាយ មានវប្បធម៌ល្អឯក និងបានបន្សល់ទុកនូវកេរមត៌ក ទាំងរូបី និងអរូបីរាប់មិនអស់ ដល់កូនចៅខ្មែរជំនាន់ក្រោយ។

ទស្សនវិជ្ជារបស់ដូនតាខ្មែរយើង ទាំងក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា អក្សរសាស្រ្ត ប្រាង្គប្រាសាទសិលា ប្រព័ន្ធធារាសាស្រ្ត និងបណ្តាញគមនាគមន៍ ដូចជា បារាយណ៍ ស្ពាន និងព្រែកជីកខ្វាត់ខ្វែង ជាមួយនឹងតឹកតាងដែលនៅសេសសល់ ដូចជា កំណត់ត្រាសម័យអង្គររបស់លោក ជីវ តាក្វាន់ និងកាក់មាសរបស់ចក្រភពរ៉ូម៉ាំង ដែលត្រូវបានរកឃើញនៅកំពង់ផែអូរកែវនៃអាណាចក្រភ្នំ សុទ្ធសឹងជាភស្តុតាងមិនអាចប្រកែកបាន នៃភាពជឿនលឿនរបស់អរិយធម៌ខ្មែរ ក៏ដូចជាឥទ្ធិពលនៃការតភ្ជាប់ និងអំណាចការទូតរបស់អាណាចក្រខ្មែរ ជាមួយបណ្តាចក្រភពបុរាណដទៃទៀត នាសម័យនោះ។ ក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយ ត្រូវចងចាំអតីតកាលដ៏រុងរឿងនេះ ហើយត្រូវសម្លឹងទៅមុខ ប្រកបដោយក្តីសង្ឃឹម ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការកសាងកម្ពុជា ឱ្យរុងរឿងឡើងវិញ។

ដូច្នេះ យើងប្រារព្ធពិធីសម្ពោធបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅទីនេះ នាពេលនេះ គឺស្ថិតក្នុងបុព្វហេតុនេះឯង ពោលគឺ យើងកំពុងបង្ហាញការប្តេជ្ញាចិត្ត ក្នុងនាមជាប្រជាជាតិតែមួយ និងជាចលនាជាតិតែមួយ​ ដែលប្រកបដោយស្មារតីឯកភាពជាតិ និងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ។ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ ព្រែកជីកហ្វូណនតេជោ នេះ បង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ ការសាងសង់ ព្រែកជីកហ្វូណន តេជោ នាពេលនេះ ក៏ជាសក្ខីភាពយ៉ាងច្បាស់មិនអាចបំភ្លៃបានថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញ ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម។ កម្ពុជាក៏នឹងមិនរាថយឡើយ ក្នុងការការពារ និងកសាងប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន​។

ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹក ដែលនឹងជួយសម្រួលដល់រំហូរពាណិជ្ជកម្ម។ ព្រែកជីកនេះក៏នឹងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព ដែលនឹងបើកសក្តានុពលនៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត រួមទាំងតំបន់នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ផង ហើយដែលនឹងនាំមកនូវការវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ក៏ដូចជាសក្តានុពលនៃការអភិវឌ្ឍដល់តំបន់ដែលព្រែកជីកនេះហូរកាត់ ព្រមទាំងតំបន់ដទៃទៀតនៅទូទាំងផ្ទៃប្រទេស។ ​

[ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ហ្វូណន អាណាចក្ររុងរឿងនៅទិសខាងត្បូងប្រទេសចិន

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

គម្រោងនេះ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអាចជួយសម្រួលការដឹកជញ្ជូននិងកំណើនសេដ្ឋ​កិច្ច(ប៉ុណ្ណោះទេ)។ គម្រោងនេះមានលក្ខណៈពិសេសដែលភ្ជាប់ជាមួយភូមិសាស្ត្រ និងប្រវត្តិសាស្ត្រយើងតែម្ដង។ ឯកឧត្តម លោកជំទាវ អាចដឹង​អំពីប្រវត្តិសាស្ត្រអាណាចក្រហ្វូណនដែលជារដ្ឋដំបូងរបស់កម្ពុជា ចាប់ផ្ដើមនៅសតវត្សរ៍ទី១។ បើតាមកំណត់ត្រារបស់ចិន ហ្វូណនគឺជាអាណាចក្រដែលរុងរឿងនៅទិសខាងត្បូងនៃប្រទេសចិន។ ការកសាងព្រែកជីកហ្វូណន ដែលសំដៅទៅលើការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ភ័ស្ដុភារកម្ម គឺមិនខុសពីចក្ខុវិស័យជាង ២០០០ឆ្នាំមុន របស់បុព្វបុរសខ្មែរយើងទេ។

(២) ការកសាងព្រែកជីកពេលនេះ ស្របជាមួយចក្ខុវិស័យបុព្វបុរសអាណាចក្រហ្វូណន

នៅក្នុងអាណាចក្រហ្វូណន ដែលមានរាជធានីនៅអង្គរបុរី កម្ពុជាជាចក្រភពមួយដែលរឹងមាំមានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា គឺផ្ដោតទៅលើ២នេះឯង គឺកសិកម្មនិងពាណិជ្ជកម្ម។ បើយើងមើលទិដ្ឋភាពនៃការកសាងនៅទីនេះ មិនត្រឹមតែឈ្មោះដែលភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រអាណាចក្រហ្វូណននោះទេ ប៉ុន្តែភូមិសាស្ត្រក៏ជាប់ជាមួយគ្នា។ អ្វីដែលជាចក្ខុវិស័យក្នុងការកសាងពេលនេះ គឺស្របជាមួយចក្ខុវិស័យរបស់បុព្វបុរសយើងក្នុងអាណាចក្រហ្វូណន …។

(៣) ប្រព័ន្ធធារាសាស្ត្រអង្គរបុរីបម្រើកសិកម្ម និងពាណិជ្ជកម្មអន្តរជាតិ

នៅអង្គរបុរីមានប្រព័ន្ធធារាសាស្ត្រច្រើន ដែលបម្រើឱ្យកសិកម្ម ការដាំដុះ ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងពេលនោះរឹងមាំ។បន្ថែមទៅទៀត គឺពាណិជ្ជកម្មអន្តរជាតិ។ បើតាមការស្រាវជ្រាវ ស្រុកអង្គរបុរី មានព្រែកជីក ៥ ដែលបម្រើឱ្យការតភ្ជាប់ពាណិជ្ជកម្ម។ ព្រែកជីកមួយធំនៅសម័យនោះ ហៅព្រែកថា ព្រែកទី៥ ប្រវែង៩០គីឡូម៉ែត្រ ដែលភ្ជាប់អង្គរបុរី ជាមួយកំពុងផែអូរកែវ ដែលជាកំពង់ផែអន្តរជាតិពេលនោះ។ តាមរយៈកំពង់ផែអូរកែវនេះ យើងធ្វើពា​ណិជ្ជកម្មជាមួយលោកខាងលិច ជាមួយចក្រភពរូម៉ាំង ជាមួយឥណ្ឌា។ មួយខ្សែទៀតភ្ជាប់ពីអង្គរបុរី ចាក់មកទន្លេបាសាក់ ដែលអាចភ្ជាប់ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយលោកខាងកើត ដែលមានចិនជាធំ។ មាន ៣ខ្សែទៀតដែលចែកនៅក្នុងតំបន់ផ្សេងៗ ក្នុងប្រទេសដើម្បីដឹកទំនិញកសិកម្ម បម្រើឱ្យភ័ស្ដុភារកម្មរបស់យើងផងដែរ​​។

(៤) តភ្ជាប់រាជធានីតាមផ្លូវទឹកទៅផែអន្តរជាតិតាមលំនាំសម័យអាណាចក្រភ្នំ​ ឬអាណាចក្រហ្វូណន

២០០០ឆ្នាំក្រោយមកដល់ថ្ងៃនេះ កូនចៅបានបើកនូវការដ្ឋានសាងសង់ព្រែកជីកយកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើង កសាងព្រែកជីកដែលភ្ជាប់រាជធានីភ្នំពេញ ជាមួយនឹងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ក៏ដូចជាខេត្តកំពត ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោក។ ពិតណាស់ ផែខេត្តព្រះសីហនុ​ យើងបានធ្វើទំនាក់ទំនងហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺការតភ្ជាប់ពីរាជធានីតាមផ្លូវទឹកត្រង់ទៅដល់ផែអន្តរជាតិតាមលំនាំកាលសម័យអាណាចក្រភ្នំ​ ឬមួយអាណាចក្រហ្វូណន។

(៥) ការតភ្ជាប់ប្រព័ន្ធប្រឡាយព្រែក បើកគមនាគមន៍ផ្លូវទឹកជាចំណុចខ្លាំងសម្រាប់លើកតម្កើងអាណាចក្រ

ម្យ៉ាងទៀត ប្រព័ន្ធនេះ តាមឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិនោះទេ ប៉ុន្តែក៏ជាការធានានូវប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្តរបស់យើង ដែលជួយជំរុញកសិកម្មនៅទិសខាងកើតនិងទិសនិរតីនៃប្រទេស។ ស្រដៀងបណ្ដាព្រែកប្រឡាយជំនាន់អាណាចក្រនគរភ្នំ ដែលរៀបចំសម្រាប់ជំរុញកសិ​កម្ម។ តាមរយៈគម្រោង នេះជាការតភ្ជាប់ជាមួយនឹងអតីតកាល ២០០០ឆ្នាំ ដែលបុព្វបុរសយើងមានចក្ខុវិស័យមើលឃើញពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធប្រឡាយ ប្រព័ន្ធព្រែក បើកនូវគមនាគមន៍ផ្លូវទឹកថាជាចំណុចខ្លាំងមួយ សម្រាប់លើកតម្កើងអាណាចក្រ។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការមន្ទិលសង្ស័យថាតើផលប្រយោជន៍នៃព្រែកជីកនេះបានមកកម្ពុជាយ៉ាងម៉េច តិចតួចឬយ៉ាងណា។ បើ ២០០០ឆ្នាំមុន ព្រែកជីកនេះបានផ្ដល់ប្រយោជន៍ធំដល់អាណាចក្រហ្វូណនរបស់យើ​​​ង ២០០០ឆ្នាំក្រោយ ​ក៏ព្រែកជីកនេះមិនខុសពីចក្ខុវិស័យរបស់ដូនតាយើង ដែលនឹងផ្ដល់កម្លាំងសេដ្ឋកិច្ចបន្ថែមជូនដល់កម្ពុជា។ នេះគឺជាអ្វីដែលខ្ញុំសូមធ្វើការចាប់អារម្មណ៍​និងយកចំណុចនេះដើម្បីបញ្ជាក់។

(៦) បុព្វហេតុព្រែកជីកហ្វូណនតេជោ មិនខុសពី ​២០០០ឆ្នាំមុន គឺលើកកិត្យានុភាព ឯករាជ្យភាព និងអធិបតេយ្យភាព និងភាពរីកចម្រើន

ទិដ្ឋភាពប្រ​វត្តិ​សាស្ត្រ លំនាំអ្វីដែលដូនតារបស់យើង កូនចៅរបស់យើងបានរួមគ្នាថ្ងៃនេះដើម្បីបន្ត។ ​ពិតហើយថា ទម្រង់និងទំហំខុសគ្នា។ ពីមុន ព្រែកជីកដែលតភ្ជាប់ពីអង្គរបុរីទៅកំពង់ផែអូរកែវនោះ មានទទឹងត្រឹមតែ ៣០ម៉ែត្រ បណ្ដោយ ៨០គីឡូម៉ែត្រទេ។ ឥឡូវទទឹង ១០០ម៉ែត្រ បណ្ដោយ ១៨០គីឡូម៉ែត្រ ហើយកន្លែង​ខ្លះមានជម្រៅរហូតដល់ ៣០ម៉ែត្រ ដោយសារមានបច្ចេកវិទ្យា។ ប៉ុន្តែ ជាចក្ខុវិស័យគឺដូចគ្នា។ ការតភ្ជាប់ពីមុនពីអូរកែវ​ទៅតាមប្រឡាយមួយចំនួន។ ឥឡូវយើងភ្ជាប់ពីរាជធានីភ្នំពេញទៅសមុទ្រ ភ្ជាប់ដល់ទន្លេសាប ទន្លេមេគង្គ​លើ បណ្ដាខេត្តទាំងអស់ ដែលជាប់នឹងទន្លេ។ ទ្រង់ទ្រាយធំជាងមុន ប៉ុន្តែបុព្វហេតុមិនខុសពី ​២០០០ឆ្នាំមុនទេ គឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាព ឯករាជ្យភាព និងអធិបតេយ្យភាព និងភាពរីកចម្រើន​របស់កម្ពុជា។

[ចប់សេចក្ដីអធិប្បាយ២]

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

មាតុភូមិយើងបានឆ្លងកាត់សុបិន្តអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងសាជាថ្មីនៅលើទឹកដីប្រកបដោយសក្តានុពល និងថាមពលនេះឡើយ។ ជម្លោះ និងការបែកបាក់ផ្ទៃក្នុង បានធ្វើឱ្យទឹកដីខ្មែរ ដែលធ្លាប់ជាអាណាចក្រដ៏ល្បីរន្ទឺ ចាប់តាំងពីសម័យអាណាចក្រភ្នំ រហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ ព្រាត់ប្រាស និងទឹកភ្នែក។ មិនត្រឹមតែកិត្យានុភាពជាតិដែលជាអារ្យប្រទេសនោះទេដែលបានបាត់បង់ សូម្បីតែឈ្មោះប្រទេសយើងក៏ស្ទើរតែរបូតចេញពីផែនទីពិភពលោក។ ទឹកដីដ៏ផូរផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យនៅក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល ពត ដែលរហូតទាល់តែឥស្សរជន និងវីរជនសេ្នហាជាតិរបស់យើងជាច្រើនយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសន្តិភាព ទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃ។

ការឈឺចាប់របស់ខ្មែរ វាហួសពីគ្រប់គ្រាន់ទៅហើយ។ ទម្រាំយើងអាចរំដោះខ្លួនចេញពីរណ្តៅមច្ចុរាជ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទម្រាំយើងអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងទម្រំាតែយើងស្វែងរកបានសន្តិភាពពេញលេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ឈាម និងទឹកភ្នែករាប់មិនអស់ទៅហើយ បានស្រក់នៅលើទឹកដីដ៏កម្សត់នេះ។ ដូច្នេះ យើងគប្បីចងចាំនូវមេរៀនប្រវត្តិសាស្រ្តនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម ដោយមិនតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះ និងអន្តរាយ។ ផ្ទុយទៅវិញ កាលណាខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងការឯកភាពជាតិ ប្រកបដោយស្មារតីជាតិនិយម និងធ្វើអ្វីៗដើម្បីឧត្តមប្រយោជន៍ជាតិ ខ្មែរតែងតែរីកចម្រើន រុងរឿង និងថ្កុំថ្កើង។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៧) ព្រែកជីកហ្វូណនតេជោ ជាគម្រោងមានលក្ខណៈជាតិនិយមខ្ពស់ក្នុងសម័យកាលក្រោយរំដោះឆ្នាំ ១៩៧៩

ក្នុងន័យនេះ ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយទេ។ ទោះបីជាតម្លៃ ១៧០០លាន ឬ២ពាន់លាន ឬ១០ពាន់លាន ឬត្រឹមតែប៉ុន្មានលាន ទំហំថវិកាវាគ្រាន់តែជាសូចនាករមួយ។ ប៉ុន្តែ​ហេតុអ្វីបានជាគម្រោងព្រែកជីកមួយនេះ ខុសពីគម្រោងដែលយើងធ្វើពីមុន សូម្បីតែធំជាងនេះ ដូចជាគម្រោងផ្លូវ​ហាយវេយ៍របស់យើង គម្រោងព្រលានយន្តហោះដែលមានតម្លៃរាប់ពាន់លានដូចគ្នា។ អ្វីដែលខុសគ្នាចំពោះ​គម្រោងព្រែកជីកមួយនេះ គឺចលនាជាតិមួយទាំងមូលនៅក្រោយគម្រោងមួយនេះ … មិនគ្រាន់តែជាគម្រោងមួយនៃហេដ្ឋារចនាសម្ព័ន្ធ តែជាគម្រោងដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុត​នៅក្នុងសម័យកាលក្រោយរំដោះឆ្នាំ១៩៧៩នេះ។ យើងធ្វើស្ពានច្រើន យើងធ្វើផ្លូវហាយវេយ៍ច្រើន និងបន្ត​ទៅធ្វើព្រលានយន្តហោះ ប៉ុន្តែព្រែកជីកមានតែមួយ។

បងប្អូនមួយចំនួនមិនទាន់យល់ ហើយក៏បានបង្ហាញកង្វល់មួយចំនួន។ ប៉ុន្តែ (មានការគាំទ្រ)ច្រើន​លើសលប់នៃប្រជាជាតិកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស គ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង។ ថ្ងៃនេះតាមខ្ញុំ​ដឹងគ្រោងទូងស្គរ វាយប៉ោត/ធុងតាមកន្លែងជាច្រើន មិនត្រឹមតែនៅទីនេះទេ។ នៅទូទាំងប្រទេសថ្ងៃ​នេះ ល្ងាចនេះ នៅគ្រប់កន្លែង នឹងមានប្រា​រព្ធពិធីដើម្បីអបអរសាទរនូវអ្វីដែលប្រជាពលរដ្ឋរបស់យើងបាន​បញ្ចេញមតិគាំទ្ររហូតមកដល់ពេលនេះ។ ខ្ញុំឃើញសារច្រើនតាមហ្វេសប៊ុក រាប់​​ខែមកនេះ តាំងពី(ថ្ងៃ​ដែល)សម្ដេចតេជោប្រកាសសមាគមឧកញ៉ា រួមជាមួយនឹងចលនាជាច្រើន បងប្អូនគ្រប់និន្នាការ​នយោបាយបានយល់។ មានគណបក្សច្រើនណាស់ ដែលមាននិន្នាការនយោបាយខុសគ្នា ក៏បានគាំទ្រដល់គម្រោង​នេះ។ នេះជាលើកទីមួយ ដែលខ្ញុំបានឃើញគម្រោងមួយដែលមានស្មារតីជាតិនិយមរួមគ្នា។ ការខុសគ្នានៃ​ទស្សនៈនយោបាយយើងដាក់ដោយឡែកពីគ្នាសិនចុះ។ ប៉ុន្តែគម្រោងមួយនេះ យើងគាំទ្រដល់ការអភិវឌ្ឍដើម្បីផល​ប្រយោជន៍ជាតិរបស់យើង។

(៨) នៅ ២០សតវត្សរ៍ក្រោយ កូនចៅរួមគ្នាបន្តចក្ខុវិស័យបុព្វបុរសលើហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹកមួយ

អ្នកមួយចំនួន(មិនគាំទ្រ) ប៉ុន្តែជាសម្លេងតូចណាស់ បើប្រៀបធៀប​នឹងស្មារតី(ខាងលើ)នេះ។ បងប្អូន​យល់ថា វាមិនសំខាន់ អ្នកណាធ្វើ អ្នកណាចូលរួមធ្វើទេ ឬចូលរួមដោយផ្ទាល់ ឬ​ប្រយោលទេ បងប្អូនទាំងអស់​បានចូលរួមដោយផ្ទាល់តាមការផ្ដល់កម្លាំងចិត្តនេះឯង។ នេះហើយដែលខ្ញុំនិយាយថា ស្មារតីរួមជាតិ។ បើខ្មែរ​បែក​បាក់ ខ្មែរធ្វើអីមិនកើតទេ។ តែបើខ្មែររួមគ្នា គម្រោងមួយធំ យើងរំកិល៤ខែមុន ហើយយើងប្ដេជ្ញាចិត្តធ្វើឲ្យ​បាន។ នេះហើយដែលជាអត្ថន័យ និងលក្ខណៈពិសេសនៃគម្រោងព្រែកជីកហ្វូណនជាគម្រោង​ប្រវត្តិសាស្រ្ត។ បុព្វបុរសយើង កាលពី ២ពាន់ឆ្នាំមុន ប្រាកដជាសប្បាយរីករាយដែលឃើញកូនចៅជំនាន់ ២០សតវត្សរ៍ក្រោយ បានរួមគ្នាដើម្បីបន្តនូវចក្ខុវិស័យរបស់គាត់ ដើម្បីរីកចម្រើន កសាងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹកមួយនេះ ដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់កិត្យានុភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពកម្ពុជា។ យើង​រួម​គ្នា សាមគ្គីគ្នា កសាងសមិទ្ធផលរួមដើម្បីជាតិរបស់យើង ដែលនឹងនៅស្ថិតស្ថេររាប់រយឆ្នាំតទៅមុខ​ទៀត។

(៩) ក្នុង ៥ឆ្នាំ ព្រែកជីកហ្វូណនតេជោ ជាសក្តានុពលសេដ្ឋកិច្ច បង្កើតអាជីវកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម

ខ្ញុំគិតថា គម្រោងដែលធ្វើនេះមិនមែនធ្វើដោយប្រើពេល ១០០ឆ្នាំនោះទេ។ អម្បាញ់មិញ ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា យើងគ្រោងធ្វើក្នុងរយៈពេលតែ ៣ ឬ៤ឆ្នាំ។ អញ្ចឹង យើងទាំងអស់​គ្នានៅទីនេះ ថ្ងៃនេះ ថតរូបទុកទៅ ថាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ យើងអង្គុយទីនេះ ឃើញព្រែកដែលបានជីក​បានបន្តិចដើម្បីបើកការដ្ឋាន ដើម្បី ៥ឆ្នាំក្រោយ យើងនាំគ្នាមកវិញដើម្បីជិះទូកលេង។ ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប តាមផ្លូវទឹក។ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់គន្លង​(ព្រែកជីក) អាចប្រមើលមើលថ្ងៃនេះ កន្លែងនេះ។ ខ្ញុំឃើញថា បងប្អូនកន្លែងខ្លះមានប្រឡាយតូចមួយដែលសល់ពីមុន ដែលរីងស្ងួត ដែលគោក កប់នៅខាងក្រោយផ្លូវជាតិនៅឆ្ងាយ ដែលមានដីនៅខាងក្រោម។

នៅក្នុង ៥ឆ្នាំទៀត កន្លែងនោះនឹងក្លាយទៅជាសក្ដានុពលសេដ្ឋកិច្ចសម្រាប់បងប្អូន សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើតនូវកសិ-ឧស្សាហកម្ម នៅតំបន់ឧស្សាហកម្ម អាចឱ្យបងប្អូនមិនខ្សត់ នៅឆ្ងាយពីគេទៀតទេ ប៉ុន្តែរស់នៅតាមបណ្តោយផ្លូវទឹកមួយដែលមានចរាចរណ៍ លែងស្ងាត់ជ្រងំ ធ្វើឱ្យសេដ្ឋកិច្ចជីវភាពរស់នៅរបស់បងប្អូននឹងប្រែប្រួល។ សូមថតទុកឱ្យហើយ។ គ្រប់គ្នាមាន Camera ថតទុកទៅកុំឱ្យស្តាយ។ បើគេជីក ១០០ម៉ែត្រហើយ មិនអាចថាសុំយកដីមកចាក់វិញសិន ខ្ញុំថតទុកសិនទេ។ ថតតំបន់ហ្នឹង។ ខ្ញុំសូមឱ្យក្រុមការងារដែលចុះធ្វើការថតទុកតាមបណ្តោយ ១៨០គីឡូ​នេះ ថាតើថ្ងៃដែលយើងបើកការដ្ឋានមានសភាពយ៉ាងម៉េច ពេលដែលចប់បើកការដ្ឋានហើយ ២០ឆ្នាំក្រោយ នៅពេលដែលសេដ្ឋកិច្ចលូតលាស់ តើប្រែប្រួលយ៉ាងម៉េច? នេះគឺមានតម្លៃណាស់រូបថតមួយសន្លឹកនេះ។

យើងមិនអាចអភិវឌ្ឍកន្លែងនេះ ដោយប្រៀបធៀបជាមួយប្រទេសណានោះទេ តែយើងត្រូវប្រៀបធៀបកន្លែងនេះ ជាមួយនឹងកន្លែងនេះ កាលពីរយៈពេលមុន។ យើងមិនអាចយកខ្លួនយើងទៅប្រៀបធៀបជាមួយអ្នកផ្សេងដែលគេរៀនខ្ពស់ជាងយូរមកហើយនោះទេ។ គេដល់បណ្ឌិត យើងទើបរៀនបាន Master។ យើងនៅទាបជាងគេ តែត្រូវមានមោទនភាពថាពីមុនយើងទើបរៀនបានបាក់ឌូប្លិ៍ទេ។ ប៉ុន្មានឆ្នាំមុននោះ នេះគឺជាការអភិវឌ្ឍជាក់ស្តែង។ យើងត្រូវមានមោទនភាពសម្រាប់គម្រោងមួយនេះ ដែលផ្តល់ផលប្រយោជន៍ទៅដល់ប្រជាជនយើង មិនត្រឹមតែអ្នកប្រើប្រាស់ប្រព័ន្ធផ្លូវទឹកនេះទេ ប៉ុន្តែអ្នកដែលរស់នៅជុំវិញតែម្តង។ ដូនតាយើងក៏ដូចគ្នា ខំធ្វើព្រែកជីកដើម្បីទាញយកទឹក ទាញសក្ដានុពលកសិកម្ម ចែកចាយកសិកម្មដល់ភូមិ/ឃុំ … ឥឡូវយើងធ្វើដូចគ្នា។

[ចប់សេចក្តីអធិប្បាយ៣]

ជំនួសមុខឱ្យសមាជិករាជរដ្ឋាភិបាលបន្តវេនទាំងអស់ ខ្ញុំសូមប្តេជ្ញាបន្តគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរស និងវីរជនស្នេហាជាតិ និងស្នេហាសន្តិភាពរបស់យើងឱ្យបាន។

[ផ្តើមសេចក្តីអធិប្បាយ៤]

(១០) លើសមិទ្ធផលសន្តិភាព កសាងព្រែកជីកហ្វូណនតេជោ

យើងមានការសោកស្តាយ ដែលប្រទេសយើងបានធ្លាក់។ សម័យកសាងអាណាចក្រហ្វូណនគឺធំ រីកចម្រើនខ្លាំង ប៉ុន្តែចាប់ផ្តើមពីសម័យអង្គរ យើងក៏បែកបាក់ ៥០០ឆ្នាំ បុព្វបុរសយើងក៏មានការសោកសង្រេងដែរ។ ប៉ុន្តែខ្ញុំជឿថា ក្រោយពីព្យុះបានបាត់អស់ សន្តិភាពមកដល់ពីឆ្នាំ១៩៩៨ ហើយថ្ងៃនេះយើងរួមគ្នា។ យើងក៏បានបង្ហាញដូនតារបស់យើង ពីការប្តេជ្ញាចិត្តរបស់យើងដែលថាកូនចៅជំនាន់ក្រោយ ២០០០ឆ្នាំក្រោយ ប្រមូលផ្តុំគ្នា សាមគ្គីគ្នា បន្តនូវវីរភាពរបស់គាត់ដើម្បីជំរុញការឯកភាពជាតិ ហើយប្រែក្លាយពីការបញ្ចប់សង្គ្រាម ថែរក្សាសន្តិភាពទៅលើសមិទ្ធផលសន្តិភាព នៅក្នុងការកសាងនូវគម្រោងមួយនេះ ដែលយើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តធ្វើឱ្យបាន។

[ចប់សេចក្តីអធិប្បាយ៤]

ខ្ញុំសូមសន្យាថា នឹងបន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារ និងរក្សាសុខសន្តិភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងការឯកភាពជាតិ ជាពិសេសស្មារតីជាតិនិយម ក្នុងនាមខ្មែរតែមួយ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿង និងស្តារកិត្យានុភាពកម្ពុជាឡើងវិញ។ ក្នុងន័យនេះផងដែរ ខ្ញុំសូមប្តេជ្ញាជំរុញការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ នេះ ឱ្យបានជោគជ័យ ដើម្បីជាកេរមត៌កប្រវត្តិសាស្រ្ត សម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

(១១) មិនធ្វើព្រែកជីកហ្វូណន គឺបាត់ការពង្រឹងអធិបតេយ្យភាព សក្តានុពល និងការទាញយកឱកាសសេដ្ឋកិច្ច

ត្រង់ចំណុចនេះ ហេតុអីបានជាយើងត្រូវធ្វើការប្តេជ្ញាចិត្តថាធ្វើឱ្យបាន? សមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផល​សម្រាប់សេដ្ឋកិច្ចជាតិយើងទេ ប៉ុន្តែក៏វានឹងជួយជាធាតុផ្សំដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរផងដែរ។ ហេតុអី? បងប្អូនបានឃើញហើយនៅតាមហ្វេកប៊ុក ទោះបីជាប្រជាពលរដ្ឋយើងច្រើនលើសលប់យល់ពីតម្លៃនេះ ក៏មានបងប្អូនយើងមួយចំនួនមានការបារម្ភ និងកង្វល់អំពីព្រែកជីក។ ល្ងាចមិញ ខ្ញុំឃើញមានអ្នកដាក់សារថា សុំឱ្យឈប់ធ្វើទៅ ដកព្រែកជីកនេះ កុំឱ្យបាត់បង់ទឹកដី និងបាត់បង់អធិបតេយ្យភាព​។ ការបញ្ជាក់របស់បងប្អូនគឺជាកង្វល់ដែលខ្ញុំគោរព។ ស្មារតីជាតិនិយមត្រូវតែមាន។ ការបញ្ជាក់កង្វល់អំពីការបាត់បង់ទឹកដី និងការបាត់បង់អធិបតេយ្យជាតិគឺត្រូវតែមាន ព្រោះយើងធ្លាប់មានមកហើយ ពីសម័យអាណាចក្រនគរភ្នំ អាណាចក្រ​ហ្វូណន ឬមួយយើងហៅសម័យអាណាចក្រសម័យនគរភ្នំ … អ្វីដែលយើងមានរាល់ថ្ងៃយើងត្រូវការពារឱ្យបាន។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់អញ្ចេះ កន្លងទៅគឺមានការលើកឡើង។ ខ្ញុំមើលការស្រង់ពីកង្វល់ អ្នកខ្លះថា ក្រោយព្រែកជីកនេះធ្វើហើយ គឺមួយកំណាត់ទៅខាងត្បូងនិងខាងកើតហ្នឹង គឺគេយកហើយ។ បន្តិចម្តងៗ ២០ និង៣០ឆ្នាំទៀត គឺគេយកបាត់ហើយ។ នេះសម្រាប់បងប្អូនដែលកំពុងតែព្រួយបារម្ភអំពីការបាត់បង់ទឹកដី …។

បងប្អូនខ្លះព្រួយបារម្ភអំពីអធិបតេយ្យភាព ថាព្រែកជីកនៅលើដីខ្មែរយើងមែន ប៉ុន្តែប្រទេសផ្សេងគ្រប់គ្រង ព្រោះយើងទៅខ្ចីលុយគេមកធ្វើ ក្រុមហ៊ុនគេធ្វើ អញ្ចឹងគេគ្រប់គ្រង យើងបាត់អធិបតេយ្យភាពលើការប្រើប្រាស់ គេចង់ធ្វើអ្វីក៏បាន ខ្មែរយើងប្រើមិនបានទេ។ នេះដែលខ្ញុំមើលឃើញនូវកង្វល់។ អញ្ចឹងបានមានការស្នើសុំថា កុំធ្វើអីព្រែកជីកនេះ។ សម្រាប់ខ្ញុំ ដោយសារកង្វល់នេះ ហើយដែលចាំបាច់យើងត្រូវឆ្លើយតបពន្យល់បង្ហាញឲ្យច្បាស់ដើម្បីដោះស្រាយឆ្លើយតបទៅនឹងកង្វល់ និងភាពមន្ទិលសង្ស័យ យើងដាច់ខាតត្រូវតែធ្វើព្រែកជីកនេះឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ ហេតុអី្វ? បើយើងមិនធ្វើ យើងមិនត្រឹមតែបាត់បង់នូវការពង្រឹងអធិបតេយ្យភាព ការ​ពង្រឹងសក្តានុពលសេដ្ឋកិច្ច ការពង្រឹងទាញយកឱកាសដើម្បីពង្រឹងជាតិរបស់យើងសេដ្ឋកិច្ចរឹងមាំនោះទេ។ ប៉ុន្តែបើសិនជាយើងមិនធ្វើ យើងអាច(គ្រាន់តែបាន)ដោះស្រាយកង្វល់របស់បងប្អូនមួយចំនួនតូចពីរឿងបាត់​បង់ទឹកដី ពីរឿងបាត់បង់អធិបតេយ្យភាពប៉ុណ្ណោះ។

(១២) គម្រោងវិនិយោគ BOT ដែលក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ

ខ្ញុំសូមបញ្ជាក់ ដែលថាបាត់បង់ទឹកដីនោះ ទៅមិនរួចទេ ព្រោះនៅតែជាដែនដីរបស់យើង។ យើងបោះបង្គោលរួចហើយ ប្រជាពលរដ្ឋរបស់យើងរស់នៅរាប់លាននាក់ទៅហើយ គ្មានគម្រោងកាត់ទៅឲ្យអ្នកណាទេ ហើយគ្មានអ្នកណាមកលេបយកខេត្តនៅខាងកើត ឬខាងត្បូងព្រែកនេះទេ។ ចំពោះអធិបតេយ្យភាព ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ហើយថា គម្រោងនេះគឺជាគម្រោង BOT មិនមែនជាគម្រោងកម្ចីដែលរាជរដ្ឋាភិបាលជំពាក់ប្រ​ទេសណាយកមកធ្វើទេ។ ជាគម្រោង BOT។ បានន័យថាក្រុមហ៊ុនឯកជនទេដែលទៅខ្ចីថវិកាយកមកវិនិយោគថ្ងៃនេះ។ នៅក្នុងក្រុមហ៊ុនវិនិយោគឯកជននេះទៀត ពីដើមឡើយក្រុមហ៊ុនបរទេស ១០០ ភាគរយ ប៉ុន្តែមកដល់ពេលនេះ គឺក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ។ បានន័យថា គម្រោងនេះយើងអាចរាប់បានជាគម្រោងដែលវិនិយោគដោយកូនខ្មែរ ដែលមានការចូលរួមពីក្រុមហ៊ុនបរទេសក្នុងមួយផ្នែកតែប៉ុណ្ណោះ។

(១៣) កំណាត់ទី១ ប្រវែង ២១គម វិនិយោគ ១០០ ភាគរយដោយក្រុមហ៊ុនខ្មែរ និងកំណាត់ទី២ ប្រវែង ១៣០គម ក្រុមហ៊ុនខ្មែរ ៥១%

ព្រែកជីកកំណាត់ទីមួយ ពីទន្លេមេគង្គក្រោមព្រែកតាកែវនៅកន្លែងចំណុចហ្នឹង ទៅដល់ភ្ជាប់ជាមួយនឹងទន្លេបាសាក់ នៅត្រើយស្លា ស្រុកស្អាង ២០គីឡូម៉ែត្រជាង ដូច ២១គីឡូ គឺក្រុមហ៊ុនខ្មែរ ១០០ ភាគរយ ជាអ្នកអនុវត្តនៅទីនេះ ហើយក្នុងក្រុមហ៊ុនខ្មែរ ១០០ ភាគរយនេះ គឺមានសហគ្រាសសាធារណរបស់រដ្ឋ មានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ៥១ ភាគរយ ក្រៅពីនោះមានក្រុមហ៊ុន OCIC ៤៩ ភាគរយទេ។ អញ្ចឹងគឺក្រុមហ៊ុនខ្មែរ ក្រុមហ៊ុនរដ្ឋយើងជាអ្នកកាន់ភាគហ៊ុនធំនៅទីនេះ។ អញ្ចឹងមិនមានបរទេសនៅទីនេះទេ មិនអាចបាត់អធិប​តេយ្យភាពទេ។

មួយកំណាត់ពីព្រែកតាហ៊ីងនៅកោះធំ ចាក់ទៅដល់កែប ១៣០ គីឡូម៉ែត្រ យើងមានការចូលរួមរបស់ក្រុមហ៊ុន CRBC របស់ចិន ដែលពីមុនគាត់ ១០០ ភាគរយ ឥឡូវគាត់ថយមកតែត្រឹម ៤៩ ភាគរយទេ។ ឲ្យក្រុមហ៊ុនខ្មែរឡើង ៥១ ភាគរយ។ អញ្ចឹងកុំខ្លាចថាក្រុមហ៊ុនបរទេសគ្រប់គ្រងប្រើប្រាស់ គឺក្រុមហ៊ុនខ្មែរសុទ្ធសាធគ្រប់គ្រងទាំង ២កំណាត់នេះ។ ថវិកាខ្មែរ ក្នុងនោះក្រុមហ៊ុនរដ្ឋ សហគ្រាសរដ្ឋជាអ្នកគ្រប់គ្រងជាភាគហ៊ុនធំ។

(១៤) គំរោង BOT មានសិទ្ធិយកលុយ តែប្រើនិងស្ថិតក្រោមច្បាប់របស់កម្ពុជា

ទោះជាយ៉ាងណាក៏ដោយ BOT មិនមែនបានន័យថា បាត់អធិបតេយ្យភាពទេ។ គេធ្វើផ្លូវ គេមានសិទ្ធិយកតែលុយទេ តែប្រើច្បាប់យើងទាំងអស់។ គ្មានសិទ្ធិទៅកាត់ឲ្យអ្នកណាទេ។ ក្រុមហ៊ុនវិនិយោគក្រៅប្រទេស មកពីប្រ​ទេសណាក៏ដោយ ក្រុមហ៊ុនអាមេរិកមកវិនិយោគធ្វើរោងចក្រមួយកន្លែងក៏មិនបាត់បង់អធិបតេយ្យភាពដែរ។ គេដាក់ទុនធ្វើនៅហ្នឹង ប៉ុន្តែក្រោមច្បាប់យើង។ ធ្វើផ្លូវក៏ដោយ ស្អីក៏ដោយ។ BOT បានន័យថាមិនមែនទិញកន្លែងហ្នឹងដាច់ យកសិទ្ធិអធិបតេយ្យភាពទេ … មានតែស្ថានអគ្គរដ្ឋទូត រាជទូតទេ ដែលយើងធ្វើសន្ធិសញ្ញា។ សម្រាប់កម្ពុជា រដ្ឋធម្មនុញ្ញយើងគ្មានសិទ្ធឱ្យបាត់អធិបតេយ្យភាពកម្ពុជានោះទេ។ អញ្ចឹងសូមបងប្អូនដែលព្រួយបារម្ភថាអនុវត្តហើយគម្រោងនេះ នឹងបាត់បង់អធិបតេយ្យភាព ការប្រើប្រាស់ សូមច្បាស់(ក្នុងចិត្ត)ឡើងវិញ​។ គម្រោងនេះមិន(ធ្វើឱ្យ)បាត់ទេ។ ផ្ទុយទៅវិញ បើយើងនិយាយ ជាគម្រោងរបស់ខ្មែរអ្នកធ្វើ ហើយមានការចូលរួមមួយភាគពីក្រុមហ៊ុនបរទេស។ កុំព្រួយពីរឿងបាត់អធិបតេយ្យភាព ឬថាធ្វើហើយគេមិនឲ្យប្រើ ឬគេប្រើសម្រាប់យោធាអីនោះ កុំព្រួយបារម្ភឲ្យសោះ។ យើងធ្លាប់បញ្ជាក់ហើយ។

(១៥) បើមិនធ្វើអាចស្រាយកង្វល់បាន តែមិនអាចស្រាយមន្ទិលបាន

បើសិនជាយើងស្តាប់បងប្អូនដែលព្រួយបារម្ភមួយភាគតូចនោះ យើងនឹងមិនធ្វើ តើយើងដោះស្រាយអ្វីបាន? បញ្ហា ២ មិនមែន ១ ទេ។ បញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យ។ សម្រាប់កង្វល់ និងមន្ទិលសង្ស័យនេះ ចំណុចទី២ គ្រោះថ្នាក់ណាស់។ ទី១ មានកង្វល់។ ដោះស្រាយចប់ ទៅបាត់។ តែទី២ គឺសង្ស័យគ្នាហ្នឹងឯងដែលធ្វើឲ្យបែកបាក់ជាតិ។ បើសិនជាយើងមិនធ្វើព្រែកជីកនេះឲ្យចេញរូបភាពឲ្យបងប្អូនបានឃើញនោះទេ យ៉ាងច្រើនដោះកង្វល់ថាបើធ្វើទៅវាអញ្ចេះៗ យើងមិនបាច់ធ្វើ អញ្ចឹងគាត់លែងព្រួយ។ ប៉ុន្តែ ការមន្ទិលសង្ស័យមិនដោះទេ។ បងប្អូនអាចគិតថា ឃើញទេ អញ្ចឹងមែន រាជរដ្ឋាភិបាលមានចេតនាធ្វើឲ្យបាត់អធិបតេយ្យភាពមែន​។ កុំតែពួកយើងស្រែក កុំអីធ្វើបាត់ហើយ។ អញ្ចឹងនៅតែបន្តមន្ទិលសង្ស័យរហូត។ រាជរដ្ឋាភិបាលគ្មានមានអីបញ្ជាក់លើដីទេ ក្រៅពីត្រឹមប្រកាសលើមេក្រូ។ អញ្ចឹងនៅតែបង្កើតការសង្ស័យរហូតថាកុំតែខ្ញុំស្រែក កុំអីបាត់អធិបតេយ្យភាព កុំអីបាត់ដីហើយ ហើយធ្វើឲ្យប្រជាជនយើងលែងទុកចិត្តគ្នា លែងទុកចិត្តរដ្ឋាភិបាល។

(១៦) ពន្យល់ការគិតពីអនាគត ជាការព្យាករ មានត្រឹមតែទស្សនៈ និងអំណះអំណាង

ពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឲ្យមានការងាយស្រួលនៅក្នុងការដុតឲ្យបែកបាក់ជាតិ។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុង យើងត្រូវធ្វើគម្រោងនេះឲ្យ​ចេញ ដើម្បីបង្ហាញបងប្អូនយើងចែកគ្នាមើលទាំងអស់គ្នាទៅតើវាបាត់ឬទេ? គឺអត់ទេ ហើយបញ្ជាក់តាមអី? បញ្ជាក់តាមសមិទ្ធផលជាក់ស្តែងដែលយើងឃើញនៅពេលនោះ … ហ៊ានតែយើងឈប់ ប្រាកដជាមានការរុញ(ឱ្យកាន់តែ)សង្ស័យ។ ឃើញទេ! មានខ្លួនហើយ បានដកខ្លួន ដោយសារយើងស្រែក … បើទោះបីជាយើងប្រាប់យ៉ាងម៉េច ពន្យល់យ៉ាងម៉េច (ក៏លំបាកនឹងស្រាយកង្វល់) ព្រោះយើងនាំគ្នាពន្យល់ពីការគិតពីអនាគត គ្មានអ្វី(មកបញ្ជាក់ឯណា)។ ទទេ។ ពន្យល់ពីការព្យាករ នោះហើយដែលមិនអាចមានអ្នកត្រូវ (ឬ) អ្នកខុស បានត្រឹមតែបញ្ចេញទស្សនៈ និងអំណះអំណាង។ ប៉ុន្ដែដើម្បីលុបបំបាត់នូវកង្វល់ ហើយសំខាន់បំផុតកុំឲ្យមានមន្ទិលសង្ស័យផ្ទៃក្នុងជាតិរបស់យើង ដែលនាំឲ្យមានការបែកបាក់ ដោយសារគម្រោងមួយនេះ យើងត្រូវធ្វើឲ្យចេញ និងនាំគ្នាការពារ និងទាញយកផលប្រយោជន៍ពីគម្រោងមួយនេះ ដើម្បីអភិវឌ្ឍជាតិរបស់យើង (និង)លើកសក្ដានុពល ការពារឯករាជ្យភាព និងអធិបតេយ្យភាពជាតិជាក់ស្ដែងរបស់កូនចៅយើង។

(១៧) ផ្ដល់យុត្ដិធម៌ដល់អ្នកចង់បានផល​សេដ្ឋកិច្ច តែត្រូវផ្ដល់ចម្លើយជូនអ្នកមានកង្វល់ពីអធិប​តេយ្យភាពផង

គេសួរខ្ញុំថា ហេតុអ្វីមិនស្ដាប់ប្រជាពលរដ្ឋ? ប្រជាពលរដ្ឋថាគាត់មិនចង់ឲ្យធ្វើ។ អញ្ចឹងបើមានប្រជាពលរដ្ឋខ្លះមិនចង់ឱ្យធ្វើ គាត់កង្វល់ គាត់មន្ទិល មិនបាច់ធ្វើទេ នាំពិបាកបែកញើសប្រឹង​រកលុយមកធ្វើ … ការសម្រេចចិត្តនយោ​បាយមិនស្រួលទេ។​ ខ្ញុំយល់ហើយ ១០ ខែនេះ។ សម្ដេចតេជោ(ស្ថិតក្នុងតំណែងនៃការសម្រេចចិត្តនយោបាយ) ៤០ ឆ្នាំ ជាពិសេសនៅពេលយើងធ្វើអ្វីមួយដែលមានការយល់ច្រឡំ(ពីពលរដ្ឋ) ហើយយើងមិនអាចបញ្ជាក់បានភា្លម ត្រូវការភាពអំណត់។ ប៉ុន្ដែយើងមិនអាចបោះបង់គោលដៅធំពិតប្រាកដបម្រើជាតិមាតុភូមិនោះទេ។ ជាពិសេស គម្រោងមួយដែលប្រជាពលរដ្ឋភាគច្រើនលើសលប់យល់ពីតម្លៃ។ ទោះបីមានបងប្អូនមួយចំនួន ជាសិទ្ធិរបស់គាត់មានការព្រួយបារម្ភ យើងត្រូវតែផ្ដល់យុត្ដិធម៌ឲ្យទាំងអស់ យុត្ដិធម៌គាំទ្រអ្នកដែលចង់បានផលចំណេញ ផល​សេដ្ឋកិច្ចក៏យើងត្រូវតែឱ្យ ប៉ុន្ដែយើងត្រូវផ្ដល់នូវចម្លើយជូនប្រជាពលរដ្ឋដែល(មាន)កង្វល់ពីការបាត់ដី បាត់អធិប​តេយ្យភាពតាមរយៈគម្រោងមួយនេះ។ ​ត្រូវបញ្ជាក់បង្ហាញឲ្យគាត់ឃើញពីភាពទទួលខុសត្រូវ។​

ត្រូវធ្វើគម្រោងនេះផង ការពារឲ្យបាននូវអធិបតេយ្យភាព និងទឹកដីរបស់យើងផង ហើយបង្កើនសក្ដានុពលនិងឯករាជ្យភាពរបស់យើង។​ មានតែពេលនោះទេយើងអាចរំលត់ភ្លើងនៃការសង្ស័យផ្ទៃក្នុងនេះបាន … បើយើងមិនធ្វើឲ្យសម្រេចឲ្យចេញនូវចក្ខុវិស័យនេះឲ្យបានបងប្អូនបានឃើញទេ បងប្អូននឹងមានមន្ទិលសង្ស័យរហូត។​ ការមន្ទិលសង្ស័យនេះហើយ មានអ្នកឆ្លៀតឱកាសរុញឲ្យបែកបាក់ ឲ្យមានការមិនទុកចិត្តគ្នា ថាចេតនាអាក្រក់ណាស់របស់រដ្ឋាភិបាល បម្រុងឲ្យគេមែន តែប្រជាជនតវ៉ា​ បានដកថយ។ យើងគ្មានអីប្រាប់គាត់ទៀត ក្រៅពីកាន់មេក្រូពន្យល់ ល្អបំផុតគឺគ្មានអ្វីក្រៅពីការធ្វើឲ្យចេញ និងឲ្យលឿនតែម្ដង។ ហេតុនេះហើយបានជាយើងរំកិលពីខែធ្នូ មកខែសីហា តែម្ដង កុំឲ្យថា យប់យូរ សុបិនច្រើន នាំឲ្យមានបញ្ហា។

(១៨) នឹងមិនមានការបាត់បង់ទឹកដីនៅភាគខាងត្បូង​ ឬខាងកើតគម្រោងព្រែកជីកហ្វូណនទេ

ការបែកបាក់ជាតិកើតពីការមន្ទិលសង្ស័យនេះហើយ។ ដុតរងើកភ្លើងនៅខាងក្នុងងាយស្រួលក្នុងការ(ឆេះ)។ អញ្ចឹងបងប្អូនអ្នកដែលមិនទាន់គាំទ្រគម្រោង អ្នកទាមទារ(មិនឲ្យធ្វើ) អាចមានការព្រួយបារម្ភ បងប្អូនអាចចោទ វាយប្រ​ហារថា​ រាជរដ្ឋាភិបាលថាមិនស្ដាប់ ឬមិនយល់ពីកង្វល់របស់បងប្អូន។ ខ្ញុំយល់! ខ្ញុំស្ដាប់បាន!​ ហើយបងប្អូនបន្ដសិទ្ធិក្នុងការបញ្ចេញមតិចុះ។ ប៉ុន្ដែខ្ញុំសូមធានាអះអាងថា ពេលដែលគម្រោងព្រែកជីកនេះធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដីនៅភាគខាងត្បូង​ ឬខាងកើតគម្រោងនេះទេ។ យើងក៏មិនបាត់បង់នូវអធិបតេយ្យភាពនៃការប្រើប្រាស់ផ្លូវទឹកនៃព្រែកជីកហ្វូណននេះដែរ ខ្ញុំហ៊ានធានា។ បើចង់ដឹង ចាំមើល​ប្រាំឆ្នាំទៀត។ ខ្ញុំអត់ទៅណាទេ។ ឥឡូវខ្ញុំនិយាយនេះ អត់​លាក់ទេ។ បងប្អូន save ទុកចុះ។ ប្រាំឆ្នាំទៀតមករករឿងខ្ញុំ។ បើសិនយើងបាត់បង់អធិបតេយ្យភាពមែន។ ប្រសិនបើយើងបាត់ទឹកដីនៅភាគខាងក្រោមមែន ឬ ១០ ឆ្នាំ ២០ ឆ្នាំទៀត បើបងប្អូនខ្លាច ៥ឆ្នាំវាលឿនពេក។ គ្រួសារខ្ញុំ អត់ទៅណាទេ។ ខ្ញុំប្រាប់ថ្ងៃមុន គ្រួសារខ្ញុំមិនវេចបង្វិចទៅណាទេ … បងប្អូនអាចមករករឿងខ្ញុំបាន។ ​ធ្វើដោយស្មារតីទទួលខុសត្រូវ​នេះជាអ្វីដែលយើងធានា។ ខ្ញុំប្រហែលជាត្រូវបញ្ចប់ ព្រោះគេថាកុំឲ្យយូរពេក។ (យើង)ត្រូវចុច(ម៉ោង)៩:០៩ នាទី ។

[ចប់សេចក្ដីអធិប្បាយ៥]

មុននឹងបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំ និងជាកូនខ្មែរមួយរូប ខ្ញុំសូមអំពាវនាវ និងបំផុសឱ្យបងប្អូនជនរួមជាតិគ្រប់ទិសទី ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងប្ញស្សី សូមបង្កើនសាមគ្គីភាពជាតិ និងការឯកភាពជាតិជាធ្លុងមួយ ប្រកបដោយស្មារតីជាតិនិយម និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ដើម្បីក្លាយជាសមូហមហាថាមពលក្នុងការធ្វើឱ្យព្រលឹងខ្មែរអង្គររស់ឡើងវិញ។ តាមរយៈ ព្រែកជីកហ្វូណនតេជោ នេះ យើងនឹង​បន្តកសាងជាតិខ្មែរមួយដ៏រុងរឿង និងរស់រវើក ដើម្បីធ្វើឱ្យប្រជាជនខ្មែរគ្រប់រូបកាន់តែមានមោទនភាពដែលបានកើតមកជាខ្មែរ។

ជាទីបញ្ចប់ ខ្ញុំសូមថ្វាយព្រះពរ និងជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមមានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងគ្រប់ក្រុមគ្រួសារទាំងអស់។

ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ!

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ