អង្គការជំនួយ ប្រជាជន ន័រវែស (NPA) ថ្កោលទោសការ ប្រើប្រាស់ គ្រាប់បែកចង្កោម

ប្រភពៈ អង្គការចម្រុះ​ស្តីពីសព្វាវុធ​ចង្កោម (CMC)  ចុះថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១១

អង្គការ NPA ថ្កោលទោស​ថៃដែលបាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោមនៅ​ក្នុងជម្លោះ​ជាមួយ ​កម្ពុជា​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ។

គ្រាប់បែក​ចង្កោម​ជាសព្វាវុធ​ដែលមាន​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ដល់ជន​ស៊ីវិល។ ជារៀង រាល់​ឆ្នាំប្រជាជន​ស៊ីវិល​រាប់​ពាន់នាក់​បានស្លាប់ និងពិការ​ដោយសារ​តែគ្រាប់បែក​ចង្កោមនេះ ដែល​បាន​បន្សល់ទុក​ពីសង្គ្រាម។ លោក Per Nergaard ប្រធាន​អង្គការ​ជំនួយ​ប្រជាជន ន័រវែស​ផ្នែកមីន​បាន​និយាយថា យើងបាន​ធ្វើការយ៉ាង​សកម្ម ដើម្បី​ហាមប្រាម​ការប្រើ​ប្រាស់ គ្រាប់បែក​ចង្កោម និងថ្កោល​ទោសរាល់​ការប្រើប្រាស់​សព្វាវុធទាំង​អស់នេះ។  បន្ទាប់​ពីមាន ការស៊ើប​អង្កេត​ឯករាជ្យ​ពីរ ធ្វើឡើង​ដោយ​អង្គការ​ចម្រុះ​ស្តីពី​សព្វាវុធ​គ្រាប់បែក​ចង្កោម (CMC)បាន​សន្និដ្ឋាន​ថា ថៃបាន​ប្រើ​ប្រាស់​សព្វាវុធ​គ្រាប់បែក​ចង្កោម​កាលពីខែ​កុម្ភៈឆ្នាំនេះ​នៅក្នុង ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។ ទាំង​យោធា និង​ជន​ស៊ីវិល​ទទួល​រងគ្រោះ។

នេះជា​លើកទី​មួយដែល​ការប្រើ​ប្រាស់គ្រាប់​បែកចង្កោម​ត្រូវបាន​គេកត់​ត្រាទុក បន្ទាប់​ពី​ ការ​ហាមឃាត់​ជាអន្តរ​ជាតិ​បាន​ចូល​ជាធរ​មាន​កាលពី​ថ្ងៃទី ០១ សីហា ២០១០។

អ្នកភូមិ​ប្រមាណ ៥០០ នាក់ នៅភូមិ​សែនជ័យ​នៅក្នុងទឹក​ដីកម្ពុជា ឥឡូវ​នេះ​ប្រឈម​ គ្រោះ​ថ្នាក់នឹង​គ្រាប់​បែក​ចង្កោម​ដែល​មិន​ទាន់ផ្ទុះ​នេះបន្ទាប់​ពីការ​បាញ់។

លោក Atle Karlsen អ្នក​តំណាង​របស់​អង្គការ​ជំនួយ​ប្រជាជន​ន័រវែស​ធ្វើការ​នៅ​ អង្គការ​ចម្រុះ​ស្តីពី​សព្វាវុធ​គ្រាប់បែក​ចង្កោម (CMC) បាន​និយាយ​ថា ឥឡូវ​នេះប្រទេស​ថៃ ត្រូវ​តែ​បញ្ចេញ​ព័ត៌​មាន ដើម្បី​ឲ្យមាន​ការបោស​សម្អាត​តំបន់​ទាំងនោះ​ដែល​អាច​ធ្វើទៅ បាន និងធ្វើឲ្យ​វាមាន​សុវត្ថិ​ភាព​សម្រាប់​ការវិល​ត្រឡប់​របស់ប្រជាជន​ទៅកាន់​ភូមិដ្ឋានវិញ។

យោង​ទៅតាម​អង្គការ CMC បាន​ឲ្យដឹង​ថា គ្រាប់​បែក​ចង្កោម​ដែល​បានបាញ់​ទម្លាក់​ ចូល​មក​កម្ពុជា​នោះ បាន​ដកហូត​ជីវិត​ពីរ​នាក់ ខណៈដែល​មនុស្ស​ពីរនាក់​បានដាច់​ដៃបាត់ និង មនុស្ស​ប្រាំនាក់​ទៀតបាន​រងរបួស។

អនុសញ្ញា​ប្រឆាំងគ្រាប់​បែក​ចង្កោម​ដែល​បាន​ចូល​ជាធរ​មានកាល​ពីថ្ងៃទី ០១ សីហា ២០១០ ហាម​ប្រាម​ការ​ប្រើប្រាស់ ការ​ផលិត ការ​រក្សា​ទុក និង​ការលក់​នៃសព្វាវុធ​គ្រាប់បែក ចង្កោម​នេះ។

ក្រោមកិច្ច​ព្រមព្រៀង​នេះ រដ្ឋភា​គីហត្ថលេខី​ត្រូវមាន​កាតព្វកិច្ច ដើម្បី​បំផ្លាញ​ចោលការ​ស្តុក ទុក​អាវុធ​ប្រភេទ​នេះរបស់​ខ្លួន បោស​សម្អាត​ដីណា​ដែលមាន​គ្រាប់បែក​បាន​បន្សល់​ទុក ហើយ ជួយ​ជន​រងគ្រោះ និង​តំបន់​ដែល​ប៉ះពាល់។ មានប្រទេស​ចំនួន ១០៨ ដែល​បានចុះ​ឈ្មោះ គាំទ្រ​ចំពោះ​អនុសញ្ញា​នេះ ហើយ​ប្រទេស​ចំនួន ៥៥ បាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​ តាមរយៈ​អង្គ​និតិប្បញ្ញត្តិ​នៅក្នុង​ប្រទេស​របស់​ខ្លួន។ ទាំង​កម្ពុជា និងថៃ​មិនបាន​ចុះហត្ថលេខា លើកិច្ច​ព្រមព្រៀង​អន្តរជាតិ​ប្រឆាំង​នឹងសព្វាវុធ​គ្រាប់បែក​ចង្កោម​នេះទេ។

អង្គការ​ជំនួយ​ប្រជាជន​ន័រវែស (NPA) បាន​ធ្វើការ​បោស​សម្អាត​មីន និងគ្រាប់ផ្ទុះ ដទៃ​ទៀត​នៅកម្ពុជា​ចាប់តាំង​ពីឆ្នាំ ១៩៩២ ។

សម្រាប់ព័ត៌មាន​បន្ថែមទាក់ទងៈ

លោក Per Nergaard ប្រធាន​អង្គការជំនួយ​ប្រជាជន​ន័រវែស​ (NPA) ផ្នែក​មីន ទូរស័ព្ទ ដៃលេខៈ ៩០៩ ៨០ ៣១១។

លោកស្រី Sister Denise Coghlan នៃអង្គការ​កម្ពុជាយុទ្ធ​នាការ ដើម្បី​ហាមប្រាម​ការ ប្រើប្រាស់​គា្រប់មីន និង​សព្វាវុធ​គ្រាប់បែក​ចង្កោម ទូរស័ព្ទ​ដៃលេខៈ ៨៥៥ ១២៤ ៨៨៩៥០។

លោកស្រី Laura Chaeeseman នៃអង្គការ​ចម្រុះស្តី​ពីគ្រាប់បែក​ចង្កោម​ប្រចាំ​នៅ ចក្រភព​អង់គ្លេស ទូរស័ព្ទ​លេខៈ +៤៤ ៧៥១៥ ៥៧៥ ១៧៥៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ