នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និង រីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់ឯកឧត្តម ។
ឯកឧត្តម Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ នាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានចាត់ទុកសម្តេចជាប្អូនប្រុស និង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានការកោតសរសើរ និង ស្រឡាញ់ពីប្រជាជនបង់ក្លាដែស ។ ឯកឧត្តម បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។
ឯកឧត្តមបានរំលឹកថា ឯកឧត្តមធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ ឯកឧត្តម មានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា … ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប ។
ឯកឧត្តម ក៏បានអបអរសារនិងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូននិងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកជំទាវប្រធានសភាជាតិបង់ក្លាដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។
ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Mohammed Abdul Hye ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្តេច ចាត់ទុកសម្តេចជាបងធម៌ និង បានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង។ ពិតណាស់ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព ។ ក៏ប៉ុន្តែ នៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ២ពាន់លានដុល្លារ អ៊ុនតាក់ ទុកប្រទេសកម្ពុជាមួយដែលមានមានតំបន់ត្រួតត្រាពីរ។ សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។
សម្តេចមានការកើតសរសើរថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍប្រទេសដែលមានប្រជាជនច្រើន ជិត១៧០លាននាក់ស្មើ ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។ សម្តេច វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូច និង ចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងារស្រួលទេ ជាពិសេស ពេលសម័យជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពរបស់ប្រទេសកម្ពុជា បង់ក្លាដែស និងនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងការផ្ទេរអំណាចដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា វាគឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឱ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត អតិផលរណាទាប … ។ សម្តេចតេជោ នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសផងដែរសម្រាប់សម្តេចជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឱ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina និងសូមជូនពរឯកឧត្តមឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕