សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសាបាយសាមគ្គី ជួបជុំ និងទទួលភារកិច្ចថ្មី សមាគមខ្មែរ-ចិន

CNV: 4 ខែ​កុម្ភៈ, 2017

រយៈពេល ២៧ ឆ្នាំ នៃការកកើតសមាគមខ្មែរ-ចិន នៅកម្ពុជា

ថ្ងៃនេះ ខ្ញុំនឹងភរិយា ពិតជាមានកិត្តិយស ដែលបានមកចូលរួមជួបជុំធ្វើការសំណេះសំណាល និងទទួល ទាន​អាហារមិត្តភាព ជាមួយនឹងសមាគមខ្មែរ-ចិន ព្រមពេលដែលលោកឧកញ៉ា ពង្ស ខៀវសែ បានទទួល ភារកិច្ចជាប្រធាន នៃសមាគមខ្មែរ-ចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយក​ឱកាស​នេះ សំដែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងលោកជំទាវ ចំពោះអស់លោក លោក​ស្រី ដែលបានអញ្ជើញមកពីបណ្តាខេត្ត និងអញ្ជើញមកពីកន្លែងដទៃទៀត ដូចជា៖ តំបន់ម៉ាកាវ ហុងកុង ឬ​ក៏តៃប៉ិជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយបានស្តាប់នូវរបាយការណ៍របស់លោកឧកញ៉ា ពង្ស ខៀវ​សែទាក់ទិនជាមួយនឹងការកកើតឡើង តាំងពីឆ្នាំ ១៩៩០ ដែលសមាគមនេះបានចាប់ផ្តើម ដែល​មក​ដល់​ពេលនេះ ចាត់ទុកថា ២៧ ឆ្នាំ នៃកំណើតសមាគមខ្មែរ-ចិន នៅកម្ពុជា។

សមាគម និងត្រកូលចិន រួមចំណែកកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា

ចំណុចនេះ បានបង្ហាញឲ្យឃើញអំពីភាពបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូត​ដល់​​ចប់។ ឆ្នាំ ១៩៩០ មិនទាន់មានកិច្ចព្រមព្រៀងប៉ារីសទេ។ ក៏ប៉ុន្តែពេលនោះ គណបក្សប្រជាជនបានអនុវត្ត​នូវ​គោលនយោបាយដ៏ត្រឹមត្រូវមួយ ស្តីអំពីជនជាតិចិននៅកម្ពុជា។ ខ្ញុំនៅចាំបានថា បានរួម​ចំ​ណែក​​ជា​មួយ​មេដឹកនាំដទៃទៀត ដើម្បីធ្វើឲ្យមានការរស់ឡើងវិញនូវសាលារៀនភាសាចិន ហើយក៏មានសាលារៀន​មួយ​ចំនួន​​ឧបត្ថម្ភដោយខ្លួនខ្ញុំផ្ទាល់ផងដែរ ថ្នាក់បឋម ឬក៏ថ្នាក់កម្រិតអនុវិទ្យាល័យ ដូចជា៖ នៅតាខ្មៅ និង​កំពង់ចាម ជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយសារបងប្អូនចេះរួបរួមគ្នាបង្កើតឡើងនូវសមាគម មាន​សណ្ឋានប្លែកៗគ្នា ដោយសារមានចិនកាតាំង មានចិនទាជីវអីជាដើម មានដល់រៀបចំជា​ក្រុមគ្រួសារ នៃ​ត្រកូលថែមទៀតផង ហើយចេះរួមសំបាច់គ្នា ដើម្បីរួមចំណែក ទៅដល់ការកសាង និងអភិវឌ្ឍព្រះរាជា​ណា​ចក្រកម្ពុជា។ ខ្ញុំជូនពរចំពោះអស់លោកអ្នកដែលជាជនជាតិចិន ឬក៏ជនជាតិខ្មែរដើមកំណើតចិន ឬក៏​អ្នក​ដែលមានខ្សែស្រឡាយចិន នូវពរសព្វសាធុការ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិនកន្លងទៅនេះ សុំឲ្យ​អ្នក​ទាំង​អស់គ្នាទទួលតែសេចក្តីសុខ សំណាងល្អ និងជោគជ័យ។ កុងស៊ីហ្វាឆាយ។

តើត្រូវទទួលទេសចរណ៍ចិន ឬជនភៀសខ្លួនចិន?

… គួរតែនិយាយបន្តិចថា តើបងប្អូនចិនទាំងឡាយ ដែលមានសាច់ញាតិតពូជតពង្សមកនៅ​ក្នុង​ប្រ​ទេស​កម្ពុជា ចាប់ផ្តើមពីអ្វី? នេះជាចំណុចមួយ ដើម្បីយើងអាចមើលឃើញ នូវការរះឡើង​ដោយសន្តិភាព​របស់​សា​ធារណរដ្ឋប្រជាមានិតចិននៅពេលនេះ។ នៅក្នុងឆ្នាំ ២០០១ រហូតមកដល់ពេលនេះ មានរយៈ ១៦ ឆ្នាំ ហើយ។ ពេលនោះ ចិនមិនទាន់ចូលអង្គការពាណិជ្ជកម្មពិភពលោកនៅឡើយទេ។ ខ្ញុំបានទទួលនូវសំណួរ​មួយ​នៅឯទីក្រុងតូក្យូ នៅពេលដែលខ្ញុំចូលរួមនៅក្នុងសន្និសីទអន្តរជាតិ ទាក់ទិនជាមួយនឹងបញ្ហា​អនាគត​របស់​អាស៊ី។ សំណួរនោះសួរថា តើ(ខ្ញុំ)មានការព្រួយបារម្ភ​ទេ នៅពេលដែលចិនចូលអង្គការ​ពាណិជ្ជកម្ម​ពិ​ភព​លោក? … ជាចម្លើយ ខ្ញុំបានចោទសួរត្រឡប់ទៅវិញថា តើត្រូវទទួលនូវជនភៀសខ្លួនចិន ឬទទួលនូវ​ទេស​ចរណ៍​របស់ចិន? … ខ្ញុំបានលើកឧទាហរណ៍ពីសម័យដែលចិនមានការឈ្លាន​ពានពីបរទេស នៅ​ពេល​ដែលចិនមានការលំបាក ប្រជាជនចិនបានភៀសខ្លួនចេញមកនៅតាមបណ្តាប្រទេស ជាពិសេសនៅ​អា​ស៊ី​អាគ្នេយ៍ ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ …។

កម្ពុជា មានសុខដុមភាពជាតិសាសន៍ និងសាសនា

អស់លោក/ស្រីមួយចំនួន​កូនចៅចិននេះ ត្រូវដឹងថាឪពុកម្តាយរបស់ខ្លួន ជីដូនជីតា​របស់ខ្លួន បានភៀស​ខ្លួន​ពី​ប្រទេសចិន នៅក្នុងដំណាក់កាលដែលមានបរទេស​ឈ្លាន​ពាន​ប្រ​ទេសចិន នៅក្នុងដំណាក់​កាល​ដែល​ប្រជាជនចិនជួបការលំបាក … ពេលវេលាបានមកដល់។ យើងមិនត្រូវទទួល​ជនភៀស​ខ្លួន​ចិន​ទៀត​ទេ។ យើងកំពុងតែដាក់ចេញ​នូវ​គោល​​នយោបាយ​ ស្តីអំពីការទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគចិន​​មក​កាន់ព្រះរាជាណាចក្រ​កម្ពុជា … យើងក៏មិនព្រួយបារម្ភអំពីឥទ្ធិពលចិននោះទេ។ នេះគឺជាអ្វីដែលខ្ញុំនៅ​ចាំ​ថា​បាននិយាយនូវបញ្ហានេះតាំង​ពី ១៦ ឆ្នាំ មុនឯណោះ។ ឥឡូវនេះ សម្រាប់គោលនយោបាយជាបន្ត បង​ប្អូនទាំងឡាយដែល​មានវត្ត​មាន​ទី​​នេះ យើងមិនបានប្រើពាក្យថាជាសមាគមអនិកជនចិនទេ គឺសមា​គម​ខ្មែរ-ចិន  មានន័យថាបងប្អូន​ទាំង​ឡាយបានក្លាយទៅជាជនជាតិខ្មែររួចស្រេចទៅហើយ គ្រាន់តែដើមកំ​ណើត​ចិនតែប៉ុណ្ណោះ និងខ្សែ​ស្រ​ឡាយ​ចិនតែប៉ុណ្ណោះ។ ខ្ញុំពិតជាមានមោទនភាព ដោយនៅប្រទេស​យើង​បច្ចុប្បន្ន​ គ្មានការបែងចែក គ្មានការរើសអើង​ … ពិតមែនហើយ នៅ​ក្នុង​ប្រទេសរបស់យើង​មាន​ស​ញ្ជាតិ​ច្រើន តែសំរាប់ប្រទេសមួយៗ ការសំខាន់គឺការមិនមានការរើសអើងជាតិសាសន៍ ឬការធ្វើសុខ​ដុម​ភាវូប​នីយ​កម្មជាតិសាសន៍ និងសាសនា ក្នុងនោះ ក៏មានបងប្អូនសមាគមខ្មែរ-ចិននៅកម្ពុជា ដែលត្រូវធ្វើ​​កិច្ច​​ការ​ នេះផងដែរ។

កម្ពុជា និងចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ខ្ញុំសូមអំពាវនាវពីទីកន្លែងនេះ ឲ្យបងប្អូនខ្មែរ-ចិន គ្រប់សមាគម និងគ្រប់ត្រកូលទាំងអស់ មេត្តាជួយជម្រុញ​អនុ​វត្ត​នូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងចិន ដែលតាមរយៈទស្សន​កិច្ច​នៅកម្ពុជា នៃប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) បានលើកកម្ពស់កម្រិតសហប្រតិបត្តិការ​របស់​ខ្លួនដល់ទៅកម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាមោទនភាព នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ នៃទំ​​នាក់​ទំនងរវាងកម្ពុជា-ចិន។ នៅទីក្រុងភ្នំពេញនេះ ក៏មានវិទ្យាស្ថានខុងជឺ ដែលសង្ឃឹមថា សមា​គម​ខ្មែរ​-ចិន នឹងចូលរួមជាមួយរាជបណ្ឌិតសភាកម្ពុជា ដើម្បីឲ្យវិទ្យាស្ថានខុងជឺនេះ អាចដំណើរការទៅបាន​ដោយ​រលូន … ធ្វើយ៉ាងណារួមគ្នាសម្រេចនូវគោលដៅទាំងឡាយ ដែលបានដាក់ចេញដោយមេដឹកនាំចិន និង​ កម្ពុជា ក្នុងហ្នឹងសម្រាប់ឆ្នាំ ២០១៧ នេះ ត្រូវសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារសហរដ្ឋ​អា​មេរិក។

សូមបងប្អូនខ្មែរ-ចិន​យកចិត្តទុកដាក់ទាក់ទាញទេសចរចិន(អោយបាន)កាន់តែច្រើន។ ខ្ញុំបាន​​និយាយជា​មួយអតីតប្រធានាធិបតី ហ៊ូ ជិនតាវ បន្ទាប់ទៅខ្ញុំនិយាយជាមួយប្រធានាធិបតី ស៊ី ជិនពីង ថាចង់បាន​អ្នក​ទេសចរចិនក្នុងរង្វង់ ០.០១%។ ប្រជាជនចិនមានជិត ១.៤០០ លាននាក់​ បើសិនជាយើង​ទទួល​បាន​អ្នក​ទេសចរចិនត្រឹម ០.០១ វាស្មើនឹង ១.៤០០.០០០ នាក់នៃប្រជាជនចិន។ ទាមទារនូវ​ការ​ចូល​រួមពីបងប្អូន​សមាគមខ្មែរ-ចិន​របស់យើង ទៅលើការបណ្តុះបណ្តាលអ្នកចេះភាសាចិន ដើម្បីធ្វើជា​អ្នក​​មគ្គុ​ទេសន៍នាំភ្ញៀវ និងឧទ្ទេសនាម។ ខ្ញុំស្នើឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើការជាមួយ​សមា​គមចិន ដើម្បីពង្រឹងគុណភាពនៃការសិក្សាភាសាចិន ដើម្បីផ្តល់សេវាសម្រាប់ទេសចររបស់ចិន មកកាន់​ព្រះរាជា​ណាចក្រម្ពុជាកាន់តែច្រើនទៅៗ។ ឆ្នាំកន្លងទៅមាន ប្រហែលជា ៨០ ម៉ឺននាក់ រួចស្រេច​ទៅ​ហើយៗ ខ្ញុំមាន​មោទនភាពថា នឹងអាចសម្រេចបាននូវគោលដៅ …។

ខ្សែក្រវ៉ាត់មួយ វិថីមួយ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី​ ២១, ធនា​គារ​វិនិ​យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី

មួយទៀត យើងក៏កំពុងតែបន្តអនុវត្តនូវការព្រមព្រៀងទាក់ទងនឹងខ្សែក្រវាត់មួយ វិថីមួយ និងផ្លូវសូត្រ​សមុទ្រ​សត​វត្សរ៍ទី​ ២១​ ដែលផ្តួចផ្តើមឡើងដោយមិត្តចិន ហើយយើងក៏បានចូលរួមធ្វើជាសហស្ថាបនិកនៃ​ធនា​គារ​វិនិ​យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ យើងត្រូវបន្តដំណើរការនេះ។ ឆ្នាំនេះ ប្រាកដណាស់ថា នឹង​មានការធ្វើ​ដំ​​ណើរ​របស់ខ្ញុំទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងសន្និសីទ ស្តីអំពី ផ្លូវសូត្រ ក៏ដូចជាខ្សែ​ក្រវ៉ាត់មួយ ​ផ្លូវ​មួយផងដែរ។

នយោបាយការបរទេសចិនមួយ ​អនុវត្តតាំងពីព្រះករុណាព្រះ​បិតាជាតិ សម្តេចព្រះនរោត្តម សីហនុ

ខ្ញុំគួរតែយកឱកាសនេះ ជម្រាបជូនបងប្អូន ខ្មែរ-ចិន … បងប្អូនមួយចំនួនមានការពេញចិត្តជាមួយ​នឹង​គោល​នយោ​បាយអំពីប្រទេសចិនរបស់ ហ៊ុន សែន ឬរបស់គណបក្សប្រជាជន ក៏ប៉ុន្តែ ក៏មានបងប្អូន​មួយ​ចំនួនយល់ថា កម្ពុជាអនុវត្តនូវនយោបាយចង្អៀតពេក ដោយមិនព្រមផ្តល់ឱកាស សម្រាប់ការដាក់តាំង​ការិ​យា​ល័យ​តៃវ៉ាន់ប្រចាំនៅកម្ពុជា នៅភ្នំពេញ នៅតាមបណ្តាខេត្ត ដូចជាប្រទេសខ្លះ។ ខ្ញុំសុំយកឱកាសនេះ ជម្រាប​ជូនបងប្អូនជនជាតិខ្មែរដើមកំណើតចិនទាំងឡាយ ឲ្យបានជ្រាប ទោះបីបងប្អូន​ពេញចិត្តជាមួយអ្នក​ណា មិនពេញចិត្តជាមួយអ្នកណា បងប្អូនត្រូវយល់នយោបាយការបរទេស ដែល​អនុវត្តតាំងពីព្រះករុណា ព្រះ​បិតាជាតិ សម្តេចព្រះនរោត្តម សីហនុ ក្នុងបញ្ហាទាក់ទិននឹងគោលនយោបាយចិនមួយនេះតែម្តង។

ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើនឹង​គោរព​អធិបតេយ្យភាពរបស់កម្ពុជា

យើងមិនត្រូវធ្វើអ្វីដែលនាំទៅដល់ការប៉ះពាល់នូវការគោរពឯករាជ្យ អធិបតេយ្យភាពរបស់ចិន(ទេ ដូចជា) ការ​ចាប់ដៃជាន់ជើងនោះទេ។ ខ្ញុំមិនអាចធ្វើបាននូវរឿងនេះទេ។ ខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីខ្ញុំអាយុ ២៧ ឆ្នាំ។ ក្នុងដំណាក់កាលនៅទសវត្សរ៍ ៨០ មិនខ្វះទេមនុស្សដែលផ្តល់យោបល់ឲ្យខ្ញុំធ្វើទំនាក់​ទំនងជាមួយ​តៃ​វ៉ាន់។ ក៏ប៉ុន្តែ ខ្ញុំបដិសេធដាច់ខាត។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស និងក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ព្រមជាមួយនឹងបញ្ហានេះទេ។ សុំបងប្អូនយល់ទៅលើបញ្ហានេះ។នយោបាយចិនមួយ គឺជានយោបាយ​គោ​រពចំពោះអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើនឹង​ការគោរព​អធិប​តេយ្យភាពរបស់កម្ពុជាផងដែរ។ យើងលើកជាឧទាហរណ៍បែបនេះទៅវិញបានវាងាយស្តាប់។ តៃវ៉ាន់​គ្រាន់​តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ បើសិនជាយើងដាក់កាទូតជាមួយនឹងតៃវ៉ាន់ ឬក៏ឲ្យតៃវ៉ាន់លើក​ទង់​ជ័យរបស់គេនៅទីក្រុងភ្នំពេញ​ តើមានន័យថាម៉េច? នោះវាមិនខុសពីការដែលយើងបំបែកខេត្តមួយ​របស់​ចិន ចេញពីចិននោះទេ? ចុះបើចិនបំបែកខេត្តណាមួយចេញពីកម្ពុជា តើកម្ពុជាសុខចិត្តទេ? ច្បាស់ជា​មិន​​សុខចិត្តទេ។ ករណីដូចគ្នានេះ ចិនក៏មិនសុខចិត្តដែរ។

ទាក់ទងហុងកុង និងតៃវ៉ាន់ ក្នុងក្របខ័ណ្ឌចិនមួយ ប្រព័ន្ធពីរ

ដូច្នេះ សុំបងប្អូនយោគយល់ចំពោះខ្ញុំ ចំពោះគណបក្សប្រជាជន ខ្ញុំមិននិយាយដល់បក្សផ្សេងដែល​មានទំ​នាក់​ទំនងជាមួយតៃវ៉ាន់ទេ ក៏ប៉ុន្តែពីគោលនយោបាយរបស់គណបក្សប្រជាជន និងគោលនយោបាយរបស់ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី រយៈពេល ៣២ ឆ្នាំនេះ ដែលមិនព្រមអនុវត្តនូវនយោបាយចិនពីរ ឬ​ចិន​បី។ ករណីតៃវ៉ាន់ គឺដូច្នេះឯង ខ្ញុំយល់ព្រមត្រឹមតែមករកស៊ីតែប៉ុណ្ណោះ។ ខ្ញុំធ្វើបាន។ ឧទាហរណ៍៖ សព្វថ្ងៃ​មាន​ការហោះហើរពីតៃប៉ិមកភ្នំពេញ ពីតៃប៉ិទៅសៀមរាប។ ធ្វើបាន។ អ្នកវិនិយោគពីតៃប៉ិមកកម្ពុជា។ ធ្វើ​បាន។ ក៏ប៉ុន្តែ ខ្ញុំសំណូមពរបងប្អូននៅទីនេះ កុំដល់ពេលបុណ្យជាតិតៃវ៉ាន់ម្តងៗ នាំគ្នាទៅជួបជុំគ្នា​តាម​សណ្ឋា​គារ លើកទង់ជាតិតៃវ៉ាន់នៅក្នុងពិធីជប់លៀងណាមួយ។ មិនអនុញ្ញាតទេ។ សុំបងប្អូនយោគ​យល់​ទៅដល់ការសម្រេចចិត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើនយោបាយចិនមួយ និងទាក់ទិន​ជា​មួយ​នឹងបញ្ហាតៃវ៉ាន់។

ឯលើបញ្ហាទីបេ ក៏សុំបងប្អូនយោគយល់ដែរ យើងធ្លាប់បានទទួលនូវសំណូមពរ ស្តីអំពីការចូលមកកម្ពុជា ដោយសង្ឃអង្គនេះ សង្ឃអង្គនោះ ខ្ញុំមិនចាំបាច់និយាយឈ្មោះទេ ក៏ប៉ុន្តែ យើងមិនអនុវត្តនូវនយោបាយ បែប​នោះទេ។ ទីបេក៏ជាផ្នែកមួយរបស់ចិនដែរ។ មិនអាចមានទីបេរបស់អ្នកនេះ ឬរបស់អ្នកនោះទេ។ ដូច្នេះ សុំ​បងប្អូនមេត្តាយោគយល់ទៅលើអ្វី ដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើ។ ចិនបានអនុញ្ញាតឲ្យយើង​ទាក់ទងជាមួយនឹងហុងកុង ឲ្យយើងទាក់ទងជាមួយតៃវ៉ាន់ នៅក្នុងក្របខណ្ឌនៃចិនមួយប្រព័ន្ធពីរ ហើយ ចិនក៏មិនចង្អៀតចង្អល់ នៅក្នុងយើងធ្វើការរកស៊ីជាមួយនឹងតៃវ៉ាន់ ដែលមានអ្នកតៃវ៉ាន់មួយចំនួនក៏ចូលរួម នៅទីនេះផងដែរ។ មានប្រជាជនមកពីតៃវ៉ាន់មួយចំនួនមកហាត់វាយកូនហ្គោលនៅស្រុកខ្មែរទេ។ ប៉ុន្តែ ខ្ញុំ​មិន​អាចនឹងផ្តល់ការអនុញ្ញាតឲ្យបើកការិយាល័យតៃវ៉ាន់ប្រចាំនៅទីក្រុងភ្នំពេញ ឬនៅកន្លែងផ្សេងទៀត​ទេ។

… មិនអាចធ្វើបានទេ។ បើ(មិន)ដូច្នោះ វាគឺជាការចាប់ដៃជាន់ជើង វាស្មើនឹងការមិនគោរពអធិបតេយ្យ​របស់​កម្ពុជា ព្រោះយើងមិនគោរពអធិបតេយ្យរបស់ចិន។ បើដូច្នេះ ឯកឧត្តមអគ្គរដ្ឋទូតនៅទីនេះ​ច្បាស់ជាយល់​អំពី​បញ្ហានេះ។ ហើយខ្ញុំមិនខ្លាចនឹងនិយាយពីបញ្ហានេះ មិនថានៅកន្លែងនេះ ឬនៅកន្លែងណាទេ អំពី​នយោ​បាយចិនមួយ។ ចិនមិនត្រូវការអ្វីទេ ក្រៅតែពីការអនុវត្តនូវនយោបាយចិនមួយឲ្យបានទៀងទាត់តែ ប៉ុណ្ណោះ។ ជាចំណុចពិសេស។ ខ្ញុំសង្ឃឹមថាបងប្អូនគាំទ្រដល់នយោបាយចិនមួយ​របស់រាជរដ្ឋា​ភិ​បាល​។ គោល​នយោបាយនេះ​មានសារសំខាន់ណាស់សម្រាប់យើង ហើយក៏សម្រាប់តំបន់អាស៊ីផងដែរ ជាពិ​សេស​​អាស៊ី​អា​គ្នេយ៍ ក្នុងឋានៈអាស៊ានជាដៃគូយុទ្ធសាស្ត្ររបស់ចិន។ យើងត្រូវខិតខំថែ​រក្សាទំនាក់​ទំនង​ជាមួយចិន។ ការរះឡើងដោយសន្តិភាពរបស់ប្រទេសចិន មិនគម្រាមកំហែងអ្នកណាទេ។ ផ្ទុយទៅវិញ តាមរយៈ​នៃ​គោលនយោបាយជិតខាងល្អ តាមរយៈនៃចក្ខុវិស័យ ស្តីពីខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ផ្លូវសូត្រ និង ផ្លូវ​សមុទ្រ​សត​វត្សរ៍ទី ២១ ផ្តល់ផលប្រយោជន៍មិនត្រឹមតែបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាផ្តល់ទៅតំបន់ដទៃទៀត។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ស៊ី ជិនពីង នៅថ្ងៃទី​ ១៧ ខែ មករា នៅ ដាវ៉ូស (ស្វ៊ីស) គឺជាសេចក្តីថ្លែងការណ៍ដែលគេឲ្យតម្លៃខ្ពស់បំផុត។

កម្ពុជាបង្កើនការនាំអង្ករចេញទៅប្រទេសចិនពី ១០ ម៉ឺនតោន ទៅ​ ២០ ម៉ឺនតោន

ចិន ចាប់ផ្តើមបន្ធូរបន្ថយ​(គោលនយោបាយ​អំពី​ចំនួន)​កូន​ហើយ។ ខ្ញុំក៏សិក្សាដែរ។ ពីដើម​ចិន​អនុញ្ញាត​​ឲ្យ​មាន​កូនតែមួយទេ តែឥឡូវថា បើអាកូនទី ១ ជា​កូន​ស្រី អនុញ្ញាតឲ្យមានកូនទី​ ២ … បើអនុញ្ញាតឲ្យ​បែប​នេះ ប្រជាជនចិននឹងកើតឡើងទៅដល់​ ១.៥០០ លាននាក់ នៅក្នុងរយៈពេលមិនយូរប៉ុន្មានទេ។ ដូច្នេះ ចិនក្លាយទៅជាទីផ្សារដ៏ធំ សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ។ ឆ្នាំនេះ យើងត្រូវ​នាំអង្គទៅប្រទេសចិន ចំនួន ២០ ម៉ឺនតោន ដែលឆ្នាំមុនមានត្រឹម ​១០ ម៉ឺនតោន។ ឆ្នាំនេះ ត្រូវ​នាំ​ចូល​ទៅ​ប្រទេសចិន​​ ២០ ម៉ឺនតោន និងនៅសល់ផលិតផលដទៃទៀត … អ្វីដែលយើងនៅខ្វះ គឺទំនិញ​គ្រប់​ស្តង់ដា​ដែលត្រូវនាំចូលទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

មិត្តចិនបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

… បងប្អូននៅទីនេះ ពិតជានៅចងចាំបាន ការដែលយើងបានរួមដំណើរមកដល់ពេលនេះ។ ការអភិវឌ្ឍ​រយៈ​ពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ មិត្តចិនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការផ្តល់ជំនួយឥត​​សំ​​ណង កម្ចីឥតការប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍ បូកនឹងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ដើម្បី​បម្រើឲ្យការអភិវឌ្ឍ។ យើងត្រូវការទាក់ទាញនូវវិនិយោគគិនចិនកាន់តែច្រើនឡើងៗ ដើម្បីធ្វើវិនិ​យោគ​នៅ​កម្ពុជា។ វាជាការងាយស្រួល ដោយសារប្រទេសរបស់យើងក៏មាននិស្សិត មានសិស្ស និងបង​ប្អូន​មួយ​ចំនួនចេះភាសាចិន ក៏ប៉ុន្តែ អត់ទាន់គ្រប់គ្រាន់ទេ បើសិនទេសចរចិនមករហូតទៅដល់ជាង ១ លាននាក់។ យើងត្រូវការនូវអ្នកផ្តល់សេវាជាភាសាចិនឲ្យកាន់តែច្រើន ហើយប្រាក់យាន់របស់ចិន​ក៏នឹងត្រូវ​ចាយ នៅលើ​ទីផ្សាររបស់កម្ពុជាផងដែរ។

គ្មានសន្តិភាព គ្មានការអភិវឌ្ឍ

… សម្លែងនូវការអរគុណជាមួយនឹងបងប្អូនខ្មែរដើមកំណើតចិន និងអ្នកដែលមានខ្សែស្រឡាយ​ចិនទាំង​ឡាយ ដែលរួមរស់នៅជាមួយគ្នាតាំងពីកម្សត់កម្ររហូតមកដល់ពេលនេះ។ នៅតុប៉ុន្មាននេះខ្ញុំស្គាល់ទាំង​អស់។ អ្នកខ្លះចាប់ផ្តើមតាំងពីលក់អំបោះហុងទេ ប៉ុន្តែឥឡូវក្លាយទៅជាសេដ្ឋី​ហើយ។ គោលនយោបាយ​បើក​​ចំហររបស់យើង បានផ្តល់ឱកាសឲ្យបងប្អូនរកស៊ីគ្រប់ៗគ្នា មានបានគ្រប់ៗគ្នា។ ខ្ញុំសង្ឃឹមថា បងប្អូន​ច្បាស់​ជាយល់នូវភាពចាំបាច់នៃការរក្សាសន្តិភាព។​ បើគ្មានសន្តិភាពទេ បងប្អូននឹងមិនអាចធ្វើអីបានទេ។ បង​ប្អូនក្រឡេកមើលទៅចុះ មជ្ឍឹមបូព៌ាដែលគេកំពុងវ៉ៃគ្នា ហើយបងប្អូនខ្លួនឯងដែលធ្លាប់នៅក្នុងដំ​ណាក់​កាលសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ និងរបប ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ បងប្អូនយល់នូវការលំបាក ទាំងអស់នេះ។ បងប្អូនមិនត្រូវបានគេឲ្យរែកដីនោះទេ។ ខ្ញុំសង្ឃឹមថា ការចាំ​បាច់របស់យើងគឺត្រូវការ​ពារ​សន្តិភាព និងស្ថេរភាពនយោបាយឲ្យបាន ទើបបងប្អូនមានលទ្ធភាពការអភិវឌ្ឍ។ គ្មានសន្តិភាព វាគ្មាន​ការ​អភិវឌ្ឍទេ ហើយបើគ្មានការអភិវឌ្ឍ វាក៏មិនអាចរក្សាទុកនូវសន្តិភាពនេះបានដែរ។

គោលនយោបាយបើកចំហរនាំមកនូវការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

… ខ្ញុំមានឱកាសនិយាយយ៉ាងច្រើន​ ជាមួយនឹងប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម U Htin Kyaw អំពីទំ​នាក់​ទំនង​រវាងសន្តិភាព និងការអភិវឌ្ឍ ដែលនៅក្នុងប្រទេសរបស់គាត់ ក៏មានបញ្ហាពាក់ព័ន្ធជាមួយនឹង​បទ​ឈប់បាញ់​ និងការមិនទាន់ចុះហត្ថលេខាលើបទឈប់បាញ់។ កាលពីអតីតកាល ក្រុមគ្រួសារបង​ប្អូន​សាច់​ញាតិទាំងអស់ មិនថាខ្មែរ មិនថាចិន មិនថាចាម មិនថាជនជាតិណាទេ គឺទទួលរងគ្រោះ​ដោយ​គ្រាប់​បែក និងទទួលរងគ្រោះនឹងត្បូងចបពីរបប ប៉ុល​ ពត, ពីគ្រាប់បែកអាមេរិកកាំង … ប៉ុន្តែ ក្រោយការ​អនុវត្តនូវនយោបាយបើកចំហរ អ្នកនៅក្នុងស្រុកក៏មានប្រឹងប្រែងងើបឈរឡើង រហូត​​ក្លាយទៅជាអ្នកមាន ដែលខ្ញុំបានប្រាប់ទៅខាងពន្ធដារ និងខាងគយថា ត្រូវចិញ្ចឹមមេមាន់ឲ្យបានល្អ ដើម្បីឲ្យវាពងបានច្រើន  … សង្ឃឹមថា បងប្អូនទាំងអស់អនុវត្តនូវវប្បធម៌បង់ពន្ធ កាលណាពន្ធកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធក៏កាន់​តែ​ល្អ …។

ប្រមូលផ្តុំនូវធនធានបញ្ញា មនុស្ស និងទ្រព្យសម្បត្តិ កសាង​ប្រ​​ទេស

… ក្រៅពីនោះ ខ្ញុំក៏សុំអបអរសាទរជាមួយនឹងបងប្អូនខ្មែរ-ចិន នៅក្រៅប្រទេសដែលនាំទុន និងបច្ចេក​វិទ្យា ក៏​ដូចជាចំណេះដឹងចូលមកវិនិយោគក្នុងស្រុក … នេះជាការនាំទុនពីប្រទេសក្រៅចូលមកកម្ពុជា។ ខុស​ប្លែក​ពី​សម័យមុន កម្ពុជាក្រហើយត្រូវយកលុយទៅវិនិយោគនៅក្រៅប្រទេស។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? ពីដើម អ្នកធំ អ្នកមាន ទិញផ្ទះនៅអង់គ្លេស នៅបារាំង មានលុយដាក់ធនាគារនៅស្វ៊ីស … នោះហើយទុន​មាន​បន្តិចបន្តួចយកទៅវិនិយោគនៅក្រៅប្រទេស … ផ្ទុយមកវិញ នៅក្នុងដំណាក់កាលក្រោយ​រំដោះ ៧ មករា ១៩៧៩ រហូតមកដល់ពេលនេះ បងប្អូនទាំងនោះបានសន្សំលុយកាក់ដែលមាននៅខាងក្រៅ បូក​នឹង​ការចេះដឹងរបស់ខ្លួន ត្រឡប់មកស្រុក ដើម្បីនឹងបង្កើតមុខរបរ ហើយនាំមកនូវការវិនិយោគខ្នាតតូចក្តី ខ្នាត​មធ្យមក្តី ខ្នាតធំក្តី។ នេះជាវិធីសាស្ត្របើកចំហរ ក្នុងក្របខណ្ឌនៃគោលនយោបាយ ដើម្បីនាំមកនូវការ​បង្រួប​បង្រួមជាតិ និងនាំមកនូវការរួមចំណែក​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។ ខ្ញុំធ្លាប់បាន​និ​យាយ​ហើយថា យើងត្រូវការប្រមូលផ្តុំនូវធនធានបញ្ញា ធនធានមនុស្ស និងទ្រព្យសម្បត្តិ ដើម្បីកសាង​ប្រ​​ទេស​ឡើងវិញ។ អំពាវនាវជាបន្ត​ សម្រាប់បងប្អូនសហគមខ្មែរយើងនៅឯក្រៅប្រទេស ទាំងខ្មែរសុទ្ធ ទាំង​ខ្មែរ​កាត់ខ្សែស្រឡាយចិន ឬក៏ខ្មែរឥស្លាម នៅក្រៅប្រទេស បន្តវិលត្រឡប់មកដោយគ្មានឧប​សគ្គអ្វី​រារាំង​ទេ។

ខ្ញុំហាក់ដូចជានិយាយច្រើន​ ហើយក៏ល្មមឃ្លានហើយដែរ។ សង្ឃឹមថា បងប្អូនយល់ និងគាំទ្រការអនុវត្ត​គោល​នយោ​បាយ​​ចិនមួយរបស់រាជរដ្ឋាភិបាល ដើម្បីយើងបន្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយមិត្តចិន ហើយបង្កើតជំនឿទុកចិត្តរវាងកម្ពុជា និងចិន ឲ្យកាន់តែខ្ពស់ ហើយទំនាក់ទំនង​រវាងកម្ពុជា និងចិន កាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមអរគុណចំពោះការចូលរួមទាំងឡាយ​របស់ឯក​ឧត្តម​អគ្គ​រដ្ឋទូត ក៏ដូចជាបងប្អូនចិនដែលមកពីគ្រប់ទីកន្លែង និងបងប្អូនចិនមកពីគ្រប់ខេត្ត និងឯកឧត្តម លោក​ជំ​ទាវ មន្ត្រីអ្នកមុខអ្នកការ​ ដែលបានចូលរួមនៅក្នុងទីនេះ។ ហើយសូមជូនពរឲ្យមានសុខភាពល្អ អាយុ​យ៉ឺន​យូរ និងជោគជ័យគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ