សម្រង់ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​កាសែត​ ស្តីពី​ការ​បើក​ឲ្យប្រើ​ប្រាស់​ កម្មវិធី​មូលនិធិ​ហិរញ្ញវត្ថុ​រួម​គ្នា​

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដោយសារតែគ្នាយើងមិនច្រើនពេក ខ្ញុំគិតថាសុន្ទរកថាព្រៀងទុករបស់ខ្ញុំទុកចែកជូនអស់លោក លោកស្រី ជាក្រោយ។
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយសារតែជាប្រទេសអាស៊ីទី ១ ដែលបានចូលរួមនៅក្នុងយន្តការថ្មីរបស់យើង​។ ពិតណាស់ហើយ បញ្ហាប្រឈមធំនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលកំពុងងើបឡើង គឺពាក់ព័ន្ធធំជាងគេលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះឯង។ បើសិនជាយើងពិនិត្យមើលទៅលើគម្រោងដែលយើងធ្លាប់មានពីបណ្តាប្រទេសនានា ប្រហែលជានៅមានគំនរផែនទីយ៉ាងធំ យ៉ាងខ្ពស់នៅក្នុងឃ្លាំង តែគេពុំមានថវិកាគ្រប់គ្រាន់ដើម្បីនឹងធ្វើនោះទេ។ យើងគ្រាន់តែលើកអំពីបញ្ហាទាក់ទងនឹងអាស៊ី គឺថា មាន Highway អាស៊ី មាន Highway អាស៊ាន មានផ្លូវដែកអាស៊ាន សាំងហ្គាពួរ-គួនមីង។ បើយើងនិយាយពីប្រមូលសុន្ទរកថារបស់ប្រមុខរដ្ឋៗ នៃបណ្តាប្រទេស​ និងផែនទីដែលបានគូសគម្រោងការផ្លូវនោះ គឺប្រហែលជាយើងមាន ២ ទៅ ៣ ឃ្លាំងឯណោះ ក៏ប៉ុន្តែ បញ្ហាធំ​តើវានៅត្រង់ណា? គឺត្រង់ហិរញ្ញប្បទាន ដែលនឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងនោះឯង។ ជាភ័ព្វសំណាង នៅប្រទេសមួយចំនួនដែលចិនបានដាក់ចេញ នូវខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ហើយដែលបន្ថែមនូវមូលនិធិផ្លូវសូត្រ ជាថវិកា ៤០ ពាន់លានដុល្លារអាមេរិកតែម្តង បន្ថែមទៅដោយការបង្កើត​ឡើងនូវធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ប៉ុន្តែ បញ្ហានេះ ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេ វាទាមទារនូវការចូលរួមនូវវិស័យឯកជន ទើបអាចប្រមូលនូវធនធានធ្វើហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់។
ដោយមើលឃើញនូវសារសំខាន់ នៃការចូលរួមពីវិស័យឯកជន ទៅលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនេះហើយ បានជាថ្ងៃនេះ យើងសម្រេចចិត្តនឹងចុះហត្ថលេខាទៅលើហិរញ្ញវត្ថុរួម ដែលនឹងត្រូវដាក់ឲ្យប្រើចាប់ពីពេលនេះទៅ។ នេះជាគម្រូហិរញ្ញប្បទានរួមថ្មីមួយ​ ដែលនឹងបង្កើតឡើង​នៅលើសេណារីយោឈ្នះឈ្នះរបស់យើង។
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ ហើយខ្ញុំត្រៀមឆ្លើយនឹងសំណួរ បើសិនជាមាន។
សំណួរ៖ តើសម្តេចអាចជម្រាបបានទេថា តើសម្តេចមានបំណងចង់បានការវិនិយោគពីវិនិយោគិនបរទេសទៅលើផ្នែក ឬគម្រោងជាក់លាក់ណាខ្លះ សម្រាប់ប្រទេសកម្ពុជា? ហើយសម្តេចបានជ្រាបហើយថាឆ្នាំនេះជាខួបទី ៥០ នៃអាស៊ាន តើសម្តេចមានគម្រោងថានឹងពង្រីកទំនាក់ទំនងបន្ថែមជាមួយប្រទេសនានានៅអាស៊ី រួមទាំងកូរ៉េ ​ដែរឬទេ?
ចម្លើយ៖  អរគុណចំពោះសំណួរនេះ ដែលខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាមានអាទិភាពដែលបានប្រកាន់យក​ ​តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលនេះ គឺ ៣០ ឆ្នាំហើយ ហើយខ្ញុំគិតថា ទៅពេលខាងមុខ ក៏នៅតែជាអាទិភាពរបស់កម្ពុជា។ អាទិភាពទីមួយ គឺទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់របស់យើង។ ផ្នែកនេះ គឺយើងពិតជាមានចំណែកដែលវិស័យឯកជនបានចូលរួមយ៉ាងច្រើន ដែលក្នុងនោះ កម្ពុជាមានជាង ១០០ សាកលវិទ្យាល័យ ដែលវិស័យឯកជនចូលរួមវិនិយោគបង្កើតនូវសាកលវិទ្យាល័យ។ ទីពីរ គឺទាក់ទិនជាមួយនឹងបញ្ហាធនធានទឹក ដោយសារប្រទេសយើងជាប្រទេសកសិកម្ម ដែលត្រូវផ្តល់អាទិភាពសម្រាប់ប្រព័ន្ធស្រោចស្រព។ វិស័យនេះ ជាវិស័យដែលមិនទាន់សូវមានវិស័យឯកជនចូលរួមច្រើនប៉ុន្មានទេ គឺតិចតួចណាស់បើសិនជាមាន។ ចំណុចទីបី ទាក់ទងនឹងបញ្ហាអគ្គិសនី ដែលយើងត្រូវការទុនវិនិយោគយ៉ាងធំនៅក្នុងការបង្កើតឲ្យមាននូវការវិនិយោគ ពិសេសគឺវារីអគ្គិសនី។ យើងបានទទួលទុនពីក្រុមហ៊ុនឯកជនចូលរួមក្នុងវិស័យអគ្គិសនី និងបណ្តាញតភ្ជាប់អគ្គិសនីនេះ។ ឯទីបួន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទូរគមនាគមន៍។ បើសម្រាប់អ្នកមកពីកូរ៉េ ក៏ដូចជាផ្នែកដទៃទៀត យើងតែងតែទៅរកសុំខ្ចីឥណទានរបស់គេ តែមិនទាន់មានវិស័យឯកជនចូលរួមនៅឡើយ។ ឥឡូវ យើងកំពុងមានគម្រោង ២ ដែលកំពុងចុះហត្ថលេខា ដែលគម្រោង ៣ ដែលបានចុះហត្ថលេខារួចហើយ គឺទី ១ គម្រោងព្រលានយន្តហោះថ្មី និងមួយទៀតគឺផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងមួយទៀត ពីភ្នំពេញទៅព្រំដែនជាមួយវៀតណាម។ ឥឡូវ តម្រូវការដែលធំរបស់យើង គឺតម្រូវការទុនសម្រាប់​ធ្វើទំនើបកម្មផ្លូវដែករបស់កម្ពុជា។
ហើយសូមស្វាគមន៍ជាមួយតំណាងមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលខ្ញុំសូមជម្រាបថា អតីតប្រធានាធិបតីរបស់ឯកឧត្តម គឺឯកឧត្តម Thabo Mbeki បានទស្សនកិច្ចនៅកម្ពុជាឆ្នាំ ២០០២ ហើយពេលនោះក៏បានចូលរួមប្រជុំអាស៊ាន និងអាហ្វ្រិក ដែលតំណាងឲ្យអាហ្វ្រិកខាងត្បូង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ