សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករ និងសិល្បការិនីខ្មែរដែលមានស្នាដៃតាមរយៈទេព្យកោសល្យដ៏ប៉ិនប្រសព្វរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដែលរួមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹងនៃប្រវត្តិសាស្រ្តជាតិរបស់កម្ពុជា ហើយជាកាតាលីករជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទីសិល្បករ សិល្បការិនីកាន់តែមានសារៈសំខាន់ខ្លាំងក្លា ជាពិសេសសិល្បករមួយរូបៗសុទ្ធតែជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកអន្តរជាតិ និងថ្នាក់ជាតិ និងអាចឆក់យកឱកាសនេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណ និងភាពរុងរឿងឡើងសារជាថ្មី និងការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លា៕