ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងរិតតែជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ហើយ​ការអភិវឌ្ឍធនធានមនុស្ស ក៏ជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាផងដែរ។ ក្នុង១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត ១ពាន់លានដុល្លារអាម៉េរិកលើវិស័យ​អប់រំ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរៀន និងគុណភាពនៃការអប់រំនៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា និងពិធីលាងសាយភោជន៍សប្បុរសធម៌របស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមនុស្សជាបេះដូងនៃយុទ្ធសាស្ត្រ ដោយក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាចំណែកយ៉ាងសំខាន់នៃស្នូល និងស្ទើរគ្រប់បញ្ចកោណនៃយុទ្ធសាស្ត្រនេះ។ លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកមនុស្សជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍ មានន័យថាពួកគេត្រូវការរស់នៅក្នុងសន្តិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិបុលភាព ហើយមនុស្ស គឺជាដើមទុនដ៏មានតម្លៃបំផុត ដោយមនុស្សត្រូវមាននូវគុណភាពនៃចំណេះដឹង ជំនាញ សុខភាព និងក្រមសីលធម៌ល្អ ដើម្បីជាទុនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត។

ដើម្បីបង្ហាញជាទស្សនវិស័យទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ទោះបីជាកន្លងមកវិស័យអប់រំមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើនទៅមុខទៀត ទាមទារឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព។ ក្នុងនោះ ក្នុងទិដ្ឋភាពថវិកា វិស័យអប់រំត្រូវទទួលបានការបែងចែកថវិកាសមរម្យ (allocative) និងត្រូវចំណាយថវិកាទាំងនោះប្រកបដោយប្រសិទ្ធភាព (efficiency) និងចំគោលដៅ សំដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំផង (access) និងគុណភាពនៃការអប់រំផង (quality)។ លើសពីនេះ បន្ថែមលើអភិក្រម«ការអប់រំសម្រាប់ទាំងអស់គ្នា» (Education for all) ក្នុងការអភិវឌ្ឍវិស័យអប់រំ ភាគីពាក់ព័ន្ធត្រូវចាប់យកបន្ថែមនូវអភិក្រម «ទាំងអស់គ្នាដើម្បីការអប់រំ» (All for education) ដើម្បីកៀរគររាល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល   វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ និងគ្រប់ភាគីក្នុងសហគមន៍ឱ្យចូលរួមក្នុងបុព្វហេតុលើកកម្ពស់ការអប់រំរបស់សិក្សានុសិស្ស ដែលសុទ្ធសឹងតែជាកត្តាចាំបាច់ ខានពុំបាន។

ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ចាប់ដៃគូជាមួយគ្នា និង ជាមួយរាជរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពការងាររបស់គ្នាទៅវិញទៅមក ឱ្យបានច្បាស់លាស់ និងរួមគ្នាកសាងកម្មវិធី និងគម្រោងអប់រំ និងបណ្តុះបណ្តាល ដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ដើម្បីទាញយកផលជាអតិបរមាពីសហថាមភាព នៃកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យភាគីទាំងអស់រួមគ្នាគិតគូរ និងស្វែងរកដំណោះស្រាយថ្មីៗ (creative ways) ដើម្បីរួបរួមអភិវឌ្ឍវិស័យអប់រំ និងជាពិសេសផ្សារភ្ជាប់ការរៀបចំកម្មវិធីអប់រំទាំងអស់ ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ
វិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីទាំងមូលអំពីការផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ដែលបានកៀរគរមូលនិធិអាហារូបករណ៍រហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ហើយប្រសិទ្ធនាមអាហារូបករណ៍នេះជា អាហារូបករណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាទឹកប្រាក់ទំហំ ១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជាវិភាគទានបន្ថែមដល់មូលនិធិអាហារូបករណ៍ខាងលើផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីកៀរគរវិភាគទានជូនអង្គការក្រៅរដ្ឋាភិបាល សម្រាប់បន្តរួមចំណែកក្នុងការលើកកម្ពស់ការអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើឱ្យសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចូលរួមផ្តល់ឱកាសបន្ថែមដល់កុមារាកុមារី យុវជនយុវនារី និងសិស្សានុសិស្សកម្ពុជាឱ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើៗគ្នាក្នុងការទទួលបានការអប់រំដែលមានគុណភាព។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងរូបលោកផ្ទាល់ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort