ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី រួមនិងសមិទ្ធផលនានាក្នុងវត្តគិរីសាគរ ហៅវត្តកំពង់ត្របែក ក្នុងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រោងនឹងបញ្ជូនមន្ត្រីរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់នយោបាយឈ្នះឈ្នះនៅកម្ពុជា ទៅសិក្សាដកបទពិសោធន៌ អំពីបញ្ហា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានជម្លោះកម្លាំងប្រដាប់អាវុធជាច្រើនក្រុម មិនទាន់បានចចារត្រូវរូវគ្នាពីបទឈប់បាញ់នៅឡើយ។ ទន្ទឹមនេះសម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជាក៏អាចពិគ្រោះយោបល់ និងផ្តល់បទពិសោធន៍ដ៏ល្អពីរបៀបរកសន្តិភាពដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ានេះដែរ ដូចអ្វីដែលកម្ពុជាធ្លាប់បានអនុវត្តជោគជ័យកន្លងមកតាមរយៈនយោបាយ ឈ្នះឈ្នះ តែម្តង។ ការលើកឡើងដូចនេះ ដោយសារសម្តេចតេជោ ចាត់ទុកថា ការបញ្ចប់ជម្លោះប្រដាប់អាវុធ ដើម្បីសន្តិភាពគឺពិតជាសំខាន់ខ្លាំងណាស់។ សម្តេចតេជោ បានលើកឡើងថា បើមិនអាចការពារសន្តិភាពបានទេ កុំនិយាយឡើយពីលិទ្ធប្រជាធិបតេយ្យ សិទ្ធមនុស្ស និងការអភិវឌ្ឍ។ ជាបទពិសោធន៌ជាក់ស្តែង ជម្លោះក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៩ បានបំផ្លាញដល់ឬសគល់ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។ ជាងនេះទៀត ប្រទេសកម្ពុជា ក៏ធ្លាប់ឆ្លងកាត់ការបង្រួបបង្រួមប្រទេស ដែលមានតំបន់ ត្រួតត្រាច្រើន និងកងកម្លាំងប្រដាប់អាវុធច្រើន អោយមកនៅរួបរួមគ្នាតែមួយផងដែរ។ ដែលវិធីស្វែងរកសន្តិភាពដ៏អច្ឆរិយ្យដូចនេះ គឺនៅមិនទាន់មានសម្រាប់ប្រទេសជាច្រើនក្នុងពិភពលោកនោះទេ។\r\n\r\n\r\n\r\nគួររំលឹកថា នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧កន្លងមកថ្មីៗនេះ អគ្គមេបញ្ជាការកងទ័ព នៃសារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ផ្តល់បទពិសោធន៍ពី ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេស អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ក៏បាន កោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងសុខសន្តិភាពពេញលេញមកដល់ពេលនេះផងដែរ។ គួរកត់សំគាល់ថា នយោបាយឈ្នះឈ្នះក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រទេសអន្តរជាតិក្នុងពិភពលោក ទទួលស្គាល់ និងចាត់ទុកថាជានយោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការបញ្ចប់ជម្លោះប្រដាប់អាវុធ ដោយការបង្រួបបង្រួមជាតិតែមួយ៕\r\n\r\n