សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃចន្ទថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលប្រារព្ធនៅវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើវិស័យអប់រំកាយ និងកីឡា តាមរយៈការជំរុញ លើកទឹកចិត្ត ការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈជាដើម៕