(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» មួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្រប ដណ្ដប់លើគ្រប់ទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនាពេលនោះ។
ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។
កម្មវិធីកែទម្រង់នេះ ផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដើម្បីជាគុណប្រយោជន៍ ដល់ការគាំទ្រការអនុវត្តគោលនយោបាយ តាមវិស័យរបស់រាជរដ្ឋាភិបាល។
ដើម្បីសម្រេចចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកយុទ្ធសាស្ត្រ បោះជំហានតាមដំណាក់កាល ឬអភិក្រមជាខឿន តាមរយៈក្របខណ្ឌផែនការសកម្មភាពរួមដ៏លម្អិតមួយ ដែលផ្សំឡើងពី៖ ១) បណ្តាសកម្មភាពចាំបាច់ សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ; និង២) សកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់ ។ ក្នុងនោះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែង ចែកជា ៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ផ្តោតលើការកសាង ភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ផ្តោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ផ្តោតលើ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤ ផ្តោតលើ ការកសាងគណនេយ្យភាពសមិទ្ធកម្ម។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសរំលេចថា បន្ទាប់ពីអនុវត្ដអស់រយៈពេលជាង២០ឆ្នាំ រហូតមកដល់ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ និងដើរតួនាទីសំខាន់ ជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ផ្អែកតាមវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, រាជរដ្ឋាភិបាលអាចវាយតម្លៃបានថា៖
១៖ ទំនុកចិត្តថវិកានៅតែរក្សាបានជាសារវ័ន្ដ ដោយចំណូលថវិការដ្ឋចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ
២៖ គណនេយ្យភាពហិរញ្ញវត្ថុមានមូលដ្ឋានកាន់តែរឹងមាំ តាមរយៈការបន្តពង្រឹងស្តង់ដាគណនេយ្យសាធារណៈ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយមានឧបករណ៍គាំទ្រគ្រប់គ្រាន់ តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ (MTFF) ក្របខ័ណ្ឌថវិការយៈមធ្យម (MTBF) ការកែលម្អផែនការយុទ្ធសាស្រ្តថវិកា (BSP) និងថវិកាកម្មវិធី (PB) គួបផ្សំនឹងការប្រគល់សិទ្ធិអំណាចពេញលេញជូនអង្គភាព ថវិកាក្នុងការ-ចាត់ចែងធនធានហិរញ្ញវត្ថុ
៤៖ ការកសាងបានជាបណ្ដើរៗ នៃមូលដ្ឋានគណនេយ្យភាពចំពោះសមិទ្ធកម្ម តាមរយៈការដាក់ឱ្យប្រើនូវច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) និងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ និងភាពល្អប្រសើរឡើង នៃការលើកកម្ពស់តម្លាភាពថវិកា
៥៖ ការរក្សាបាននូវ ចលនការល្អ-ប្រសើរ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈឆន្ទៈនៃការចូលរួមពីគ្រប់តួអង្គភាពពាក់ព័ន្ធ និងការពង្រឹងភាពប្រទាក់ក្រឡានៃការកែទម្រង់គន្លឹះៗ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និង ផ្តល់មូលវិចារដ៏ថ្លៃថ្លា ចំពោះសហការីនៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានខិតខំជំរុញអនុវត្តសកម្មភាពទាំងឡាយ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បណ្តាដៃគូអភិវឌ្ឍន៍ជាអាទិ៍ សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្ដរជាតិ, អង្គការយូនីសែហ្វ, រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្ដរជាតិផ្សេងទៀត ចំពោះកិច្ចសហប្រតិបត្តិ្កការក្នុងទិដ្ឋភាពហិរញ្ញប្បទាន និងជំនួយបច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទាំង៣ដំណាក់កាលកន្លងទៅ និងក្នុងដំណាក់កាលទី៤នាពេលនេះ៕ អត្ថបទ ៖ Fresh News