ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)” រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០​២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ។

អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុង​ការច្នៃ​ប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់​រហូត​ដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញ​ពី​ភាព​រីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្ម​សំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ អគារធនាគារវីងថៅវើ ដែល​ប្រកបដោយភាពលេចធ្លោ ត្រូវបានរចនាឡើងដោយមានការគិតគូរ​ពីនិរន្តភាពនៅលើផ្ទៃអគារ​ទាំង​មូល​។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាច​ឱ្យ​ពន្លឺ​ធម្ម​ជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។

ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះ​កញ្ចក់ ​ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្ម ដែលមានទំនួលខុសត្រូវចំពោះសង្គម។

អគារធនាគារវីងថៅវើ ដែលមានកម្ពស់២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារ​ជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារ​ប្រកបដោយប្រណីត​ភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌល​នវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារវីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន​ក្នុងការដឹកនាំបង្កើត​ដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។

ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នា រវាងសេវាធនាគារបែបប្រពៃណី និង​សមត្ថ​ភាពឌីជីថល របស់ធនាគារវីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារវីងថៅវើ។ តាម​រយៈ​កម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជន​អាច​រីក​រាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

ការប្តេជ្ញាចិត្តរបស់ធនាគារវីង ចំពោះបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំង​តាម​រយៈកំណើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដ៏គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នធនាគារវីង មានការិយាល័យ​ប្រតិបត្តិការចំនួន២០ទីតាំង។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះ អាចសម្រេចទៅបានដោយ​សារកម្លាំង​សាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣,០០០នាក់ ជាមួយ​នឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តី​នៅក្នុងវិស័យ​ធនាគារ។

បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើន​ដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ព្រូ​ដិន​សល ក្រុ​ម​ហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាតជាដើម បានធ្វើឲ្យធនាគារវីង អាច​បង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។

ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយ ដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយ​បាន​ជួយឲ្យអាជីវកម្មចំនួន១៧,០០០ ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យម​ចំនួន៣.០០០សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន៦០០ ទទួលបានអត្ថប្រយោជន៍​ពីប្រព័ន្ធធនាគារ​ដ៏រឹង​មាំ​មួយនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ