(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិឡើងវិញ បន្ទាប់ពីផ្អាកកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងការមាញឹកខ្លាំង នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ប្រវត្តិនៃព្រះរាជពិធីនេះ ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។
ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។
បុណ្យអុំទូកនេះ មានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
ក៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។
ខ៖ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ៖
ទាហានជើងទឹក ចែកជា៣ក្រុម៖
* ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។
* ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។
* ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព ។
របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មាន ទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី ជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណ មកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង។
គ៖ ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំរដូវរបស់ជនជាតិ អឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិ ជាប់ទាក់ទង យ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការ បកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះ ធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នា ធ្វើឱ្យ កករល្អក់»។
ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញ សាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករយើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយ ទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់ តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។
ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរ មានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។
ដូច្នេះហើយបានជាដល់ រដូវទឹកស្រកបុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនា ដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។
ប្រភពពិធីបណ្តែតប្រទីប
ក៖ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖
ទី១៖ នៅត្រៃត្រឹង្សសួគ៌
ទី២៖ នៅភពនាគ
ទី៣៖ នៅស្រុកគន្ធា
ទី៤៖ នៅទន្ដបុរៈកលិង្គរដ្ឋ
ខ៖ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាន នៅទីតាំង៥គឺ៖
ទី១៖ នៅសុវណ្ណមាលិបរពត
ទី២៖ នៅសុវណ្ណបរពត
ទី៣៖ នៅសុមនកូដបរពត
ទី៤៖ នៅយោនកបុរី
ទី៥៖ នៅស្ទឹងនម្មទា
គ៖ ពាក្យសសើរព្រះបាទ «យស្សបាទេ» ទាំងបាលី ទាំងស្រមោល មានចែងថាព្រះបាទសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥ ដូចនៅក្នុងភាណរៈដែរ។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិ តែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្ដែតប្រទីប នៅយប់ ១៤-១៥កើត និង១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបាន ទៅស្ទឹងនម្មទា និងនៅទីឯទៀតដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចំរើនរុង រឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។
ប្រភពនៃពិធីសំពះព្រះខែ អកអំបុក
តាមគម្ពីរបរមត្ថទីបនី អដ្ធកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ ក្រឡាខ្លួន ជាព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ សសបណ្ឌិតពោធិសត្វ បានឲ្យព្រានចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិត ដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៏បានស្ទុះ ទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។
ដោយអនុភាពទាន បរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋាន របស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដ ក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។
ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក៕ ប្រភព៖ Fresh News