ចេញផ្សាយថ្ងៃ: ( ១៣ – មេសា – ២០១៣ )
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស៣ នៅអាស៊ីដែលមានប្រទេសសរុបប្រមាណ ៥០មាន មហាកិត្ដិយស និងមោទនភាពយ៉ាងក្រៃលែងដោយបានធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៣នេះរៀបចំសម័យប្រជុំពេញ អង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌ័ពិភពលោក។ សម័យប្រជុំនេះនឹងបើកជាផ្លូវការនៅទីក្រុងភ្នំពេញនា វិមានសន្ដិភាពនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបិទនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នាទីក្រុងសៀមរាប ក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន ប្រធានគណៈ កម្មាធិការបេតិកភណ្ឌ័ពិភពលោក។ ដើម្បីទទួលព្រឹត្ដិការណ៍ដ៍អស្ចារ្យ និងជាសកល និងដែលកំរនឹងមានឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧នេះ ដោយចាត់តាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន ជាប្រធាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន ក៍បានបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការចំនួន៥ រួមមាន អនុគណៈ កម្មការពិធីការ អនុគណៈកម្មការស្រាវជ្រាវ និងឯកសារ អនុគណៈកម្មការព័ត៌មាន និងសារគមនាគមន៍ អនុគណៈកម្មការសន្ដិសុខសណ្ដាប់ធ្នាប់ និងសុខាភិបាល និងអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។ លេខាធិការដ្ឋាន និងអនុគណៈកម្មការនិមួយៗបានបំពេញការងារទៅតាមការទទួលខុសត្រូវរបស់ខ្លួនរៀងៗខ្លួនរួចហើយ និងបាន សហការណ៍ជាមួយបេសកជន UNESCO ដែលបានមកពិនិត្យទីកន្លែងរៀបចំនៅវិមានសន្ដិភាព និងនៅសៀមរាប កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ។ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានដឹកនាំប្រជុំរួមជាលើកទី១ លេខាធិការដ្ឋាន និងអនុគណៈកម្មការ ទាំងអស់។
នាឱកាសបើកអង្គប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន និងជាប្រធានគណៈ កម្មាធិការបេតិកភណ្ឌ័ពិភពលោកបានលើកឡើងពីការតស៊ូយ៉ាងស្វិតស្វាញរបស់កម្ពុជាមុននឹងក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៅលើទឹកដីនៃអតីតអាណាចក្រខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានរំលឹកឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឧត្ដុងឧត្ដមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌ័ពិភពលោកនាឆ្នាំ២០០១ ប៉ុន្ដែកាលណោះ កម្ពុជាមិនត្រូវ បានគេស្គាល់នៅឡើយទេ ហើយទើបតែនៅឆ្នាំ២០០៧ នាទីក្រុង Christchurch ប្រទេសណូវែលស្សេឡង់ គណៈ ប្រតិភូកម្ពុជាដ៍មានសមត្ថភាពចាត់តាំងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដែលបានចាត់តាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រតិភូបានធ្វើការចែចូវតស៊ូយ៉ាងស្វិតស្វាញ ដើម្បីជំនះនូវរាល់ ឧបសគ្គរបស់ប្រទេសមួយចំនួនដែលប្រឆាំងនឹងកម្ពុជា រហូតទទួលបានជោគជ័យ និងចុះបញ្ជីប្រាសាទព្រះវិហារជា បេតិកភណ្ឌ័ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នាទីក្រុងកេប៉ិច ប្រទេសកាណាដា។ រហូតមកដល់ពេលនេះ កម្ពុជាត្រូវបានគេស្គាល់ និងមានឈ្មោះបោះសម្លេងរហូតត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្នុងចំណោមសមាជិក សរុបទាំង២១នៃគណៈកម្មាធិការបេតិកភណ្ឌ័ពិភពលោក កាលពីឆ្នាំ ២០០៩។ មួយឆ្នាំក្រោយមកគឺឆ្នាំ២០១០ ប្រទេសកម្ពុជាបានក្លាយជាអនុប្រធាន និងប្រធានគណៈកម្មាធិការ បេតិកភណ្ឌ័ពិភពលោកសម្រាប់អាណត្ដិឆ្នាំ២០១១ និង២០១២ នឹងត្រូវបោះឆ្នោតជ្រើសរើសធ្វើជាម្ចាស់ផ្ទះនាទីក្រុង Saint.Petersburg ប្រទេសរុស្សីកាលពីខែមិថុនា ឆ្នាំ២០១២។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ក៍បានគូសបញ្ជាក់ផងដែរថាកម្ពុជាបានបញ្ចូលបេតិកភណ្ឌ័ជាតិ ជាបេតិកភណ្ឌ័ពិភពលោករូបិយ ចំនួនពីរគឺប្រាសាទអង្គរវត្ដនាឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារនាឆ្នាំ២០០៨ និងជាបេតិកភណ្ឌ័ពិភពលោកអរូបិយចំនួនពីរគឺ របាំព្រះរាជទ្រព្យ និងរបាំស្បែកធំ។ តាំងពីឆ្នាំ១៩៩២មកប្រទេស កម្ពុជា បានគៀងគងថវិកាសរុបចំនួន ២៥០ លានដុល្លា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រកបដោយ ចីរភាព រមណីយដ្ឋានអង្គរ ហើយភ្ញៀវ ទេសចរណ៍បានកើនឡើងប្រចាំឆ្នាំចំនួន ៣០ភាគរយ គឺពី១០ម៉ឺននាក់ កាលពី២០ឆ្នាំមុន និងបច្ចុប្បន្នចំនួនជាង ៣លាននាក់ និងចំណូលរដ្ឋរហូតដល់ ២២០០ លានដុល្លា។ ឯកឧត្ដម សួស យ៉ារ៉ា ក្នុងនាមប្រធានលេខាធិការដ្ឋាន រៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌ័ពិភពលោក បានធ្វើរបាយការណ៍ជូនអង្គប្រជុំ អំពីការត្រៀមរៀបចំព្រឹត្ដិការណ៍ជាសាកល និងលើកទី១នៅកម្ពុជាដោយ ៖
-ចែកសៀវភៅស្ដីពីឯកសារជំនួយស្មារតីដល់សមាជិកអង្គប្រជុំគ្រប់រូប
-គេហទំព័រនៃសម័យប្រជុំ www.whc37cambodia2013.kh បានកំពុងដំណើរការនឹងបញ្ចូនទៅកាន់សមាជិក អង្គការ UNESCO ទាំង១៩២ រួចរាល់ហើយ។
-ក្នុងពេល២សបា្ដហ៍ទៀតអ្នកជំនាញ UNESCO នឹងមកកាន់ប្រាសាទព្រះវិហារដើម្បីជួសជុលការខូចខាតនាពេល កន្លងមក។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា ក្នុងនាមជាប្រធានក្រុមការងាររៀបចំវេទិកាយុវជន សម្រាប់សម័យប្រជុំពេញអង្គលើកទី៣៧ បានជម្រាបជូនអង្គប្រជុំថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ និស្សិត យុវជនចំនួន១៨នាក់ដែលចេះភាសាច្រើនរួមមាន បារាំង និងអង់គ្លេស បានស្ទាត់ជំនាញ និងជ្រើសរើសដោយឯកឧត្ដម សុខ សូកាន អគ្គលេខាធិការរងនៃក្រុមប្រឹក្សាកំណែទំរង់រដ្ឋបាល ចេញដំណើរទៅសៀមរាបទៅចូលរួមក្នុងព្រឹត្ដិការណ៍ តាំងពិពណ៌អង្គរសង្ក្រាន ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៣ ក្រោមប្រធានបទ “យុវជន និងបេតិកភណ្ឌ័” និងដើម្បីហាត់សមត្រៀមព្រឹត្ដិការណ៍យុវជនអន្ដរជាតិ នៃបេតិកភណ្ឌ័ពិភពលោក។
ឯកឧត្ដម ហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា យុវជនដែលនឹងត្រូវចូលរួមក្នុងវេទិកាយុវជនអន្ដរជាតិមានអាយុពី១៨ ទៅ២០ឆ្នាំបានបញ្ជាក់អំពីការ ចូលរួមរួចហើយពីប្រទេសចំនួន៧ រួមមាន ឡាវ ឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម ហើយអ្នកនាំពាក្យនៃវេទិកា យុវជនអន្ដរជាតិនេះគឺឯកឧត្ដម សុខ សូកាន។ ក្នុងវេទិកាយុវជនអន្ដរជាតិដែលនឹងប្រព្រឹត្ដិទៅនៅទីក្រុងសៀមរាប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ សកម្មភាពជាច្រើននិងធ្វើឡើងក្រោមប្រធានបទបេតិកភណ្ឌ័រស់ ៖ ប្រាសាទ បរិស្ថាន និងប្រជាជន ដែលហៅកាត់ថា ទេព គឺមានន័យដូចជា ទេវៈ ឬទេព្ដាអញ្ចឹង។
ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាមជាប្រធាន និងចងក្រងឯកសារវីដេអូរយៈពេល៥នាទី ស្ដីពីវេទិកាយុវជនអន្ដរជាតិនៅសៀមរាប ដើម្បី ចាក់បង្ហាញជូនសមាជិកអង្គប្រជុំចំនួនប្រហែល១០០០នាក់ នាឱកាសបើកសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈ កម្មាធិការបេតិកភណ្ឌ័ពិភពលោក។
ឯកឧត្ដម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងនាមប្រធាន អនុគណៈកម្មការព័ត៌មាន និងសារគមនាគមន៍បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា ៖
-អនុគណៈកម្មការសូមប្រគល់ការផ្សាយផ្ទាល់នាឱកាសបើកសម័យប្រជុំពេញអង្គលើកទី៣៧ ជូនទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងស្នើសុំសហការពីមន្ដ្រីទូរទស្សន៍ជាតិដើម្បីថតសកម្មភាពនៃកិច្ចប្រជុំទាំង១០ថ្ងៃនៅទីក្រុងភ្នំពេញ។
-អនុគណៈកម្មការបានរៀបចំក្រុមការងារផ្សាយផ្ទាល់តាមគេហទំព័រwww.whc37cambodia2013.kh ជាបីភាសា ខ្មែរ អង់គ្លេស និងបារាំង ដើម្បីចែកជូនសមាជិក UNESCO ទាំងអស់ជាង ១៩០ តាមដានពីក្រៅប្រទេសរៀងៗខ្លួន។
-អនុគណៈកម្មការក៍បានត្រៀមក្រុមប្រចាំការដើម្បីបំរើអោយសម័យប្រជុំ និងបន្ទប់សារព័ត៌មាន ព្រមទាំងបន្ទប់ សន្និសីទកាសែត។
-អនុគណៈកម្មការបាននឹងកំពុងផលិត ស្ពុត និងវេទិកាតុមូល ព្រមទាំងត្រៀមផលិតវីដេអូឯកសារ ៥២នាទី សរុបលទ្ឋផលនៃសម័យប្រជុំ។
-អនុគណៈកម្មការបានចាត់តាំងអ្នកនាំពាក្យចំនួន ៣រូប រួមមាន ៖
១-ឯកឧត្ដម ឌឹម សុវណ្ណារុំ ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រី
២-លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាអាជ្ញាធរអប្សារា និង
៣-លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន
-អនុគណៈកម្មការ និងរៀបចំវគ្គបណ្ដុះបណ្ដាលជូនពិធីករ និងពិធីការិនីទូរទស្សន៍ ព្រមទាំងអ្នកសារព័ត៌មាន ដើម្បីមានមូលដ្ឋានគ្រឹះនៃបេតិកភណ្ឌ័ពិភពលោក ក្នុងការផ្សព្វផ្សាយអោយបានត្រឹមត្រូវពីព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានគាំទ្រទាំងស្រុងពីសំណើរបស់ឯកឧត្ដម ស្វាយ ស៊ីថា ប្រធាន អនុគណៈកម្មការព័ត៌មាន និងសារគមនាគមន៍។
ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការពិធីការ
ឯកឧត្ដម ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍
ឯកឧត្ដម ចាន់ តានី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងឯកសារ
ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
ឯកឧត្ដម យូ ស៊ុនឡុង អគ្គស្នងការរងនគរបាលជាតិ និងសមាជិកដទៃទៀតដែលបានចូលរួមក្នុងអង្គប្រជុំនេះផងដែរ ក៍បានចូលរួមយោបល់យ៉ាងផុសផុលដើម្បីធ្វើយ៉ាងណាទាញយកអត្ថប្រយោជន៍អោយបានច្រើនលើសលប់អោយខានតែបានពីសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌ័ពិភពលោកដែលកម្ពុជាជាម្ចាស់ផ្ទះ។ អង្គប្រជុំ រួមលើកទី១ដើម្បីត្រៀមរៀបចំសម័យប្រជុំក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន ប្រធានគណៈកម្មាធិការបេតិកភណ្ឌ័ពិភពលោកបានបញ្ចប់ទៅនៅម៉ោង ១០ h ៣០ នាទីយប់នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣។