សារសំឡេងពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល

CNV:

ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់!

ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ​ ដែលកំពុងរស់នៅ និងធ្វើការសិក្សា​នៅក្នុងប្រទេសអ៊ីស្រាអែល។

ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម​ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។

នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជា ឲ្យទំនាក់ទំនងតាមគ្រប់មធ្យោបាយ​ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រភពផ្សេងៗដែលយើងមានទំនាក់ទំនងបាននៅក្នុងប្រទេសអ៊ីស្រាអែល ដែលរួមមាននិស្សិតនិងប្រជាពលរដ្ឋយើងដែលនៅទីនោះ ក្នុងគោលដៅ ៣៖

ទី១ គឺកំណត់ឲ្យបាននូវចំនួន និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ទី២ ព្យាយាមទំនាក់ទំនងជាមួយនិស្សិត និងប្រជាពលរដ្ឋយើងនៅទីនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថាពួកគេសុវត្ថិភាព ឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងស្ថិតនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់ក្រហម​ ដែលមានជម្លោះ។ (និងទី៣) នៅក្នុងករណីដែលមាននិស្សិត ឬប្រជាជនខ្មែរយើង ដែលយើងកំណត់អត្តសញ្ញាណនៅក្នុងតំបន់ក្រហម ត្រូវព្យាយាមទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីជួយសង្គ្រោះ និងជម្លៀសពួកគេចេញពីតំបន់ក្រហម ទៅកាន់តំបន់សុវត្ថិភាពឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន

ជាលទ្ធផល គិតត្រឹមម៉ោង ៧ ព្រឹកនេះ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យើងកំណត់បានចំនួនប្រជាពលរដ្ឋខ្មែរនៅអ៊ីស្រាអែល ដែលមានវត្តមាននៅទីនោះ ៤៥៤ នាក់ បូកនឹងសាកសពម្នាក់ដែលបានស្លាប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងចំណោម ៤៥៤ នាក់នោះ យើងទាក់ទងបាន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា មកដល់ម៉ោងនេះគឺផ្ទាល់តែម្ដង ដែលបញ្ជាក់ពីសុវត្ថិភាពរបស់បងប្អូន។ ហើយក្នុងចំណោម ៤៥៤ នាក់នោះ គឺមាន ៣២៣ នាក់​ បានចល័តដល់ទីតាំងសុវត្ថិភាព និង ១៣១ នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ ដោយសារ(នៅ)ទីតាំងដែលមាននៅលឺសូរការប្រយុទ្ធគ្នាម្ដងម្កាលនៅឡើយ។

រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកម្ពុជា នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាជនខ្មែរយើងនៅក្នុងប្រទេសអ៊ីស្រាអែល​គ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់ៗគ្នា។ កិច្ចការនេះខ្ញុំសុំអំពាវនាវឲ្យបងប្អូនខ្មែរយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗក្មួយៗនិស្សិតបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ សូមឲ្យបងប្អូនរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិដែលរស់លើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ។

រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ជូនបណ្ដាប្រទេសដែលមានប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីស្រាអែល ថាអ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងប្រទេស មិនថាជនជាតិអ៊ីស្រាអែល ឬជនបរទេសទេ។ រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្ដល់ការជួយជនបរទេសដូចជនជាតិអ៊ីស្រាអែលផងដែរ។

ខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីជាន់ខ្ពស់នៃស្ថាប័នសន្តិសុខជាតិរបស់យើង ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសទួកគី និងអេហ្ស៊ីប កុងស៊ុលកិត្តិយសកម្ពុជានៅអ៊ីស្រាអែល ប្អូនស្រី ចាន់ណេ ដែលជាស្ដ្រីខ្មែររៀបការប្ដីជនជាតិអ៊ីស្រាអែល ប្អូនៗតំណាងនិស្សិត និងនិស្សិតខ្មែរនៅអ៊ីស្រាអែល ដែលបានរួមគ្នាជួយក្នុងការសម្របសម្រួល និងការទំនាក់ទំនងចែករំលែកព័ត៌មានទាន់ពេលវេលា ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការនិងសហការជាមួយអាជ្ញាធរអ៊ីស្រាអែលក្នុងការជួយសង្រ្គោះបងប្អូនខ្មែរយើង ដែលនៅទីនោះ និងនាំគេចេញពីតំបន់ហានិភ័យ ទៅកន្លែងតំបន់សុវត្ថិភាព។ ហើយខ្ញុំក៏សូមអរគុណផងដែរចំពោះស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅបាងកក អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចអ៊ីស្រាអែល បណ្ដាសាលា និងស្ថាប័នពាក់ព័ន្ធនៅអ៊ីស្រាអែល ដែលផ្ដល់ការសហការ និងជួយដល់និស្សិតខ្មែរនៅទីនោះ ក្នុងដំណាក់កាលលំបាកនេះ។

ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ តាមរយៈការរកដំណោះស្រាយនៃការចរចាគ្នា ជាជាងការប្រើប្រាស់អាវុធ និងការដោះលែងជនស៊ីវិល និងចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព។ ស្ថានភាពនេះក៏បានបញ្ជាក់ឲ្យយើងទាំងអស់គ្នា យល់ពីតម្លៃនៃពាក្យថាសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីថែរក្សាឲ្យបានជាដាច់ខាត កុំឲ្យកើតមាន(នូវស្ថានភាពប្រយុទ្ធគ្នាបែបនេះ)លើទឹកដីកម្ពុជាយើង។

ជាចុងក្រោយ ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិទាំងអស់ជាថ្មីម្ដងទៀតថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានចាំបាច់និងទាន់ពេលវេលានានា ជាពិសេសការសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើង ជាពិសេស និស្សិតរបស់យើង ដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែលនៅពេលនេះ។

ខ្ញុំសូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ