(ហាន់ចូវ)៖ ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ ដែលលើកពេលពីឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ-១៩ កំពុងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ដោយមានប្រតិភូ និងអត្តពលិក ៤៥ប្រទេសចូលរួម ។
ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក៏មានព្រះរាជវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានម្ចាស់ផ្ទះចិន ស្ដេចយាងព្រះអង្គ ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកនេះផងដែរ ។
ជាមួយគ្នានោះ គេឃើញមានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជា ក៏បានចូលរួមដង្ហែក្បួន ដើម្បីអបអរសាទរពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះដែរ រួមមាននាយបេសកកម្ម ១រូប ដឹកនាំដោយលោក ញាណ សុខវិសាល, នាយបេសកកម្មរង ១រូប, មន្ដ្រីរដ្ឋបាល មន្ដ្រីព័ត៌មាន និងមន្ដ្រីពេទ្យ ២០នាក់, កីឡាករបាល់បោះ ៦នាក់, កីឡាបាល់ទះ ១៥នាក់, កីឡាគុនដាវ ៣នាក់ និងកីឡាយូដូម្នាក់ សរុបទាំងអស់ចំនួន ៤៧នាក់ ។
ដោយឡែកមានអត្តពលិកឆ្នើម ២រូប ត្រូវបានជ្រើសឲ្យកាន់ទង់ជាតិកម្ពុជា នាំមុខក្បួនដង្ហែប្រតិភូកីឡាកម្ពុជា រួមមានកីឡាករ ទេព ឆរ៉ាត ម្ចាស់មេដាយមាសកីឡាបាល់បោះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាការិនីឆ្នើមផ្នែកកីឡាគុនដាវ គឺកីឡាការិនី ហៃ ស្រីស្រស់ ។
គួរដឹងថា បេសកកម្មខាងលើ ប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ឧទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ហើយមន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជា ក៏មានវត្តមានក្នុងពិធីបើកនៅកន្លែងភ្ញៀវ VIP ផងដែរ ៕