សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន

(ភ្នំពេញ)៖ នៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។ នេះជា​ដំណើរបំពេញទស្សន​កិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ទទួលបានការគាំទ្រ​ពី​ប្រជា​ជន និងរដ្ឋ​សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២៣​កន្លងទៅ។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេស​ដែល​គេ​ប្រសិទ្ធនាម​ជាមហាយក្ស​តំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់​លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ា​ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន​ជាច្រើនរូប​ផង​ដែរ។

ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរ​សម​និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធាន​សភា​តំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិស​ដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់​ផល​ប្រយោជន៍រួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋ​មន្ត្រី​ចិន អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិ​ការ​មួយ​ចំនួន​ផងដែរ។

ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏​នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅ​ទីក្រុង​​ណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន​នាពេល គឺចំពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនង​ការ​ទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។ ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងពង្រឹង​បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ ដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ច​សហ​ការ​លើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ ទៅ​វិញ​ទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការក្រោយពេលទទួលបានការគាំទ្រពីប្រជាជន និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ការជ្រើសយកប្រទេសចិន​ ជាប្រទេសបំពេញ​ទស្សន​កិច្ចជាផ្លូវការលើកដំបូងនេះ ជាការបង្ហាញឱ្យឃើញនូវការបន្តប្រកាន់ខ្ជាប់នូវនយោ​បាយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងកម្ពុជា និងចិន ក្រោមការ​ដឹក​នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមប្រវេណីដែលប្រទេសទាំងពីរប្រកាន់យក​ជាង​​៦ទសវត្សរ៍​មកហើយនោះ។

មុនពេលក្លាយជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់​បានអញ្ជើញទៅកាន់ប្រទេសចិនជាច្រើនលើកមកហើយ ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់ក្នុងវិស័យ​ការ​ពារ​ជាតិ និងការអមដំណើរសម្តេចតេជោ ហ៊ុន សែន។ ក្នុងរយៈពេលចុងក្រោយនេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​បានអមដំណើរសម្តេចតេជោ ទៅចិនចំនួនពីរលើក។ លើកទី១ នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ពេល​សម្តេច​តេជោ ហ៊ុន សែន ទស្សនកិច្ចផ្លូវការនៅចិន ក្នុង​ពេល​ប្រទេសចិនរងការវាយប្រហារ​ដោយ​ជំងឺកូវីដ១៩ និងលើកទី២ គឺនៅដើមខែកុម្ភៈ ឆ្នាំ​២០២៣នេះ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្លាយ​ទៅជាដំណើរ ផ្លាស់ប្តូរទស្សនកិច្ចមួយ ដែលនាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ ស្របពេលនឹងដំណើរទស្សនកិច្ចដ៏ចាប់អារម្មណ៍របស់មេដឹកនាំពិភពលោក​ពីរ​រូបផ្សេងទៀត គឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់​ប្រ​ទេស​​វៀតណាម និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ចុងអ៊ុន ទៅកាន់ប្រទេសរុស្ស៉ី។

ដំណើទស្សនកិច្ចទាំងនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែជាដំណើរទស្សនកិច្ចក្នុងក្រប​ខណ្ឌពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ តែក៏ជាប់ពាក់ព័ន្ធទៅនឹង ការវិវឌ្ឍន៍ស្ថានការនយោបាយតំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិត ទៅជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។

តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះ កម្ពុជា និងចិន បានបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ច សហប្រតិបត្តិការជាមួយគ្នាជាច្រើនទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន។ តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរនូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់រវាងប្រទេសទាំងពីរ។ ព្រះករុណា ព្រះបាទសម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី បានយាងទៅប្រទេសចិនចំនួន២១លើក។ សម្តេចតេជោ អញ្ជើញ​ទៅ​​ចិនចំនួន ១៥លើក។

ក្រៅតែពីមេដឹកនាំមុនៗទៅ មេដឹកនាំចិននាពេលបច្ចុប្បន្នសុទ្ធតែបានអញ្ជើញមកបំពេញ​ទស្សន​កិច្ចនៅកម្ពុជា។ លោក ស៊ី ជិនពីង អញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅឆ្នាំ២០១៦, លោក លី ខឺឈាង ទស្សនកិច្ចផ្លូវការនៅឆ្នាំ២០១៨ និងឆ្នាំ២០២២។

ក្រៅពីនោះរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់របស់ចិន បានអញ្ជើញមកកាន់កម្ពុជាជាញឹក​ញាប់ផងដែរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ផ្តើមចេញពីទំនាក់ទំនងល្អនេះ ធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមាន​ភាព​រស់រវើក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងចិន សម្រេចបានប្រមាណជាង ១១ពាន់លាន​ដុល្លារ​អាមេរិក នៅឆ្នាំ២០២១, ឆ្នាំ២០២២ សម្រេចបានប្រមាណ ១៤,៥០០លានដុល្លារអាមេរិក។ ៨ខែ ឆ្នាំ២០២៣ សម្រេចបានជាង ៨ពាន់លានដុល្លារអាមេរិក (៨,០៩៣,០៧២,៩៤៦) កើនឡើងចំនួន ១.១៥ភាគរយ។ កម្ពុជានាំចេញទំនិញ ទៅកាន់ប្រទេសចិនមានចំនួន ៩៣៩,៩៥៥,៨៨២លានដុល្លារ កើនឡើង ១៦.៨១ភាគរយ។ ចំណែកការនាំចូលពីប្រទេសចិនមានចំនួន​ ៧,១៥៣,១១៧,០៦៤លានដុល្លារ ធ្លាក់ចុះ ០.៦០ភាគរយ។

ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនរួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, កាបូប, ផលិតផលវាយនភណ្ឌផ្សេងៗទៀត, គ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ដ, កង់, គ្រឿងបន្លាស់កង់, ឈើមូល, ឈើអារ, ក្ដារកុងប្លាកេ, ឈើកែច្នៃផ្សេងទៀត, ផលិតផលពីឈើ, អង្ករ និងដំឡូងមី ព្រមទាំងផលិតផលប្រើប្រាស់ផ្សេងជាច្រើនទៀត។

ចំណែកទំនិញដែលកម្ពុជា បាននាំចូលមករួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន, បារី, ស្រាបៀរ, ស្រាចំរុះ, ទឹកបរិសុទ្ធ, ភេសជ្ជៈ, ប៊ីចេង, ស្ករស, ប្រេងឆា គ្រឿងឧបភោគ បរិភោគ និងផលិតផលដទៃផ្សេងៗទៀត។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ប្រទេសទាំងពីរបានសម្រេចបង្កើតនូវកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីជាមួយគ្នា ហើយចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបើកលំហរពាណិជ្ជ​កម្មកាន់តែធំ។ ប្រទេសទាំងកំណត់គោលសម្រេចការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន ១៥​ពាន់​លានដុល្លារនៅឆ្នាំ២០២៥។

ចិន បានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងជាប្រទេសនាំអង្ករកម្ពុជាលំដាប់ទី១រយៈ​ពេលប្រមាណ ៤ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ ចិន នាំអង្ករកម្ពុជា ជិត ៣០ម៉ឺនតោន, ឆ្នាំ​២០២១ ជាង ៣០ម៉ឺនតោន, ឆ្នាំ២០២២ បានជិត ៣០ម៉ឺនតោន។

ចិន ក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគលំដាប់កំពូលនៅកម្ពុជាផងដែរ។ របាយការណ៍​បង្ហាញ​ថា ឆ្នាំ២០២០ ទុនវិនិយោគចិន នៅកម្ពុជាមានជាង ១.៦ពាន់លានដុល្លារ, ឆ្នាំ២០២១ មានជាង ២.៤ពាន់លានដុល្លារ ហើយ៩ខែ ឆ្នាំ២០២២ មានជាង ១.៥ពាន់លាន​ដុល្លារ។

ចិន ក៏ជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។ គិតពីឆ្នាំ​សិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ដល់​និស្សិត​កម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអារូបករណ៍ ដោយផ្តល់​ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧។

ចិន ក៏បានរួមចំណែកផ្តល់ជំនួយ និងកម្ចីគ្មានការប្រាក់ជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍នៅ​កម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន ផ្តល់កម្ចីគ្មានការប្រាក់ និងជំនួយជាង ២ពាន់លានដុល្លារដល់កម្ពុជា។

ឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន បានផ្តល់កម្ចីជាង ៥ពាន់លានដុល្លារ ដោយផ្តោតជាសំខាន់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូនរួមមានផ្លូវ និងស្ពាន។

ចិន ក៏ជាប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំង​នឹងការរាតត្បាតជំងឺកូវីដ១៩។ ចិន បានក្លាយទៅជាបង្អែកដ៏ចាំបាច់សម្រាប់ការទប់ស្កាត់ការ​រាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំងសរុបជិត ៤២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន។

ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ