ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ​ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

FN (ភ្នំពេញ)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។
លិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈសារលិខិតនេះលោក ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។
ខ្ញុំពិតជាមានសោមនស្សដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន និងក្នុងមានខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។
វាពិតជាគួរឱ្យសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថានៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេស កម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ចិននឹងបន្តគាំទ្រ ដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេសដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ។ ខ្ញុំមានជំនឿចិត្តថានៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធាន គណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាពនៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។
ចិន និងកម្ពុជា គឺជាសហគមន៍មួយដែលមានអនាគតរួម។ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន បានផ្សារភ្ជាប់យ៉ាងមានសារៈសំខាន់ នៅក្នុង កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ជាមួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ សម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នាក្នុងការកសាង សហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួមនៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍នៃ ប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំង២៕
ខាងក្រោមជាខ្លឹមសារទាំងស្រុងនៅក្នុងលិខិតរបស់ប្រធានាធិបតីចិន ផ្ញើជូនសម្តេចតេជោ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ