សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី
ចង់ទន់ជង្គង់ មកពីត្រឹមនេះអម្បាញ់មិញស្មើនឹងវាយកូនហ្គោល ប្រាំឡូត៍។ ចុះបើពូម្នាក់ឯង ហើយក្មួយៗ ១៨ ០០០ នាក់ បែកញើសជោគ ឯណាអោបផង ឯណាថើបផង ប្រសិនបើមានជំងឺកូវីដ-១៩ អី គឺផ្ដាំអញ្ចេះ ប្រសិនបើពូកើតកូវីដអី អាហ្នឹងមិនមែនមកពីឆ្លងពីក្មួយទេ អាហ្នឹងមកពីពូមានជំងឺ។ ប៉ុន្ដែប្រសិនបើក្មួយកើតកូវីដ-១៩ វិញ អាហ្នឹងចាត់ទុកថាឆ្លងពីពូទៅចុះ។ អរគុណដែលក្មួយៗផ្ដល់នូវការស្រឡាញ់រាប់អានតាមរយៈការស្វាគមន៍។ មុនចូលដល់អ្វីដែលខ្ញុំគួរនិយាយ ខ្ញុំគួរសួរសំណួរដ៏លំបាកមួយ មិនថាមួយសំណួរទេ ប្រហែលជាច្រើនសំណួរ។ សួរថានៅក្នុងចំណោមភាគច្រើននៅក្នុងរោងចក្រសហគ្រាសរបស់យើងនេះភាគច្រើនស្ដ្រីច្រើនជាបុរស។ ចង់សួរថា អ្នកដែលមានគ្រួសារហើយមានប៉ុន្មាន (មិនតិចទេ ច្រើនណាស់)។ សុំសួរសំណួរដ៏លំបាកមួយ អ្នកដែលប្រចណ្ឌប្ដីមានប៉ុន្មាន?(កុំខ្លាចនឹងលើកដៃ ហើយខាងអ្នកមានផ្ទៃពោះអត់ប្រចណ្ឌប្ដីទេនោះ)។ បើយើងមិនប្រចណ្ឌប្ដី បានន័យថាយើងមិនស្រឡាញ់ប្ដីទេ។ សួរថាអ្នកនៅលីវប៉ុន្មានទៅ? សំណួរធម្មតា គឺចង់សួរថាអ្នកដែលចាក់វ៉ាក់សាំងមានប៉ុន្មាន សុំលើកដៃមើល? ហើយអ្នកដែលមិនទាន់បានចាក់? ព្រោះអ្នកខ្លះគ្រូពេទ្យតម្រូវថាមិនអាចចាក់បានទេ អញ្ចឹងយើងក៏ចង់ដឹងពីបញ្ហានេះ។
ជំនួបសំណេះសំណាលដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយ
ថ្ងៃនេះ សប្បាយរីករាយដែលបានវិលមកទីនេះម្ដងទៀត។ ម្សិលមិញក៏មកទីនេះ។ ហេតុអ្វីបានមិនធ្វើម្ដងធ្វើឲ្យចប់? ប្រសិនបើដាក់ម្ដង ១៨ ០០០ បូកពីរដង ៣៦ ០០០ នាក់គឺច្រើនពេក។ អញ្ចឹងបានពូសុខចិត្តធ្វើដំណើរមកមួយថ្ងៃទៀតហើយ ដែលក្មួយអោបរឹតអម្បាញ់មិញធ្វើឲ្យពូស្រកគីឡូបានបន្ដិច ព្រោះបែកញើស តែបែកញើសសម្រកគីឡូបានហើយ។ អរគុណក្មួយៗ។ ទាក់ទិននឹងជំនួបលើកនេះ ដូចដែលឯកឧត្តម អ៊ិត សំហេង បាននិយាយហើយ … ចង់សួរសំណួរដែរ អ្នកដែលបានជួបរួចហើយកាលពីលើកមុនៗមក មានប៉ុន្មានទៅកម្មករ/ការិនីនៅទីនេះ សូមលើកដៃ? តើពូចាស់ជាងមុនឬក្មេងជាងមុន? ថែមប្រាំឆ្នាំហើយនៅក្មេងជាមុនទៀត? មិនអីទេអញ្ចឹងនៅអាចកំដរក្មួយៗ ទៅរួមដំណើរជាមួយក្មួយៗបានដើម្បីផ្ដល់នូវសេចក្ដីសុខ ហើយរួមគ្នាដើម្បីអភិវឌ្ឍប្រទេសរបស់យើង។ ថ្ងៃនេះជាជុំទី២នៃដំណើរការពិនិត្យវឌ្ឍនភាពទាំងឡាយដែលយើងបាននិងកំពុងធ្វើជាមួយគ្នា។ កាលពីលើកទីមួយ ដូចឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ ពេលនោះយើងបានដោះស្រាយបញ្ហាច្រើនណាស់ ផ្ដើមចេញពីការសន្ទនារវាងរាជរដ្ឋាភិបាល ឬថានាយករដ្ឋមន្ដ្រីជាមួយកម្មករ/ការិនី ជាមួយអ្នកគ្រប់គ្រងរោងចក្រ។ អញ្ចឹងយើងរកឃើញចំណុចដែលត្រូវដោះស្រាយ។
(១) ស្វែងយល់ពីកសិករក្នុងទសវត្ស១៩៨០និង១៩៩០ នាំដល់មានអង្ករនាំចេញទៅ៧៣ ប្រទេស
កាលពីទសវត្សរ៍៨០ និង៩០ ពេលនោះពូធ្វើកិច្ចសន្ទនាច្រើនជាមួយកសិករតាមវាលស្រែចំការ ដោះស្រាយបញ្ហាកសិកម្មនា។ ពេលនោះក៏មិនទាន់មានឧស្សាហកម្មដែរ។ តាមរយៈនៃការសន្ទនានោះ យើងបានដឹងពីតម្រូវការរបស់កសិករត្រូវការអ្វីខ្លះ។ យើងរុញការអភិវឌ្ឍកសិកម្មឲ្យមានការរីកលូតលាស់ តាំងពីប្រទេសយើងជាប្រទេសដែលផលិតស្រូវ ហើយខ្វះអង្ករហូប ជាប្រទេសដែលធ្វើកសិកម្ម ប៉ុន្ដែបានទិន្នផលទាបពេកជារៀងរាល់ឆ្នាំ។ ដល់ឆ្នាំ២០០២ ហើយ យើងក៏នៅខ្វះស្បៀងនៅឡើយទេ។ យើងធ្វើជាប្រធានអាស៊ាន ឥណ្ឌាបានជួយអង្ករដល់យើង២ ម៉ឺនតោន។ ក្រោយមក តាមរយៈគោលនយោបាយកសិកម្មរបស់យើង ឥឡូវយើងមិនគ្រាន់តែផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ខ្លួនឯងទេ ក៏ប៉ុន្ដែយើងបាននាំចេញជាអង្ករ សល់អង្ករជាង៤ លាន តោនក្នុងមួយឆ្នាំ។ យើងកំពុងនាំចេញទៅកាន់ប្រទេស៧៣ ប្រទេសដែលទទួលទិញអង្ករពីកម្ពុជា។
(២) សន្ទនាដើម្បីយល់ពីភាពងាយស្រួល ការលំបាក តម្រូវការ ការប្រឈម វិធីសាស្ដ្រដោះស្រាយ ជារឿងចាំបាច់
អញ្ចឹងការសន្ទនាណាក៏ដោយដើម្បីស្វែងយល់ពីភាពងាយស្រួល ការលំបាក តម្រូវការ ការប្រឈម និងវិធីសាស្ដ្រដោះស្រាយយ៉ាងម៉េចជារឿងចាំបាច់។ ក្រោយមក ពូក៏ចាប់ផ្ដើមរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិនិត្យរឿងទាក់ទិននឹងការវិនិយោគ តើអ្វីខ្លះដែលជាតម្រូវការរបស់អ្នកវិនិយោគ (តើ)យើងត្រូវការអ្វីខ្លះ? យើងក៏បានតម្រង់ទិសការវិនិយោគនោះទៅតាមលទ្ធភាព ដែលយើងអាចធ្វើនិងទាក់ទាញបាន។ បន្ដទៅទៀតយើងក៏បានបើកការសន្ទនាជាមួយកម្មករ/ការិនីម្ដង ដោយចាប់ផ្ដើមពីប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល អាចមួយចំនួនអាចទៅជួបពូនៅកោះពេជ្រ។ ពួកហ្នឹងសុទ្ធតែពួកប្រាក់ខែខ្ពស់។ ឥឡូវនៅលីវដដែលអត់យកប្ដីទេ? តាំងពីពេលហ្នុងមកដល់ឥឡូវ៥ ឆ្នាំហើយណា។ ឥឡូវមិនដឹងយ៉ាងម៉េចបានគេនៅយូរៗ មិនព្រមយកប្ដី។ ឥឡូវអាយុ៣០ អីបានគេការ ហើយកាលពីមុនពីដើមនារីៗតែអាយុ ២៥ ឆ្នាំគេហៅក្រមុំចាស់ហើយបុរសអាយុ ២៧-២៨ គេហៅកម្លោះចាស់ហើយ។ ពូយកប្រពន្ធកាលអាយុ២៤ ឆ្នាំ។ មីងយកពូគឺគាត់អាយុ២២ ឆ្នាំប៉ុន្ដែបើនិយាយពីផ្ដើមស្រឡាញ់គ្នាតាំងពីមុននោះ។ វាទាល់តែយើងស្គាល់គ្នាដែរ។ កាលពីជំនាន់ប៉ុល ពត ការ១៣ គូ តែពូបានស្គាល់មីងមុនក៏ស្រឡាញ់រហូតមកដល់ថ្ងៃនេះ បានចៅ២២ នាក់។
(៣) សន្ទនាជាមួយកម្មករ/អ្នកគ្រប់គ្រង រកឃើញបញ្ហាទាំងតូចទាំងធំ ដើម្បីរកដំណោះស្រាយ
បកមកនិយាយពីការសន្ទនាជាមួយកម្មករ ម្ចាស់រោងចក្រ និងនិយាយជាមួយអ្នកគ្រប់គ្រង យើងបានរកឃើញចំណុចដែលយើងត្រូវដោះស្រាយ ហើយយើងបានដោះស្រាយហើយ។ ការដោះស្រាយនោះត្រូវបានឯកឧត្តម អ៊ិត សំហេង បានលើកឡើងអម្បាញ់មិញ រវាងមុនជួបនិងក្រោយការជួប តើយើងបានដោះស្រាយអី? ច្រើនចំណុចណាស់។ ក្នុងនោះគឺមានចំណុចទាក់ទងនឹងការដែលកម្មករ/ការិនី (កាលពីមុន)បន្ដិចៗរោងចក្រនេះដួលសន្លប់។ បញ្ហានោះតម្រូវឲ្យរាជរដ្ឋាភិបាលស្វែងយល់ថាមូលហេតុអ្វីទៅ(បានជាកម្មករ/ការិនីដួលសន្លប់) អញ្ចឹងពេលខ្លះបណ្ដាលមកពីខ្យល់ចេញចូលវាមិនគ្រប់ អញ្ចឹងអុកស៊ីហ្សែនមិនគ្រប់ វាបណ្ដាលឲ្យដួលសន្លប់ ១ ដួល ២ ដួល ៣ ដួលទៅបណ្ដោយ។ យើងបានរកឃើញទាំងបញ្ហាធំ ទាំងបញ្ហាតូច។
(៤) ដើរដល់ការរៀបចំគោលនយោបាយស្តីពីសោធននិវត្ដន៍របស់កម្មករ/ការិនី
បញ្ហាធំ យើងបានដើរទៅដល់ការរៀបចំគោលនយោបាយស្តីពីសោធននិវត្ដន៍ដែលកម្មករ/ការិនីនឹងមានប្រាក់ចូលនិវត្ដន៍ដូចជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធដូចគ្នាដែរ។ ជាងនេះទៅទៀត បើយោងលើរបាយការណ៍ឯកឧត្តម អ៊ិត សំហេង ច្បាប់ទាក់ទិននឹងការធ្វើសោធននិវត្ត ចូលនិវត្តរបស់កម្មករ-កម្មការិនីរបស់យើង ហាក់ដូចជាធូរជាងខាងផ្នែកមន្រ្តីរាជការផង។ មន្រ្តីរាជការទាល់តែកំណត់ថា ប៉ុន្មានឆ្នាំគ្រប់គ្រាន់បានមានប្រាក់(សោធន) ប៉ុន្តែកម្មករ/ការិនីរបស់យើងគ្រាន់ថាបើធ្វើការបានតិច ចូលនិវត្តទៅបានប្រាក់ខែក៏តិចដែរ បើធ្វើការបានវែង អាហ្នឹងប្រាក់ខែក៏បានច្រើនដែរ។ ដំណោះស្រាយនេះ មិនមែនជាដំណោះស្រាយកញ្ឆក់កណ្តៀតទេ ជាដំណោះស្រាយដែលប្រើប្រាស់សម្រាប់រយៈពេលវែង ធានាដល់ក្មួយៗចាស់ទៅ មិនត្រូវពឹងផ្អែកទៅលើកូនទេ។ ពីមុននេះ បើយើងមិនបានគិតរឿងនេះ ពេលដែលក្មួយៗឈប់ធ្វើការ ក្មួយៗអត់មានប្រាក់ចិញ្ចឹមខ្លួននៅពេលដែលមានវ័យចាស់ទេ ត្រូវពឹងពាក់លើកូន។ ឥឡូវនេះ យោងទៅលើអ្វីដែលយើងបានធ្វើរួចមកហើយនេះ បាននិងកំពុងធ្វើនេះ ក្មួយៗអត់ត្រូវពឹងពាក់លើប្រាក់កូនយកមកចិញ្ចឹមទេ។
(៥) សោធននិវត្ដន៍របស់កម្មករ/ការិនី មិនមែនសន្យាខ្យល់ ម្តងម្កាល ដើម្បីសន្លឹកឆ្នោតទេ
នេះជាការគិតគូរសម្រាប់រយៈពេលវែង ហើយសម្រាប់ប្រទេសជាតិមួយ ដែលឆ្ពោះទៅមុខ។ មិនមែនជាកម្មវិធីកញ្ឆក់កណ្តៀតតាមរបៀបសន្យាខ្យល់ម្តងម្កាលដើម្បីយកសន្លឹកឆ្នោតទេ។ យើងមានគោលដៅជាក់លាក់ ដោះស្រាយបញ្ហានេះ។ នេះជាបញ្ហាធំ មិនមែនជាបញ្ហាតូចទេ។ ប្រសិនបើយើងមិនបានស្វែងយល់បញ្ហានេះទេ ប្រហែលជាមកដល់ពេលនេះ ច្បាប់នេះមិនទាន់បានធ្វើ ឬក៏គេបោះបង់ចោលផង គេមិនធ្វើផង ដែលធ្វើឲ្យកម្មករ/ការិនី ពេលដែលមានវ័យចំណាស់ទៅ ឈប់ពីធ្វើការគឺអត់មានលុយចិញ្ចឹមខ្លួន។ តាមរយៈដែលក្មួយៗបង់ ប្រាក់ចូល បូកនឹងមួយចំនួន គេហៅថាពន្ធលើប្រាក់ខែ អ្នកដែលមានប្រាក់ខែខ្ពស់មានពន្ធ ទាំងនោះហើយ ដែលរដ្ឋនឹងផ្តល់ត្រឡប់មកវិញនូវប្រាក់សម្រាប់ក្មួយៗ(ពេល)ចូលនិវត្ត (ដែលអនុវត្តសម្រាប់)មនុស្សទាំងអស់ដែលនៅក្រោមច្បាប់ការងារ មនុស្សទាំងអស់នៅក្រោមច្បាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។
(៦) ដឹកនាំកសាងប្រទេសពីបាតដៃទទេ
ស្ថានភាពបែបនេះ តើមានប្រទេសប៉ុន្មានទៅ? គេមាន ក៏ប៉ុន្តែប្រហែលជាគេដោះស្រាយតាមរបៀបរបស់គេ។ នៅប្រទេសរបស់យើង ទាមទារឲ្យនាយករដ្ឋមន្រ្តីយកចិត្តទុកដាក់ ដោយសារយើងចេញពីស្ថានភាពប្លែកពីគេ។ ប្រទេសគេអត់មានសង្រ្គាមដូចប្រទេសយើងទេ។ នាយករដ្ឋមន្រ្តីនៃប្រទេសដទៃ គេងាយស្រួលណាស់។ ពេលគេបោះឆ្នោតឈ្នះគេឡើងកាន់អំណាច លុយនៅក្នុងធនាគារក៏មាន លុយនៅក្នុងរតនាគារក៏មានពេញដៃ ផ្លូវថ្នល់ ព្រលានយន្តហោះ អគ្គិសនីស្អីៗមានទាំងអស់។ វាខុសពីកម្ពុជាយើង ដែលត្រូវបានកសាងពីបាតដៃទទេ។ ជីដូនជីតា ឪពុកម្តាយ ក្មួយៗ សុទ្ធតែជាអ្នកបានរួមចំណែកកសាងប្រទេសនេះ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់គណបក្សប្រជាជន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម រូបពូផ្ទាល់ និងមេដឹកនាំដទៃទៀតទេ បើសិនជាទាំងអស់គ្នាគ្មានការរួមចំណែកទាំងអស់គ្នា ប្រហែលជាប្រទេសយើងមិនដល់ដំណាក់កាលនេះទេ សង្រ្គាមក៏មិនទាន់បានបញ្ចប់ដែរ …។
រដូវសន្យាបានមកដល់
រដូវសន្យាបានមកដល់ហើយ។ បន្តិចទៀតឃោសនាបោះឆ្នោត វាសំខាន់បំផុតនៅត្រង់ថា អ្នកដែលនៅផ្ទះប្រក់ស័ង្កសី។ យើងនិយាយថាស្បូវវាមិនកើត ព្រោះឥឡូវហ្នឹងផ្ទះជាទូទៅ ផ្ទះប្រក់ស័ង្កសី។ ឥឡូវហ្នឹងស័ង្កសីវាថោកជាងស្បូវ។ វាមិនងាយទៅរកស្បូវ និងស្លឹកត្នោតឯណា។ កាលពីទសវត្សរ៍៨០ ពូជិះឧទ្ធម្ភាគចក្រ ឬក៏ជិះឡាន ឃើញអស់ស្លឹកត្នោត។ កាប់ស្លឹកឆ្នោតព្រោះស្លឹកត្នោតត្រូវការយកមកប្រក់ផ្ទះ។ ឥឡូវពេលជិះឧទ្ធម្ភាគចក្រឬជិះឡានទៅ ឃើញស្លឹកត្នោតរបស់យើងនៅពេញៗទាំងអស់ ព្រោះគេអត់មានតម្រូវការទៅកាប់ស្លឹកត្នោត ឬក៏ទៅច្រូតស្បូវយកមកប្រកផ្ទះទៀតទេ។ គេអាចមាន ហ្វីប្រូស៊ីម៉ង់ត៍ (Fibre Cement) គេអាចមានស័ង្កសី។ ប៉ុន្តែនៅរដូវបោះឆ្នោតណា អ្នកនៅផ្ទះស័ង្កសីទៅសន្យាគេថាឲ្យផ្ទះក្បឿង ប៉ុន្តែខ្លួនឯងនៅផ្ទះស័ង្កសីទេ។ អ្នកជិះម៉ូតូទៅសន្យាឲ្យគេថាបើខ្ញុំឈ្នះ ខ្ញុំឲ្យឡាន។ វាមានអាធុនហ្នឹង។ ថាវាទៅហួស។ ប៉ុន្តែទុកជាសិទ្ធិនៃបណ្តាបក្សនយោបាយដែលគេមានសិទ្ធិនៅក្នុងការឃោសនា។
គណបក្សប្រជាជនមិនសន្យាខ្យល់ ប៉ុន្តែអនុវត្តតែម្តង(បញ្ហាកូវីដ-១៩)
សម្រាប់គណបក្សប្រជាជន អ្វីដែលយើងធ្វើគឺយើងធ្វើតែម្តង។ លើកឧទាហរណ៍មួយ ក្មួយៗប្រហែលជានៅចាំច្បាស់ ហើយវាក៏មិនទាន់ទៅណាឆ្ងាយដែរ បញ្ហាកូវីដ-១៩ សុខៗកូវីដ-១៩ មកដល់ ឥឡូវក្នុងពេលដែលកូវីដ-១៩ មកដល់នេះ បើសិនជាគ្មានលទ្ធភាព គ្មានសមត្ថភាពទេ កត្តាចៃដន្យនេះប្រហែលជានឹងធ្វើឲ្យប្រទេសកម្ពុជាយើងរងគ្រោះធ្ងន់ តាមរយៈការស្លាប់និងឆ្លងក្នុងចំនួនច្រើន។ យើងបានស្លាប់អស់ប្រជាពលរដ្ឋ ៣ ០៥៦ នាក់ ក្នុងរយៈពេលមួយដ៏ខ្លី។ ពេលនោះពូបារម្ភខ្លាំងណាស់អំពីថានឹងផ្ទុះ(ការឆ្លង)នៅក្នុងរោងចក្រ។ ដោយសារតែសកម្មភាពដែលយើងប្រកាន់យកគឺត្រូវ យើងអាចគ្រប់គ្រងបានកូវីដ-១៩ក្នុងរយៈពេលមួយខ្លី។
ពេលនោះតំបន់មួយចំនួនក៏មានការបិទខ្ទប់ ហើយគ្រាន់តែអង្គរក្សរបស់ពូជាង ៤០០ នាក់ឆ្លងកូវីដ-១៩ (ព្រោះ)ជាអ្នកសែងស្បៀងចែកទៅតាមកន្លែងនានាដែលយើងបិទខ្ទប់។ តែបិទខ្ទប់ហើយគាត់ចេញទៅណាអត់រួច។ រឿងទឹករឿងភ្លើងវាមិនលំបាកទេ គេបង្ហូរទៅដល់ហើយ ប៉ុន្តែរឿងស្បៀងហូរឯណាបាន? ត្រូវប្រើកម្លាំងចូល។ កម្លាំងដែលចូលមកនោះមានទាំងកម្លាំងតាមភូមិ តាមសង្កាត់ស្អីៗ ប៉ុន្តែកម្លាំងកងទ័ពក៏ត្រូវប្រើ គ្រាន់តែកម្លាំងអង្គរក្សមួយទេជាង៤០០ នាក់ដែលឆ្លង។ ក្មួយៗនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលគឺពិតជាមានសំណាងមុនគេត្រង់ថា យើងសឹងតែស្រោចវ៉ាក់សាំងយកតែម្តង ចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងនេះហើយជារបាំងការពាររហូតមកដល់សព្វថ្ងៃនេះ ដែលធ្វើឲ្យយើងទប់ស្កាត់ទាន់ពេល។
បន្តយកចិត្តទុកដាក់ទៅលើការចាក់ដូសជំរុញប្រឆាំងកូវីដ១៩
ការស្លាប់បានបញ្ចប់ ជាមួយនឹងការរីករាលដាលត្រូវបានបន្ថយៗ រហូតដល់សូន្យកូវីដ-១៩។ ឥឡូវក៏នៅឆ្លងឡើងវិញដែរ ដែលយើងត្រូវប្រុងប្រយ័ត្ន។ ៥ថ្ងៃនេះ ដូចជាប្រកាសថាមាន៨ ករណី (…) ឥឡូវហ្នឹងសូមមេត្តាអ្នកដែលវាយ(ព័ត៌មាន)មកខ្ញុំជា WhatsApp ក្តី ជា Telegram ក្តី ឬមធ្យោបាយដទៃទៀតក្តី បើកាលណាឃើញខ្ញុំបើកមើលហើយ ចាត់ទុកថាបានមើលហើយ។ បើវែងពេក ហ្នឹងគ្រាន់តែបើកមកចេញសញ្ញា ប៉ុន្តែអត់បានមើលទេ។ ខ្ញុំបើកមើលខ្លីៗដូចថាជំងឺឆ្លងប៉ុន្មាន អីប៉ុន្មាន នៅវិទ្យាស្ថានណា នៅខេត្តណាឆ្លង។ ប៉ុន្តែបើសិនជាខ្ញុំមានពេល ខ្ញុំឆ្លើយឯកភាពអញ្ចឹងទៅ។ បើអត់មានពេលទេ ផ្សាយទៅ ផ្សាយអ្វីដែលត្រូវផ្សាយ។ កូវីដ-១៩នេះ ពូនៅតែតាមដានជាប់។ របាយការណ៍ទាក់ទិនជាមួយនឹងការរកឃើញកូវីដ-១៩ នៅតែបន្តតាមដាន។ របាយការណ៍ស្តីអំពីការចាក់វ៉ាក់សាំងក៏នៅតែតាមដាន ដោយសារកូវីដ-១៩ វាអត់ទាន់ទៅណាឆ្ងាយទេ។ ដូច្នេះយើងត្រូវគិតគូរអំពីបញ្ហានេះ។
យើងបានយកឈ្នះត្រឹមតែសមរភូមិតែប៉ុណ្ណោះ តែយើងអត់ទាន់យកឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទេ ដោយសារនៅលើពិភពលោកវាមិនទាន់អស់កូវីដ-១៩។ យើងក៏មិនដឹងថាតើកូវីដ-១៩ នេះ វានឹងបំប្លែងខ្លួនទៅជាស្អីទៀត។ ឥឡូវហ្នឹងនៅត្រឹម Omicron ប៉ុន្តែ Omicron ប្រភេទថ្មី អញ្ចឹងស្រាប់តែ ៣ ថ្ងៃក្រោយ ឬមួយខែក្រោយវាទៅជា អូមេគ្រត ទៅ រួចទៅវាកាចសាហាវជាងហ្នឹង។ អញ្ចឹងទេ បានជាសូមឲ្យបន្តការយកចិត្តទុកដាក់ទៅលើការចាក់ដូសជំរុញបន្ថែម។ ពូបានចាក់ដល់ដូសទី ៤ ស្នើសុំពេទ្យដើម្បីចាក់ដូសទី ៥ ប៉ុន្តែពេទ្យគេបានប្រាប់មកយើងថាអង់ទីគ័រវានៅខ្ពស់ណាស់ ដូច្នេះមិនមានការចាំបាច់ ដើម្បីចាក់អាដូសទី ៥ ទេ ព្រោះគេយកឈាមយើងទៅពិនិត្យ អញ្ចឹងគេសុខចិត្តចាក់ឲ្យយើងនូវវ៉ាក់សាំងការពារថ្លើម និងវ៉ាក់សាំងការពាររើមទៅវិញ ក្នុងរយៈពេលកន្លងទៅនៅពេលដែលយើងទៅពិនិត្យសុខភាព។
ពេលថៅកែព្យួរការងារ កម្មកររោងចក្រទទួល ៧០ដុល្លារ/ខែ បុគ្គលិកសេវាទេសចរណ៍បាន ៤០ដុល្លារ/ខែ
ទាំងនេះ មិនមែនជាចំណុចចៃដន្យ សន្យាខ្យល់ ប៉ុន្តែយើងបានធ្វើសកម្មភាពភ្លាមៗ ក្នុងការដោះស្រាយបញ្ហា។ ពេលរោងចក្រត្រូវព្យួរ ក្មួយៗជាកម្មករក៏ត្រូវទទួលបានការយកចិត្តទុកដាក់ដើម្បីផ្តល់នូវប្រាក់ ហោចណាស់ក៏បាន ៧០ដុល្លារ ដែរសម្រាប់ក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។ ឯក្នុងវិស័យសណ្ឋាគារ ក៏បាន៤០ដុល្លារ ដែរ គ្រាន់បើជាងអត់។ ឥឡូវយើងបានបើកប្រទេសឡើងវិញ អនុញ្ញាតឱ្យកម្មករ/ការិនីបានធ្វើការ ហើយក៏សុំបញ្ជាក់ដូចដែល ឯកឧត្តម អ៊ិត សំហេង លើកឡើងពីឆ្នាំណាបានប្រាក់ខែប៉ុន្មានៗ? មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអត់បានឡើងប្រាក់ខែ ឆ្នាំ២០២១ ឆ្នាំ២០២២ អត់បានឡើងទេ។ ឆ្នាំ២០២៣ នេះ ទើបយើងបានឡើង ព្រោះយើងផ្តល់ការគិតគូរខ្ពស់ទៅការពារសុខភាពប្រជាជន និងជួយដល់ប្រជាជនក្នុងមួយខែ ចំណាយ ៤០លានដុល្លារ ចាយទៅលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។
(៧) ប្រើធម៌ព្រះពុទ្ធរក្សាសន្តិភាព ស្ថិរភាពនយោបាយ ពិសេសការកសាងអំពើល្អក្នុងចំណោមប្រជាជន
ថ្ងៃនេះ ខ្ញុំសូមអរគុណម្ចាស់រោងចក្រទាំងឡាយ ដែលផ្តល់ការអនុញ្ញាតឱ្យកម្មករ/ការិនី បានមកជួបជាមួយខ្ញុំ ហើយល្ងាចនេះនឹងបានឈប់សម្រាកដោយមានប្រាក់បៀវត្ស។ យើងមិនចាំបាច់ប្រញាប់ប្រញាល់ទៅណាពេកដែរ។ ពូទេដែលត្រូវប្រញាប់នោះ ព្រោះមានការងារនៅឯផ្ទះ។ ប៉ុន្តែបើបានជាជ្រុលមកហើយគឺត្រូវតែនិយាយ។ ម្សិលមិញត្រឡប់ទៅវិញក៏ជួបជាមួយលោកក្មួយ ព្រោះសូមហៅលោកអ៊ំ។ ដល់អញ្ចឹងមានតែហៅលោកក្មួយ សាន សុជា។ ក្រោយពីជួប ម៉ាណែត ហើយដូចជាទៅកំពង់សោម ព្រោះចង់ស្គាល់ផ្លូវល្បឿនលឿន។ លឺថា គួច ចំរើន ប៉ាវបាយមួយពេល។ ប្រហែលជា ខេង សុមេធ ជូនទៅ។ ពីដើមធ្លាប់តែទេសនា តែឥឡូវហ្នឹងស្វែងរកការគាំទ្រ។ យើងក៏ត្រូវការដើម្បីឱ្យព្រះសង្ឃដែលលាចាកសិក្ខាបទ ហើយដែលមានចេះធម៌អាថ៌ត្រឹមត្រូវ បន្តទៅតាមផ្លូវរបស់គេថាជួយទៅដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េចប្រើប្រាស់នូវធម៌អាថ៌ខ្លះសំរាប់ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជាពិសេសការកសាងអំពើល្អក្នុងចំណោមប្រជាជនរបស់យើង។ ការហត់វាហត់ហើយ ប៉ុន្តែយើងគ្មានសិទ្ធិដើម្បីនឹងនិយាយថាហត់ណាស់ទេ ត្រូវតែធ្វើ។
(៨) ២០មិថុនា ខួបទី៤៦ ឆ្នាំ ថ្ងៃងើបឈររកផ្លូវរំដោះប្រទេសពីរបបប្រល័យពូជសាសន៍
ថ្ងៃច័ន្ទ ទៅកងទ័ព អង្គារ៍និងពុធ មកកម្មករ។ ស្អែកនេះប្រហែលជាធូរបន្តិច តែពេលព្រឹកត្រូវអានសាររបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ត្រៀមចាក់ក្នុងពេលយុទ្ធនាការបោះឆ្នោត។ អញ្ចឹងត្រូវចូលទៅវិមាន៧ មករា ទៅថតនៅឯណោះ ហើយដល់ពេលល្ងាចគឺប្រហែលជាបានធូរបន្តិច។ ប៉ុន្តែឯកសារនៅច្រើនណាស់ដែលមិនទាន់បានមើល ជាពិសេសការបម្រុងទុកនូវឯកសារសម្រាប់ការជួបជុំនៅថ្ងៃទី២០ មិថុនា ដែលមានសំណួរចាក់ស្រេះជាច្រើនសម្រាប់(ឆ្លើយ)។ ថ្ងៃ២០ មិថុនា នេះគឺខួបលើកទី៤៧ឆ្នាំ ថ្ងៃដែលពូងើបឡើងរកផ្លូវរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពីឆ្នាំ១៩៧៧ រហូតមកដល់ឥឡូវ ៤៧ ឬ ៤៦? (…) ៤៦ឆ្នាំ ហើយរឿងនេះវាកម្សត់ណាស់។ បើយើងប្រៀបធៀបកាលពីពេលនោះ ពូបានឆ្លងកាត់នូវភាពកម្សត់ដែលពិបាកនិយាយ។
សព្វថ្ងៃនេះនៅពេលដែលឃើញចម្រៀងទាក់ទងនឹងរឿងហ្នឹង គឺតែងស្រក់ទឹកភ្នែកខ្លួនឯង។ នៅចងចាំជានិច្ចការលំបាក។ កូនមួយស្លាប់នៅនឹងមុខ។ សុំយកទៅកប់ គេមិនឱ្យយកទៅកប់។ សុំនៅកំដរប្រពន្ធឆ្លងទន្លេ គេក៏មិនឱ្យ។ បន្ទាប់ទៅតើវាឈឺចាប់ប៉ុណ្ណា នៅពេលដែលប្រពន្ធមានផ្ទៃពោះ៥ខែ ហើយត្រូវបែកចាកចេញពីប្រពន្ធ។ ប្រហែលជាពេលនេះក្មួយអត់ទាន់ជួបប្រទះនូវរឿងអស់ហ្នឹងទេ។ ពេលពូឆ្លងកាត់ទៅដល់ប្រទេសវៀតណាម ពេលដែលគេឱ្យបាយយើងទទួលទាន លើកស្លាបព្រាឡើងស្រក់ទឹកភ្នែកលើបាយ ព្រោះអី? នឹកដល់ប្រពន្ធដែលកំពុងតែស្រេកឃ្លានក្នុងពេលមានផ្ទៃពោះ នឹកដល់ប្រជាជនកម្ពុជាដែលកំពុងតែលំបាកដែលគេបង្អត់អាហារ។ រឿងអស់ទាំងនេះគឺវាមានច្រើន ហើយវាបានកំពុងឆ្លុះបញ្ចាំងទៅតាមរយៈខ្សែភាពយន្ត ដែលបន្តិចនឹងដើរទៅដល់ដំណាក់កាលកូនទី១ស្លាប់។ ឥឡូវចូលដល់ភាគដូចជា យប់មិញភាគទី៤៧ ដូច្នេះប្រហែលជាកូនស្លាប់នៅក្នុងចន្លោះភាគទី ៤៨ ឬ ៤៩ និង៥០ ក្នុងចន្លោះប៉ុណ្ណឹង។ រឿងនោះពិតមែនតែឈ្មោះ សំរេច ជាតួប្រុស ឯតួស្រីឈ្មោះ ម៉ារិនី អត់មានឈ្មោះ ហ៊ុន សែន ទេ ក៏ប៉ុន្តែនោះហើយគឺជាអង្គរបស់ពូនោះ។ ភាពយន្តគឺភាពយន្ត រឿងគឺរឿង ប៉ុន្តែរឿងនោះវាឆ្លុះបញ្ចាំងពីជីវិតពិតរបស់យើង។ វាមិនមែនជាខ្សែភាពយន្តឯកសារនោះទេ …។
រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលសង្គមជាតិ
ទម្រាំបានដូចសព្វថ្ងៃនេះឆ្លងកាត់ការលំបាកប៉ុណ្ណា? អញ្ចឹងត្រូវខិតខំការពារអ្វីដែលយើងមានសព្វថ្ងៃនេះឱ្យខាងតែបាន។ ជាពិសេសរួមគ្នាការពារសន្តិភាព ការពារនូវអ្វីដែលជាសមិទ្ធផលសង្គមជាតិដែលយើងបានកសាងរួមគ្នារហូតមកដល់ពេលនេះ។ ពីប្រទេសមួយដែលទីក្រុងភ្នំពេញមានមនុស្សត្រឹមតែ ៧០នាក់ទេ ដែលពូបានជួបនៅឆ្នាំ១៩៧៩ ឥឡូវទីក្រុងភ្នំពេញពោរពេញទៅដោយមនុស្សណែនស្ទះចរាចរណ៍។ សូមប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមេត្តាយោគយល់ គឺនៅពេលដែលក្បួនធ្វើដំណើររបស់ខ្ញុំធ្វើដំណើរទៅ គេតែងបិទចរាចរណ៍ ព្រោះបើមិនបិទចរាចរណ៍ទេ អាឡានសឺរ៉ែននាំមុខក៏វាទៅមិនរួច (…) អញ្ចឹងគេបិទចរាចរណ៍។ ដល់បិទចរាចរណ៍អ្នកធ្វើដំណើរគឺមានការថ្នាំងថ្នាក់។ សូមមានការយោគយល់។ ឥឡូវបន្ទោសប៉ូលីសក៏អត់កើត ឧទាហរណ៍ថា៖ ត្រូវប្រជុំគណៈរដ្ឋមន្ត្រីម៉ោង ៨កន្លះ។ យើងធ្វើដំណើរទៅ ប៉ុន្តែយើងជាប់ឡាន ហើយបើយកឧទ្ធម្ភាគចក្រទៅយោងឡើងទៅលើឧទ្ធម្ភាគចក្រហ្នឹងវាកាន់តែគ្រោះថ្នាក់ទៅទៀត។ មិនអាចធ្វើទៅកើតទេ។
ដើរជួបជុំទី២ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តជុំទី១ រកឃើញនិងដោះស្រាយនូវចំណុច ២ បន្ថែមទៀត
អ្វីដែលយើងមានរួចមកហើយនេះត្រូវពង្រឹងវាឱ្យជាប់។ ចុងក្រោយនេះ ពេលដើរលើកទី២ ទន្ទឹមនឹងពិនិត្យវឌ្ឍនភាពនៃការអនុវត្តជុំទី១ យើងបានឃើញនឹងដោះស្រាយនូវចំណុច២បន្ថែមទៀត … (១)ស្ត្រីមានផ្ទៃពោះត្រូវបានពង្រីកវិសាលភាព(ពីត្រឹម)ផ្តល់សាច់ប្រាក់ដែលយើងបាននិងកំពុងអនុវត្តសម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ អោយគ្របដណ្តប់ដល់មុខសញ្ញាជាកម្មការិនីនៅតាមរោងចក្របន្ថែមទៀត។ ម្នាក់ៗអាចចាប់តាំងពីមានផ្ទៃពោះភ្លាមគឺទទួលបានការឧបត្ថម្ភ។ មុនពេលឆ្លងទន្លេត្រូវឧបត្ថម្ភ ៤ដង ពេលឆ្លងទន្លេយើងត្រូវឧបត្ថម្ភម្តង ដល់ពេលកូនក្រោយឆ្លងទន្លេហើយរហូតដល់កូនអាយុ ២ឆ្នាំ ត្រូវឧបត្ថម្ភ ១០ដងទៀត។ អញ្ចឹងនេះក៏ជាកម្មវិធីសង្គមមួយ ដើម្បីកាត់បន្ថយអត្រាស្លាប់មាតានិងទារកម្ខាង។ តែម្ខាងទៀត (២) ពង្រឹងអាហារូបត្ថម្ភសម្រាប់ស្ត្រីឆ្លងទន្លេ ក៏ដូចជាពិសេសគឺកុមារ យើងចង់ឱ្យប្រជាពលរដ្ឋរបស់យើងវ័យឆ្លាត មានសុខភាពល្អ ដែលឥឡូវស្ថានភាពកូនកើតមក ដែលវាក្រិនវាអីនោះ កាត់បន្ថយច្រើន ហើយយើងត្រូវខំរួមគ្នា។
ធ្វើឱ្យប្រទេសមានសង្គ្រាមជារឿងងាយ ធ្វើឱ្យប្រទេសមានសន្តិភាពមិនជាការងាយ
សំណូមពររបស់ពូមិនធំទេ ធ្វើយ៉ាងម៉េចគឺទាំងអស់គ្នារួមគ្នាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះ។ សន្តិភាពមានតម្លៃណាស់ក្មួយ។ កុំចាំបាត់សន្តិភាព បានយើងស្រែករកសន្តិភាព មិនងាយទេ។ ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺវាជារឿងរហ័សណាស់ សម្រេចចិត្តត្រឹមតែ ១៥នាទី ឬក៏មុន ១៥នាទី គឺសង្គ្រាមផ្ទុះហើយ។ ប៉ុន្តែការដោះស្រាយបញ្ចប់សង្គ្រាមទើបជាលំបាក។ និយាយបន្តិចទៅចុះ អ៊ុយក្រែនចាប់ផ្តើមវាយបកទៅលើរុស្សី ប៉ុន្តែនិយាយតាមមួយបែបទៅ គ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្សីកាន់កាប់នោះបានមកវិញដោយប្រើកម្លាំងតែមួយមុខទេ។ ថ្ងៃមុន ពេលជួបប្រធានាធិបតីអ៊ុយក្រែនតាម Video (ខ្ញុំ)ក៏បានចោទសួរគាត់ថា “មានការផ្សាយព័ត៌មាន ឯកឧត្តមមានគម្រោងនឹងវាយយកទឹកដីត្រឡប់មកវិញ”។ “ពិតជាមាន” គាត់ឆ្លើយ។ ខ្ញុំមិនលើកទឹកចិត្តឱ្យមានការវាយប្រហារទេ។ ខ្ញុំគ្រាន់តែនិយាយទៅគាត់ថា “គួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ”។ មិនអាចអ្នកណាទៅរារាំងអ៊ុយក្រែនមិនឱ្យវាយទៅលើរុស្សីនោះទេ ក៏ប៉ុន្តែខ្ញុំគ្មានជំនឿថា (គេអាច)ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនិងដណ្ដើមទឹកដី(បានទេ)។ តើរុស្សីសុខចិត្តចុះចាញ់ទៅលើតំបន់ដែលខ្លួនកំពុងកាន់កាប់នោះទេ ជាពិសេសតំបន់ Crimea និងតំបន់ Donbas … ខ្ញុំអត់មានជំនឿទេ។ ទោះបីជាអាមេរិកនិងលោកខាងលិចផ្ដល់អាវុធឱ្យប៉ុណ្ណាក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះនៅទីនោះគេក៏មានកម្លាំង។ ការវាយគ្នាទៅ/មក ទីបំផុតអ្នកដែលស្លាប់គឺប្រជាជនអ៊ុយក្រែននិងរុស្សី តែប៉ុណ្ណឹង។
នឹងឧទ្ទេសនាមពី ថ្ងៃ២០មិថុនា ស្វែងរកផ្លូវរំដោះប្រទេសពីរបបប្រល័យពូជសាសន៍នៅក្រសួងការពារជាតិ
នៅទីនេះយើងមានសន្តិភាព។ ត្រូវការពារ កុំឱ្យសន្តិភាពបាត់បានស្រែករកវាយឺតពេល។ មនុស្សស្លាប់ដោយសារសង្គ្រាមក្នុងប្រទេសយើងច្រើនណាស់។ ការសម្រេចចិត្តរបស់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪ ព្រះករុណាព្រះបិតា វាបង្កើតនូវសង្គ្រាមដែលមនុស្សស្លាប់រាប់សិបម៉ឺននាក់។ បន្តមក ប៉ុល ពត សម្លាប់៣ លាននាក់ជាង។ យើងបានខំត្រដររស់ទាំងលំបាក តែយើងបានបញ្ចប់សង្គ្រាមតាមយៈនយោបាយឈ្នះឈ្នះ ដោយយើងអត់បានប្រើគ្រាប់កាំភ្លើងមួយគ្រាប់ណាទាល់តែសោះ។ ថ្ងៃ២០(មិថុនា) គឺជាខួប៤៦ឆ្នាំ(នៃទិវាស្វែករកមាគ៌ាកំចាត់របបប្រល័យពូជសាសន៍)។ ពូត្រូវទៅឧទ្ទេសនាមនៅក្រសួងការពារជាតិ។ យើងអត់បានទៅធ្វើពិធីនៅឯទល់ដែន កន្លែងដែលធ្លាប់ទៅធ្វើនោះទេ ក៏ប៉ុន្តែនឹងនិយាយចំពោះខាងកងទ័ពដើម្បីឱ្យត្រូវគ្នាទៅលើកត្តាប្រវត្តិសាស្ត្រទាំងឡាយពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ ការចាកចេញនិងតួអង្គរបស់ពូ និងការដំណើរការរំដោះប្រទេសជាតិ។
រោងចក្រមួយសហគមន៍សុខសាន្តមួយ, ប្រាក់ខែទៀងទាត់ បើកមួយខែពីរដង
សំណូមពរបន្ថែមលើនេះ អ្វីដែលពូចង់បានរោងចក្រមួយគឺជាសហគមន៍សុខសាន្តមួយ។ រឿងនេះវាមិនលំបាកធ្វើទេ គ្រាន់តែនៅទីនោះកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន កុំឱ្យទៅជាទីកន្លែងចែកចាយគ្រឿងញៀន កុំឱ្យមានបងតូចបងធំ កុំឱ្យមានជម្លោះនៅទីនោះ ដែលត្រូវរកការស្រុះស្រួលរវាងម្ចាស់រោងចក្រ ជាមួយនឹងកម្មករ រវាងអ្នកគ្រប់គ្រងជាមួយនឹងកម្មករ (ក៏)ត្រូវមានការយោគយល់គ្នា ត្រូវចាត់ទុកថា រោងចក្រគឺជាឆ្នាំបាយរួមរបស់យើង។ កុំគិតថា ហ្នឹងជារបស់ថៅកែម្នាក់ឯង។ បើថៅកែគាត់បិទរោងចក្រ អ្នកបាត់បង់ផលប្រយោជន៍មុនគេគឺកម្មករ។ ធ្លាប់តែទទួលប្រាក់យ៉ាងហោច២០០ដុល្លារក្នុងមួយខែ បើក២ដង បើក១០០ដុល្លារលើកទី១ និង១០០ដុល្លារទៀតលើកទី២។ បើអ្នកមានច្រើនជាងហ្នឹងខ្លះ ដូចជាសួរនៅខាងកំពង់សោម បើកលើកទី១បាន២២០ដុល្លារ បើកលើកទី២បាន២២០ទៀត គឺ៤៤០ដុល្លារ … ពីមុនយើងធ្លាប់បើកមួយខែម្ដង។ បើមុននោះទៀត ជួនកាលយើងបើក២ខែម្ដង ព្រោះយើងអត់មានលុយ។ ប៉ុន្តែឥឡូវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បើកមួយខែ២ដង វារាលដាលមិនត្រឹមតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទេ មកដល់កម្មករដែរបើកមួយខែ២ដង។ ចំណុចទាំងអស់នេះគឺជាចំណុចដែលពូអំពាវនាវឱ្យមានការដោះស្រាយបញ្ហាទាំងអស់ ជម្លោះការមិនចុះសម្រុងឬការថ្នាំងថ្នាក់ណាក៏ដោយត្រូវដោះស្រាយដោយសន្តិវិធី។
រោងចក្រ/សហគ្រាស ៩៣១៤ មានកម្មករជាង៦៦ម៉ឺននាក់ ប្រមូលផ្ដុំនៅទីក្រុងភ្នំពេញ
កាលពីប៉ុន្មានឆ្នាំមុន យើងបានដឹងហើយថាកម្មករ១០០នាក់ធ្វើបាតុកម្ម ប៉ុន្តែគំរាមកំហែងចំពោះ ៩០០នាក់ផ្សេងទៀតដែលគេកំពុងធ្វើការ រហូតទៅដល់មានពេលមួយនោះ ប្រធានគណបក្សនយោបាយមួយវាទៅបើកទ្វាររោងចក្រដើម្បីកៀងកម្មករឱ្យមកធ្វើបាតុកម្ម។ តើនោះជាអ្វី? … នោះហើយជាផែនការផ្ដួលរំលំរបស់ពួកគេ។ សំណូមពររបស់ពូគឺរក្សានូវអ្វីដែលយើងមាន ខិតខំធ្វើឱ្យបរិស្ថានការងាររបស់យើងឲ្យកាន់តែល្អប្រសើរ។ រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញវិនិយោគមកថែម មិនថានៅក្រុងភ្នំពេញទេ តាមបណ្ដាខេត្តទាំងអស់ ឥឡូវខេត្តក៏មានរោងចក្រច្រើនដែរ។ ភ្នំពេញបានទទួលរោងចក្រច្រើនជាងគេរហូតទៅដល់ ២២៧ រោងចក្រ ដែលមានកម្មករជាង ៣៣ម៉ឺននាក់ ជិត៣៤ម៉ឺននាក់ ប៉ុន្តែសហគ្រាសទាំងអស់ប្រមូលផ្ដុំនៅទីក្រុងភ្នំពេញ ៩៣១៤ មានកម្មករចំនួនជាង៦៦ម៉ឺននាក់។ បើប្រៀបធៀបចំណុចដែលយើងចេញដំណើរឆ្នាំ១៩៩៧ យើងមាន ៦៤រោងចក្រនិងកម្មករត្រឹមតែជាង៨ម៉ឺននាក់ ប្រាក់ខែតែ៤០ដុល្លារ។ ឥឡូវប្រាក់ខែទាបបំផុតក៏ត្រឹម២០០ដុល្លារដែរ បើអ្នកធ្វើការ(បាន)អត្ថប្រយោជន៍ដទៃទៀតគឺបានលើសពីនេះ។
កែលម្អបរិស្ថានវិនិយោគ រៀបចំហេដ្ឋារចនាសម្ព័ន្ធ រក្សាតម្លៃទំនិញ បើកលុយជារូបិយបណ្ណបរទេស
រាជរដ្ឋាភិបាលប្រឹងដើម្បីបង្កើតនូវស្ថានភាពកាន់តែល្អប្រសើរ កែលម្អបរិស្ថានវិនិយោគ រៀបចំហេដ្ឋារចនាសម្ព័ន្ធជាផ្លូវថ្នល់ កំពង់ផែ ព្រលានយន្តហោះ ជាការផ្គត់ផ្គង់អគ្គិសនី ដែលមានការទាក់ទាញដែលយើងអត់ការដំឡើងថ្លៃអគ្គិសនីទេ។ រាជរដ្ឋាភិបាលក៏ខិតខំរក្សានូវតម្លៃទំនិញលើទីផ្សារ ដើម្បីកុំឱ្យមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ អតិផរណា(បាន)កើតឡើងនៅទូទាំងពិភពលោក។ នៅកម្ពុជាយើងអត់បានបាត់បង់តម្លៃ ពលកម្មរបស់ខ្លួនទេ។ ដោយសារអី? យើងអនុញ្ញាតឱ្យអ្នកវិនិយោគប្រើប្រាស់រូបិយបណ្ណបរទេសបើកឱ្យកម្មករ/ការិនី និងបុគ្គលិករបស់ខ្លួនតែម្ដង ខុសពីប្រទេសដទៃខ្លាចបាត់ឯករាជ្យ គេឱ្យយកដុល្លារទៅដាក់ធនាគារ រួចហើយបញ្ចេញប្រាក់រូបិយបណ្ណខ្លួនទៅជូនកម្មករ។ កម្មករទទួលបាន ប៉ុន្តែចំនួនប្រាក់នោះគឺវាតិចជាងដោយសារអត្រាប្ដូរប្រាក់គឺវាធ្លាក់ចុះ ប្រៀបធៀបជាមួយដុល្លារវាធ្លាក់ចុះ។ (ហេតុនេះ)បានធ្វើឱ្យប្រទេសមួយចំនួនប្រាក់ខែគោលគិតជាដុល្លារខ្ពស់ ក៏ប៉ុន្តែដោយសារតែអត្រាប្ដូរប្រាក់ប្រែប្រួល គឺមានការធ្លាក់ចុះ ធ្វើឱ្យមានការខាតបង់ចំពោះកម្មករ។ យើងគិតគូរលើកន្លែងនេះហ្មត់ចត់ …។
(៩) ភ្នំពេញស្រូបប្រាក់ឈ្នួលដល់ ២ ពាន់លានដុល្លារ ដោយឡែកពីរោងចក្រកាត់ដេរ ១១០០ លានដុល្លារ/ឆ្នាំ
យើងត្រូវយល់គ្នាថាដៃគូរបស់យើង ថៅកែត្រូវចាត់ទុកថាកម្មករ/ការិនីគឺជាដៃគូជីវិត ឯកម្មករ/ការនីក៏ត្រូវចាត់ថៅកែម្ចាស់រោងចក្រគឺជាដៃគូជីវិតដែរ ឆ្នាំងបាយរួមរបស់យើងវានៅកន្លែងហ្នឹង។ កុំភ្លេចបើសិនជាមានហេតុការណ៍ណាមួយកើតឡើង ម្ចាស់រោងចក្របិទរោងចក្រ ម្ចាស់រោងចក្រគាត់មានទ្រព្យសម្បត្តិរបស់គាត់ គាត់អត់មានដាច់បាយទេ ឯយើងទៅវិញទេដែលត្រូវដាច់បាយ។ យើងចោទជាសំណួរ ប្រសិនបើអត់មានរោងចក្រទាំងឡាយ តើពេលនេះក្មួយៗពេលនេះកំពុងធ្វើអី? ច្បាស់ណាស់ចម្លើយចេញថា ក្មួយៗកំពុងតែធ្វើស្រែ ធ្វើចម្ការ។ អ្នកដែលមានគ្រួសារក៏កំពុងធ្វើស្រែ ធ្វើចម្ការ អ្នកដែលមិនទាន់មានគ្រួសារក៏ធ្វើស្រែ ធ្វើចម្ការ ជាមួយឪពុកម្ដាយ ឬក៏លក់ដូរតិចតួច ឬក៏ជាងសំណង់តិចតួច។
ឥឡូវវាមិនដូច្នេះទេ។ យើងទទួលប្រាក់ចំណូលដែលបានមកពីពលកម្មនៅក្នុងវិស័យឧស្សាហកម្មនៅទីក្រុងភ្នំពេញ(សរុបទាំងអស់) ២ពាន់លាន(ដុល្លារ)(/ឆ្នាំ)។ តែ(គិតតែពី)រោងចក្រកាត់ដេរគឺ ១១០០ លាន ក្នុងមួយឆ្នាំ។ ត្រឹមតែទីក្រុងភ្នំពេញមួយ យើងស្រូបយកប្រាក់ឈ្នួល រហូតទៅដល់ ២ពាន់លាន(/ឆ្នាំ)។ អញ្ចឹងបានឱ្យលើទីផ្សារកម្ពុជា អត់ខ្វះរូបិយបណ្ណដុល្លារទេ ក៏អត់ខ្វះប្រាក់រៀលដែរ។ ទៅសួរ លីហួរ ដូរលុយ? ចង់ផ្ទេរលុយដុល្លារក៏បាន ចង់ផ្ទេរលុយអីក៏បានដែរ ស្រុកខ្មែរប្រើសម្បូរបែប មានប្រាក់ដុល្លារ អឺរ៉ូ យេនជប៉ុន យន់ចិន ដុល្លារសាំងហ្កាពួរ ដុល្លារហុងកុង ប្រាក់បាតថៃ មានគ្រប់ប្រើអីបានប្រើទៅ ឱ្យតែធ្វើម៉េចធានាជីវភាពកម្មករ ធានាជីវភាពប្រជាពលរដ្ឋរបស់យើង ប៉ុណ្ណឹងទៅវាគ្រប់គ្រាន់ហើយ។
(១០) ពង្រៀងវិសោធនកម្ម(ច្បាប់បោះឆ្នោត) មាត្រា១៤២ ថ្មី និងមាត្រា១៤៣ ថ្មី
ថ្ងៃនេះមានការប្រជុំ(ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត)។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើង។ វាតមាត់មកទៀត។ កាន់តែតមាត់កាន់តែធ្ងន់ កាន់តែរើកាន់តែធ្ងន់។ ម្សិលមិញ ពូបាននិយាយថាយើងនឹងមានការកែទម្រង់ច្បាប់បោះឆ្នោត ទាក់ទងនឹងអ្នកមានសិទ្ធិឈរឈ្មោះដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្រ្តីនយោបាយ។ បើអ្នកឯងមិនទៅបោះឆ្នោតទេ (ស្មើនឹង)អ្នកឯងអត់មានការទទួលខុសត្រូវ។ អញ្ចឹង នៅក្នុង(ពង្រៀង)នេះ គេមិនដាក់ការហាមឃាត់ (ក្នុង)កថាខណ្ឌទាក់ទងនឹងការឈរឈ្មោះនិងកថាខណ្ឌហាមឃាត់ដូចដែលខ្ញុំបាននិយាយពីម្សិលទេ … (មាន)ពង្រៀងនៅទីនេះ។
ចំណុចទាក់ទិននឹងអ្នកដែលមានសិទ្ធិឈរឈ្មោះ ក្នុងហ្នឹងគេបានចែង៖ “(ត្រូវតែ)បានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២លើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកលែងតែករណីមិនអាចអនុវត្តសិទ្ធិបោះឆ្នោតដោយមានមូលហេតុសមស្រប”។
អញ្ចឹងនៅទីនេះ ចង់សំដៅឱ្យលោកឯងបានដឹងថា “ការបោះឆ្នោតសកលនៅថ្ងៃទី ២៣ (កក្កដា ២០២៣) ម្ដង តែបោះឆ្នោតសកលវានឹងកើតឡើងនៅឆ្នាំ ២០២៧ ម្ដងទៀត។ អញ្ចឹងបានដាក់(កថាខណ្ឌនេះ)ចងឱ្យហើយ (គឺរាប់ថា)២ដងពីឥឡូវ។ គេចេះគិតដែរ។ គេគ្រប់គ្រងប្រទេស ជិតកន្លះទសវត្សរ៍ហើយ។ ដល់ទៅបោះឆ្នោតថ្នាក់ឃុំ(សង្កាត់)ហ្នឹងគឺថាបោះឆ្នោតសកលចុងក្រោយ (ដែល)អ្នកឯងមានសិទ្ធិឈរ។ ឯបោះឆ្នោតក្រុមប្រឹក្សាស្អីៗ គេគិតការបោះឆ្នោតចុងក្រោយ ដូចជាបោះឆ្នោតតំណាងរាស្រ្តរួចហើយ ត្រូវបោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សា។ គេគិតថា អាហ្នឹងចុងក្រោយ បើអ្នកឯងមិនទៅបោះឆ្នោតទេ ហ្នឹងអត់សិទ្ធិឈរឈ្មោះ។
ដោយសារតែអ្នកឯងផ្គើនពេក។ សម្ដេចក្រឡាហោម ស ខេង បានណែនាំឯកឧត្តម កើត រិទ្ធ រឹតបន្ដឹងកន្លែងហ្នឹង។ ខ្ញុំគាំទ្រ។ លេងដល់ថ្នាក់ផាកពិន័យ។ ខ្ញុំគ្រាន់តែអានជាបណ្ដោះអាសន្នទេ ឱ្យជាសារទៅពួកអ្នកឯងស្ដាប់។ មាត្រា១៤២ ថ្មី ជាពង្រៀងទេ …
មាត្រា១៤២ ថ្មី៖
“ត្រូវផាកពិន័យជាប្រាក់ ៥លានរៀល ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត, បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត, ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ, រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត, រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត, ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន, បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន, ធ្វើឱ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត, ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួន សម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែងនៅក្នុងកថាខណ្ឌមួយខាងលើ ចំពោះជនដែលបានប្រព្រឹត្តិបទល្មើសណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ”។
មាត្រា ១៤៣ថ្មី៖
“ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនគិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា ១៤២ ថ្មីខាងលើ”។
កាន់តែរើ កាន់តែដូចត្រីជាប់ជុចអញ្ចឹង។ វាព្រហើនស្រែកមកទៀតថា ឱ្យចូលទៅ(បោះឆ្នោត) ដើម្បីគូសបំផ្លាញសន្លឹកឆ្នោត។ អ្នកឯងចាំមើលទៅ ជាប់គុកប៉ុន្មានឆ្នាំ ហើយចាំមើលបង់ផាកប៉ុន្មាន ដែលបង្កអុកឡុក។ ពួកនៅខាងក្រៅកំពុងតែរុញច្រានឱ្យយើងឈានឆ្ពោះទៅរកការរំលាយគណបក្ស ដែលពួកវាបញ្ជាពីខាងក្រៅ។ សុំផ្ដាំផ្ញើទៅ ក្រែងលោពួកខាងក្នុងគេមិនយល់ស្របជាមួយនឹងពួកអ្នកឯង។ អ្នកនៅខាងក្នុង បើសិនជាហ៊ានធ្វើតាមសកម្មភាពតាមការបញ្ជារបស់ពួកនៅខាងក្រៅ គឺច្បាស់ណាស់ថានឹងរងនូវទណ្ឌកម្ម។ អ្នកឯងសាកមើលទៅ។ ច្បាប់រឹតបន្ដឹង(ប្រឆាំង)សកម្មភាពបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ។ កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រតិកម្មទៅលើយុទ្ធនាការ WiFi របស់ក្រុមនោះ ដែលថា “ខ្ញុំមិនទៅបោះឆ្នោត ដោយសារគ្មានឈ្មោះគណបក្សដែលខ្ញុំពេញចិត្ត”។ ឥឡូវបើអ្នកឯងមកអាធុនហ្នឹងទៀត ហើយត្រូវបានអ្នកគាំទ្រក្នុងស្រុក បើនៅក្នុងស្រុកត្រូវជាប់ហើយ បើនៅក្រៅស្រុកអ្នកឯងរួចខ្លួន។ កុំភ្លេចថា បើអ្នកនៅក្រៅស្រុកភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅក្នុងស្រុក គឺរលាយ …។
រឿងខន្តីញោម
និយាយដល់រឿងហ្នឹង ពូចង់និទានរឿងមួយ ចង់ឱ្យក្មួយៗស្ដាប់។ តែមុននឹងនិទានដល់រឿងហ្នឹង ពូចង់និទានរឿងមួយសិន។ ចង់និទានរឿងទាក់ទិនជាមួយនឹង “ខន្ដីញោម” ប្រហែលជាក្មួយៗធ្លាប់ស្ដាប់ហើយ។ រឿងវាពាក់ព័ន្ធដូចអញ្ចឹង វាបាត់ការខន្ដីពីយើង ដែលយើងធ្លាប់តែឱ្យខន្ដី ប៉ុន្តែដល់វាធ្វើជ្រុលពេក យើងត្រូវតែបង្ខំ ត្រូវតែធ្វើសកម្មភាព។ ពីមុន យើងទុកច្រកតើ ប៉ុន្តែគេមិនយល់អ្វីដែលយើងត្រូវធ្វើ។ ញោមខន្ដី វាយ៉ាងម៉េច? ព្រះសង្ឃមួយអង្គ លោកនិមន្តបិណ្ឌបាត។ គាប់ជួនពេលនោះ ស្រ្ដី ២នាក់ ឈ្លោះគ្នា។ ស្រ្ដីមាឌធំ ដេញវាយស្រ្ដីមាឌតូច។ ដល់អញ្ចឹង (ស្រ្ដីមាឌតូច)ឃើញលោកនិមន្តមកដល់ មិនដឹងរត់ទៅណា រត់ទៅនៅពួនក្រោយលោក។ អ្នកមាឌធំនៅខាងមុខ អ្នកមាឌតូចពួននៅខាងក្រោយ។ ព្រះសង្ឃថា ញោម! ខន្តីញោមៗ។ អ្នកមាឌធំ មិនសុខចិត្តទេ ទាញដីដុំ ចេះតែគប់ចេះគប់ឡើង។ គប់ចុះគប់ឡើង ត្រូវព្រះកេសព្រះសង្ឃ។ ដល់ព្រះសង្ឃត្រូវមួយដីដុំ មើលញោម! ជួយកាន់បាតឱ្យអាត្មា អាត្មាវាយមីហ្នឹងម្ដង។ អាហ្នឹងបាត់ខន្ដី។ យើងធ្លាប់ខន្ដី ក៏ប៉ុន្តែ គេញុះឱ្យយើង រុញទៅដល់ចំណុចដែលបាត់ខន្ដី ព្រោះត្រូវតែមានវិធានការ ចុះបើត្រូវមួយដីដុំហើយ។
រឿងមន្រ្តីខ្លាចប្រពន្ធ
ឥឡូវបកមករឿង មើលអ្នកដែលមានប្ដីទាំងប៉ុន្មាន? យើងអ្នកខ្លាចប្ដី ខ្លាចប្រពន្ធ។ ឥឡូវសុំមើលអ្នកដែលខ្លាចប្ដី មានប៉ុន្មាននាក់? មានម្នាក់ដែរ។ ម៉េចយ៉ាប់ម្លេះ។ ឥឡូវសុំសួរ ប្រពន្ធខ្លាចប្ដី មានប៉ុន្មានទៅ? អត់មានពីណាហ៊ានខ្លាច។ ប៉ុន្តែនិយាយរឿងអញ្ចេះ បកទៅរឿងនេះសិន។ ព្រះរាជា ព្រះអង្គចង់ដឹងថា តើមន្រ្តីរបស់ព្រះអង្គហ្នឹង មានប៉ុន្មាននាក់ខ្លាចប្រពន្ធ។ ព្រះអង្គកោះហៅប្រជុំមន្រ្តី អ្នកមុខអ្នកការអញ្ចឹងទៅ។ ប្រាប់ថា អ្នកណាខ្លាចប្រពន្ធ ឱ្យទៅខាងណោះ។ (មានអ្នកទៅ)ប្រឹបៗ ទៅអស់សុទ្ធតែខ្លាចប្រពន្ធ នៅសល់ម្នាក់។ ព្រះអង្គ ទ្រង់មានព្រះតម្រិះអញ្ចេះថា យ៉ាងហោចណាស់ ក៏មានម្នាក់ដែរមិនខ្លាចប្រពន្ធ។ ដល់អញ្ចឹង ក៏សួរទៅមន្រ្តីដែលមិនព្រមទៅ សួរថា ម៉េចលោកមន្រ្តីបានជាលោកឯងមិនខ្លាចប្រពន្ធ បានជាមិនទៅ? អត់ទេ! ប្រពន្ធទូលបង្គំប្រាប់ពីផ្ទះមកថា គេឲ្យឈរត្រង់ណា ឲ្យឈរត្រង់នោះ។ អញ្ចឹងមានន័យថា ម្នាក់ដែលមិនទៅនេះ ខ្លាចប្រពន្ធជាងអ្នកដែលទៅនោះទៀត។
រឿងទាហានកម្លោះ ប្រពន្ធមួយ ប្រពន្ធពីរ ឬប្រពន្ធបី
ឥឡូវថែមរឿងមួយ នាយទាហានម្នាក់ មិនជាធំទេ … គ្រប់គ្រងកូនទាហាន ៣០ នាក់។ ចង់សួរថា អ្នកណាកម្លោះនៅម្ខាង អ្នកណាប្រពន្ធមួយទៅម្ខាង អ្នកប្រពន្ធពីរទៅម្ខាង។ ដល់ទៅ គេទៅអស់រលីង ភាគច្រើនអ្នកកម្លោះ បន្ទាប់ទៅអ្នកប្រពន្ធមួយ ឯអ្នកប្រពន្ធពីរតិចទេ នៅសល់អាមួយអត់ទៅណា។ ចុះឯងកម្លោះ មិនទៅជួរកម្លោះ? បើមានប្រពន្ធមួយ មិនទៅរកជួរគេមានប្រពន្ធ? បើប្រពន្ធពីរ មិនទៅជួរប្រពន្ធពីរ? អត់ទេ ខ្ញុំប្រពន្ធបី។ ដល់ទៅប្រពន្ធបី អញ្ចឹងមេកងថា អ្ហែងមកឈរក្រោយខ្នងអញ ព្រោះអញបីដែរ។ ធម្មតា ក្នុងជួរទាហានអញ្ចឹង កម្លោះភាគច្រើន ហើយបានអ្នកមានប្រពន្ធមួយ អ្នកមានប្រពន្ធពីរតិច តែមួយនេះមិនដឹងទៅជួរណា មិនទៅគ្រប់ជួរ ដល់សួរទៅប្រពន្ធបី អញ្ចឹងអញក៏ប្រពន្ធបីដែរ មកឈរក្រោយអញ ចប់ត្រឹមហ្នឹង។
និទានរឿង មនុស្សលោភលន់
ឥឡូវពូនិទានរឿងមនុស្សលោភលន់ ដែលវាទាក់ទងរឿងត្រូវធ្វើវិសោធនកម្ម។ កាលពីដើមនោះ មានអាចារ្យពីរនាក់នៅវត្តមួយ ធ្វើបុណ្យធ្វើទានជាមួយគ្នា ប៉ុន្តែអាចារ្យមួយមានដៃមានជើងណាស់ លួចសព្វគ្រប់។ អាចារ្យមួយទៀតកសាងអំពើល្អ។ ដល់ទៅពេលអាចារ្យពីរនាក់ហ្នឹងស្លាប់ អាចារ្យដែលធ្វើអំពើល្អបានកើតជាព្រះឥន្ទ ដល់អាចារ្យដែលធ្វើអំពើអាក្រក់នេះបានកើតជាមនុស្សកើតឃ្លង់សុំទានគេនៅតាមផ្លូវ។ សម័យថ្ងៃមួយ ព្រះឥន្ទដែលជាពួកម៉ាក បើកព្រះនេត្រទិព្ទមើលមកថា តើសម្លាញ់អញពីជាតិមុននោះទៅនៅឯណា? ក៏ឃើញមាណពដែលកើតឃ្លង់នោះនៅនឹងផ្លូវ ក៏ចុះមកប្រាប់ថា ជាតិមុនយើងនៅជាមួយគ្នា ឥឡូវពួកម៉ាកឯងចង់បានអី? មនុស្សកើតឃ្លង់នោះក៏បាននិយាយថា ឯងត្រឹមតែជួយអញឲ្យក្លាយទៅជាមនុស្សល្អបានហើយ។
ព្រះឥន្ទក៏ជប់មនុស្សកើតឃ្លង់នោះទៅជាមនុស្សល្អធម្មតា។ ដល់ទៅ បានទៅក្នុងភូមិ។ ប្រធានភូមិគេប្រមូលគ្នាទៅដើម្បីធ្វើផ្លូវលំ អនាម័យតាមភូមិ ទៅខឹងប្រធានភូមិ ទៅពឹងព្រះឥន្ទថា ធ្វើម៉េចជួយអញឲ្យបានឡើងជាប្រធានភូមិ។ ក៏បានឡើងជាប្រធានភូមិដូចចិត្ត។ ដល់បានឡើងជាប្រធានភូមិហើយ ប្រធានឃុំប្រើ ក៏ខឹងប្រធានឃុំទៀត ទៅពឹងព្រះឥន្ទថា ធ្វើម៉េចឲ្យខ្លូនបានឡើងជាមេឃុំ បានដូចចិត្ត។ ដល់ឡើងដល់មេឃុំហើយ មេស្រុកប្រើ ខឹងមេស្រុកទៀត ទៅពឹងព្រះឥន្ទជួយឲ្យឡើងធ្វើមេស្រុកទៀត។ ដល់បានធ្វើមេស្រុកហើយ ចៅហ្វាយខេត្តប្រើ ខឹងចៅហ្វាយខេត្ត ក៏ទៅពឹងព្រះឥន្ទធ្វើម៉េចជួយឲ្យឡើងចៅហ្វាយខេត្ត ក៏បានដូចចិត្តឡើងធ្វើចៅហ្វាយខេត្ត។ ដល់ធ្វើចៅហ្វាយខេត្តហើយ រដ្ឋមន្រ្តីមហាផ្ទៃរវល់តែស្ដីឲ្យ ទៅពឹងព្រះឥន្ទឲ្យជួយឲ្យឡើងធ្វើរដ្ឋមន្រ្តីមហាផ្ទៃ ក៏បានធ្វើ។ ដល់បានឡើងរដ្ឋមន្រ្តីមហាផ្ទៃហើយ មហាឧបរាជប្រើពេក ខឹងមហាឧបរាជ ឬនាយករដ្ឋមន្រ្តីនោះឯង ទៅសុំព្រះឥន្ទបានធ្វើមានឧបរាជ គឺធ្វើដូចជានាយករដ្ឋមន្រ្តីអញ្ចឹង។
ដល់ពេលបានធ្វើមហាឧបរាជហើយ ស្ដេចចេះតែប្រើពេក ព្រោះនៅលើមនុស្សរាប់លាននាក់ តែនៅក្រោមមនុស្សម្នាក់គឺព្រះមហាក្សត្រ។ ខឹងព្រះរាជាប្រើពេក បន្ទោសពេក ក៏ទៅពឹងព្រះឥន្ទធ្វើម៉េចឲ្យបានឡើងធ្វើស្ដេច ព្រះឥន្ទក៏ជួយបានឡើងធ្វើស្ដេច អាហ្នឹងបានសេចក្ដីថា នៅស្ថានកណ្ដាលខ្ពស់ជាងគេអស់ត្រឹមស្ដេចហ្នឹងហើយ។ សម័យថ្ងៃមួយ ព្រះឥន្ទមកលេង ក៏បបួលថាចង់ទៅលេងស្ថានព្រះឥន្ទទេ? ក៏ឡើងទៅដល់ស្ថានព្រះឥន្ទ ធម្មតាទេ យើងក៏មិនដែលដឹងដែរស្ថានព្រះឥន្ទយ៉ាងម៉េច តែគេថាស្ថានស្អាត។ ខ្ញុំមិនទៅទេ អត់គុយទាវស៊ី។ នៅនេះយើងមានត្រីងៀត ត្រីឆ្អើរ សម្លកកូរ និយាយអញ្ចឹងស្រក់ទឹកមាត់ឃ្លាន។
ដល់ទៅឡើងដល់ស្ថានព្រះឥន្ទស្អាតពេក ម្នំម្នាងក៏ស្អាត ស្រីស្នំអីសុទ្ធតែស្អាតទាំងអស់ ក៏និយាយជាមួយព្រះឥន្ទថា មើលក្លើ! ចែកស្ថានឯងឲ្យអញពាក់កណ្ដាលទៅអី? អញ្ចឹងព្រះឥន្ទក៏បានគិតថា អានេះតាំងពីមនុស្សកើតឃ្លង់សោះ ជប់វាឲ្យក្លាយជាមនុស្សធម្មតា វាឡើងតាំងពីមេភូមិរហូតដល់ស្ដេច ឥឡូវវាឡើងមកដល់ស្ថានព្រះឥន្ទ វាមករកចែកស្ថានជាមួយអញពាក់កណ្ដាល បន្តិចទៀត វានឹងយកស្ថានអញទាំងអស់មិនខាន។ អញ្ចឹងព្រះឥន្ទក៏នាំមាណពហ្នឹងត្រឡប់មកឲ្យទៅជាមនុស្សកើតឃ្លង់ ដេកនៅកន្លែងដដែល នេះដំណើររឿងវាចប់។
រឿងនេះក៏ដូចគ្នា។ មកពីត្រង់ណា សូមអញ្ជើញទៅវិញទៅ។ បើលោភលន់តែអញ្ចឹង បង្កតែហេតុអញ្ចឹង មកពីត្រង់ណាទៅត្រង់នោះវិញទៅ។ កុំលោភលន់ពេក កុំហួសហេតុពេក។ នេះជារឿងនិទានទេ មិនមែនឌឺដងដាក់អ្នកណាទេ ហើយរឿងនេះខ្ញុំក៏ចេះ … ពីលោកតាម្នាក់នៅខេត្តកំពត។ ការលោភលន់នេះដែលនាំទៅដល់អំពើមិនគប្បី ដែលវាកើតឡើងជាហូរហែ អត់ទេ មិនអនុញ្ញាតតទៅទៀត។ ទោសទណ្ឌត្រូវតែដាក់។ ចាំមើល អ្នកឯងញុះញង់ម៉េចទៀត? បន្ថែមម៉េចទៀត? បើចង់ឲ្យខាងក្នុងរលាយ ខាងក្រៅស្រែកឲ្យលឺបន្តិចមក។
(១១) អូស្រ្តាលីផាកអ្នកមិនបានទៅបោះឆ្នោត កម្ពុជាផាកតែអ្នករារាំងគេមិនអោយទៅបោះឆ្នោតប៉ុណ្ណោះ
… ជាងមួយម៉ោងហើយ។ ប៉ុណ្ណឹងបានហើយ។ ក្មួយៗកុំអាលទៅណា នៅរាំលេងនៅហ្នឹងទៅ ពិសេសអ្នក នៅលីវ រាំលេងទៅ។ ថ្ងៃហ្នឹងជួបគ្នាព្រឹកហ្នឹងហើយ ល្ងាចនេះសម្រាក។ សុំសួរអ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់ លើកដៃមើល។ មានអីអាហ្នឹងឆ្ងាញ់ទេតើ កេះទៅ។ ពូនេះទេដែលបានគ្រាន់តែផឹកទឹកទេ ក្មួយៗចេះតែកេះទៅ។ ប៉ុន្តែខ្លះអស់ពីរទៅហើយ។ សុំផ្ដាំផ្ញើតាមក្មួយៗ ទៅជូនជីដូនជីតា ឪពុកម្ដាយ ហើយសូមអរគុណពួកគាត់ ដែលគាត់បានរួមចំណែកជាមួយគណបក្សប្រជាជនជាហូរហែមក ហើយសូមអំពាវនាវក្មួយៗទាំងអស់ទៅបោះឆ្នោត ដែលបានឈប់សម្រាកនៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ៣ ថ្ងៃ។ របបក្មួយត្រូវឈប់សម្រាកគឺថ្ងៃ២៣ ថ្ងៃអាទិត្យ។ ក្មួយត្រូវបានឈប់មុននៅថ្ងៃ២២ និងក្រោយមួយថ្ងៃ ថ្ងៃ២៤ ហើយមានបៀវត្ស។ បើអ្នកចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ គឺកាន់តែងាយស្រួល បានសម្រាកទាំងបីថ្ងៃផង ព្រឹកថ្ងៃ២៣ ទៅបោះឆ្នោតមួយភ្លែត រួចហើយមកផ្ទះដេកធ្វើព្រងើយ។ កុំទៅតាមការញុះញង់ពីអ្នកណា។ នេះជាសិទ្ធិរបស់យើង។ ប្រទេសអូស្រ្តាលីអ្នកដែលមិនទៅបោះឆ្នោតគឺត្រូវបង់ប្រាក់។ ចំពោះយើង ឥឡូវគឺយើងផាកតែអ្នកណាដែលរារាំងគេទៅបោះឆ្នោតប៉ុណ្ណោះ។ មើលលោកឯងលោតទៅណាទៀត? …។ ថ្ងៃនេះពូបាននាំមកសម្រាប់កម្មករ/ការិនី និងបុគ្គលិកដែលបានចូលរួម ១៨ ៣០៥ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល គ្រាន់នឹងដាក់កាតទូរស័ព្ទក្មួយ។ វាតិចតួចណាស់សម្រាប់ក្មួយៗនោះ បើប្រៀបធៀបជាមួយប្រាក់ខែក្មួយៗ ៨០ ម៉ឺន ឬមួយលានរៀលនោះ ប៉ុន្តែ នេះជារបស់កំដរដៃ។ ឯសម្រាប់ស្រ្តីមានផ្ទៃពោះចំនួន ៥៨៣ នាក់ ក្នុងម្នាក់ៗជូនថែម ២០០ ដុល្លារ ហើយសង្ឃឹមថាក្មួយៗរក្សាគភ៌ឲ្យបានល្អ សុវត្ថិភាពក្នុងការឆ្លងទន្លេ ហើយកូនក៏ត្រូវបានការថែទាំបានត្រឹមត្រូវ។ ជូនក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀលផងដែរ។ ថ្ងៃនេះប៉ុណ្ណឹងទៅចុះ ហើយពូយកឱកាសនេះជូនពរចំពោះអ្នកចូលរួមទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕