នៅល្ងាច ថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនារាត្រីនេះ។ សម្តេចតេជោសង្ឃឹមថា តាមរយៈការប្រកួតស៊ីហ្គេមនៅភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នឹងមានពេលណាមួយនោះនឹងមានឱកាសក្នុងការដេញថ្លៃក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក និងកីឡាបាល់ទាត់ពិភពលោកនាពេលខាងមុខ។ ហើយមួយវិញទៀតសម្តេចតេជោមានជំនឿរថា អាស៊ាននឹងមានក្រុមកីឡាករបាល់ទាត់មួយក្រុមដែលអាចមានសមត្ថភាពចូលរួមប្រកួតជាលក្ខណៈពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជោគជ័យដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ហើយបញ្ជាក់ថា ជោគជ័យនេះ ស្តែងឱ្យឃើញពីសាមគ្គីភាពអាស៊ាន និងការលើកកម្ពស់វិស័យកីឡាផងដែរ។
ជាមួយនឹងការប្រកាសបើកកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមលើកកម្ពស់ជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការ ដែលចូលរួមប្រកួតនៅកម្ពុជានាពេលនេះផងដែរ៕