អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ចេញផ្សាយវីដេអូ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកឆន្ទជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានផលិតនិងបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន» ដែលវីដេអូនេះមានរយៈពេលជាង១៧នាទី។

ខ្លឹមសារវីដេអូនេះ បានរំលេចឱ្យសាធារណមតិឃើញច្បាស់នូវលក្ខណៈសម្បត្តិនិងគុណវឌ្ឍរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការសម្រេចជាឯកឆន្ទជ្រើសតាំងពីគណៈកម្មាធិការកណ្តាល ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បន្តវេនពី សម្តេចតេជោនៅពេលអនាគត ជាមួយនឹងការរំលឹកនូវភាពចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាថាជាគណបក្សដ៏ធំបំផុត និងមានចំណាស់យូរជាងគណបក្សផ្សេងៗទៀតនៅកម្ពុជា ហើយដែលពោរពេញទៅដោយបទពិសោធន៍ និងដែលកំពុងដឹកនាំប្រទេស 43 ឆ្នាំកន្លងមកនេះ ពិតជាបានបង្ហាញ នូវភាពជាគំរូ និងឈានមុខគេម្តងទៀតតាមរយៈការគិតគូរអំពីការបន្តវេន។

ខណៈដែលថ្នាក់ដឹកនាំរបស់បក្សបច្ចុប្បន្ន កាន់តែមានវ័យចំណាស់ ការរៀបចំយុវជនដែលជាឈាមថ្មីសម្រាប់ការបន្តវេន គឺជាការងារដ៏ចាំបាច់មួយ ដែលមិនអាចមើលរំលងបាននោះឡើយ។ យ៉ាងណាមិញគណបក្សប្រជាជនកម្ពុជាក៏ពិតជាមិនបានមើលរំលង បញ្ហានេះឡើយ។ បន្ទាប់ពីបានរៀបចំ និងបង្វឹកអស់ពេលជាច្រើនឆ្នាំក្នុងថ្នាលនៃភាពជាអ្នកដឹកនាំ កូនចៅរបស់ បណ្តាថ្នាក់ដឹកនាំគណបក្សប្រជាជនជាច្រើនបានក្លាយជាទំនុកចិត្តសម្រាប់រាមច្បងរបស់ខ្លួន ក៏ដូចជាទំនុកចិត្ត របស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ឥឡូវនេះដល់ពេលវេលាដែលតួអង្គអ្នកបន្តវេនត្រូវចេញមុខបង្ហាញខ្លួនដើម្បីឲ្យសារធារណជនបានស្គាល់ហើយ ពោលគឺជាពេលវេលាដ៍សមស្របបំផុតដែលគណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តនូវយុទ្ធសាស្ត្របេះផ្លែឈើ យកមកបន្ទំដោយមិនរង់ចាំទុកអោយទុំនៅលើដើមឡើយ។ ក្នុងចំណោមបេក្ខជនវ័យក្មេងដែលត្រូវបន្តវេនក្នុងតំណែងដឹកនាំកំពូលរបស់ប្រទេសទៅថ្ងៃអនាគត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជនដែលលេចធ្លោជាងគេ និងត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានប្រាព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតគាំទ្រជាឯកឆ័ន្ឆលើបេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តវេនពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅពេលខាងមុខ។

មានញត្តិ និងលិខិតគាំទ្របាន ផុសឡើង ព្រោងព្រាត ដូចទឹកបាក់ទំនប់ មកពី គ្រប់ មជ្ឈដ្ឋាន គឺជាភស្តុតាងដ៍រឹងមាំជាក់ស្តែង និងមិនអាចប្រកែកបាន ដែលបញ្ជាក់ យ៉ាងច្បាស់ថា បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាទទួលបាននូវការគោរពរាប់អាន ស្រឡាញ់ពេញចិត្ត និងទំនុកចិត្ត ពីមហាជន និងក្នុងជួរគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់។ សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងបែបនេះក៏ព្រោះតែមហាជនមានជំនឿយ៉ាងមុតមាំថា កូនខ្មែររូបនេះពិតជាហ៊ានលះបង់ គ្រប់បែបយ៉ាង និងអាចធ្វើបានគ្រប់យ៉ាងសម្រាប់ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។ និយាយដោយខ្លី បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជាអនាគតមេដឹកនាំ និងជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»៕
សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ