សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ មហាអនុតំបន់មេគង្គ” ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សថ្មី”

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ មហាអនុតំបន់មេគង្គ” ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សថ្មី”

ឯកឧត្ដម លី កឺជាំង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្ដម ផានខាំ វិផាវ៉ាញ (Phankham Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ឯកឧត្ដមឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ
ឯកឧត្ដម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្ដម ម៉ាសាត្សូ៊ហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី
ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ជាកិច្ចចាប់ផ្ដើម ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដមថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ តាមរយៈប្រព័ន្ធវីដេអូ នាពេលនេះ។ ក្នុងឋានៈជាប្រធាន កម្ពុជាពិតជាមានកិត្តិិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងរៀបចំក្របខណ្ឌយុទ្ធសាស្រ្តថ្មី ដែលបានកំណត់ទិសដៅអនាគតសម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ លើមាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅរកវិបុលភាពរួមដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សុខសន្តិភាព និងសាមគ្គីភាព។

នេះជាកិច្ចប្រជុំកំពូលនៅជុំទី ២ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំមានសេចក្ដីសោមន្សរីករាយ និងចងចាំដោយមោទនភាពថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ១ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០២ បានបង្កើតឡើងនូវក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឆ្នាំ ២០០២-២០១២។ ទោះបីកម្មវិធីសហប្រតិបត្តិការរបស់យើងបានសម្រេចនូវសមិទ្ធផលសំខាន់​ៗជាច្រើននាពេលនោះក្ដី ក៏ឯកសារនោះគឺជាយុទ្ធសាស្រ្តផ្លូវការដំបូង ជាមគ្គុទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការកំណត់ចក្ខុវិស័យរួមសម្រាប់មហាអនុតំបន់មេគង្គ។ យុទ្ធសាស្រ្តថ្មីដែលយើងនឹងផ្ដល់ការអនុម័តបន្តិចទៀតនេះ ផ្គួបផ្សំនឹងយុទ្ធសាស្រ្តដំបូង មានគោលបំណងឱ្យយើងត្រៀមប្រឈមមុខនឹងបរិការណ៍តំបន់ និងពិភពលោកថ្មី ដែលមានការវិវត្តឆាប់រហ័ស ក៏ដូចជាប្រឈមនឹងនិន្នាការផ្សេងទៀត នៃសកលភាវូបនីយកម្ម និងការគំរាមកំហែងផ្នែកបរិស្ថាន និងសង្គម។

ពិតណាស់ថា ក្នុងបរិការណ៍នៃភាពមិនពិតប្រាកដប្រជាបច្ចុប្បន្នដែលបង្កឡើងដោយវិបត្តិសុខភាពសាធារណៈ ក៏ដូចជាបញ្ហាប្រឈមតំបន់ និងពិភពលោកផ្សេងទៀត កិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នាពេលនេះបានសម្រេចជ្រើសយកមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរួមគ្នាដ៏មោះមុតរបស់យើង ក្នុងការរូមគ្នាត្រួសត្រាយផ្លូវ ដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅធ្វើយ៉ាងណាបន្តនូវភាពជោគជ័យ និងធានាថា មហាអនុតំបន់មេគង្គនឹងនៅតែជាចំណុចស្នូលនៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដមថ្នាក់ដឹកនាំនៃប្រទេសមេគង្គ
បច្ចុប្បន្ន ទោះបីយើងរំពឹងថា វិបត្តិកូវីដ-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ និងការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗកំពុងមានវឌ្ឍនភាពល្អប្រសើរក៏ដោយ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាពសាធារណៈ រំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពស់សាមគ្គីភាពប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់។ ឈរលើមូលដ្ឋាននេះ ខ្ញុំសូមអនុញ្ញាតគូសរំលេចនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី ១. ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យដែលបានរួមចំណែកដល់ការតភ្ជាប់តំបន់ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្តបានពេញលេញនូវក្របខណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ឆ្នាំ ២០២២ ផែនការសកម្មភាពហាណូយ និងក្របខណ្ឌវិនិយោគតំបន់ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ៦ នៅឆ្នាំ ២០១៨ មកដល់ពេលនេះ។ តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្រ្តក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់យើង។

ក្នុងន័យនេះ ខ្ញុំមានជំនឿថា ការអនុម័ត “ក្របខណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ឆ្នាំ ២០៣០” ជាមួយនឹងការដាក់ចេញនូវសេចក្ដីថ្លែងការណ៍បេសកកម្មថ្មី៖ “កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែលផ្ដោតសារៈសំខាន់លើកម្លាំងស្នូលនៃសហគមន៍ ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការប្រកាន់យកនូវគោលការណ៍គន្លឹះនៃចីរភាព និងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុង និងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាអនុតំបន់មេគង្គដែលមានអនាគតរួមគ្នា” នឹងក្លាយជាសសរស្ដម្ភដ៏រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន ជាពិសេសជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គម ក្នុងបរិការណ៍ដែលតំបន់និងសកលលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ។

ទី ២. ក្នុងកម្រិតតំបន់ យើងបានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការណ៍អន្តរាគមន៍សមស្របដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់កម្ពុជារាជរដ្ឋាភិបាលក៏បានបន្តខិតខំគ្រប់សភាពការណ៍ជំងឺកូវីដ-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការចាក់វ៉ាក់សាំងឲ្យប្រជាជន និងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះក្តី រលកថ្មីនៃជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាលមកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឲ្យការងើបឡើងនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។ ក្នុងបរិការណ៍នេះ ខ្ញុំយល់ថាកិច្ចខិតខំរួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឲ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ “ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញឆ្នាំ ២០២១-២០២៣” នាពេលនេះដើម្បីចាត់វិធានការណ៍ទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងការការពារសុខភាពសារធារណៈក្នុងតំបន់។

ទី៣. ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ខ្ញុំសូមឆ្លៀតឱកាសនេះវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបានចែករំលែកនឹងផ្តល់វ៉ាក់សាំងតាមរយៈកម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោកនិងជំនួយទ្វេភាគីជូនដល់កម្ពុជា។ នេះបង្ហាញឲ្យឃើញពីមិត្តភាព និងសាមគ្គីភាពក្នុងស្ថានភាពអាសន្នមួយដូចដែលខ្ញុំធ្លាប់បានលើកឡើងថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី ៤. ពិតណាស់ថាក្នុងបរិការណ៍ដ៏លំបាកនេះ ភារកិច្ចចំពោះមុខរបស់យើងជាបន្តទៀតមិនមែនត្រឹមតែផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្ត និងការេៀបចំផែនការអនុវត្ត ដើម្បីធានាការស្តារឡើងវិញនូវវិបុលភាពរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ត្រូវគិតគូរផងដែរនូវការស្វះស្វែងកៀរគរប្រភពហិរញ្ញប្បទានបន្ថែម ជាពិសេស ការបន្ស៊ី ការផ្គុំផ្សំ និងបំពេញឲ្យគ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទានក្រោមកិច្ចប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយគម្រោងទាំង ឡាយរបស់យើងឲ្យទៅជាលទ្ធផលជាក់ស្តែង។ ទន្ទឹមនឹងនេះ ការចាប់ដៃគូរវាងវិស័យសារធារណៈ និងវិស័យឯកជនគឺជាយន្តការគន្លឹះមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញប្បទានរបស់យើង។

ទី ៥. ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ខ្ញុំសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានាប្រសិទ្ធិភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូចនេះ កម្ពុជាសូមលើកទឹកចិត្តឲ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម ៤.០ ក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាេសដ្ឋកិច្ចរបស់យើងឲ្យមានភាពប្រកួតប្រជែងខ្ពស។ លើសពីនេះទៀតការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិក គួរត្រូវបានពង្រឹងឲ្យកាន់តែខ្លាំងថែមទៀត។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម ម៉ាសាត្សូ៊ហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធជំរុញឲ្យកម្ពុជាសម្រេចបានជោគជ័យក្នុងអាណត្តិរបស់ខ្លួនជាប្រធានមហាអនុតំបន់មេគង្គក្នុងឆ្នាំ ២០២១ នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរអង្គប្រជុំរបស់យើងប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ដើម្បីជាឧត្តមប្រយោជន៍ជូនដល់តំបន់ និងប្រជាជនយើងទាំងអស់។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ នាពេលនេះ។

សូមអរគុណ!

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort