បទអន្តរាគមន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ«តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការ-ពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

បទអន្តរាគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ«តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការ-ពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១

− ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី,
− ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន,
− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយ រុស្សី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ។
ជាការពិត, ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នាការ ឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យនៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត ។

ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរ-ជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែង រវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែង អាវុធថ្មីតែម្តង ។ និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់-សាំង កូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ ។

ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ ។ ភាព-មិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស ។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ ។

ស្ថិតក្នុងស្ថានការណ៍នេះ, សន្និសីទតុមូលនេះពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការ-បញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ ។

− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង រុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ ។ ជាមួយគ្នានេះ, រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី ៨ ។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាងនេះទៅទៀត, គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហ-ប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិ-បត្តិការនេះ ខ្ញុំសូមស្នើសុំការអនុញ្ញាតចែករំលែកទស្សនៈមួយចំនួនរបស់ខ្ញុំ អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖

ទីមួយ. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង ។

ទីពីរ. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា ។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។

ទីបី. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជា គោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។

ទីបួន. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង ។ យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់ ។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។

ទីប្រាំ. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។

ជាកិច្ចបញ្ចប់, ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់-ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជា ប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០២១ នេះតទៅ ។ កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នូវសុខភាពល្អ, សុភមង្គល និងជោគជ័យចំពោះគ្រប់ភារកិច្ច ។
សូមអរគុណ !

Download (PDF, 173KB)

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort