(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖
* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។
* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។
* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕