អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «វ៉ាក់សាំងកាតព្វកិច្ច ដើម្បីការពារអាយុជីវិតយើង គ្រួសារយើង និងអ្នកនៅជុំវិញខ្លួនយើង !»

វីដេអូដែលមានរយៈពេល ជាង១៦នាទី មានចំណងជើងថា៖ វ៉ាក់សាំងកាតព្វកិច្ច ដើម្បីការពារអាយុជីវិតយើង គ្រួសារយើង និងអ្នកនៅជុំវិញខ្លួនយើង! ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ គឺក្នុងគោលបំណងបន្តអប់រំសាធារណមតិ និងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំងត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវក្នុងការទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវី-១៩ ឱ្យបានគ្រប់ៗគ្នា។

ក្នុងខ្លឹមសារវីដេអូបានបង្ហាញពីបច្ចុប្បន្ន ភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថាជាមធ្យោបាយចុងក្រោយមួយបន្ថែមទៀត ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៍កាចសាហាវ និងដែលជាសត្រូវលាក់មុខ។

ក្រៅពីនេះ វីដេអូក៏បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលជាទីតាំងមានអ្នកឆ្លងច្រើនជាងគេត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

វីដេអូនេះ ថែមទាំងបានរំលេចឡើងវិញនូវប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងថា ៖ «រាជរដ្ឋាភិបាល និងចាក់ជូនទៅតាមលំដាប់អាទិភាព នៅពេលដែលវ៉ាក់សាំងមកដល់ យើងនិងពិនិត្យក្រុមណាដែលត្រូវចាក់មុន ក្រុមណាដែលត្រូវចាក់ក្រោយ ហើយយើងក៏មានការបែងចែកប្រភេទអ្នកណាត្រូវទទួល អាយុប៉ុន្មានត្រូវទទួល ។ អាយុ ៥៩ឆ្នាំចុះ ទទួលស៊ីណូហ្វាម SARS-CoV2 (Sinopharm) អាយុពី១៨ឡើងលើទទួល ស៊ីណូវ៉ាក់ (Sinovac) អាយុ៦០ឆ្នាំឡើងលើទទួល CovShield (Astra Zeneca) នេះជាផែនការមេរបស់យើង»។
ក្នុងន័យនេះ ការស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមិនមែនជាការងាយស្រួលនោះឡើយ ហើយថា កម្ពុជាជាប្រទេសតូចតែអាចចាត់ទុកជាប្រទេសមានភ័ព្វសំណាងមួយដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌជំនួយទ្វេភាគី ពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន, ទាំងជំនួយតាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក និងជំនួយពីភាគីដែលជាដៃគូពាក់ព័ន្ធផ្សេងៗទៀត រួមទាំងការបញ្ជាទិញដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល។

គួរកត់សម្គាល់ទៀតថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ រាប់ទាំងថវិកាសម្រាប់ទិញវ៉ាក់សាំងផងដែរ។ មានសប្បុរសជន ក៏ដូចជាបណ្តាប្រទេសជាមិត្តជាច្រើនទៀតក៏បានចូលរួមចំណែកជាថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកចាក់ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ កូវីដ-១៩ ក៏នៅតែបន្តរំខាន និងបង្កផលប៉ះពាល់ដល់ជីវភាពគ្រួសារយើងក្នុងរយៈពេលវែងបន្តទៀត ប្រសិនបើយើងមិនអាចយកឈ្នះវាបានទេនោះ។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប ត្រូវរួមគ្នាទៅទទួលវ៉ាកសាំងប្រឆាំងកូវីដ-១៩ តាមការកំណត់របស់រាជរដ្ឋាភិបាលផង រួមគ្នាបន្តអនុវត្ត ៣ការពារ និងបីកុំផង ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង យើងត្រូវមានក្តីសង្ឃឹមជឿជាក់ យ៉ាងមុតមាំលើខ្លួន យើងថា«ខ្មែរពិតជា អាចធ្វើបាន»៕
សូមទស្សនាវីដេអូ ដូចតទៅ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ