- សម្តេច ឯកឧត្តម លោកជំទាវ
- ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
- ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- បងប្អូនជនរួមជាតិជាទីមេត្រី!
រាត្រីនេះខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តក្នុងពិធីបុណ្យទន្លេ ដែលជាការបង្ហាញអំពីសាមគ្គីភាព ហើយក៏ជាការចូលរួមផ្សព្វផ្សាយដើម្បីជំរុញកំណើនទេសចរណ៍ តាមដងទន្លេកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។
ការរៀបចំឱ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយព្យ និងចំកណ្តាលនៃបណ្តាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ ស្ថាបត្យកម្មដ៏ប្រណតិជាច្រើនកនែ្លងដែលបន្សល់ទុកដោយឤណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកកម្សាន្ត និងសិក្សាស្វែងយល់។
បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមាន ប្រមាណ ៦,៦ លាននាក់ កើនឡើង ៣ ដង ធៀបទៅនឹង ១០ ឆ្នាំមុន ដែលមានចំនួនប្រមាណ ២,១៦ លាននាក់ ប៉ុណ្ណោះ។
វិស័យទេសចរណ៍ គឺជា «មាសបៃតង» និងជាសសរស្តម្ភ នៃខឿនសេដ្ឋកិច្ចជាតិ។ ចំណូលដុលពីទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ មានចំនួន ៤៩១៩ លានដុល្លារឤមេរិក ឬ ស្មើនឹងជិត ១៣% នៃផសស។ បើគិតជាតម្លៃបន្ថែមវិញ វិស័យទេសចរណ៍ ចូលរួមចំណែកប្រមាណ ៤,៤% នៃផសស ក្នុងឆ្នាំ ២០១៩ ហើយ ក៏ជាអនុវិស័យធំជាងគេទី ៤ នៅក្នុងវិស័យសេវាកម្ម បន្ទាប់ពីអនុវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន និទូរគមនាគមន៍និងអចលនទ្រព្យ។ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារទេសចរណ៍ ដោយផ្ទាល់ប្រមាណជាង ៦៣ ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗ ដូចជាវិស័យសេវាកម្ម ដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។ នៅដើមឆ្នាំ ២០២០ នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានធ្លាក់ចុះប្រមាណ ៣០,៥% ក្នុងនោះ ភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១៩។ យោងតាមទិន្នន័យនេះ បើធៀបជាមួយនឹងគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជា អត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា គឺនៅមានកម្រិតស្រាលនៅឡើយ។
ដើម្បីជួយសម្រួលនូវបញ្ហាលំបាករបស់ឤជីវករ វិនិយោគិន និងក្មួយៗជាកម្មករ-និយោជិតនៅក្នុងវិស័យទេសចរណ៍ ដែលបណ្តាលមកពីជំងឺរាតត្បាតសកល ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំបានដាក់ចេញនូវវិធានការរយៈពេលខ្លីមួយចំនួន ដូចជាការលើកលែងពន្ធ ការជំរុញនូវសកម្មភាពទេសចរណ៍ក្នុងស្រុកទៅកាន់ខេត្តសៀមរាប ការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវឤកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជាបាងកក-សៀមរាប និងហូជីមិញ-សៀមរាប) ការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗ ការពន្យាររយៈពេលសម្រាប់សំបុត្រចូលទស្សនាអង្គរ ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ក្មួយៗ កម្មករ-និយោជិត ដែលបានបាត់បង់ការងារ និងវិធានការមួយចំនួនទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់លើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់សំដៅរក្សាលំនឹងឤជីវកម្ម និងជួយដល់ក្មួយៗ កម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យទទួលបានការបណ្តុះបណ្តាលជាមួយប្រាក់បំណាច់សមរម្យ។ វិធានការដែលត្រូវបាន ដាក់ចេញនាពេលនេះ គឺជាកញ្ចប់វិធានការរយៈពេលខ្លីជុំទីមួយប៉ុណ្ណោះ ហើយខ្ញុំនឹងបន្តដាក់ចេញនូវវិធានការកែទម្រង់ជាកញ្ចប់ថ្មីមួយទៀត នៅក្នុង« វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន » ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ នេះ។
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិតឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព ស្របតាមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» រួមជាមួយពាក្យស្លោក «បាត់ដំបងជាទីក្រុងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
ទី១· ត្រូវរួមគ្នារក្សាឱ្យបាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នារក្សាការពារនូវសន្តិភាព ដែលរកបានដោយលំបាក និងមិនត្រូវឱ្យប្រទេសណា មួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ មានសុខុមាលភាពសង្គមល្អប្រសើរ ជាមួយនឹងជីវភាពរស់នៅសម្បូរសប្បាយរុងរឿងជារៀងរហូត។
ទី២· ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតតិកភណ្ឌរបស់អង្គការយូណេស្កូ។ ត្រូវរួមគ្នា រក្សាឱ្យបាននូវបណ្តាសំណង់បូរាណ ផ្ទះបូរាណ ស្ពានបូរាណក្នុង ខេត្តដោយមិនត្រូវឱ្យមានការកែប្រែខុសស្ថានភាពដើម។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណ នៃគោលដៅទេសចរណ៍ឤទិភាព រួមមានទេសចរណ៍ផ្ទះបូរាណ តំបន់ទស្សនាសត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបឤហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។
ទី៣· ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានឤកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗ តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវឤកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដោយជំរុញឱ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារៈសំខាន់នេះ។
[ផ្តើមសេចក្តីអធិប្បាយ ១]
កសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបងជាមួយនឹងខេត្តសៀមរាប
… ព្រឹកមិញ នៅក្នុងការសំណេះសំណាលជាមួយមន្រ្តីប្រមាណជា ២៦០០ នាក់ ខ្ញុំបានលើកយកបញ្ហា ២ សំខាន់ មកធ្វើការពិនិត្យ។ ទី ១ យើងនឹងខិតខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបងជាមួយនឹងខេត្តសៀមរាបដែលផ្លូវនោះនឹងធ្វើដែលអាចកាត់បន្ថយចំងាយនៃការធ្វើដំណើរ ដែលមុននេះ(ត្រូវ)ធ្វើដំណើរពីបាត់ដំបងទៅបន្ទាយមានជ័យ ទើបទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញទៅដល់ ៦៩ គីឡូម៉ែត្រ ដែលជាការតភ្ជាប់ក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង។ ចំណុចនេះ ស្ថិតក្នុងបេក្ខភាពគម្រោងនៅឆ្នាំ ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះយើងនឹងរកឥណទានដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីក្នុងខេត្តរបស់ខ្លួនបានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង។
រក្សា និងរៀបចំព្រលានយន្តហោះបាត់ដំបង បម្រើឲ្យសេចក្តីត្រូវការនៃការអភិវឌ្ឍ
ឯចំណុចមួយទៀតយើងក៏ត្រូវតែខិតខំសិក្សា ហើយរក្សាឲ្យបានជាមួយនឹងព្រលានយន្តហោះបែកចានរបស់យើង។ បើទោះបីជារយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែ នៅពេលខាងមុខនេះយើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះសម្រាប់ខេត្តបាត់ដំបង។ ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ក៏ដូចជាសុំស្នើឲ្យសម្តេច ក្រឡាហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រងដីធ្លីនៅក្នុងតំបន់នេះ នឹងចៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ទៅដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ។
បើទោះបីជាព្រលានយន្តហោះនេះ មិនអាចក្លាយទៅជាព្រលានយន្តហោះអន្តរជាតិក៏ដោយ ក៏ប៉ុន្តែ នៅពេលដែលប្រជាជនមានការរីកចម្រើន ជីវភាពមានការរីកចម្រើន តម្រូវការធ្វើដំណើរប្រជាពលរដ្ឋរបស់យើងកាន់តែមានខ្ពស់។ ដូច្នេះ ការហោះហើរក្នុងស្រុកក៏ត្រូវតែមាន។ យើងត្រូវរៀបចំចក្ខុវិស័យមួយដើម្បីពិនិត្យអំពីការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដើម្បីបម្រើឲ្យសេចក្តីត្រូវការនៃការអភិវឌ្ឍ។ ពីទីក្រុងភ្នំពេញ ការធ្វើដំណើរទៅមកខេត្តបាត់ដំបង អ្នកខ្លះមកតាមរថយន្ត អ្នកខ្លះគេមកតាមរថភ្លើង តែអ្នកខ្លះក៏អាចធ្វើដំណើរមកតាមយន្តហោះផងដែរ។ អាចមាន ២ ប្រភេទ ជាយន្តហោះធម្មតា និងជាឧទ្ធម្ភាគចក្រដែលអាចធ្វើដំណើរបានងាយស្រួលជាង។
កសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា មានចំណែកដ៏ធំនៃផលិតផលរបស់ជាតិ
បាត់ដំបងពេលនេះ ដូចដែលឯកឧត្តម ថោង ខុន និងឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍អម្បាញ់មិញ វិស័យទាំង ៣ ដែលទាក់ទងជាមួយនឹងចំណែកដ៏ធំនៃផលិតផលរបស់ជាតិរួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា … ព្រឹកមិញខ្ញុំគ្រាន់តែបញ្ជាក់អំពីចំណុចមួយទាក់ទងនឹងវិសាលភាពនៃឧស្សាហកម្មធុនធ្ងន់មួយកន្លែង ដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍។ អម្បាញ់មិញចូលទស្សនកិច្ចនៅទីនោះ (ដែលមានលទ្ធភាពអាចផលិតបាន)រហូតទៅដល់ ២ លានតោន ក៏ប៉ុន្តែ នៅមានរោងចក្រដទៃទៀតដែលជាផ្នែកនៃកសិឧស្សាហកម្ម ដែលយើងបានទស្សនកិច្ចនៅពិព័រណ៌អម្បាញ់មិញនេះ។ ដូច្នេះ ខ្ញុំគិតថាខេត្តបាត់ដំបង នៅក្នុងដំណាក់កាលនេះ ផលប៉ះពាល់ពី COVID-19 មានក្នុងកម្រិតវិស័យទេសចរណ៍ ប៉ុន្តែគ្មានផលប៉ះពាល់លើវិស័យកសិកម្ម និងវិស័យឧស្សាហកម្មនោះទេ។
ផ្ទុយទៅវិញ អាចមានកាលានុវត្តភាពទៀតផង ហើយវាក៏មិនពាក់ព័ន្ធជាមួយនឹងបញ្ហា EBA នោះដែរព្រោះស៊ីម៉ង់ត៍របស់យើងមិនត្រូវការយកទៅលក់នៅអឺរ៉ុបនោះទេ។ ផលិតផលនៅទីនេះក៏គ្មានការចាំបាច់ទៅប៉ះពាល់ជាមួយនឹងអឺរ៉ុប ដែលពាក់ព័ន្ធជាមួយនឹងមុខទំនិញជាង ៤០ មុខ(នោះទេ) … សុំឲ្យខេត្តបាត់ដំបងយកចិត្តទុកដាក់ និងអាជ្ញាធរ និងថ្នាក់ជាតិដែលត្រូវរៀបចំ ព្រោះការធ្វើផ្លូវ ក៏ដូចជាការកសាងព្រលានយន្តហោះ ទាមទារឲ្យមានការវិនិយោគពីថ្នាក់ជាតិគាំទ្រដល់ថ្នាក់មូលដ្ឋាន។ ប៉ុន្តែ ថ្នាក់មូលដ្ឋានមានភារកិច្ចគ្រប់គ្រងដីធ្លីទៅលើតំបន់ជុំវិញនៃព្រលានយន្តហោះ ដើម្បីពង្រីកផ្លូវហោះហើរ ព្រមទាំងខិតខំដោះស្រាយបញ្ហាដីធ្លីដែលរងផលប៉ះពាល់ទៅលើផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។
[បញ្ចប់សេចក្តីអធិប្បាយ ១]
ទី៤· ត្រូវបន្តរក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រប់តំបន់ទេសចរណ៍តាមបណ្តាខេត្តជាប់បឹងទនេ្លស្លាប ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ និងការលួចឆក់នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរក្នុង និងក្រៅប្រទេស។
ទី៥· ត្រូវជំរុញការផលិតក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង»។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍ តាមរយៈការបណ្ដុះបណ្តាលប្រជាពលរដ្ឋ ដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រី និងសត្វសម្រាប់ការផ្គត់ផ្គង់ដល់ទេសចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍ តាមរយៈការជំរុញ និងការអភិឌ្ឍវិស័យកសិ-ទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្តុះបណ្តាលជំនាញទេសចរណ៍ ផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចំអិនម្ហូបឤហារជាដើម។
ទី៦· ជាមួយនឹងសភាពការណ៍វិវឌ្ឍថ្មីៗ នៃការរីករាលដាល នៃជំងឺ ខូវីដ ១៩ នៅក្នុងតំបន់ និងពិភពលោក ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាព ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ហើយឤចការពារបាននូវជំងឺគ្រប់ប្រភេទ។ ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានភាពចលាចល វឹកវរ និងអសន្តិសុខសង្គម។ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក មានវិធានការម៉ឺងម៉ាត់ បំផុតក្នុងការការពារ និងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីប្រឈមនឹងជំងឺសកលនេះ។ ដូច្នេះ សូមបងប្ងូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមទាំងអស់គ្នា ការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរជាជាងការភ័យខ្លាច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខុមាលភាពសង្គម និងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ នៃព្រះរាជាណាចក្រកម្ពុជា។
[ផ្តើមសេចក្តីអធិប្បាយ ២]
ចិនលែងជាចំណុចផ្ទុះជំងឺ Covid-19
គិតមកត្រឹមម៉ោង ៥ ល្ងាចថ្ងៃនេះ នៅលើពិភពលោកមាន ១៤៦ ប្រទេស និងដែនដី រាប់ទាំងនាវា Princess Diamond បានសេចក្តីថាប្រទេសមានជាង ២០ ០ ឥឡូវនេះមាន ១៤៥ ប្រទេសទៅចុះ ដោយផាត់ចេញនូវនាវាមួយគ្រឿងដែលផ្ទុកទៅដោយអ្នកជំងឺនោះ។ ដូច្នេះទំហំនៃការរីករាលដាលនេះ វាធំធេង។ ឥឡូវនេះ មិនមែនប្រទេសចិនទៀតទេ ដែលជាប្រទេសផ្ទុះចេញនូវជំងឺ Covid-19 ប៉ុន្តែគឺតំបន់អឺរ៉ុប ទៅវិញទេ ដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ក្នុងភាពអាសន្ន ជាចំណុចកណ្តាលនៃការផ្ទុះ Covid-19។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យើងក៏សុំសំដែងនូវការអបអរសាទរជាមួយសាធារណរដ្ឋប្រជាមានិតចិន ចំពោះវឌ្ឍនភាពនៃការខិតខំប្រឹងប្រែង ដើម្បីជំនះនូវគ្រោះមហន្តរាយនេះ រហូតទៅដល់គិតពេញមួយថ្ងៃពីម្សិលមិញនេះ អត្រាស្លាប់សូន្យ ក្នុងពេលដែលអត្រាស្លាប់នេះក្នុងប្រទេសអ៊ីតាលីក្នុងមួយថ្ងៃដូចគ្នា មានរហូតដល់ជាង ២០០ នាក់ឯណោះ។ ដូច្នេះសាធារណរដ្ឋប្រជាមានិតចិនបានរំដោះខ្លួន ហើយកំពុងតែឈានទៅជួយដល់ប្រទេសផ្សេងទៀត ដូចជាប្រទេសអ៊ីតាលី។ ប្រធានាធិបតី Xi Jinping របស់ចិន ក៏ទើបនឹងប្រកាសថា នឹងចូលរួមចំណែកជួយដល់កូរ៉េខាងត្បូង ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នូវមេរោគដ៏សាហាវនេះ។
គ្មានការចាំបាច់លាក់លៀមអំពីជំងឺ covid-19
មកដល់ពេលនេះ យើងមានពលរដ្ឋខ្មែរតែម្នាក់គត់ នៅខេត្តសៀមរាបដែលបានឆ្លងជំងឺនេះ។ ប៉ុន្តែជាអកុសល យើងក៏បានរកឃើញចំពោះជនជាតិបរទេសចំនួន ៥ នាក់ផ្សេងទៀត ដែលមានជំងឺនេះ នោះគឺជនជាតិអង់គ្លេសចំនួន ៣ នាក់ និងជនជាតិកាណាដា ដែលធ្វើឲ្យចំនួននេះបានកើតនៅក្នុងប្រទេសរបស់យើង។ បើគិតទាំងជនជាតិចិនម្នាក់ដែលយើងបានព្យាបាលជា ហើយគេបានវិលត្រឡប់ទៅស្រុកវិញនោះ ចំនួននៅកម្ពុជាទើបនឹងមាន ៧ នាក់តែប៉ុណ្ណោះ។ ពិតហើយ ក្រុមប្រតិកិរិយាមួយក្រុម បាននិយាយអំពីការលាក់ទិន្នន័យរបស់កម្ពុជា។ ខ្ញុំមិនចង់ឆ្លងឆ្លើយជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រាបថា កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូទាំងអស់ ជាពិសេសជាមួយនឹងអង្គការសុខភាពពិភពលោក (ដែល)រឿងទាំងអស់គ្មានការចាំបាច់ណា ដើម្បីលាក់លៀមអំពីអ្នកកើតជំងឺនេះទេ។ បើសិនជារដ្ឋាភិបាលចង់លាក់ ក៏មិនអាចលាក់បានដែរ នេះគឺជារឿងពិត ព្រោះសាម៉ីខ្លួនគេ គេដឹងថា គេឈឺ ឬមិនឈឺ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលអង្វរករអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានការសង្ស័យថាមានការឆ្លងជំងឺ ទាក់ទងទៅវិស័យសុខាភិបាល ដើម្បីពិនិត្យរកជំងឺនោះ។ យើងរៀបចំការឆ្លើយតប បើទោះបីជាប្រទេសយើងក្រ ក៏ប៉ុន្តែទឹកចិត្តរបស់យើងមិនក្រនោះទេ។
សុំការយោគយល់ពីស្ថានទូតនៃប្រទេសខ្លះ
យើងធ្លាប់បានធ្វើរួចមកហើយ។ យើងនឹងបន្តធ្វើតទៅទៀត។ នៅក្នុងឱកាសនេះ ខ្ញុំក៏សុំការយោគយល់ពីស្ថានទូតនៃប្រទេសខ្លះ ដែលកន្លងទៅនេះ បានស្នើសុំឲ្យយកអ្នកទេសចរនៅក្នុងនាវាទេសចរណ៍មួយ ដែលឡើងមកពីវៀតណាម ហើយឡើងទៅដល់ខេត្តកំពង់ចាម ដែលយើងបានរកឃើញនូវមេរោគ Covid-19 ចំនួន ៣ នាក់ … (ឲ្យ)មកដេកសណ្ឋាគារផ្កាយប្រាំនៅទីក្រុងភ្នំពេញ។ គេបានប្រៀបធៀបថា កាលពី មុនហេតុអ្វីបានកម្ពុជាអាចផ្តល់ការអនុញ្ញាតឲ្យភ្ញៀវទេសចររាប់ពាន់នាក់នៅលើនាវា Westerdam មក ស្នាក់នៅទីក្រុងភ្នំពេញ មកនៅសណ្ឋាគារផ្កាយប្រាំបាន។ ហេតុអ្វី មិនអាចធ្វើនៅលើជនជាតិរបស់គេ នៅ លើនាវានោះនៅឯទីក្រុងកំពង់ចាម យកមកស្នាក់នៅសណ្ឋាគារធំៗ ផ្កាយប្រាំ នៅទីក្រុងភ្នំពេញ? យើង បានពន្យល់។ នៅពេលនេះ ខ្ញុំក៏ពន្យល់បន្ថែមទៀតថាបញ្ហាវាមិនដូចគ្នាទេ។ នៅលើ Westerdam គ្មានអ្នកជំងឺ Covid-19 ទេ … ពិតមែនតែនៅ កួឡាឡាំពួរ បានប្រកាសថារកឃើញស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ ៨៣ ឆ្នាំ កើតមេរោគនេះ (ដែលជា)បន្ទាន់ យើងផ្អាកការចាកចេញពីនាវាសម្រាប់អ្នកដែលនៅសេសសល់ជាង ២៤០ នាក់។ ជារឿងអកុសល។ ប៉ុន្តែ ៧២ ម៉ោងក្រោយមក កួឡាឡាំពួរបានប្រកាសថា ស្រ្តីរូបនេះគ្មានកូវីដ១៩ ទេ។ ដូច្នេះធ្វើឱ្យដោះស្រាយបញ្ហាងាយជាង ប៉ុន្តែនាវាទេសចរណ៍មួយគ្រឿងនៅកំពង់ចាម មានផ្ទុកនូវមេរោគនេះ …។
… សូមឱ្យបងប្អូនជនរួមជាតិរបស់យើងធ្វើការពិចារណា រាប់ទាំងបងប្អូនជនរួមជាតិមួយចំនួន ដែលធ្លាប់តែទិតៀនរាជរដ្ឋាភិបាល។ គេចង់បង្ខំឱ្យរាជរដ្ឋាភិបាល យកជនជាតិបរទេសនៅលើនាវានៅឯទីក្រុងកំពង់ចាម មកដេកនៅសណ្ឋាគារផ្កាយ ៥ នៅឯទីក្រុងភ្នំពេញ ហើយគេចេញលុយដោយខ្លួនឯង។ រហូតទៅដល់មន្ត្រីទូតនៃប្រទេសមួយ ដែលខ្ញុំសូមមិនបញ្ចេញឈ្មោះ បានធ្វើការបំភ័យ ឬអាចថាជាការព្រមានទៅអភិបាលខេត្តកំពង់ចាម អ្នកទេសចរនៅលើនាវានេះអាចឡើងមកធ្វើបាតុកម្ម លើកបដា ហើយបង្ហោះហ្វេសប៊ុក។ ខ្ញុំបានឆ្លើយតបទៅវិញថា បើគេចង់ធ្វើ ក៏ធ្វើទៅតាមចិត្តគេចង់ទៅចុះ។ ទឹកដីកម្ពុជានៅតែជាទឹកដីកម្ពុជា។
អនុញ្ញាតឱ្យអ្នកឯងឡើងគោកដើម្បីសំអាតនាវា។ បើអ្នកឯងឡើងគោកមិនព្រមឡើងទេ ហើយបើនៅពេលនេះអ្នកឯងចង់ចុះទៅក្នុងនាវាវិញ យើងអនុញ្ញាតឱ្យអ្នកឯងចុះទៅវិញក្នុងនាវា។ ប៉ុន្តែនាវានេះ មិនត្រូវបានចល័តទៅកន្លែងណាផ្សេងទៀតទេ រហូតផុតរយៈពេលនៃជំងឺ ដែលត្រូវកំណត់ទៅដោយវិធាននៃអង្គការសុខភាពពិភពលោក។ ខ្ញុំសូមជូនសារទៅមន្ត្រីស្ថានទូតនេះឱ្យបានជ្រាបថា នេះមិនមែនជាទឹកដីរបស់អ្នក ហើយតម្រូវឱ្យខ្ញុំគិតគូរចំពោះតែជនជាតិរបស់អ្នកឯងប៉ុន្មាននាក់ ហើយខ្វះការគិតគូរចំពោះពលរដ្ឋរបស់ខ្ញុំ ១៦ លាននាក់នោះទេ។
សូមធ្វើការយោគយល់ ហើយអធ្យាស្រ័យគ្នា រួមគ្នាប្រយុទ្ធ ពិតមែនតែសណ្ឋាគារនៅខេត្តកំពង់ចាមជួបការលំបាក ក៏ប៉ុន្តែប្រសើរជាងទុកឱ្យអ្នកឯងនៅលើកប៉ាល់ ហើយឆ្លងដូចជា Princess Diamond នៅឯជប៉ុននោះ ដែលគេចាត់ទុកថាជាការខុសឆ្គង។ នេះជាភ័ព្វសំណាងហើយ ដែលកម្ពុជាមានភាពអនុគ្រោះ ឱ្យពិនិត្យសំណាក ហើយយកអ្នកទាំងនេះមកព្យាបាលនៅកន្លែងសមរម្យ។ ប៉ុន្តែអ្នកដទៃទៀតត្រូវស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃយ៉ាងតិច។ អ្នកឯងមិនអាចគំរាមកម្ពុជាឱ្យយកភ្ញៀវរបស់អ្នកឯងត្រឹមតែប៉ុន្មាននាក់ មកកាន់ទីក្រុងភ្នំពេញ ហើយឱ្យមានការភ័យខ្លាចនៅទីក្រុងភ្នំពេញទេ។ អញ្ចឹងសូមមេត្តាយោគយល់។
ហាមឃាត់ការធ្វើដំណើរទៅ/មកប្រទេស ៥ ដែលកំពុងរីករាលដាលខ្លាំង
ម៉្យាងទៀតក្រសួងសុខាភិបាលរបស់យើងក៏បានចេញនូវសេចក្តីប្រកាស ហាមឃាត់ការធ្វើដំណើរចំពោះប្រទេស ៥ ដែលកំពុងរីករាលដាលខ្លាំង នោះរួមមាន៖ ប្រទេសបារាំង ប្រទេសអេស៉្បាញ ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី និងអាមេរិក។ ប៉ុន្តែថ្ងៃនេះខ្ញុំក៏បានឃើញនូវហ្វេសប៊ុក នៃការឌឺដងរបស់ពួកអគតិដែលគេគិតថា វាជារឿងល្អដែលត្រូវបិទ ក៏ប៉ុន្តែ មិនឃើញបិទចិនទាល់តែសោះ … អ្នកបានយល់ទេ ថានៅអាមេរិកបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ … នៅអេស៉្បាញមានការដាក់រដ្ឋទៅក្នុងគ្រាមានអាសន្នហើយ … នៅអ៊ីតាលីបានបិទប្រទេសទាំងស្រុងហើយ … នៅអាល្លឺម៉ង់ និងនៅបារាំងការជួបជុំត្រឹមតែ ១ ពាន់នាក់ ត្រូវបានហាមឃាត់ហើយទេ? អ្នកពិតជាអគតិជ្រុលហួស ហើយមិនស័ក្តិសមជាពលរដ្ឋខ្មែរទាល់តែសោះ។ ពិតមែនតែអ្នកមានឈាមជ័រជាខ្មែរ ក៏ប៉ុន្តែអ្នកគ្មានការទទួលខុសត្រូវ។
ករណីនេះ ប្រទេសទាំងនោះគ្មានជើងហោះហើរជាប់ជាមួយនឹងកម្ពុជាទេ។ បើទោះបីជាភ្ញៀវទាំងនោះមិនបានចូលមកកម្ពុជាក្នុងមួយរយៈ ដែលយើងត្រូវអនុវត្តទៅដល់ថ្ងៃទី ១៧ ឯណោះ ដើម្បីឱ្យមានពេលវេលានៃការលុបចោលសំបុត្រយន្តហោះក្នុងការធ្វើដំណើរមកកាន់កម្ពុជា ក៏ប៉ុន្តែកន្លែងទាំងនោះជាកន្លែងដែលមានការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនូវមេរោគ។ ប្រទេសផ្សេងទៀត គេមានវិធានតឹងរឹងជាងនេះទៅទៀត ដូចជាយប់ពីម្សិលសាំងហ្គាពួរក៏បានប្រកាសដែរ (ថា)ប្រទេសទាំងនេះមិនឱ្យចូលហើយ ថែមទាំងអ្នកណាក៏ដោយដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ពេលមកដល់សាំងហ្គាពួរ ក៏ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ រាប់ទាំងជនជាតិសាំងហ្គាពួរខ្លួនឯង ក៏ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ ដែរ។ នៅវៀតណាម អ្នកដែលមកពីអឺរ៉ុប មានប្រទេសមួយចំនួនក៏គេដាក់(ឱ្យនៅដោយឡែក) ជនជាតិវៀតណាម(ខ្លួនឯង) ក៏គេដាក់ឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ផងដែរ។
យើងពិនិត្យមើលនៅតំបន់ណា ដែលមានការឆ្លង។ អញ្ចឹង ហេតុអីបានជាច្រណែនទៅលើចិនខ្លាំងម៉្លេះ វាយប្រហារទៅលើចិនខ្លាំងម្ល៉េះ? នេះជារឿងអគតិជ្រុលហួស ហើយការឌឺដងរបស់អ្នកតាម Facebook មិនសមជាពលរដ្ឋកម្ពុជា ដែលមានការទទួលខុសត្រូវនោះទេ។ អ្នកគិតអំពីជាតិនេះអំពីជាតិនោះ ក៏ប៉ុន្តែ អ្នកអត់បានគិតអំពីជាតិកម្ពុជាសូម្បីតែបន្តិចដែលនៅទីនេះសេដ្ឋកិច្ចជាតិ ត្រូវនៅរក្សាឱ្យបានគង់វង្ស មិនមែនគិតមួយ និងចោលមួយទេ។ យើងត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជារបស់យើង។
ហាមមិនឱ្យប្រមូលផ្ដុំ UN ឱ្យមន្រ្តីខ្លូនធ្វើការពីផ្ទះ, ការប្រកួតបាល់ទាត់នៅអឺរ៉ុបគ្មានអ្នកទស្សនាផ្ទាល់
យើងមិនមែនគ្មានវិធានការទេ។ រហូតដល់ប្រទេសខ្លះមានការត្អូញត្អែរថា ពលរដ្ឋរបស់គេពាក់ម៉ាស ប៉ុន្តែ ទេសចរពីលោកខាងលិចមិនព្រមពាក់ម៉ាសទាល់តែសោះ។ … ពិភពលោកបច្ចុប្បន្ននេះក្លាយទៅជាពិភពលោកពោរពេញដោយការរើសអើង។ ម្យ៉ាងទៀត ព្រឹកមិញ ខ្ញុំបាននិយាយថា អង្គការសហប្រជាជាតិ ទាំងនៅ New York និងទាំងនៅ Geneva អាចនឹងមិនមានការប្រជុំនោះទេ។ បោះបង់ចោលការប្រជុំ។ ចេញពីកន្លែងប្រជុំ ឃើញអគ្គលេខាធិការអង្គការសហប្រជាជាតិតម្រូវឱ្យមន្រ្តីអង្គការសហប្រជាជាតិធ្វើការពីផ្ទះ អត់មកទីស្នាក់ការអង្គការសហប្រជាជាតិដើម្បីធ្វើការទេ។ ពិភពលោកបច្ចុប្បន្ននេះ សូម្បីតែកីឡាបាល់ទាត់នៅអឺរ៉ុប មានអ្នកទាត់បាល់ ប៉ុន្តែគ្មានអ្នកមើលទេ ព្រោះគេហាមមិនឱ្យមានការប្រមូលផ្ដុំ។ ខ្ញុំគ្រាន់តែគូសបញ្ជាក់ នេះមិនមែនជាការរើសអើងទេ ក៏ប៉ុន្តែយើងជ្រើសរើស។ ពិតហើយ យើងកំពុងពិនិត្យនៅប្រទេសអ៊ីរ៉ង់មួយទៀត ដែលមានការខ្វះចន្លោះ ឬអាចមិនទាន់គិតដល់ពីសំណាក់ក្រសួងសុខាភិបាល។ ប្រទេសអ៊ីរ៉ង់ក៏ជាប្រទេសកំពុងមានការឆ្លងរីករាលដាល យើងអាចដាក់ទៅក្នុងបញ្ជីនៃការផ្អាកការធ្វើដំណើរ នៃពលរដ្ឋអ៊ីរ៉ង់ចូលមកកាន់កម្ពុជា ក្នុងរយៈពេល ៣០ ថ្ងៃ។
នៅភ្នំពេញ និងសៀមរាប ធ្វើវិស្សមកាលតូចមុនកាលកំណត់
ឯវិធានការផ្ទៃក្នុងរបស់យើង ដើម្បីធានាសុវត្ថិភាពសម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានដាក់ឱ្យធ្វើវិស្សមកាលមុនកាលកំណត់ សម្រាប់សាលារៀននៅទីក្រុងភ្នំពេញ និងសាលារៀននៅឯខេត្តសៀមរាប។ ជាធម្មតា នៅក្នុងឱកាសនៃពិធីចូលឆ្នាំខ្មែរ គេហៅថា យើងមានវិស្សមកាលតូច ឬ វ៉ាកងតូច។ អញ្ចឹងទេ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ត្រូវដាក់ឱ្យធ្វើវិស្សមកាលតូចមុនកាលកំណត់។ ប្រសិនបើមានកន្លែងណាដទៃទៀតអាចកើតឡើង ហើយមានការសង្ស័យ យើងក៏ត្រូវតែដំណើរការដូចគ្នា។ នេះជាការត្រៀមរៀបចំដើម្បីឆ្លើយតបទៅតាមដំណាក់កាលវិវឌ្ឍរបស់វា ជាមួយនឹងការដោះស្រាយផលប៉ះពាល់នានា ទាក់ទងនឹងវិស័យសេដ្ឋកិច្ច សង្គមរបស់យើងផងដែរ។
Covid-19 ក្លាយជាជំងឺដែលរីករាលដាលសកល, លើកដៃសំពះគ្នាជំនួសការចាប់ដៃ បង្ការការឆ្លង
ចំណុចនេះ ជាចំណុចដែលខ្ញុំសូមយកឱកាសនេះអំពាវនាវសាជាថ្មីម្ដងទៀត ជាមួយបងប្អូនជនរួមជាតិ សូមចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លង Covid-19 នេះ ដែលឥឡូវបានក្លាយទៅជា … ការរីករាលដាលជាសកល។ ឥឡូវនេះវិធីរបស់យើង … អ្វីដែលជាទម្លាប់របស់ខ្មែរ ទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនា ត្រូវបានអឺរ៉ុបយកទៅប្រើ តាមរយៈនៃការលើកដៃសំពះ ជំនួសឱ្យការចាប់ដៃគ្នា។ មានរបៀបជាច្រើនដែលគេធ្វើ ប៉ុន្តែនៅកម្ពុជា របៀបមួយនៅក្នុងទំនាក់ទំនង ដើម្បីចៀសវាងនៃការរីករាលដាល នៃជំងឺឆ្លង គឺការលើកដៃសំពះគ្នាទៅវិញទៅមក ដើម្បីជំនួសឱ្យការចាប់ដៃ ព្រោះជំងឺនេះវាឆ្លងរហ័សបំផុត នៅពេលដែលមានការប៉ះពាល់គ្នា។ សូមមើលឃ្លីបវីដេអូមួយ។ ខ្ញុំគិតថា គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ គួរយកនូវឃ្លីបវីដេអូនោះ យកទៅចាក់ផ្សាយ ដែលគេបង្ហាញពីការឆ្លងរីករាលដាល នៃ Covid-19 នេះរបៀបម៉េច ពីការប៉ះទង្គិច ចាប់ដៃគ្នា ពេទ្យទៅពិនិត្យអ្នកជំងឺ ក៏ឆ្លងទៅអ្នកជំងឺថែមទៀត …។
ប្រើក្រមាជំនួសម៉ាស
ហ្នឹងជាករណីទីមួយ ឯករណីទីពីរ ខ្ញុំសប្បាយរីករាយដោយឃើញថា មន្រ្តីរបស់យើងបានដាក់ក្រមាជាប់នឹងខ្លួនជំនួសឱ្យការប្រើម៉ាស។ មានរឿងអ្វីគឺជាការស្រួលណាស់។ ក្រមាជាទំនៀមទម្លាប់ខ្មែរ ឥឡូវនេះ សូមឱ្យ «ក្រមាខ្មែរ ថែសុខភាពយើងទាំងអស់គ្នា»។ ពិតហើយ ម៉ាសនៅពេលចាំបាច់យើងក៏ត្រូវពាក់ម៉ាស តែខ្ញុំគិតថាក្រម៉ាគឺវាងាយស្រួលជាងវាបង់ក វាបម្រើបានគ្រប់គឺពេលក្តៅទទូរ ពេលមុជទឹក ផ្លាស់មុជទឹក។ ធ្វើអ្វីក៏បាន។ ម៉ាសប្រើបានរយៈពេល ៣ ម៉ោងទៅ ៤ ម៉ោង បោះចោលហើយ។ អញ្ចឹង អ្នកលក់ម៉ាសពុំមានលទ្ធភាពដើម្បីតម្លើងថ្លៃម៉ាសទៀតទេ។ នេះជាអ្វីដែលខ្ញុំសុំអំពាវនាវសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ត្រូវចូលរួមទប់ស្កាត់ជំងឺរីករាលដាល ការឆ្លងនៃជំងឺរីករាលដាល Covid-19 នេះ តាមរយៈនៃ សកម្មភាពផ្តើមចេញពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗដើម្បីធ្វើអនាម័យ ដើម្បីសុវត្ថិភាពផ្ទាល់ ខ្លួនយើង ក្រុមគ្រួសាររបស់យើង និងសម្រាប់សហគមន៍របស់យើង ក៏ដូចជាជាតិយើងទាំងមូល។
យើងគ្មានការចាំបាច់ដើម្បីលាក់លៀមជាមួយព័ត៌មានណានោះទេ។ ហើយបើអ្នកទាំងឡាយនៅតែមិនច្បាស់ អ្នកឯងហ៊ានស្បថទេ ថារដ្ឋការលោក ហ៊ុន សែន ពិតជាបានលាក់លៀម។ អ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ទេ? ខ្ញុំយល់ថាពួកនេះមិនហ៊ានស្បថទេ។ … ខ្ញុំគិតថា នៅទីនេះជាតំបន់ស័ក្កិសិទ្ធ ច្បាស់ជាគេមិនហ៊ានស្បថទេ។ បើសិនជាអ្នកណា ហ៊ានស្បថសូមអញ្ជើញបង្ហោះតាម Facebook មកដើម្បីស្បថដាក់ជីវិតតែម្តង។ បើគ្រាន់តែផ្ចាញ់ផ្ចាល ខ្ញុំសូមជម្រាបអស់លោកអ្នកថា កម្ពុជាពេលនេះរាប់ទាំងព្យាបាលជាទើបនឹងមាន ៧ ករណីទេ ប៉ុន្តែសម្រាប់ពួកអ្នកឯងវិញបានដល់ជណ្តើរផ្ទះទៅហើយព្រោះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់រយនាក់ ឬរាប់សិបនាក់នៅក្នុងប្រទេសដែលអ្នកឯងកំពុងស្នាក់នៅទៅហើយ។ ដូច្នេះសូមអ្នកឯងគិតគូរពីខ្លួនឯង ជាជាងគិតគូរអំពីការបំពុលនូវព័ត៌មាន។ ខ្ញុំគិតថាតាមសកម្មភាពរបស់មនុស្សម្នាក់ៗគ្រួសារនីមួយៗ យើងនឹងបំបាត់ចោលនូវការបំភ្លៃព័ត៌មានដែលនាំទៅដល់ការភ័យខ្លាច។ នេះជាអ្វីដែលខ្ញុំចង់និយាយបន្ថែម។
[បញ្ចប់សេចក្តីអធិប្បាយ ២]
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកពិធីបុណ្យទន្លេ លើកទី ៦ ឆ្នាំ ២០២០ នៅខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ចៀសផុតពីជំងឺគ្រប់ប្រភេទ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ!